អាជ្ញាធរកម្ពុជាបានបញ្ជូនជនជាតិចិនចំនួន៣៨នាក់ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតទៅកាន់ប្រទេសខ្លួនវិញ កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការឲ្យដឹងរបស់មន្ត្រីកម្ពុជា។
លោកឧត្តមសេនីយ៍ អ៊ុក ហៃសិលា ប្រធាននាយកដ្ឋាន ស៊ើបអង្កេតនិងអនុវត្ដនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានប្រាប់ VOA ថា ជនជាតិចិន ចំនួន ៣៨នាក់ ក្នុងនោះមានស្រី៣នាក់ផងដែរ ត្រូវបានឃាត់ខ្លួនដោយនាយកដ្ឋានផ្ទៃក្នុងនៃក្រសួងមហាផៃ្ទ ក្នុងការបង្ក្រាបទ្រង់ទ្រាយធំមួយ កាលពីដើមខែមីនា នៅកាស៊ីណូមួយកន្លែង នាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនទាំងនោះត្រូវបានអាជ្ញាធរនៃប្រទេសចិនមកទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយផ្ទាល់កាលពីថ្ងៃសៅរ៍កន្លងទៅ ។
ជនល្មើសដែលមានដើមកំណើតចិនជាច្រើនដែលពាក់ព័ន្ធ នឹងបទល្មើសលើប្រព័ន្ធអ៊ីនធឺណិតនេះ ត្រូវបានអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅប្រទេសកំណើតវិញជាបន្តបន្ទាប់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ៕