ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបាក់​ទំនប់​វារី​អគ្គិសនី​កំពុង​ត្រូវ​ស៊ើប​អង្កេត​


ទំនប់​វារី​អគ្គិសនី​ស្ទឹង​អាតៃ​ក្នុង​ខេត្ត​ពោធិ៍សាត់​
ទំនប់​វារី​អគ្គិសនី​ស្ទឹង​អាតៃ​ក្នុង​ខេត្ត​ពោធិ៍សាត់​
ភ្នំពេញ​៖ មន្ត្រី​ជាន់ខ្ពស់​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ថា ​ក្រុម​អ្នក​បច្ចេក​ទេស​ចិន​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការបាក់​ធ្លាយ​បំពង់​បង្ហូរ​ទឹក​នៃ​ទំនប់​វារី​អគ្គិសនី​ស្ទឹង​អាតៃ​ក្នុង​ខេត្ត​ពោធិ៍សាត់​ ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធផល​ជា​ផ្លូវការ​នៅ​ឡើយ។​

កាលពី​រសៀល​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ បំពង់​នាំ​ទឹក​ទៅ​កាន់​ឌីណាម៉ូ​ផលិត​អគ្គិសនី​នៃ​ទំនប់​មួយ​ក្នុង​ចំណោម​ទំនប់​វារី​អគ្គិសនី​ចំនួន​ពីរ​លើ​ស្ទឹង​អាតៃ​ក្នុង​ស្រុក​វា​លវែង​របស់​ក្រុមហ៊ុន​ចិន ​China Datang Corporation ​បាន​ផ្ទុះ​ធ្លាយ​ទឹក​ ហើយ​បាន​ធ្វើឲ្យ​បាត់​ខ្លួន​កម្មករ​ចំនួន​បួន​នាក់​និង​កម្មករ​បួន​នាក់​ផ្សេង​ទៀត​រងរបួស។ ​កម្មករ​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ថា​ នៅ​រស់រាន​មាន​ជីវិត​និង​កម្មករ​បី​នាក់​នៅ​បាត់​ខ្លួន​នៅឡើយ ​រយៈពេល​ប្រាំ​មួយថ្ងៃ​មក​ហើយ​នេះ។​

លោក​យ៉ាង ធាន យា​ (Yang Tina Yue) ​អ្នក​នាំពាក្យ​ស្ថានទូត​ចិន​មាន​ប្រសាសន៍​តាម​ទូរ​ស័ព្ទ​ថា​ក្រុម​អ្នកបច្ចេកទេស​ចិន​បាន​ចុះ​ត្រួតពិនិត្យ​កន្លែង​កើត​ហេតុ​ ហើយ​ប៉ុន្តែ​លោក​មិន​មាន​ព័ត៌មាន​លម្អិត​នោះ​ទេ។​

«តាម​តែ​ខ្ញុំ​ដឹង​ការស៊ើប​អង្កេត​កំពុង​ដំណើរការ»។​

លោក​យ៉ាង​បញ្ជាក់​បន្ថែម​ថា​ ក្រុម​អ្នក​ស៊ើប​អង្កេត​មិន​ទាន់​ធ្វើ​សេចក្តី​សន្និដ្ឋាន​អំពី​គ្រោះថ្នាក់​នេះ​នៅ​ឡើយ​ទេ។​

ក្រុម​មន្ដ្រី​អាជ្ញាធរ​ស្រុក​វាល​វែង​នៃ​ខេត្ត​ពោធិ៍សាត់​ ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ China Datang Corporation ​កំពុង​ចរចា​ជាមួយ​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​បីនាក់​ដែល​កំពុង​បាត់​ខ្លួន​ដើម្បី​ផ្តល់​ប្រាក់​សំណង​ចំនួន​ជាង​៣០០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រួសារ។ ​ប៉ុន្តែ​មិន​ទាន់​មាន​ការប្រគល់​និង​ព្រមព្រាង​ជា​ផ្លូវការ​នៅឡើយ​ទេ។

