អង្គការសង្គមស៊ីវិលដែលតាមឃ្លាំមើលដំណើរការបោះឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសន្និដ្ឋានដូចៗគ្នាថា ដំណើរការឃោសនារកសំឡេងឆ្នោតសម្រាប់គណបក្សនយោបាយទាំង១០ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣នេះ មានលក្ខណៈល្អប្រសើរច្រើន បើប្រៀបធៀបមួយថ្ងៃទៅនឹងអាណត្តិមុនៗ។ ក៏ប៉ុន្តែនៅតែមានភាពមិនប្រក្រតីបានកើតឡើងលើគណបក្សនយោបាយ ជាពិសេសគណបក្សជំទាស់។
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលហៅកាត់ថាខាំហ្វែ្រល បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនថា នៅក្នុងឆ្នាំ២០០២ បានកើតឡើងចំនួន១០ករណីនៅក្នុងមួយថ្ងៃ។ ឆ្នាំ២០០៧ បានកើតឡើងចំនួន ៨ករណីនៅក្នុងមួយថ្ងៃ ហើយឆ្នាំ២០១២នេះ មានតែ៦ករណីប៉ុណ្ណោះ ដែលបានកើតឡើងនៅក្នុងមួយថ្ងៃ។ ក៏ប៉ុន្តែឥទ្ធិពលទាំងនេះពុំទាន់បានវាស់វែងទំហំបាននៅឡើយទេ ដែលករណីទាំងនេះរួមមានការហែកខិតបណ្ណ ការទិញសន្លឹកឆ្នោត ការរំខានក្នុងការឃោសនា ការទម្លាក់ស្លាកគណបក្សនយោបាយដែលសរុបប្រមាណចំនួន ១០០ករណី។
អង្គការខំហ្វ្រែលបានសង្កេតឃើញថា មានចំនួនអំពើហិង្សាចំនួនពីរករណី ដែលនៅក្នុងនោះមានមួយករណីក្មេងស្ទាវមួយក្រុមបានវាយទៅលើស្ត្រី ដែលជាសកម្មជនគណបក្សសម រង្ស៊ី នៅក្នុងខេត្តបាត់ដំបង និងមួយករណីទៀត ស្រ្តីដែលជាភរិយារបស់គណបក្សគ្រប់គ្រងអំណាចបានវាយទៅលើស្ត្រីដែលមកពីគណបក្សហ៊្វុនស៊ិនប៉ិចនៅក្នុងខេត្តបាត់ដំបង។ នេះបើតាមការបញ្ជាក់របស់លោក ធន់ សារ៉ាយ ប្រធានគណៈកម្មាធិការនាយកនៃអង្គការខំហ្វ្រែល។
លោក ធន់ សារ៉ាយ បានមានប្រសាសន៍ទៀតថា បើទោះបីជាមានការថយចុះនៃអំពើហិង្សាក៏ដោយ ក៏ប៉ុន្តែលោកបានរកឃើញមានចំនួនឈ្មោះប្រមាណ ១លាន ៥សែននាក់ ត្រូវបានលុបចេញពីបញ្ជីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
«នៅក្នុងថ្ងៃបោះឆ្នោតនេះ យើងនឹងមានការបារម្មណ៍ច្រើន ដល់អ្នកដែលរកឈ្មោះមិនឃើញ ហើយអ្នកដែលបាត់ឈ្មោះ។ អញ្ចឹងរឿងបញ្ជីបោះឆ្នោតនេះ គឺជារឿងមួយដែលធំជាងគេនៅក្នុងការត្រៀមរៀបចំការបោះឆ្នោតនេះ»។
លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងប្រាប់នៅក្នុងអង្គសន្និសីទព័ត៌មាននៅថ្ងៃសុក្រនេះថា បើគិតចាប់ពីឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០១២នេះគជប បានលុបឈ្មោះប្រមាណជាង ៧៦ម៉ឺននាក់តែប៉ុណ្ណោះ។
«គឺឆ្នាំ២០០៨ យើងលុបឈ្មោះប្រមាណតែ ១៦ម៉ឺននាក់ទេ ពីបញ្ជីបោះឆ្នោត។ ឆ្នាំ២០០៩ យើងលុបឈ្មោះ ១៦ម៉ឺននាក់ពីបញ្ជីបោះឆ្នោត។ ឆ្នាំ២០១០ យើងលុប ១៧ម៉ឺននាក់ពីបញ្ជីបោះឆ្នោត។ ឆ្នាំ២០១១នេះ យើងលុបពី ២៧ម៉ឺននាក់ពីបញ្ជីបោះឆ្នោត។ អញ្ចឹងបូកទាំងកន្ទុយៗទេ យើងលុបអស់តែ ៧៦ម៉ឺននាក់ទេ។ ហេតុអីបានជាបាត់ឈ្មោះពីបញ្ជីបោះឆ្នោតរហូតដល់ ១លាន ៥សែននាក់»។
គណបក្សនយោបាយចំនួន១០ ដែលបានឃោសនារកសំឡេងឆ្នោតកាលពីថ្ងៃទី១៨ រហូតមកដល់ថ្ងៃសុក្រទី១ ខែមិថុនានេះ។ រយៈពេល១៥ថ្ងៃ នៃដំណើរការបោះឆ្នោត បានបញ្ចប់។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃអង្គការនិចហ្វិចបានមានប្រសាសន៍ថាមុនដំណើរការឃោសនាបោះឆ្នោតមានភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធនឹងការបាញ់ប្រហារកម្មករនៃខេត្តស្វាយរៀង ឃាតកម្មទៅលើលោកឈុត វុទ្ធី សកម្មជនការពារព្រៃឈើ ឃាតកម្មទៅលើកុមារី ហេង ចន្ថា នៅក្នុងខេត្តក្រចេះ និងការចាប់ប្រជាពលរដ្ឋចំនួន ១៥នាក់នៅក្នុងតំបន់បឹងកក់ដាក់ពន្ធនាគារ។ លោកបានមានប្រសាសន៍ថា ភាពមិនប្រក្រតីធំៗ ទាំងបួននេះ អាចនឹងធ្វើឲ្យមានផលប៉ះពាល់នឹងភ័យខ្លាចដល់ប្រជាជនមុនការបោះឆ្នោត។
«មួយទៀត យើងក៏សង្កេតឃើញថាមានការបំភ័ន្តព័ត៌មាន ដោយប្រកាសថាបក្សជំទាស់ហ្នឹងថាបានចុះចូលអស់ហើយ។ អញ្ចឹងនៅចាំអីទៀត ត្រូវចូលឲ្យអស់តែម្តងទៅ។ មួយទៀតការបំភ័ន្តព័ត៌មានថាបើសិនជាមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាចទេ គឺថាសង្គមអស្ថេរភាព»។
រយៈពេល១៥ថ្ងៃ នៃយុទ្ធាការឃោសនារកសំឡេងឆ្នោតបានកន្លងផុតទៅនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលពាក្យបណ្តឹងនៅទូទាំងប្រទេសចំនួន ៧៦បណ្តឹង ក្នុងនោះបណ្តឹងដែលកំពុងដោះស្រាយមាន ៧បណ្តឹង ការចារបដិសេធ៤បណ្តឹង ការដកបណ្តឹង៥បណ្តឹង ការផ្សះផ្សារជាគ្នាចំនួន ៣៦បណ្តឹង ការផ្សះផ្សារគ្នាមិនជាគ្នាចំនួន ១៥បណ្តឹង និងជូនដំណឹងបដិសេធចំនួន៤បណ្តឹង៕