ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​អង្គរក្ស​ប្រធាន​ព្រឹទ្ធ​សភា​ត្រូវ​កាត់ទោស​ឲ្យជាប់​ពន្ធនាគារ​១០ឆ្នាំ


លោក​ឈឿន ​ចាន់ថន និង​អង្គរក្ស​បីនាក់​ទៀត​ត្រូវបាន​ចាប់​ខ្លួននៅ​ខែសីហា ឆ្នាំ២០១១ ហើយ​ត្រូវ​បាន​ចោទប្រកាន់​ពីបទ​បន្លំ​ឯកសារ​សាធារណៈ​។
លោក​ឈឿន ​ចាន់ថន និង​អង្គរក្ស​បីនាក់​ទៀត​ត្រូវបាន​ចាប់​ខ្លួននៅ​ខែសីហា ឆ្នាំ២០១១ ហើយ​ត្រូវ​បាន​ចោទប្រកាន់​ពីបទ​បន្លំ​ឯកសារ​សាធារណៈ​។

មេធាវី​របស់​លោក​ឈឿន ​ចាន់ថន ​អតីត​ប្រធាន​អង្គការភាព​កង​អង្គរក្ស​របស់​លោក ​ជា ​ស៊ីម ​ប្រធាន​ព្រឹទ្ធសភា ​គ្រោង​នឹង​ប្តឹង​សារទុក្ខ​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​នៅ​សប្ដាហ៍​ក្រោយ។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ​សាលា​ដំបូង​រាជធានីភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស​លោក​ឈឿន ​ចាន់ថន​ អតីត​ឧត្តម​សេនីយ៍​ឯក​(ផ្កាយ​បី ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៥​លានរៀល​ ឬ​ស្មើ​នឹង​១២៥០​ដុល្លារ​អាមេរិក​សម្រាប់​ដាក់​ចូល​ជា​ថវិកា​រដ្ឋ។​

ការ​ដាក់​ទោស​នេះ​ធ្វើឡើង​ក្រោម​ការ​ចោទ​ប្រកាន់​បទ​ល្មើស​៤​ករណី​ទាក់ទង​ទៅ​នឹង​ការ​ក្លែងបន្លំ​ឯកសារ​សារធារណៈ​ និង​ការ​ប្រើប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់។​

លោក​ពុធ ​ធាវី ​មេធាវី​របស់​លោក​ឈឿន ​ចាន់ថន ​បាន​ឲ្យ​ដឹង​ថា ​លោក​កំពុងតែ​រៀបចំ​បណ្ដឹង​ទៅ​កាន់​សាលា​ឧទ្ធរណ៍​ដោយសារ​តែ​លោក​ចាត់ទុក​ថា ​សាលក្រម​កំណត់​ទោស​កូនក្ដី​របស់​លោក​នោះ​មិន​យុត្តិធម៌​នោះ​ទេ។​

«ជា​មេ​អង្គរក្ស​មួយ​ គាត់​មាន​អាវុធ​បី​ បួន​ ប្រាំ​ដើម​ក្នុង​ផ្ទះ​ជា​អាវុធ​បន្សល់​ពី​បេសកម្ម​អត់ទាន់​បាន​យក​ទៅ​ដាក់​ក្នុង​អង្គភាព​ ហើយ​នាំ​គ្នា​ចោទ​ប្រកាន់​ថា​ គាត់​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់។ ​វា​ដូច​ជា​អត់​សមរម្យ។ ​ចំណុច​មួយ​ទៀត​គឺ​ទណ្ឌកម្ម​ដែល​ថា ​កូន​ក្តី​ខ្ញុំ​ប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយ​គឺ​គ្មាន​ភស្តុតាង​ គ្មាន​ឯកសារ​ណាមួយ​ទេ​ ដែល​បញ្ជាក់​ថា​ កូន​ក្តី​ខ្ញុំ​ក្លែង​ឯកសារ​ ប្រើប្រាស់​ឯកសារ​ក្លែង​នោះ គឺ​គ្មាន​តែ​ម្តង។​ ចោទ​ទាំង​បំពាន។ ​អា​នេះ​គឺ​ជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​កូន​ក្តី​ខ្ញុំ ​ហើយ​ខ្ញុំ​នឹង​បន្ត​ធ្វើ​ការ​ប្តឹង​ឧទ្ធរណ៍​ដើម្បី​ឲ្យ​សមត្ថកិច្ច​តុលាការ​ឧទ្ធរណ៍​ជួយ​រក​យុត្តិធម៌​ជូន​កូន​ក្តី​ខ្ញុំ​បន្ត​ទៀត»។​

