ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ក្រីក្រ​ប្រារព្ធ​ខួប​​ទីបី​នៃ​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ដោយ​បង្ខំ


អ្នក​តវ៉ាហែកសារុង​​ក្នុង​ការប្រារព្ធ​ខួប​​ទីបី​នៃ​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ដោយ​បង្ខំ។
អ្នក​តវ៉ាហែកសារុង​​ក្នុង​ការប្រារព្ធ​ខួប​​ទីបី​នៃ​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ដោយ​បង្ខំ។

បន្ទាប់​ពី​បាន​លើក​សារុង​ពុម្ព​មួយ​បង្ហាញ​ជា​សាធារណៈ ​អ្នក​ភូមិ​បឹងកក់​បាន​នាំ​គ្នា​ហែក​សារុង​នោះ​ជា​ចម្រៀក​តូច​ៗ ​រួច​ហើយ​ទម្លាក់​ចោល​នៅ​លើ​ថ្នល់​កៅស៊ូ។​ អ្នក​ភូមិ​បឹងកក់​បាន​និយាយ​ថា​ សារុង​នេះ​គឺ​លោក​កែប ​ជុតិមា ​បាន​ផ្តល់​ដល់​អ្នក​ភូមិ​បឹងកក់​កាល​ពី​ឆ្នាំ​២០០៨​ ជាមួយ​នឹង​ទឹក​ប្រាក់​ចំនួន​១០.០០០​រៀល​ ស្មើ​នឹង​ជាង​២​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​គ្រួសារ​ ដើម្បី​ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។ ​ពួក​គេ​បាន​និយាយ​ថា​មិន​ត្រូវ​ការ​សារុង​ទេ ​គឺ​ត្រូវ​ការ​តែ​ផ្ទះសម្បែង​បន្ទាប់​ពី​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ។

«អានេះ​គេ​ហៅ​ថា​សារុង​ថោកទាប​ មក​បោក​បញ្ឆោត​ប្រជាពលរដ្ឋ។​ យក​ផ្ទះ​ប្រជាពលរដ្ឋ​មក​ដូរ​សារុង​មួយ​ថោកទាប​ជា​ទី​បំផុត។​ សារុង​មួយ​លុយ​មួយម៉ឺន​ ប៊ីចេង​មួយ​កញ្ចប់។​ ឥឡូវ​ប្រជាពលរដ្ឋ​ទាំង​អស់​ដឹង​ហើយ ​គឺ​ចាញ់​បោក​ហើយ»។

ក្រុម​ប្រជាពលរដ្ឋ​ចំនួន​ប្រាំពីរ​សហគមន៍​យ៉ាង​តិច​ ដែល​រួម​មាន​សហគមន៍​ដីក្រហម​ សហគមន៍​ក្រុម​៧៨ ​សហគមន៍​បឹងកក់ ​សហគមន៍​បុរីកីឡា ​សហគមន៍​បឹងឈូក ​សហគមន៍​៣៤៧​ និង​សហគមន៍​ព្រែកតាណូ ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​កម្លាំង​បណ្តេញ​ចេញ​ដោយ​បង្ខំ​ឲ្យ​ទៅ​រស់​នៅ​ឯ​ជាយ​ក្រុង​ភ្នំពេញ ​ដើម្បី​យក​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍ។

ឆ្នាំ​នេះ​គឺ​ជា​គម្រប់​ខួប​លើក​ទី​៣ នៃ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​សហគមន៍​ដីក្រហម​ ហើយ​សហគមន៍​ទាំង​ប្រាំពីរ​បាន​ចូលរួម​ដើម្បី​រំលឹក​ខួប​នៃ​ការ​បណ្តេញ​ចេញ​នេះ។

នៅ​ក្នុង​សារ​មួយ​ច្បាប់ ​ដែល​មាន​ចំណង​ជើង​ថា​ «ថ្ងៃ​ដែល​មិន​អាច​បំភ្លេច​បាន​របស់​សហគមន៍​ដី​ក្រហម» បាន​ឲ្យ​និយាយ​ថាទង្វើ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​តំបន់​ទីក្រុង​ភ្នំពេញ​ ធ្វើ​ឲ្យ​ពួក​គេ​នឹក​ឃើញ​ពី​អតីតកាល​ក្នុង​របប​ខ្មែរក្រហម។

អ្នកស្រី ​រត្ន័ ​សុផល​ អាយុ​៣២​ឆ្នាំ ​រស់នៅ​សហគមន៍​ដីក្រហម​ ហើយ​បច្ចុប្បន្ន​កំពុងតែ​រស់នៅ​តំបន់​ដំណាក់​ត្រយឹង​បាន​និយាយ​ថា​បន្ទាប់​ពី​បាន​បណ្តេញ​ចេញ​ជីវភាព​របស់​អ្នកស្រី​កាន់​តែ​លំបាក។

