ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប អនុម័ត​​អ្នក​សង្កេត​ការណ៍​ជាង​៧​ម៉ឺន​នាក់ ចូល​រួម​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត


ស្ត្រីម្នាក់​កំពុង​ទម្លាក់សន្លឹកឆ្នោត​ទៅក្នុង​ហឹបឆ្នោតនៅ​ក្រុងតាខ្មៅ ខេត្តកណ្តាល​ ប្រទេសកម្ពុជាកាលពីថ្ងៃទី​២៩ កក្កដា ឆ្នាំ២០១៨។
ស្ត្រីម្នាក់​កំពុង​ទម្លាក់សន្លឹកឆ្នោត​ទៅក្នុង​ហឹបឆ្នោតនៅ​ក្រុងតាខ្មៅ ខេត្តកណ្តាល​ ប្រទេសកម្ពុជាកាលពីថ្ងៃទី​២៩ កក្កដា ឆ្នាំ២០១៨។

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា​គ.ជ.ប កាល​ពី​ពេល​ថ្មីៗ​នេះ បាន​សម្រេច​យល់​ព្រម​ឱ្យ​សមាគម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​៦៥​ស្ថាប័ន ដែល​មាន​អ្នក​អង្កេត​ការណ៍​សរុប​ជាង​៧​ម៉ឺន​នាក់​ចូល​រួម​អង្កេត​ដំណើរ​ការ​បោះ​ឆ្នោត។

ស្ថាប័ន​គ.ជ.ប កំពុង​ពិនិត្យ​មើល​សមាគម​អង្គការ​ចំនួន​១៥​ស្ថាប័ន​ទៀត ដែល​មាន​មនុស្ស​ប្រមាណ​៤៥០០​នាក់។ នេះបើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គ.ជ.ប ចុះ​ថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ​២០២៣។

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​គ្រប់​គ្រង​ដោយ​កូនប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កំពង់ស្ពឺ បាន​ដាក់​មនុស្ស​ចូលរួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត ប្រមាណ​៣៦០០០​នាក់។

ចំណែក​សមាគម​នារី​កម្ពុជា ដើម្បី​សន្ដិ​ភាពនិង​អភិវឌ្ឍ ដែល​មាន​អ្នកស្រី ម៉ែន សំអន រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា ​និង​អធិការកិច្ច​ជា​ប្រធាន បានដាក់​អ្នក​សង្កេត​ការណ៍​ប្រមាណ​២៥០០០​នាក់។

គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ខុម​ហ្វ្រែល ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត បាន​ដាក់​អ្នក​សង្កេត​ការណ៍​ប្រមាណ​៤​ពាន់​នាក់។ គណៈ​កម្មាធិការ​អព្យា​ក្រឹត​ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​កាត់​ថា​និក​ហ្វិក ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឃ្លាំ​មើល​ការងារ​បោះ​ឆ្នោត​មួយ​ទៀត ក៏​បាន​ដាក់​អ្នក​សង្កេត​ការណ៍ ដែល​មាន​ចំនួន​តែ​៤០​នាក់​ប៉ុណ្ណោះ។

អ្នកនាំពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​តួនាទី​អ្នក​សង្កេត​ការណ៍​មាន​សារៈ​សំខាន់​ ដើម្បី​ឆ្លុះ​បញ្ចាំង​នូវ​រាល់​សកម្ម​ភាព​រៀបចំ​ ពិសេស​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត​ទាំង​មូល។ លោក​បន្ថែម​ថា​ការ​ចូលរួម​ឬ​មិន​ចូល​រួម​របស់​អង្កេត​ការណ៍ពី​ស្ថាន​ទូត​បរទេសមិន​បាន​បង្កាក់​ការ​វិវត្ត​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ការមិន​ចូលរួម​នៃ​ស្ថាន​ទូត​ណា​មួយនោះគឺ​ជា​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ការ​យល់​ឃើញ​ឬក៏​ភាព​មមា​ញឹក​នៃ​ការងារ​របស់​ស្ថាន​ទូត​នោះ​ឯង​ទេ​ ត្រង់​ថា​ប៉ះពាល់​ ឬ​ក៏​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ ខ្ញុំ​អាច​បញ្ជាក់​ខ្លី​ថា​មិន​មាន​អ្វី​ប៉ះ​ពាល់​នោះ​ទេ​ ហើយ​ក្នុង​ច្បាប់​ក៏​មិន​មាន​ចែង​ថា​ទាល់​តែ​មាន​ស្ថាន​ទូត​នេះ​ ស្ថាន​ទូត​នោះ ចូលរួម​បាន​ចាត់​ទុក​ជា​បាន​ការ​ដែរ។ អ៊ីចឹង​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត​ នឹង​ត្រូវ​ឡើង​ទៅ​តាម​ការ​គ្រោង​ទុក»។

