នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាលោក ឆាំង យុ បានអះអាងនៅថ្ងៃច័ន្ទនេះថា វៀតណាមមិនមែនជាអ្នករៀបចំចងក្រងឯកសារខ្មែរក្រហមទេ។ ក៏ប៉ុន្ដែការប្រមូលនូវឯកសារផ្សេងៗ តម្រូវឲ្យមានការអនុញ្ញាតពីវៀតណាម ដែលមានអំណាចនៅកម្ពុជាក្រោយពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំ។
លោក ឆាំង យុ បានថ្លែងយ៉ាងដូច្នេះនៅពេលដែលលោកបញ្ចប់ការផ្ដល់សក្ខីកម្មទៅលើឯកសារ ដែលមជ្ឈមណ្ឌលបានផ្ដល់ឲ្យសាលាក្ដីខ្មែរក្រហម។
សហមេធាវីការពារក្ដីរបស់ នួន ជា គឺលោក សុន អរុណ និង លោក ចាស្ព័រ ប៉ៅ (Jasper Pauw) បានចោទសួរ លោក ឆាំង យុ ពីលទ្ធភាពថាតើវៀតណាមដែលបានចូលរួមផ្ដួលរំលំរបបពួកកុម្មុយនិស្ដខ្មែរក្រហមអាចមានលទ្ធភាពបង្កើត ឬក៏ចងក្រងឯកសារទាក់ទងទៅនឹងរបបខ្មែរក្រហមដែរឬទេ។
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លើកឡើងថា លោកបានដឹងថា មានជំនាញការវៀតណាមជួយសហការខ្លះនៅក្នុងការប្រមូលនៅឯកសារនានា ក៏ប៉ុន្ដែភាគច្រើនគឺជាបុគ្គលិកខ្មែរដែលជាអ្នកដើរប្រមូលឯកសារទាំងអស់នោះ។
«គឺខ្មែរយើងទេ ដែលជាអ្នកដើរប្រមូលឯកសារ គឺមិនមែនវៀតណាមទេ។ ប៉ុន្ដែដោយសារវៀតណាមកាន់កាប់កន្លែងមួយចំនួនគឺយើងត្រូវសុំការអនុញ្ញាតពីគេ»។
ក្រុមមេធាវីការពារជនជាប់ចោទ អៀង សារី ដែលជាអតីតរដ្ឋមន្ដ្រីការបរទេសខ្មែរក្រហម នួន ជា ដែលជាអតីតប្រធានសភាខ្មែរក្រហម ខៀវ សំផន ដែលជាអតីតប្រមុខរដ្ឋ បានចោទសួរលោកឆាំង យុ ចាប់តាំងពីថ្ងៃពុធ សប្ដាហ៍មុនស្តីពីយថាភាព ឬភាពជាក់ច្បាស់អាចជឿទុកចិត្តបាននៃឯកសារមួយចំនួននៅក្នុងចំណោមឯកសារចំនួនប្រមាណជា ៥ម៉ឺនឯកសារ ដែលមជ្ឈមណ្ឌលបានប្រគល់ជូនសាលាក្ដីខ្មែរក្រហម។ ឯកសារទាំងនោះត្រូវបានយកទៅប្រើជាឯកសារភស្ដុតាងក្នុងការកាត់ទោសជនជាប់ចោទទាំងបីនាក់នៅក្នុងសំណុំរឿង០០២នេះ។
លោក ឆាំង យុ បានរៀបរាប់ថា លោកបានប្រមូលឯកសារពីបញ្ញាជន ពីអ្នកស្រាវជ្រាវជាន់ខ្ពស់បរទេស ពីក្រសួងមហាផ្ទៃ ពីគុកទួលស្លែង និងពីបណ្ណាសារដ្ឋានជាតិជាដើម។ ឯកសារដែលលោកប្រមូលបានសរុបជិតមួយលានឯកសារ។ លោកបញ្ជាក់ក្នុងការផ្ដល់សក្ខីកម្មកាលពីសប្ដាហ៍មុនថា ឯកសារទាំងនោះគឺជាឯកសារពិតប្រាកដដែលអាចទុកចិត្តបាន។ លោក ឆាំង យុ រំលឹកថាវៀតណាមប្រាកដជាមិនមានពេលវេលា និងលទ្ធភាពប្រឌិតឯកសារទាំងនោះទេ។
«លោកអង្គុយសរសេរដប់ឆ្នាំ ១លានឯកសារ ខ្ញុំគិតថា ប្រទេសវៀតណាមគ្មានពេលទេ ហើយក៏សរសេរមិនចេញដែរ។ ជាពិសេសក្នុងភាសាមួយចំនួនគឺជាពាក្យដែលលំបាកសូម្បីតែខ្មែរយើងក្មេងៗកម្ពុជាជំនាន់ក្រោយក៏មិនយល់ផង»។
សហមេធាវីបរទេសរបស់នួន ជា បានចោទសួរសំណួរមួយចំនួនដែលមិនទាក់ទងទៅនឹងឯកសាររបស់មជ្ឈមណ្ឌលរបស់លោក ឆាំង យុ ជាពិសេសសំណួរដែលពាក់ព័ន្ធនឹងលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាស្តីពីសកម្មភាពរបស់គាត់នៅក្នុងសម័យខ្មែរក្រហម ក៏ប៉ុន្ដែត្រូវសហព្រះរាជអាជ្ញាបរទេសចាត់ទុកថា គឺជាសំណួរចាកប្រធាន ហើយបានស្នើឲ្យអង្គជំនុំជម្រះសាលាដំបូងទាត់ចោល។
លោក ឆាំង យុ នៅក្នុងការផ្ដល់សក្ខីកម្មនៅថ្ងៃនេះ ក៏បានបញ្ជាក់ផងដែរថា ឯកសារក្នុងសម័យខ្មែរក្រហមមួយចំនួនត្រូវបានបំផ្លាញចោលដោយពួកខ្មែរក្រហមខ្លួនឯង ត្រូវបំផ្លាញមុនការចូលមកជួយរៀបចំការបោះឆ្នោតជាលើកដំបូងរបស់អង្គការសហប្រជាជាតិនៅកម្ពុជា នៅដើមទសវត្សរ៍១៩៩០ ហើយការបំផ្លាញឯកសារទាំងនោះមួយចំនួនមានលក្ខណៈ «ចេតនានយោបាយ»៕