លោក​ឈឿន ​ចាន់ថន​បាន​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ករណី​ ទាំង​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​តុលាការ​យោធា​ បន្ទាប់​ពី​ត្រូវ​បាន​កង​រាជ​អាវុធហត្ថ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣​ សីហា ​ឆ្នាំ​២០១១​ រួម​ជាមួយ​អង្គរក្ស​៣​នាក់​ផ្សេង​ទៀត​ នៅ​ក្នុង​ភូមិគ្រឹះ​របស់​លោក​ក្នុង​សង្កាត់​បឹងកេងកង​ទី​៣ ​ខណ្ឌ​ចំការមន​ ក្រុង​ភ្នំពេញ។​

អាវុធ​ប្រមាណ​ជាង​១០​ដើម​ ទាំង​វែង​ ទាំង​ខ្លី​ គ្រាប់​កាំភ្លើង​ប្រហែល​ជាង​១ពាន់​គ្រាប់​ និង​សម្ភារៈ​យោធា​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​រក​ឃើញ​ក្នុង​អំឡុង​ពេល​ឆែកឆេរ​ផ្ទះ​របស់​អតីត​ប្រធាន​អង្គរក្ស​រូប​នេះ។​

នៅ​ក្នុង​សវនាការ ​លោក​ឈឿន ​ចាន់ថន​បាន​ធ្វើ​ការ​បដិសេធ​ដោយ​អះអាង​ថា​ ខ្លួន​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទប្រកាន់​នោះ​ទេ។​

ដោយឡែក​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ​ តុលាការ​យោធា​បាន​បើក​សវនាការ​ផ្សេង​មួយ​ទៀត​ដោយ​ចោទ​ប្រកាន់​បទ​ល្មើស​ចំនួន​៥​ករណី​ទៅ​លើ​លោក​ឈឿន ​ចាន់ថន ​ដោយ​សាលក្រម​នោះ​គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ ខាង​មុខ​នេះ។​

លោក​ឈឿន ​ចាន់ថន​គឺ​ជា​មនុស្ស​ម្នាក់​ស្ថិត​ក្នុង​ចំណោម​សមាជិក​ជាន់​ខ្ពស់​៤​រូប​របស់​លោក​ជា ​ស៊ីម​ ដែល​ត្រូវ​បាន​គេ​យក​មក​កាត់ទោស​ជា​បន្តបន្ទាប់​តាម​ការ​ចោទ​ប្រកាន់​ពីបទក្លែងបន្លំ​ឯកសារ​ ដែល​មាន​ទឹកប្រាក់​រហូត​ដល់​រាប់​លាន​ដុល្លារ។ ​ហើយ​អ្នក​ទាំង​នោះ​ត្រូវ​បាន​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចាប់​ពី​៣​ទៅ​៤​ឆ្នាំ។​ ក៏ប៉ុន្តែ​ពួក​គេ​សុទ្ធ​តែ​បាន​បដិសេធការ​ចោទ​ប្រកាន់​នេះ​ ដោយ​កំពុង​តែ​ធ្វើ​ការ​ប្តឹង​ឧទ្ធរណ៍​ជំទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់​សាលាដំបូង​ រាជធានី​ភ្នំពេញ​ ដូច​លោក ​ឈឿន ​ចាន់ថន​ដែរ។​

លោក​ចាន់ ​សាវ៉េត ​ជា​អនុប្រធាន​ស៊ើបអង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ដែល​បាន​តាម​ឃ្លាំមើល​ដំណើរការ​ក្ដី​នេះ​មួយ​ផ្នែក។ ​លោក​យល់​ថា ​តុលាការ​បាន​ប្រមូល​ភស្ដុតាង​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដន្ទាទោស​នេះ។​

«ភស្តុងតាង​ក្នុង​ការ​ចង្អុល​បង្ហាញ​នេះ​ឃើញ​ថា ​គាត់​អាច​ប្រព្រឹត្ត​នូវ​ទោស​កំហុស​ទាំង​អស់​នេះ​ ដូច​បាន​ចោទ​ប្រកាន់»។​

ដោយឡែក​វីអូអេ​បាន​ព្យាយាម​ទាក់ទង​លោក​ចៅក្រម​សួស ​សំអាត ​ប្រធាន​ក្រុម​ប្រឹក្សា​អង្គជំនុំជម្រះ​នៃ​សាលា​ដំបូង​ក្នុង​សំណុំរឿង​ក្ដី​នេះ​ ដើម្បី​សុំ​សេចក្តី​បំភ្លឺ​ តែ​មិន​អាច​ធ្វើ​ទំនាក់ទំនង​បាន​ទេ​ នៅ​ថ្ងៃ​នេះ។ ​រី​ឯ​លោក​កែវ ​មុន្នី ​និង​លោកលី លីបម៉េង ​ចៅក្រម​ប្រឹក្សា​ ក៏​បាន​បដិសេធ​មិន​ផ្ដល់​សេចក្ដី​អត្ថាធិប្បាយ​លើ​សំណុំ​រឿង​នេះ​ដែរ៕

XS
SM
MD
LG