ក្រុមប្រជាពលរដ្ឋជិត១០០នាក់ អតីតអ្នករស់នៅតំបន់បុរីកីឡា បានធ្វើការប្រមូលផ្តុំតវ៉ាឈានដល់ថ្ងៃទី២ ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាជួយធ្វើអន្តរាគមន៍ឲ្យក្រុមហ៊ុនផានអ៊ីម៉ិចរបស់លោកស្រីស៊ុយ ស៊ីផានផ្តល់ទីជម្រកដល់ពួកគេឡើងវិញ និងដោះលែងអ្នកភូមិចំនួនប្រាំបីនាក់ដែលកំពុងជាប់ឃុំឃាំង ឲ្យមានសេរីភាព។
ការតវ៉ានៅថ្ងៃពុធនេះបានធ្វើឡើងនៅក្បែរអគារសាលាក្រុងភ្នំពេញ ដោយក្រុមអ្នកតវ៉ាបានស្រែកតាមឧគ្ឃោសនស័ព្ទបំពងសម្លេង និងកាន់បដាជាច្រើនផ្ទាំង។ ក្រុមអ្នកតវ៉ា និងអាជ្ញាធរប៉ូលិសបានឈានទៅដល់ការផ្ទុះអំពើហិង្សាសារជាថ្មីម្តងទៀត ដោយសារតែអាជ្ញាធរប៉ូលិសបានព្យាយាមរុញច្រានមិនឲ្យប្រជាពលរដ្ឋតវ៉ា។ ក៏ប៉ុន្តែក្រុមអ្នកស្រុកបានប្រឆាំងជំទាស់។
ក្រុមមន្ត្រីសិទ្ធិមនុស្ស និងសាក្សីឃើញផ្ទាល់ភ្នែកបាននិយាយថាយ៉ាងតិចមានក្រុមបាតុករម្នាក់បានដួលសន្លប់នៅក្នុងការប៉ះទង្គិចគ្នានោះ ក៏ប៉ុន្តែពុំមានអ្នកទទួលរងរបួសទេ។
អ្នកស្រីខៀវ ឡៃ អាយុ៤៨ឆ្នាំ ដែលបានដឹងខ្លួនឡើងវិញក្រោយពីបានដួលសន្លប់នោះ បាននិយាយថា អ្នកស្រីត្រូវបានកម្លាំងប៉ូលិសរុញច្រានពេញទំហឹង រហូតដល់អ្នកស្រីបានដួលលើថ្នល់កៅស៊ូជាមួយនិងអ្នកភូមិផ្សេងទៀត។ អ្នកស្រីបាននិយាយថា អ្នកស្រីត្រូវបានក្រុមបាតុករជួយធ្វើចលនាដង្ហើម និងកោសខ្យល់ រហូតដល់អ្នកស្រីបានដឹងខ្លួនឡើងវិញ។
«ដំបូងបង្អស់ ខ្ញុំឃើញគេច្រានកូនក្មេង ខ្ញុំក៏កន្រ្តាក់កូនក្មេងមក។ ខ្ញុំចូលទៅកន្ត្រាក់ហ្នឹង គេរុញខ្ញុំថែមទៀត ហើយខ្ញុំរើសស្បែកជើងខ្ញុំ។ គេឥតឲ្យខ្ញុំចូល។ គេរុញខ្ញុំច្រានដួល ប្រទាញប្រទង់លើគ្នាហ្នឹង រួចខ្ញុំវាខ្សោយបេះដូងផង ខ្ញុំគាំងទៅ»។
ក្រុមអាជ្ញាធរបានហៅរថយន្តពេទ្យដើម្បីសង្គ្រោះបន្ទាន់ ក៏ប៉ុន្តែនៅពេលដែលរថយន្តមកដល់ប្រជាពលរដ្ឋបានបដិសេធមិនឲ្យដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យទេ។
ក្នុងការតវ៉ានៅថ្ងៃពុធនេះ ក្រុមបាតុករមិនដើរក្បួនដូចថ្ងៃអង្គារទេ ដោយឈរស្រែកនៅនឹងកន្លែងតែប៉ុណ្ណោះ។
«ពួកយើងទាំងអស់គ្នាមកទាមទារ ដើម្បីឲ្យក្រុមហ៊ុនសាងសង់ផ្ទះឲ្យយើង»។
កុមារីហេង យូ អាយុ១០ឆ្នាំ រៀននៅសាលាបឋមសិក្សាបាក់ទូក ដែលកំពុងឈរកាន់បដាជាមួយនិងបាតុករផ្សេងទៀត បាននិយាយថា ប្អូនស្រីលែងមានអារម្មណ៍នៅក្នុងការសិក្សាហើយ ក្រោយពីផ្ទះសម្បែងបានបាត់បង់។
«ព្រោះអីខ្ញុំបានបាត់បង់ផ្ទះ កាលពីថ្ងៃទី២៣ គេរុះចោល។ ខ្ញុំឥតបានរៀនសូត្រទេ ហើយខ្ញុំខានទៅរៀនច្រើនថ្ងៃដែរហើយ»។
លោកអំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សលីកាដូបានបញ្ជាក់ថា សាលាក្រុងភ្នំពេញ និងរដ្ឋាភិបាលត្រូវតែផ្តល់ទីជម្រកដល់ពួកគេឡើងវិញក្រោយពីបានបាត់បង់កាលពីសប្តាហ៍មុន។
«សាលាក្រុងត្រូវតែដោះស្រាយជូនប្រជាពលរដ្ឋ ជាពិសេសគឺទាក់ទងទៅនឹងអគារទាំង១០។ ប៉ុន្តែសង់តែ៨អញ្ចឹង ទើបធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនគាត់មិនមានផ្ទះសម្បែងក្នុងការស្នាក់នៅ ដោយសារតែការសង់អគារមិនគ្រប់នេះ»។
លោកស្រីស៊ុយ ស៊ីផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច បានចោទប្រកាន់ប្រជាពលរដ្ឋថា ក្រុមប្រជាពលរដ្ឋមិនមានឯកសាររស់នៅពិតប្រាកដទេ។ អ្នកស្រីបានបញ្ជាក់ថា ការសាងសង់ប្រាំបីអគារ គឺគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋរស់នៅហើយ៕