ក្រុមកម្មករនៃរោងចក្របោកគក់ អេសអ៊ិល (SL) ប្រមាណជិត ១.០០០នាក់ ដែលមានទីតាំងនៅក្នុងសង្កាត់ស្ទឹងមានជ័យនៅថ្ងៃច័ន្ទនេះ បានធ្វើមហាបាតុកម្មដ៏ធំមួយដោយសន្តិវិធីនៅក្នុងខណៈពេលប្រទេសកម្ពុជាកំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតឈានដល់ថ្ងៃទី៤។
ការធ្វើបាតុកម្មដោយសន្តិវិធីនេះដឹកនាំដោយសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលហៅកាត់ថាស៊ីខៅឌូ របស់លោកអាត់ ធន់ ហើយមិនមានការបង្រ្កាបពីក្រុមសមត្ថកិច្ចនោះទេបើទោះបីជាក្រុមកម្មករបានបិទផ្លូវព្រះមុនីវង្ស ដែលមានចរាចរណ៍ដ៏មមាញឹកមួយនៅក្នុងកណ្តាលទីក្រុងភ្នំពេញអស់រយៈពេលប្រមាណ២០នាទីក៏ដោយ។
លោកទូច ណារ៉ុថ ស្នងការប៉ូលិសក្រុងភ្នំពេញបាននិយាយថាប៉ូលិសមិនបានបង្រ្កាបបាតុកម្មនេះទេ។ ក៏ប៉ុន្តែលោកស្នើសុំបាតុករកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ដែលប្រជាពលរដ្ឋកំពុងធ្វើដំណើរ។
«កម្មករគាត់ធ្វើប្រសិនណាគាត់យោគយល់និយាយគ្នាបានជាមួយយើង។ អាហ្នឹងយើងឲ្យគាត់ធ្វើចុះ បើទោះបីជាគាត់គ្មានច្បាប់ក៏ដោយ។ ក៏ប៉ុន្តែពេលនេះ គឺចាំបាច់ត្រូវដាក់ច្បាប់ហើយ»។
ក្រុមកម្មករភាគច្រើនដោយមានការចូលរួមពីយុវជនបានសរសេរបដាដែលបានទាមទារលក្ខខណ្ឌការងារ រួចហើយបានដើរក្បួនដង្ហែរចេញពីរោងចក្ររបស់ខ្លួនមកកាន់ក្រសួងសង្គមកិច្ច។
ក្រុមកម្មករបានកាច់មែកឈើដើម្បីយកមកទទូរក្បាលនិងវាយស្គនៅតាមដងផ្លូវសាធារណៈនានា ដើម្បីបង្ហាញពីការទាមទារឲ្យរោងចក្រអេសអិល ផ្តល់លក្ខខណ្ឌការងារនិងទាមទារលុយបន្ថែមសម្រាប់ធ្វើដំណើរនិងប្រាក់ឈ្នួលផ្ទះប្រចាំខែ។
«ការទាមទាររបស់យើងគឺលុយថ្លៃផ្ទះ១៥ដុល្លារ។ លុយធ្វើដំណើរ ១០ដុល្លារ ហើយលុយព្រីម ១២ដុល្លារ ហើយនឹងលុយវេនយប់ ២០០ភាគរយ។ មានអ្នកខ្លះ អ្នកចូលចាស់ ២០០ភាគរយ រីឯអ្នកចូលថ្មី ១៣០ភាគរយ។ ហើយការងារអត់ងងុយដូចតែគ្នា ហេតុម្តេចលុយក៏ខុសគ្នា?»
លោកជិប អ៊ាង ប្រធានរដ្ឋបាលរោងចក្រអេសអិលបានមានប្រសាសន៍ថាការទាមទាររបស់ក្រុមកម្មករលោកមិនអាចទទួលយកបានទេ។ លោកបានចាត់ទុកថាការដឹកនាំបាតុកម្មរបស់លោកអាត់ ធន់ គឺជាអំពើខុសច្បាប់។
«យើងមិនអាចដោះស្រាយបានទេ ចំពោះអ្នកដែលធ្វើខុសច្បាប់គ្រប់ធុននេះ។ យើងមិនអាចជជែកជាមួយគាត់បានទេ។ កាលណាលើកមុនជជែកម្តងហើយហើយបាននិយាយគ្នាហើយរឿងដែលនៅសល់ យើងនឹងដោះស្រាយគ្នានៅក្រុមប្រឹក្សាអាជ្ញាកណ្តាលតាមនីតិវិធីច្បាប់។ ប៉ុន្តែគាត់មិនបានធ្វើទេ គាត់នៅតែបន្តអាភាពខុសច្បាប់ហ្នឹងបន្តទៅទៀត។ មនុស្សគាត់ហ្នឹង មនុស្សព្រៃមិនដឹងថាអ្នកណានៅពីក្រោយខ្នងគាត់ទេ ដែលគាំទ្រគាត់ឲ្យគាត់ធ្វើបែបព្រៃអញ្ចឹងទៀត»។
លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាដែលហៅកាត់ថាស៊ីខៅឌូ បានបញ្ជាក់ថាដើមហេតុដែលនាំឲ្យមានការធ្វើបាតុកម្មនេះ ដោយសារតែរោងចក្រអេសអិលបានបញ្ឈប់មេដឹកនាំសហជីពរបស់ខ្លួន។ លោកបានបញ្ជាក់ថាលោកបានព្យាយាមរកដំណោះស្រាយជាមួយរោងចក្រ ក៏ប៉ុន្តែតំណាងរោងចក្រតែងតែបដិសេធ។
«កម្មករប្រមាណជាង ៦.៥០០នាក់ បើសិនជាមិនមានការជួយពន្យល់ពីពួកយើងទេ។ ចុះបើគេដុតរោងចក្រខ្ទេចទៅ តើនរណាទទួលខុសត្រូវ។ គឺយើងគ្រាន់តែជាអ្នកជួយសម្រួលទេ។ យើងឥតបានដឹកនាំកម្មករធ្វើកូដកម្មទេ។ ព្រោះរឿងហ្នឹង គាត់ទាមទារថាក្រុមហ៊ុនឥតបានដោះស្រាយឲ្យគាត់»។
បន្ទាប់ពីបានដាក់ញត្តិទាមទារចំនួន ១០ចំណុចទៅក្រសួងសង្គមកិច្ច ក្រុមកម្មករបានសម្រេចរំសាយទៅវិញ ដោយរង់ចាំដំណោះស្រាយនៅថ្ងៃអង្គារស្អែកនេះ។ នេះបើតាមការបញ្ជាក់របស់លោកអាត់ ធន់៕