គណបក្សសម រង្ស៊ីនិងគណបក្សសិទ្ធិមនុស្សនិយាយរួមគ្នាថា សម្លេងឆ្នោតដែល កើតចេញពីការបោះឆ្នោតឃុំសង្កាត់អាចធ្វើឲ្យមានគ្រឹះប្រជាធិបតេយ្យនៅ មូលដ្ឋាន និងជោគជ័យសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣។
លទ្ធផលបឋមនៃការបោះឆ្នោតឃុំសង្កាត់បានបង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់កាប់អំណាចជាង៣០ឆ្នាំ មកហើយនោះ បានឈ្នះក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាន គឺឈ្នះដាច់ឆ្ងាយពីគណបក្សនយោបាយ៩ផ្សេងទៀត។ តែគណបក្ស សម រង្សី និងគណបក្សសិទ្ធិមនុស្សដែលឈ្នះសំឡេងឆ្នោតលំដាប់ទី២ និងទី៣ បានសំឡឹងមើលឃើញថា ការបោះឆ្នោតនេះនាំឲ្យមានការកែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលថ្នាក់មូលដ្ឋាន និងជ័យជំនះរបស់គេក្នុងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៣ខាងមុខ។
លោក សម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ីបានអះអាងប្រាប់វីអូអេតាមទូរស័ព្ទពី ប្រទេសបារាំងមកថា ការផ្លាស់ប្តូររចនាសម្ព័ន្ធថ្នាក់ភូមិ ឃុំ ដែលគណបក្សសម រង្ស៊ីឈ្នះភាគច្រើន ដោយមានការចូលរួមពីគណបក្សសិទ្ធិមនុស្សនិងគណបក្ស ដ៏ទៃនោះ គឺអាចជាគ្រឹះនៃប្រជាធិបតេយ្យ ជួយដោះស្រាយបញ្ហាដីធី្ល និងរឿងរ៉ាវនៅមូលដ្ឋានជូនប្រជាពលរដ្ឋ និងបំបាត់អំពើពុករលួយ។
«ដូច្នេះសម្លេងភាគច្រើនដែលដឹកនាំដោយគណបក្សសម រង្ស៊ីនឹងជំរុញឲ្យ មានការផ្លាស់ប្តូរ ទោះជាគណបក្សប្រជាជនកម្ពុជាជំទាស់ក៏ដោយ តែយើងនឹងនាំមកនូវការផ្លាស់ប្តូរឲ្យទាល់តែបាន។ ហើយការផ្លាស់ប្តូរនៅភូមិ នៅឃុំ នៅមូលដ្ឋាននៅឆ្នាំ២០១២នឹងនាំមកនូវការផ្លាស់ប្តូរធំ ការផ្លាស់ប្តូរផ្តាច់ព្រាត់ នៅ[ការបោះឆ្នោត]ថ្នាក់ជាតិនៅឆ្នាំ២០១៣តែម្តង»។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សអះអាងថា ការផ្លាស់ប្តូរមេភូមិអាចធ្វើបានបើគណក្សទាំងពីរអាចធ្វើការជាមួយគ្នាដើម្បីកែប្រែអ្វីដែលលោកកឹម សុខាហៅថា ចរិកកុម្មុយនីស្តរបស់គណបក្សកាន់អំណាច។
«គ្រឹះធំ គ្រឹះពួកកុម្មុយនីស្ត ពួកផ្តាច់ការនេះគឺគ្រឹះនៅមូលដ្ឋានគឺភូមិហ្នឹងហើយ។ ដូច្នេះជំហ៊ាននេះយើងអាចផ្លាស់ប្តូរមេភូមិបានច្រើន បើសិនជាយើងធ្វើការ ជាមួយគ្នា សម រង្ស៊ី និងសិទ្ធិមនុស្ស»។
លោកថ្លែងថា ក្រៅពីការលើកទឹកចិត្តដល់ពលរដ្ឋ ការរួមគ្នានឹងមានឥទ្ធិពល សម្រាប់ការបោះឆ្នោតជាតិពេលខាងមុខទៀត ដែលអាចប្រកួតប្រជែងយក ជ័យជំនះពីគណបក្សប្រជាជនកម្ពុជាបាន ដោយសារសម្លេងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបូកគ្នាទៅអាចប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាបាន។ លោកកឹម សុខាបានលើកយកសម្លេងឆ្នោតនៅខេត្តកំពង់ចាមដែល គណបក្សប្រជាជនទទួលបានជាង៣០ម៉ឺន តែគណបក្សសម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បូកគ្នាមានជិត៣០ម៉ឺន។ នេះមិនទាន់គិតដល់ពេលរួមគ្នាផង។
«អញ្ចឹងហើយអាហ្នឹងជាការបង្ហាញថា ការរួមខាងក្រោម ធ្វើការជាមួយគ្នាទៅ វាមានឥទ្ធិពលដល់ការរួមគ្នាថ្នាក់លើ២០១៣នេះ»។