លោកសង្ឃឹម​ថាការ​បោះ​ឆ្នោត​ខាង​មុខ​នេះ នឹង​អាចទទួល​យក​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ពិសេស​គណបក្ស​នយោបាយ​ និង​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុងបញ្ជី​បោះ​ឆ្នោត​ជាង​៩លាន​៧​សែន​នាក់។

ប្រទេស​ប្រជាធិប​តេយ្យ​ធំៗដូច​ជា​សហ​ភាព​អឺរ៉ុប ជប៉ុន​ បារាំង និង​អាមេរិក​ជា​ដើម បាន​ប្រកាស​មិន​ដាក់​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន ដើម្បី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​ខាង​មុខ​ឡើយ។ សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​បញ្ជាក់​ថា​អាជ្ញាធរ​កម្ពុជា​គួរតែ​អនុញ្ញាត​ឱ្យ​មាន​ទស្សនៈ​នយោបាយ​ប្រឆាំង ជំរុញ​ការ​ប្រកួត​ប្រជែង​តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ជំរុញ​ការ​ផ្លាស់​ប្តូរ​គំនិត​ដោយ​បើក​ចំហ និង​ការពារ​សមត្ថ​ភាព​របស់​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​ប្រតិ​បត្តិការ​ដោយ​សេរី ដោយ​មិន​ភ័យ​ខ្លាច​អំពើ​ហិង្សា។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​និកហ្វិច លោក សំ គន្ធាមី លើក​ឡើង​ថា​បើ​ទោះ​បី​ជា​មិន​មាន​វត្តមាន​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ ការ​ចូល​រួម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​គឺ​ដើម្បី​ពិនិត្យ​មើល​ទិដ្ឋភាព​ទូទៅ​នៅ​តាម​មណ្ឌល​នីមួយៗ។

លោក​ថ្លែង​ថា៖ «ថ្វីត្បិត​អត់​មាន​វត្តមាន​ភ្លើង​ទៀន​ក៏​ដោយ​ កាល​មុន​អត់​វត្តមាន​សង្រ្គោះ​ជាតិ​ ក៏​យើង​ចូលរួម​ ព្រោះ​អី​យើង​សង្កេត​ការណ៍​ទូទៅ ​ដើម្បី​ជួយ​មើល​ឱ្យ​អ្នក​បោះ​ឆ្នោត ម្ចាស់​ឆ្នោត មូល​ហេតុ​អ៊ីចឹង​ទេ​»។

លោក​ជំរុញ​ឱ្យ​មាន​ការ​ធានា​នូវ​សិទ្ធិ​សេរី​ភាព​ម្ចាស់​ឆ្នោត​ និង​រក្សា​តម្លាភាព​ក្នុង​ដំណើរ​ការ​បោះឆ្នោត។

អ្នកនាំ​ពាក្យគណបក្ស​ភ្លើង​ទៀន ​លោក​ គឹមសួរ ភារិទ្ធ មើល​មិន​ឃើញ​តម្លៃ​នៃ​ការ​បោះ​ឆ្នោត​មួយ​នេះ បន្ទាប់​ពី​គណ​បក្ស​របស់​លោក​ដែល​មាន​អ្នក​គាំទ្រ​ជាង​១​លាន​៦​សែន​នាក់ ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​យក​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​មាន​ចំនួន​១២៥។

លោក​ថ្លែង​ថា​៖ «អ៊ីចឹង​ការ​បោះឆ្នោត​និង​តម្លៃ​នៃ​ការ​បោះ​ឆ្នោត​ ខ្ញុំ​គិត​ថា​វា​មិន​គ្រប់​គ្រាន់​ទេ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​តាម​បែប​ប្រជា​ធិប​តេយ្យ​អ្វី​នោះ​ទេ ខ្ញុំ​និយាយ​មាន​តែ​ប៉ុណ្ណឹង​គ្រប់​យ៉ាង គឺ​ចង់​ឱ្យ​ការ​បោះឆ្នោត​ណា​ក៏​ដោយ​សុំ​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំង​អស់​ ដែល​មាន​បំណង​ចូលរួម​ការ​បោះ​ឆ្នោត​ស្រប​តាម​គោល​ការណ៍​នៃ​លទ្ធិ​ប្រជា​ធិប​តេយ្យ និង​ផ្លូវ​ច្បាប់»។

គួរ​បញ្ជាក់​ថា​ស្ថាប័ន​គ.ជ.ប ក៏​កំពុង​ពិនិត្យ​អ្នក​សង្កេត​ការណ៍​អន្តរ​ជាតិ​ចំនួន​៣​នាក់​ដែល​ជា​«ភ្ញៀវ​ពិសេស»មក​ពី​ស្ថាន​ទូត​សហ​ព័ន្ធរុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា៕

XS
SM
MD
LG