សហព្រះរាជអាជ្ញាបានស្នើដល់ក្រសួងមហាផ្ទៃសុំរក្សាឌុច នៅក្នុងមន្ទីរឃុំឃាំងនៃសាលាក្ដីខ្មែរក្រហមបន្ដទៀតប្រយោជន៍ដើម្បីបង្កភាពងាយស្រួលដល់ទណ្ឌិតរូបនេះក្នុងការផ្ដល់សក្ខីកម្មក្នុងសំណុំរឿង០០២។ ឌុច គឺជាសាក្សីដ៏មានសក្ដានុពលសម្រាប់សំណុំរឿងទីពីរនេះ។
នៅក្នុងលិខិតមួយផ្ញើទៅកាន់នាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃអង្គារហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសុក្រនេះ សហព្រះរាជអាជ្ញាកម្ពុជា លោកស្រី ជា លាង និងសហព្រះរាជអាជ្ញាសញ្ជាតិអង់គ្លេស លោក អេនឌ្រូ ខេលី បានបង្ហាញកង្វល់ថា ការផ្ទេរឌុច ទៅឃុំឃាំងក្នុងពន្ធនាគាររបស់រដ្ឋាភិបាលអាចនឹងបង្កឲ្យមានភាពស្មុគស្មាញក្នុងការចូលរួមផ្ដល់សក្ខីកម្មរបស់គាត់។
អតីតប្រធានគុកទួលស្លែងឬមន្ទីរស-២១ ឌុច អាយុ ៦៩ ឆ្នាំ មានឈ្មោះដើម កាំង ហ្កេកអ៊ាវ។ ជនជាប់ចោទរូបនេះត្រូវផ្តន្ទាទោសដោយអង្គជំនុំ ជម្រះតុលាការកំពូលកាលពីថ្ងៃទី៣ ខែកុម្ភៈ ឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្រោមការចោទប្រកាន់ពាក់ព័ន្ធនឹងការស្លាប់របស់អ្នកទោសយ៉ាងតិច ១២.៣៨០នាក់។
តុលាការកំពូលក៏បានសម្រេចដែរថា ឌុច នឹងត្រូវផ្ទេរការឃុំឃាំងទៅកាន់ពន្ធនាគាររបស់រដ្ឋាភិបាលវិញ។ ប៉ុន្ដែមិនបានកំណត់ពេលវេលានៃការផ្ទេរការឃុំឃាំងពិរុទ្ធជននេះទេ។
នៅក្នុងលិខិតទៅកាន់ក្រសួងមហាផ្ទៃសហព្រះរាជអាជ្ញាទាំងពីររូប ស្នើឲ្យបន្ដឃុំខ្លួន ឌុច ក្នុងពន្ធនាគាររបស់សាលាក្ដីខ្មែរក្រហមរហូតដល់រូបគាត់លែងមានសារៈសំខាន់ក្នុងការផ្ដល់សក្ខីកម្ម ឬមិនបង្កបញ្ហាដល់ការចូលរួមនីតិវិធីរបស់គាត់។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមមិនអាចបញ្ជាក់ជាមុនបានទេថា តើ ឌុច មានសារៈសំខាន់ក្នុងការផ្តល់សក្ខីកម្មលើបញ្ហាអ្វីខ្លះក្នុងនីតិវិធីនៃសំណុំរឿង ០០២ នេះទេ ប៉ុន្ដែ លោកឲ្យដឹងថា ការផ្តល់សក្ខីកម្មរបស់ ឌុច ជាលើកដំបូងគឺផ្តោតលើប្រព័ន្ធការងារ។
«យើងមិនទាន់ដឹងថាតើឌុច នឹងឡើងធ្វើសក្ខីកម្មនៅក្នុងផ្នែកអ្វីផ្សេងៗនោះទេ ប៉ុន្ដែជាដំបូងនេះគាត់នឹងឡើងធ្វើសក្ខីកម្មទាក់ទងនឹងប្រព័ន្ធរដ្ឋបាលនិងទំនាក់ទំនងការងារក្នុងរបបខ្មែរក្រហម»។
មេដឹកនាំជាន់ខ្ពស់បំផុតនៃរបបខ្មែរក្រហមចំនួនបីនាក់ត្រូវនាំខ្លួនយកមកកាត់ទោសក្នុងសំណុំរឿង០០២ ក្នុងនោះមាន នួន ជា អតីតបងធំទី២ និងជាប្រធានសភាខ្មែរក្រហម ខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារី អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ដ្រីការបរទេសខ្មែរក្រហម។
ការកាត់ទោសជនជាប់ចោទទាំងបីនឹងចាប់ផ្តើមបន្ដឡើងវិញនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ។ ហើយ ឌុច នឹងត្រូវឡើងផ្តល់សក្ខីកម្មនៅថ្ងៃច័ន្ទទី២០ ខែមិនា៕