អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនលោក ឆិន ឆាងជឺ (Chen Changzhi) លើកឡើងថា កម្ពុជា និងចិនមានការជឿទុកចិត្តគ្នាលើផ្នែកនយោបាយ និងគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ហើយប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ។
ការលើកឡើងនេះធ្វើឡើងនៅក្នុងជំនួបរវាងលោក លោក ឆិន ឆាងជឺ (Chen Changzhi) ជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជានាព្រឹកថ្ងៃសុក្រនេះ។
ក្រោយជំនួបរវាងថ្នាក់ដឹកនាំសភានៃប្រទេសទាំងពីរ លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រ និងជានាយកខុទ្ទកាល័យលោក ហេង សំរិន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក ឆិន ឆាងជឺ បានសម្ដែងការរីករាយចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជា។
លោកបន្តថា លោក ឆិន ឆាងជឺ បានលើកឡើងថា មិត្តភាពកម្ពុជាចិនស្ថិតនៅក្នុង «ស្ថានភាពល្អបំផុតដែលពុំធ្លាប់មានពីមុនមក» ហើយប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិប្រទេសទាំងពីរ។
«លោកបញ្ជាក់ថា ប្រទេសទាំងពីរ កម្ពុជាចិន ផ្អែកលើនយោបាយគឺមានការជឿទុកចិត្តគ្នាទៅវិញទៅមក និងមានការគាំទ្រគ្នាលើឆាកអន្តរជាតិ»។
លោក ឆិន ឆាងជឺ ក៏បានលើកឡើងផងដែរថា ប្រទេសចិននឹងបន្តជំរុញការអភិវឌ្ឍនៅកម្ពុជាតាមរយៈការផ្ដល់ជាហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍក្នុងវិស័យផ្សេងៗនៅកម្ពុជា។ លើសពីនេះ លោកក៏បានបង្ហាញការប្ដេជ្ញាក្នុងការតភ្ជាប់គោលនយោបាយខ្សែក្រវាត់ផ្លូវមួយរបស់ចិន ជាមួយនឹងយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យមានភាពស៊ីគ្នា ធ្វើយ៉ាងណាជំរុញឱ្យមានការអភិវឌ្ឍនៅកម្ពុជា។
លោកអនុប្រធានសភាប្រជាជនចិនក៏បានប្ដេជ្ញាបន្តលើកទឹកចិត្តក្រុមហ៊ុនចិនដែលមានកេរ្តិ៍ឈ្មោះ ឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។
លោក កែវ ពិសិដ្ឋ ឱ្យដឹងដែរថា ជាការឆ្លើយតប លោក ហេង សំរិន បានលើកឡើងថា ការរីកចម្រើននៅកម្ពុជានាពេលបច្ចុប្បន្ន មិនអាចកាត់ផ្ដាច់បានពីការជួយជ្រោមជ្រែងពីប្រទេសចិននោះទេ។ លោកបន្ថែមថា កម្ពុជាបន្ត «ប្រកាន់ខ្ចប់ឥតងាករេគោលនយោបាយចិនតែមួយ» និងកោតសរសើរតួនាទីចិននៅក្នុងតំបន់ និងពិភពលោក។
«សម្ដេចប្រធានក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះភាពរីកចម្រើនរបស់មិត្តចិន ហើយនិងតួនាទីដ៏ចម្បងរបស់មិត្តចិននៅលើឆាកអន្តរជាតិ ដែលទាំងនេះគឺបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ ដល់បណ្ដាប្រទេសនៅក្នុងតំបន់ និងសកលលោកផងដែរ»។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមមានប្រសាសន៍ថា ចំណងមិត្តភាពរវាងកម្ពុជាចិនកាន់តែរឹងមាំ ដោយសារប្រទេសទាំងពីរត្រូវការពឹងផ្អែកគ្នាទៅវិញទៅមក។ លោកថា ចិនត្រូវការការគាំទ្ររបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ពិសេសពាក់ព័ន្ធជម្លោះសមុទ្រចិនខាងត្បូង ចំណែកកម្ពុជាត្រូវការជំនួយនិងប្រាក់កម្ចីពីចិនដែលពុំសូវមានលក្ខខណ្ឌតឹងរ៉ឹងពីបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។
លោក មាស នី បន្តថា ដោយសារកម្ពុជាត្រូវការពឹងផ្អែកលើជំនួយ និងប្រាក់កម្ចីពីចិន នោះកម្ពុជានឹងពិបាកក្នុងការគេចចេញពីការរងឥទ្ធិពលពីប្រទេសចិន។
«ដូចកាលដែលយើងសុខចិត្តចេញមុខការពារចិនកាលនៅក្នុង[ជម្លោះសមុទ្រចិនខាងត្បូង] ដែលសុខចិត្តដើរចេញពីមិត្តអាស៊ាននោះ យើងឃើញថាជាឥទ្ធិពលមួយហើយ ដែលយើងបានធ្វើដើម្បីឱ្យចិនសប្បាយចិត្ត សុខចិត្តឱ្យមិត្តអាស៊ានហ្នឹងមិនពេញចិត្តជាមួយយើងហ្នឹងណា»។
លោក មាស នី បន្តថា ភាគច្រើននៃការវិនិយោគទុនរបស់ចិនបានសំដៅចំសរសៃឈាមសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ដូចជាវិស័យរ៉ែ និងដីសប្បទាន ដែលជានិច្ចកាលបានធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅប្រជាពលរដ្ឋកម្ពុជា។ លោកថា ប្រសិនបើរដ្ឋាភិបាលមិនអាចទប់ស្កាត់ និងដោះស្រាយបញ្ហាដែលបង្កឡើងដោយវិនិយោគទុនចិននោះទេ នោះប្រជាពលរដ្ឋនឹងកាន់តែមានការខឹងសម្បារ និងបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល៕