ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតគ្រោងនឹងមកដល់នៅថ្ងៃសុក្រខាងមុននេះ មន្ត្រីអង្គការសង្គមស៊ីវិលដែលឃ្លាំមើលដំណើរការបោះឆ្នោត បានលើកឡើងថា ការបំភិតបំភ័យ ការគំរាមកំហែងប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនៅតែបន្តកើតមាន ជាពិសេសនៅតាមការិយាល័យបោះឆ្នោត។
លោក គល់ បញ្ញា នាយកអង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយដែលមានឈ្មោះថាខុមហ្រ្វែល (Comfrel) បានមានប្រសាសន៍នៅថ្ងៃពុធនេះថា មានអាជ្ញាធរខ្លះបានឃ្លាំមើលប្រជាពលរដ្ឋនៅតាមការរិយាល័យបោះឆ្នោត ដើម្បីចង់ដឹងថាប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សខ្លួន។
មានប្រសាសន៍នៅក្នុងវេទិកាតុមូលស្តីអំពីការត្រៀមរៀបចំការបោះឆ្នោត និងការទទួលបានព័ត៌មានដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា លោកគល់ បញ្ញា បានមានប្រសាសន៍ថាអង្គការខុមហ្រ្វែលបានអ្នកឃ្លាំមើលជាង ៥០០នាក់ ដើម្បីតាមមើលបាតុភាពមិនប្រក្រតីទាំងនេះ។
«ភ្នាក់ងារគណបក្សមួយចំនួនក៏អញ្ចឹងដែរ។ ភ្នែកធំៗ តាមមើលប្រជាជន ព្រោះបាននិយាយគ្នា ឲ្យលុយគ្នាស្រេចអស់ហើយ។ អញ្ចឹងថ្ងៃបោះឆ្នោតមកតាមមើលប្រជាជន ដើម្បីឃ្លាំមើល តើអ្នកឯងបោះ ឬមិនបោះ។ ថាម៉េចបានជាគេអាចដឹង។ មិនអាចដឹងបានទេ ព្រោះការបោះឆ្នោតនេះ ជាការសម្ងាត់»។
លោកគល់ បញ្ញា បានមានប្រសាសន៍ទៀតថា ខុមហ្វ្រែលបានបង្រៀនជាពិសេសអ្នកឃ្លាំមើលភាពមិនប្រក្រតី និងការកត់ត្រាអំពីលទ្ធផលនៃការបោះឆ្នោតឲ្យបានលឿនថា តើលទ្ធផលដែលបានបង្ហាញនៅតាមការិយាល័យបោះឆ្នោត និងលទ្ធផលរបស់ខុមហ្វ្រែលមានភាពខុសប្លែកគ្នា ឬ យ៉ាងណា។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា នេះគឺជាការវាយតម្លៃផ្ទាល់ខ្លួនរបស់ខុមហ្រ្វែល។ លោកបានមានប្រសាសន៍ថាមិនមានការបំភិតបំភ័យដល់អ្នកបោះឆ្នោតទេ។ ប្រសិនណាបើមានមន្ត្រីទាំងនោះទៅបំភិតបំភ័យអ្នកបោះឆ្នោត និងទទួលបានពិន័យ និងបណ្តេញចេញពីការរិយាល័យបោះឆ្នោត។
«ក្នុងករណីដែលមានអ្នកមករំខានការបោះឆ្នោត។ គឺទី១ មន្ត្រីនៅខាងក្រៅហ្នឹងរំលឹកគាត់ ថាគាត់ធ្វើអញ្ចឹងមិនត្រឹមត្រូវទេ។ ឧទាហរណ៍មានមន្ត្រីនៅឃុំសង្កាត់ ឬក៏អាជ្ញាធរ ឬក៏អ្នកណាម្នាក់មកឈរនៅក្នុងបរិវេណហាមឃាត់នៅទីនោះដើម្បីមើលអ្នកបោះឆ្នោតទៅត្រួតពិនិត្យអ្នកបោះឆ្នោតអី យើងមិនអនុញ្ញាតឲ្យគាត់ចូលក្នុងបរិវេណដែលយើងហាមឃាត់ទេ»។
មានគណបក្សនយោបាយចំនួន១០ ដែលបានចុះបញ្ជីសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អណត្តិទី៣នេះ ដែលរួមមានគណបក្សសម រង្ស៊ី គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សនរោត្តមរណឫរិទ្ធ គណបក្សសិទ្ធិមនុស្ស គណបក្សសញ្ជាតិកម្ពុជា គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សចលនាប្រជាធិបតេយ្យ និងគណបក្សប្រជាជនកម្ពុជា។
គណបក្សទាំង១០ និងចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសមុខដំណែងក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ១.៦៣៣ឃុំសង្កាត់ ដែលមានអ្នកបោះឆ្នោតប្រមាណជាង៩លាននាក់។
លោកយឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បានទទួលស្គាល់ថា នៅរដូវបោះឆ្នោតចូលមកដល់ការគំរាមកំហែង និងការបំភិតបំភ័យបានមកទន្ទឹមគ្នាផងដែរ។
«ពីព្រោះអ្នកនយោបាយថ្នាក់ខ្ពស់ក៏គំរាម ប្រើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋគំរាមប្រជាពលរដ្ឋ ហើយនឹងអាជ្ញាធរមូលដ្ឋាន អ្នកនយោបាយថ្នាក់ជាតិរបស់គណបក្សកាន់អំណាចហ្នឹងក៏គំរាមប្រជាពលរដ្ឋដែរ។ ការគំរាមហ្នឹង គំរាមតាំងពីពេលមុនឃោសនាមកម្លេះ»។
នៅថ្ងៃសុក្រចុងសប្តាហ៍នេះគណបក្សទាំង១០ និងចាប់ផ្តើមយុទ្ធនាការណ៍បោះឆ្នោតរបស់ខ្លួនជាលើកដំបូង ហើយគណបក្សមួយចំនួនត្រូវបានគេមើលឃើញថា បានទិញសារុង ប៊ីចេង និងផ្តល់លុយកាក់បន្តិចបន្តួចជូនប្រជាជន ដើម្បីឲ្យបោះឆ្នោតគាំទ្រគណបក្សរបស់ខ្លួន៕