នៅពេលដែលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងហ្សាការតានឹងចាប់ផ្តើមពិភាក្សាបញ្ហាជម្លោះព្រំដែនរវាងប្រទេសថៃនិងប្រទេសកម្ពុជានៅថ្ងៃអង្គារស្អែកនេះប្រទេសទាំងពីរនេះបានយល់ព្រមឱ្យមានការបញ្ជូនក្រុមអ្នកសង្កេតការណ៍ពីប្រទេសឥណ្ឌូនេស៊ីមកកាន់តំបន់ជម្លោះនៅក្បែរប្រាសាទ ព្រះវិហារហើយមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់គ្នានៅតាមតំបន់ព្រំដែន។
នៅថ្ងៃច័ន្ទនេះ លោករដ្ឋមន្ត្រីការបរទេសហោ ណាំហុង បានសម្តែងនូវសេចក្តីជឿទុកចិត្តអំពីដំណើរការនៃសំណើបទឈប់បាញ់ជាអចិន្រ្តៃយ៍ដែលបានស្នើឡើងដោយប្រទេសកម្ពុជាខណៈដែលប្រទេសថៃសើ្នសុំប្រទេសឥណ្ឌូនេស៊ីឱ្យបញ្ជូនក្រុមអ្នកសង្កេតការណ៍ទៅកាន់តំបន់ជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ។
កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) របស់ថៃបានរាយការណ៍នៅថ្ងៃច័ន្ទនេះថាលោករដ្ឋមន្ត្រីការបរទេស កាសិត ភីរម្យ បានថ្លែងថាប្រទេសថៃនឹងស្នើសុំប្រទេសឥណ្ឌូនេស៊ីជាប្រធានអាស៊ានឱ្យបញ្ជូនតំណាងរបស់ខ្លួនមកសង្កេតមើលនូវប្រតិបត្តិការនានារបស់កងទ័ពថៃនៅតំបន់ជម្លោះហើយអ្នកសង្កេតការណ៍ទាំងនោះ នឹងស្នាក់នៅជាមួយកងទ័ពថៃនៅលើទឹកដីថៃ។ ដូច្នេះអ្នកសង្កេតការណ៍ទាំងនេះ អាចមើលឃើញដោយផ្ទាល់ភ្នែកថាប្រទេសថៃមិនមែនជាអ្នកបង្កអំពើហិង្សាណាមួយទេ។
លោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមុនពេលចេញដំណើរទៅកាន់ទីក្រុងហ្សាការតាថាប្រទេសថៃបានយល់ព្រមតាមសំណើដើមរបស់ប្រទេសកម្ពុជាសុំឱ្យមានអ្នកសង្កេតការណ៍ត្រួតពិនិត្យមើលបទឈប់បាញ់និងសង្កេតមើលអ្នកណាឈ្លានពានអ្នកណា។
លោកហោ ណាំហុង បានបញ្ជាក់ថាឥឡូវនេះការយល់ព្រមរបស់ប្រទេសថៃចំពោះសំណើសុំអ្នកសង្កេតការណ៍នេះជាការណ៍ល្អបំផុត។
«កាលពីល្ងាចម្សិលម៉ិញនេះ លោករដ្ឋមន្ត្រីការបរទេសថៃកាសិត ភីរម្យបានប្រកាសថាប្រទេសថៃសុំអ្នកសង្កេតការណ៍ពីប្រទេសឥណ្ឌូនេស៊ី។ នេះជាលទ្ធផលនៃការប្តឹងរបស់យើងទៅក្រុមប្រឹក្សាសន្តិសុខ។ ឥឡូវនេះ ប្រទេសថៃយល់ព្រមបញ្ហានេះ (ស្នើសុំប្រទេសឥណ្ឌូនេស៊ីឱ្យបញ្ជូនក្រុមអ្នកសង្កេតការណ៍មកកាន់តំបន់ជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហារ) ជាការណ៍សំខាន់មួយសម្រាប់ការប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងហ្សាការតា»។
លោកឧត្តមសេនីយ៍ទោហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោកនិងជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដឹកនាំគណៈប្រតិភូយោធាកម្ពុជាទៅជួបជាមួយមន្ត្រីយោធាថៃកាលពីថ្ងៃសៅរ៍ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ដើម្បីទប់ស្កាត់ការប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសទាំងពីរនៅតាមព្រំដែន។
លោករដ្ឋមន្ត្រីការបរទេសហោ ណាំហុង បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តមហ៊ុន ម៉ាណែតបានដឹកនាំការប្រជុំក្រៅផ្លូវការជាមួយមន្ត្រីយោធាថៃដែលបានឯកភាពគ្នាពង្រឹងការឈប់បាញ់កុំឱ្យមានការចល័តកងទ័ព រថក្រោះ និងកាំភ្លើងធំនៅតាមព្រំដែន ដើម្បីរក្សាស្ថេរភាពនិងបទឈប់បាញ់នៅតាមព្រំដែន»។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា គណៈប្រតិភូយោធាថៃដឹកនាំដោយលោក ដាវពង្ស រតនាសុវណ្ណ (Daopong Rattanasuwan) នាយសេនាធិការកងទ័ពជើងគោកថៃកាលពីថ្ងៃសៅរ៍បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាជាមួយគណៈប្រតិភូយោធាកម្ពុជាដឹកនាំដោយលោកហ៊ុន ម៉ាណែត មេបញ្ជាការរងនៃ កងទ័ពជើងគោកកម្ពុជា។
រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងជួបប្រជុំគ្នានៅក្នុងទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃអង្គារដើម្បីស្វែងរកដំណោះស្រាយឱ្យមានបទឈប់បាញ់អចិន្ត្រៃយ៍នៅតំបន់ជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ៕