«សព្វ​ថ្ងៃ​មាន​ម្តាយ​ចាស់​ជរា​ គាត់ឈឺ​ គាត់​ជា។ ​ថ្ងៃ​ណា​ក៏​គាត់​គិត​អាណិត​កូន​ សម្លាប់​កង្កែប​ សម្លាប់​ក្តាម។ ​ខ្ញុំ​និយាយ​ជា​រឿយ​ៗ​មក​ហើយ ​ការ​លំបាក​មិន​ដែល​មាន​នរណា​មក​អើត​មើល​ទេ​ គឺ​គ្រប់គ្នា​ទាំងអស់​ អ្នក​ដែល​គេ​បណ្តេញ​ចេញ​ទៅ​បី​ឆ្នាំ ​ហើយ​ក៏​ជា​ឱកាស​មួយ​ដែល​ខ្ញុំ​ចង់​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា​ពួក​ខ្ញុំ​ហ្នឹង​ នៅ​ទីនោះ​វេទនា​ណាស់។ ​អ្វី​ក៏​គ្មាន​ បាត​ដៃ​ទទេ​ទាំង​អស់»។

ប្រជា​ពលរដ្ឋ​រស់នៅ​សហគមន៍​ដីក្រហម​ បាន​យក​ស្បែកជើង​យក​មក​តម្រៀប​លើ​ថ្នល់​កៅស៊ូ​ដើម្បី​ឲ្យ​ចេញ​ជា​ពាក្យ​«អភិវឌ្ឍន៍» ​នៅ​ក្បែរ​កន្លែង​ដែល​បាន​បណ្តេញ​ចេញ​កាល​ពី​បី​ឆ្នាំ​មុន។

លោក ​ចាន់ ​វិចិត្រ​ តំណាង​ប្រជាពលរដ្ឋ​សហគមន៍​ដីក្រហម​ បាន​និយាយ​ថា​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ត្រូវតែ​គិតគូរ​ជីវភាព​របស់​ប្រជាជន។

«យើង​រៀប​ស្បែក​ជើង​ចេញ​ជា​ពាក្យ​អភិវឌ្ឍន៍​នេះ​ គឺ​ចង់​ឲ្យ​ផ្ងើ​សារ​មួយ​ដល់​រដ្ឋាភិបាល​ថា​រាល់​ការ​អភិវឌ្ឍ​ទាំង​អស់ ​សូម​ឲ្យ​គិត​ទៅ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ។​ សូម​ឲ្យ​គិត​ពី​ជីវភាព​របស់​ប្រជា​ពលរដ្ឋ»។

លោក ​សៀ ​ភារម្យ ​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​បាន​និយាយ​ថា​ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៥២​ភាគរយ​ ដែល​ជំពាក់​បំណុល​គេ​នៅ​ក្នុង​សហគមន៍​ដែល​មិន​ទាន់​បណ្តេញ​ចេញ។ ​ក៏ប៉ុន្តែ​នៅ​ពេល​ដែល​បណ្តេញចេញ​ពី​សហគមន៍​ ប្រជា​ពលរដ្ឋ​បាន​ជំពាក់​បំណុល​គេ​កើន​ឡើង​រហូត​ដល់​៧០​ភាគរយ។​ នេះ​ជា​ផល​ប៉ះពាល់​ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​ប្រឈម។

«នៅ​ពេល​ដែល​ពួក​គាត់​មិន​ទាន់​បណ្តេញ​ចេញ ​គឺ​ពួក​គាត់​អត់​ការងារ​ធ្វើ​ត្រឹម​តែ​៨,៤​ភាគរយ​ទេ​ ហើយ​ក្រោយ​ពី​ការ​បណ្តេញ​ពួក​គាត់​ចេញ​ទៅ​ គឺ​យើង​ឃើញ​ថា​ កំណើន​នៃ​ការ​ឥត​ការងារ​ធ្វើ​ហ្នឹង​ គឺ​មាន​ការ​កើន​ឡើង​ដល់​ទៅ​៣៥,៧​ភាគរយ។ ​ដូច្នេះ​នេះ​គឺ​ជា​កំណើន​មួយ​ដ៏​ខ្ពស់​ណាស់ ​ហើយ​យើង​អង្គការ​សង្គម​ស៊ីវិល​ក៏ដូច​ជា​ប្រជា​ពលរដ្ឋ​សហគមន៍​ក្រីក្រ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ គឺ​មាន​ការ​បារម្ភ​ខ្លាំង​ណាស់»។

នៅ​ក្នុង​របាយការណ៍​របស់​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ បាន​និយាយ​ថា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​មាន​៧៤​សហគមន៍ ​ដែល​មាន​ប្រជាជន​ចំនួន​១១.៩២២​គ្រួសារ​ ដែល​បាន​ទទួល​រង​នូវ​ការ​គំរាម​កំហែង​និង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​កាល​ពី​ឆ្នាំ​២០១១៕

XS
SM
MD
LG