នៅ​មិនទាន់​មាន​ការ​អះអាង​ជា​ផ្លូវការ​ថា​ កម្មករ​ដែល​បាត់​ខ្លួន​នោះ​អាច​នៅ​មាន​ជីវិត​ឬ​ក៏​អាច​ស្លាប់​ទៅ​ហើយ​ឬ​យ៉ាងណា​ទេ។​

លោក​ធាង ឡេង ​អធិការ​នគរបាល​ស្រុក​វាល​វែង ​អះអាង​ថា ​កម្លាំង​នគរបាល​ចំនួន​ប្រាំមួយ​នាក់​និង​កង​រាជ​អាវុធហត្ថ​ចំនួន​បី​នាក់​នៅ​បន្ត​ស្វែងរក​ជន​បាត់​ខ្លួន​ក្នុង​រង្វង់​ដប់​គីឡូម៉ែត្រ​ រវាង​ទំនប់​វារី​អគ្គិសនី​ស្ទឹង​អាតៃ​ទី​មួយ​និង​ទី​ពីរ។​

«ដាក់ឲ្យ​នៅ​ប្រចាំ​ការ​ហ្នឹង​រហូត»។​

វីអូអេបាន​ព្យាយាម​ស្វែងរក​ទំនាក់ទង​ជាមួយ​ក្រុមហ៊ុន​ China Datang Corporation ​នៅ​កម្ពុជា​ តែមិន​អាច​រក​ទំនាក់​ទំនង​បាន​ទេ។​ ដោយឡែកវីអូអេព្យាយាម​ទាក់ទងទីចាត់ការ​ធំ​របស់​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ប៉េកាំង​ ប្រទេស​ចិន​ តែ​មិន​អាច​ទាក់ទង​បាន​ទេ​ដោយ​សារ​អ្នក​ទទួល​ទូរ​ស័ព្ទ​មិន​អាច​សន្ទនា​ក្រៅពី​ភាសា​ចិន​បាន។​

រីឯ​លោក​ទន់ លាន ​អគ្គនាយក​នៃ​នាយកដ្ឋាន​ឧស្សាហ​កម្ម រ៉ែ​ និង​ថាមពល​នៃ​ក្រសួង​ឧស្សាហកម្ម​ បាន​មានប្រសាសន៍ថា​ លោក​កំពុង​ជាប់រវល់​ប្រជុំ។​

បើ​ផ្អែក​តាម​លោក​ខូយ សុខា ​អភិបាលខេត្ត​ពោធិ៍សាត់​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​វារី​អគ្គិសនី​នៃ​ប្រទេស​ចិន​នេះ​ទំនង​ជា​ចាប់ផ្តើម​ជួសជុល​ការខូចខាត​ទំនប់​វារី​អគ្គិសនី​ដែល​មាន​បញ្ហា​នោះ​ហើយ។​

«តាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួល​បាន​ ក្រុមហ៊ុន​ចាប់ផ្តើម​រៀបចំ​ជួសជុល​ឡើង​វិញ​នូវ​បំពង់​បង្ហូរទឹក​ដែល​ចេញពី​អាង​ស្តុក​ទឹក​ដែល​បាន​បែក​នោះ»។​
ក្រុមហ៊ុន​China Datang Corporation​ វិនិយោគ​លើ​ទំនប់​វារី​អគ្គិសនី​ស្ទឹង​អាតៃ​នេះ​នូវ​ទឹកប្រាក់​ចំនួន​២៥៥​លាន​ដុល្លារ​អាមេរិក។​ ទំនប់​វារី​អគ្គិសនី​នេះ​មាន​កម្លាំង​ថាមពល​១២០​ម៉េហ្គាវ៉ាត់​ ហើយ​គ្រោង​នឹង​ដំណើរ​ការ​ផលិត​អគ្គិសនី​ជំហាន​ដំបូង​នៅ​ចុង​ឆ្នាំ​ក្រោយ៕​
XS
SM
MD
LG