លទ្ធផលបណ្តោះអាសន្ន ជាបឋមៗចេញពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈជាមេឃុំសង្កាត់ជាង១៥០០ ក្នុងចំណោមឃុំ សង្កាត់១៦៣៣។ ដោយឡែកគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សទទួលបានអាសនៈ ជាប្រធានឃុំ សង្កាត់តិចតួច តែបានទទួលអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជិតពាក់កណ្តាលបើប្រៀបធៀបនឹងគណបក្សប្រជាជនកម្ពុជា។ គណបក្សហ្វ៊ុនស៊ីនប៉ិច និងគណក្សនរោត្តម រណឫទ្ធិទទួលបានអាសានៈ លំដាប់លេខ៣ និងលេខ៤។
លោក ជៀម យាប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សប្រជាជនកម្ពុជារបស់លោកមិនបារម្ភពីកម្រោងការផ្លាស់ប្តូរមេភូមិ និងការប្រកួតប្រជែងយកជ័យជំនះលើគណបក្សលោកទេនៅឆ្នាំ២០១៣។
«ជាធម្មតាទេ ការអនុវត្តនឹងការពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស។ រឿងនេះគឺស៊ីសងទៅលើម្ចាស់ឆ្នោត ដែលគេមានសុឆន្ទៈឬក៏គេអាចនឹងបោះឆ្នោតឲ្យគឺថា កាលណាទទួលបានលទ្ធផលច្រើន នេះជាអ្នកដែលត្រូវឈ្នះ»។
ទោះជាយ៉ាងណាក៏ដោយ លោកជៀម យាបបានប្រតិកម្មទៅនឹងការចង់ប្តូរ ផ្លាស់រដ្ឋបាលមូលដ្ឋាន ដោយអះអាងថា សូម្បីតែគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតលើសលុបកន្លងមក តែមិនអាចចេះតែដូរប្រធានភូមិជាង១៣៨៥០ភូមិនោះទេ។ រឿងនេះគឺជាការសម្រេចរបស់ក្រសួងមហាផ្ទៃ។
«សូមជម្រាបផងថា មិនអាចធ្វើភ្លៀងធ្វើផ្គរតាមទំនើងចិត្តបានទេ ព្រោះកន្លងទៅគណបក្សប្រជាជនកម្ពុជាជាគណបក្សកាន់អំណាចកន្លងមកក៏យើងមិនអាចធ្វើពាសវាលពាសកាល ដកគេ ដកឯងទេ។ ទាល់តែមាន ទឡ្ហីករណ៍ច្បាស់លាស់»។
ក៏ប៉ុន្តែលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន ទាក់ទងនឹងការវាយប្រហារគណបក្សគ្រប់គ្រងប្រទេស ពីរឿងព្រំដែន បានអះអាងពីការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដែលពោរពេញទៅដោយភាពមិនប្រក្រតី ហើយលោកបានលើកឡើងថា ការផ្លាស់ប្តូរមេភូមិ មេក្រុមគឺនឹងជួយទប់ស្កាត់ការលួចបន្លំសន្លឹកឆ្នោត។
«ការបោះឆ្នោតនេះដែលមានការលួចបន្លំច្រើនក្នុងទ្រង់ទ្រាយធំ ដែលមិនដែល មានពីពេលមុន ទើបតែមានពេលនេះ ដោយសារគណបក្សប្រជាជនគេប្រើមេភូមិ គេពេញទំហឹងដើម្បីតាមដាន ដើម្បីកៀបសង្កត់ ដើម្បីរាយការណ៍ ផ្តល់តួលេខក្លែងក្លាយឲ្យគជប ដើម្បីលុបឈ្មោះអ្នកប្រជាធិបតេយ្យ ដើម្បីដាក់រក្សាឈ្មោះខ្មោច គេយកឈ្មោះខ្មោចយកទៅបំពាក់ឲ្យយួនទៅបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា ឲ្យក្មេងមិនគ្រប់អាយុ ឲ្យបោះឆ្នោតឲ្យគណបក្សប្រជាជន គឺព័ត៌មានទាំងអស់ហ្នឹងគឺមេភូមិ»។
លោកជៀម យាប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបដិសេធការ ចោទប្រកាន់របស់លោកសម រង្ស៊ី ដោយលោកអះអាងថា នេះជាភាសារបស់គណបក្សអស់សង្ឃឹម និងចាញ់ឆ្នោត ដែលលោកធ្លាប់ឮជាង១០ឆ្នាំហើយ។ លោកថ្លែងថា គណបក្សប្រជាជនកម្ពុជារបស់លោកមានសមាជិកជាង៦០ភាគរយទៅបោះឆ្នោតកាលពីថ្ងៃ៣មិថុនា។ ប្រទេសកម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតជាតិនៅខែកក្កដាឆ្នាំ២០១៣ខាងមុខនេះ៕