ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ព្រះមហាក្សត្រ​នរោត្តម​សីហនុ​ យាង​ទៅ​ពិនិត្យ​ព្រះរោគ​នៅ​ចិន


សម្តេចឪ​ នរោត្តម​ សីហនុ​ និង​សម្តេច​ម៉ែ​ នរោត្តម​ មុនីនាថ​ សីហនុ​ ស្វាគមន៍​សិស្សានុសិស្ស​ ដែល​ឈរ​អម​នៅ​លើ​ផ្លូវ​ ក្នុង​ពិធី​ប្រារព្វ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ទី​ ៥០​ ក្នុង​រាជធានី​ភ្នំពេញ​​ក្នុង​ឆ្នាំ​២០០៣។
សម្តេចឪ​ នរោត្តម​ សីហនុ​ និង​សម្តេច​ម៉ែ​ នរោត្តម​ មុនីនាថ​ សីហនុ​ ស្វាគមន៍​សិស្សានុសិស្ស​ ដែល​ឈរ​អម​នៅ​លើ​ផ្លូវ​ ក្នុង​ពិធី​ប្រារព្វ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ទី​ ៥០​ ក្នុង​រាជធានី​ភ្នំពេញ​​ក្នុង​ឆ្នាំ​២០០៣។

ព្រះមហាវីរក្សត្រ​សម្តេច​ព្រះនរោត្តម​ សីហនុ​ ទ្រង់​បាន​យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ត្រួតពិនិត្យ​ព្រះរាជរោគ​របស់​ព្រះអង្គ​ជា​ប្រចាំ​តាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត​ចិន។

ការ​យាង​ទៅ​នេះ​ត្រូវ​បាន​ធើ្វឡើង​ក្នុង​រយៈពេល​ពីរ​សបា្តហ៍​បន្ទាប់​ពី​សម្តេចឪ​ទ្រង់​បាន​ចេញផ្សាយ ​ព្រះរាជ​បណ្តាំ ​សម្រាប់​ក្រោយ​ពេល​ព្រះអង្គ​សោយ​ទិវង្គត។

អតីត​ព្រះមហាក្សត្រ​នរោត្តម ​សីហនុ​ ដែល​មាន​ព្រះជន្ម​៩០​ ព្រះវស្សា​ទ្រង់​កើត​មាន​ប្រឈួន​ជា​ច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ដូច​ជា ​រោគមហារីក ​ទឹកនោម​ផ្អែម ​និង​លើស​ឈាម​ដែល​តែងតែ​ទៅ​ព្យាបាល​នៅ​ក្នុង​ប្រទេស​ចិន។

អតីត​ព្រះមហាក្សត្រ​ទ្រង់​បាន​យាង​ព្រះរាជ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ជាមួយ​ព្រះមហាក្សត្រីយានី​ និង​ព្រះរាជបុត្រ​ព្រះមហាក្សត្រ​នរោត្តម ​សីហមុនី ​ហើយ​នៅ​មិន​ទាន់​ច្បាស់លាស់​ទេ​ថា​ ព្រះអង្គ​នឹង​គង់​ប្រថាប់​នៅ​ប្រទេស​ចិន​រយៈពេល ​ប៉ុន្មាន​នោះ។

ក្នុង​ព្រះរាជ​សុន្ទរកថា​រំលឹក​ខួប​ទី​២០​ នៃ​ការ​យាង​វិលត្រឡប់​ពី​ការ​និរទេស​ក្នុង​ខែ​តុលា​ឆ្នាំមុន​សម្តេចឪ​បាន​មាន​ព្រះរាជ​បន្ទូល​ថា​ព្រះអង្គ​នឹង​គង់​ប្រថាប់​នៅ​កម្ពុជា​ជាមួយ​កូនចៅ​របស់​ទ្រង់​ជា​រៀង​រហូត។

ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ ​ជំនួយការ​ផ្ទាល់​របស់​សម្តេច​ឪ ​បាន​មាន​បន្ទូល​ថា​តម្រូវការ​ត្រួត​ពិនិត្យ​ព្រះរាជ​សុខភាព​របស់​ព្រះអង្គ​មិន​អាច​ឲ្យ​ទ្រង់​រក្សា​ពាក្យ​សន្យា​បាន​ទេ។​ ព្រះអង្គ​ម្ចាស់ ​ធម្មិកោ ​បាន​បញ្ជាក់​ថា​ក្រុម​គ្រូពេទ្យ​ចិន​អាច​ធើ្វ​ដំណើរ​មក​ព្យាបាល​ព្រះរាជរោគ​របស់​ព្រះអង្គ​នៅ​កម្ពុជា​បាន ​ប៉ុន្តែ​មិន​អាច​នាំ​យក​សម្ភារៈ​មក​ជាមួយ​បាន​ទេ។ ​ដូច្នេះ ​ក្រុម​គ្រូពេទ្យ​បាន​សម្រេច​ចិត្ត​សុំយាង​ព្រះអង្គ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ​ដើម្បី​ត្រួត​ពិនិត្យ​ព្រះរាជ​សុខភាព។

