ប្រជាពលរដ្ឋមួយក្រុមនៅខេត្តស្ទឹងត្រែងបានចោទប្រកាន់ថាមន្ត្រីគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ខិតបង្ខំប្រជាពលរដ្ឋដែលមិនមែនជាសមាជិករបស់ខ្លួនឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ខណៈពេលដែលគណបក្សនយោបាយចំនួន១០ កំពុងធ្វើយុទ្ធាការឃោសនារកសំឡេងឆ្នោតសម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលគ្រោងនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនាខាងមុខនេះ។
ប្រជាពលរដ្ឋមួយរូបនៅខេត្តស្ទឹងត្រែងបានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទដោយស្នើសុំមិនបញ្ចេញឈ្មោះថា នៅក្នុងខណៈពេលដែលមន្ត្រីគណបក្សប្រជាជនកម្ពុជាធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅព្រឹកថ្ងៃពុធនេះ នៅក្នុងបរិវេណវត្តកែងញ៉ែ ដែលមានទីតាំងនៅក្នុងភូមិកែងញ៉ែ មានប្រធានភូមិ និងប្រធានឃុំបានកោះអញ្ជើញប្រជាពលរដ្ឋដែលមិនមែនជាសមាជិករបស់ខ្លួនឲ្យចូលរួមការឃោសនារបស់គណបក្សប្រជាជនកម្ពុជា។
ប្រជាពលរដ្ឋរូបនោះបានបញ្ជាក់ថា បន្ទាប់ពីបានចែកអាវយឺត និងមួកដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជារួចមក មន្ត្រីគណបក្សប្រជាជនកម្ពុជាបានបង្រៀនប្រជាពលរដ្ឋឲ្យគូសសន្លឹកឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានបង្ខិតបង្ខំថា នៅថ្ងៃបោះឆ្នោតគណបក្សប្រជាជនកម្ពុជានឹងបានដឹងទាំងអស់ថា មានប្រជាពលរដ្ឋណាដែលបានបោះ និងមិនបានបោះជូនគណបក្សប្រជាជនកម្ពុជានោះ។
«ពេលបានមួកហើយ ត្រូវតែបោះឆ្នោតជូនគណបក្សគាត់ ត្រូវតែបោះឆ្នោតជូនគណបក្សប្រជាជន។ ចំណែកប្រជាជនគាត់មិនបានដឹងអី គិតតែពីអង្គុយស្តាប់រហូត ដឹងពី បាទៗ»។
លោកស៊ី សួន អភិបាលស្រុកសៀមប៉ាង បានទទួលស្គាល់ថា លោកបានបង្រៀនពីរបៀបបោះឆ្នោតជូនគណបក្សប្រជាជនពិតមែន។ ក៏ប៉ុន្តែការបង្រៀននេះធ្វើឡើងគឺសម្រាប់តែសមាជិកគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ លោកបាននិយាយថាការបង្រៀននេះមិនមែនជាទង្វើផ្ទុយទៅនឹងច្បាប់បោះឆ្នោតទេ។
«ខ្ញុំដឹងថា សុទ្ធតែប្រជាជននោះ ក៏ប៉ុន្តែអ្នកដែលចូលរួមសុទ្ធតែសមាជិករបស់គណបក្សប្រជាជន ព្រោះអីនេះជាសិទ្ធិថ្ងៃគេប្រារព្ធការឃោសនា»។
លោកពុយ ចន្ថាឡាក់ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បាននិយាយថា លោកមិនទាន់បានទទួលព័ត៌មាននេះនៅឡើយ។ លោកបានមានប្រសាសន៍ថាប្រសិនណាបើមានមន្ត្រីគណបក្សណាមួយបានបង្ខិតបង្ខំប្រជាជន ដែលមិនមែនជាសមាជិករបស់ខ្លួននោះ ឲ្យបោះឆ្នោតគាំទ្រគណបក្សរបស់ខ្លួនគឺជាទង្វើផ្ទុយទៅនឹងច្បាប់។
«បើសិនជាប្រជាជនរួមវាឥតត្រូវទេ បើសិនជាគណបក្សដែលគាំទ្រគាត់គឺឥតខុសទេ។ ធ្វើយ៉ាងម៉េចចាំមើលខ្ញុំស្រាវជ្រាវសិន»។
កម្ពុជាបានចាប់ផ្តើមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៨ កន្លងទៅនេះ។ រហូតមកដល់ពេលនេះដំណើរការឃោសនារបស់គណបក្សនយោបាយទាំង១០ បានឈានទៅដល់ថ្ងៃទី៦ហើយ។
លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថាប្រាំមួយថ្ងៃកន្លងទៅនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលពាក្យបណ្តឹងចំនួន១៨ នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ លោកបានបញ្ជាក់ថា បណ្តឹងទាំងនោះរួមមានបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាចំនួន បីបណ្តឹង គណបក្សសម រង្ស៊ី ចំនួន១៤បណ្តឹង និងរបស់អាជ្ញាធរមួយបណ្តឹង។ នៅក្នុងចំណោមបណ្តឹងទាំងនោះមានបណ្តឹងជាងពាក់កណ្តាល ត្រូវបានផ្សះផ្សាដោយក្រុមប្រឹក្សាឃុំសង្កាត់។
«គណបក្សសម រង្ស៊ី ចំនួន១៤បណ្តឹងដែលប្តឹង គឺថាបានផ្សះផ្សាគ្នាចំនួនប្រាំមួយបណ្តឹងហើយ កំពុងដោះស្រាយប្រាំមួយបណ្តឹង ហើយមួយបណ្តឹងការផ្សះផ្សាមិនបានត្រូវគ្នាទេ ហើយមួយបណ្តឹងទៀតត្រូវបដិសេធ»។
លោកយឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រឆាំងបាននិយាយថា គជប មិនបានដោះស្រាយពាក្យបណ្តឹងរបស់គណបក្សសម រង្ស៊ី ទេ។ លោកបានមានប្រសាសន៍ថា គណបក្សសម រង្ស៊ី បានទទួលរងការរំខានជាច្រើនពីមន្ត្រីគណបក្សគ្រប់គ្រងអំណាច និងមានការហែកខិតបណ្ណរបស់គណបក្សជាដើម។
«ខ្សែអាត់របស់គណបក្សសម រង្ស៊ី គឺមិនឲ្យមានការចាក់ផ្សាយដូចជាចង់ឲ្យមានការយល់ព្រមពី គជប ជាដើម។ ក៏ប៉ុន្តែបញ្ហាទាំងអស់នេះគឺសមាជិកគណបក្សសម រង្ស៊ី បានជម្នះនឹងធ្វើជាបន្តបន្ទាប់ទៀត»។
លោកជាម យៀប សមាជិកគណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តបានមានប្រសាសន៍ថា មន្ត្រីគណបក្សប្រជាជនកម្ពុជាបានទទួលការណែនាំពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន រួចហើយថាមិនរំខានដល់មន្ត្រីគណបក្សនយោបាយណាមួយទេ៕