កាល​ពី​សបា្តហ៍​កន្លង​ទៅ ​សម្តេច​ព្រះនរោត្តម​ សីហនុ​ ដែល​មាន​ព្រះជន្ម​៩០​ព្រះវស្សា ​និង​មាន​ជំងឺ​មហារីក​តាំង​ពី​ឆ្នាំ​១៩៩៣ ​បាន​ផ្លាស់ប្តូរ​ព្រះរាជ​បណ្តាំ​របស់​ព្រះអង្គ​ពី​ការ​មិនឲ្យ​បូជា​ព្រះសព​របស់​ព្រះអង្គ​ មក​បូជា​តាម​ប្រពៃណី​ជាតិ​វិញ។

សម្តេច​ព្រះនរោត្តម ​សីហនុ ​បាន​មាន​ព្រះរាជបណ្តាំ​កាល​ពី​ថ្ងៃ​ទី​៦ ​ខែ​មករា​ថា៖

«ក្រោយ​ពេល​ខ្ញុំ​ទទួល​អនិច្ចកម្ម ​សព​របស់ខ្ញុំ​នឹង​ត្រូវ​បូជា​នៅ​វាល​ព្រះមេរុ​នៅ​ក្បែរ​ព្រះបរម​រាជវាំង ​ទៅ​តាម​ប្រពៃណី​ជាតិ​យើង។ នៅ​ថ្ងៃ​បន្ទាប់​នៃ​ពិធី​បូជា​នេះ​ អដិ្ឋធាតុ​របស់​ខ្ញុំ​នឹង​ត្រូវ​យក​ទៅ​លាង​សម្អាត ​ហើយ​ដាក់​នៅ​ ក្នុង​កោដ្ឋ​មួយ​ដែល​ធើ្វ​អំពី​មាស ​ឬ​ក៏​ពុំមែន​មាស​រួច​ហើយ ​យក​ទៅ​តម្កល់​នៅ​ក្នុង​ព្រះចេតិយ «គន្ធបុបា្ជ» នា​ព្រះកែវមរកត»។

លោក​ ជា ​គាន ​អនុប្រធាន​អចិន្រៃ្តយ៍​គណៈកម្មាធិការ​ជាតិ ​រៀបចំ​បុណ្យ​ជាតិ ​និង​អន្តរជាតិ​ បាន​ថ្លែង​ថា​លោក​មិន​បាន​ដឹង​អំពី​ព្រះរាជបណ្តាំ​នេះ​ទេ ​និង​មិន​មាន​បញ្ជា​ឲ្យ​ធើ្វ​តាម​ព្រះរាជ​បណ្តាំ​នេះ​ទេ។

សម្តេច​ព្រះមហា​សុមេធាធិបតី​ នន្ទ ​ង៉ែត ​ព្រះសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​មាន​សង្ឃដីកា​ថា​ប្រជាពលរដ្ឋ ​គ្រប់​រូប​ត្រូវ​គោរពតាម​ព្រះរាជបណ្តាំ​របស់​ព្រះអង្គ ​ប៉ុន្តែ​មិន​ត្រូវ​រៀបចំ​អី្វ​ៗ ​មុន​ការ​សោយទិវង្គត​របស់​ទ្រង់​ទេ ​វា​ហាក់​ដូច​ជា​ការ​ប្រមាថ​ដល់​ព្រះជន្ម​របស់​ព្រះអង្គ។

«យើង​ធើ្វ​អញ្ចឹង​ដូច​ថា​យើង​បន់​ឲ្យ​ព្រះករុណា​សោយទិវង្គត។ ​យើង​ធើ្វ​អញ្ចឹង ​វា​មិន​សមរម្យ​នឹង​ប្រពៃណី​ខ្មែរ។​ យើង​ធើ្វ​អញ្ចឹង​មិន​កើត​ទេ។ ​យើង​គ្រាន់​តែ​លើក​ដៃ​បួងសួង​សុំ​វត្ថុស័ក្តិ​សិទិ្ធ​ឲ្យ​ព្រះអង្គ​គង់​បាន​រាប់រយ​ព្រះវស្សា។ ​កូន​ចៅ​បន់ស្រន់​ទាំង​ព្រះសង្ឃ ​និង​សិស្សានុសិស្ស​តាម​គ្រប់​វត្ត​អញ្ចឹង​ទៅ​ជា​គ្រឿង​សក្ការៈ»។

សម្តេច​ព្រះមហាវីរក្សត្រ​នរោត្តម​ សីហនុ​ ជា​ស្តេច​គ្រប់គ្រង​អំណាច​យូរ​មួយ​ព្រះអង្គ​នៅ​អាស៊ី ​បន្ទាប់​ពី​ទ្រង់​បាន​ដាក់​រាជ្យ​នៅ​ក្នុង​ខែ​តុលា ​ឆ្នាំ​២០០៤ ​ដើម្បី​ប្រគល់​អំណាច​ដល់​ព្រះរាជបុត្រ​របស់​ព្រះអង្គ​នរោត្តម ​សីហមុនី ​ដោយសារ​បញ្ហា​ព្រះរាជ​សុខភាព៕

XS
SM
MD
LG