មណ្ឌលសុខភាពសហគមន៍ក្រុង Lowell (LCHC) កំពុងកសាងមណ្ឌលសុខភាពថ្មី ដែលមានបន្ទប់ពិនិត្យសុខភាពចំនួន៧៥ មានទំហំជិត៩៣០០ម៉ែត្រការ៉េ និងមានបន្ទប់សរុបជិត២០០បន្ទប់។
ការពង្រីកមណ្ឌលសុខភាព Metta ដែលជាផ្នែកមួយនៃ LCHCនេះសម្រេចបានតាមរយៈការប្រឹងប្រែងរបស់លោកពៅ សូនិត ប្រធានកម្មវិធីមណ្ឌលសុខភាពនេះ បុគ្គលិកដែលស្ម័គ្រចិត្តកាត់ប្រាក់ខែនិង ការប្រមូលបច្ច័យពីសប្បុរសជន។
«ក្នុងការរៃបច្ច័យហ្នឹងគឺមិនមែនរៃតែក្នុងសង្គមខ្មែរយើងទេ គឺរៃគ្រប់កន្លែងទាំងអស់ដើម្បីឲ្យបាន៥លានដុល្លារ ហើយបុគ្គលិកយើងក៏បានស្ម័គ្រចិត្តកាត់ប្រាក់ចូលរួមនេះដែរគឺជាង៩០%នៃបុគ្គលិកនៅទីនេះ»។
ការអភិវឌ្ឍន៍LCHC ថ្មីនេះត្រូវចំណាយថវិកាជិត៤៣លានដុល្លារ ហើយ LCHC ត្រូវរកថវិកា៥លានដុល្លារបន្ថែមពីលើថវិកាដែលរដ្ឋាភិបាលផ្តល់ឲ្យ។ រហូតដល់ពេលនេះ LCHCរកថវិកបានជិត៣លានដុល្លារហើយ។
អ្នកស្រី ប៊ុន សាវលក្ខណ៍បានទទួលសេវាសុខភាពនៅទីនេះដែរតាំងពីឆ្នាំ២០០៤ ពេលអ្នកស្រីមកពីប្រទេសកម្ពុជា។
អ្នកស្រីនិយាយថា៖
«អូ ចា៎ ខ្ញុំដឹងព័ត៌មាននេះដែរ តែដោយសារសេដ្ឋកិច្ចចុះអន់ថយអញ្ចឹងទៅ ការជួយហ្នឹងក៏តាមសទ្ធាដែលយើងមានទៅចា៎»។ គ្រូពេទ្យ Elie Catherine ធ្លាប់បានស្ម័គ្រចិត្តទៅព្យាបាលអ្នកជំងឺខ្មែរនៅមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប ដែលធ្វើឲ្យអ្នកស្រីមានមនោសញ្ចេតនាស្និទ្ធស្នាលជាមួយអ្នកជំងឺនិងទំនៀមទម្លាប់ខ្មែរ។
«តាមបទពិសោធន៍របស់ខ្ញុំនៅកម្ពុជា និងនៅ Lowell ខ្ញុំឃើញមានការខុសប្លែកគ្នាខ្លាំងណាស់។ ជនជាតិខ្មែរ និងជនជាតិអាស៊ីអាគ្នេយ៍ផ្សេងទៀតនៅក្រុង Lowell មានសំណាង មានការគាំពារសុខភាពល្អ។ពេលខ្ញុំនៅកម្ពុជា ខ្ញុំឃើញថា បើអត់លុយ អ្នកជំងឺមិនទទួលបានការព្យាបាលល្អប្រសើរទេ។ អ្នកជំងឺខ្លះស្លាប់ តែបើនៅអាមេរិកវិញ មិនស្លាប់ទេ»។
អ្នកស្រី លី សុធាមកទទួលសេវាសុខភាពនៅមណ្ឌលសុខភាពនេះតាំងពីពេលអ្នកស្រីមកពីប្រទេសកម្ពុជាក្នុងឆ្នាំ២០០១។
«ចា៎ ក្នុងករណីខ្ញុំមកដល់ដំបូង ខ្ញុំបាន MassHealth ជួយទាំងអស់ តាំងពីធ្វើធ្មេញ ជំងឺសព្វបែបយ៉ាងហ្នឹងគឺគេជួយទាំងអស់ យើងអត់មានចេញលុយទេ។ បានជាខ្ញុំចង់បានពេទ្យ Metta នេះ ព្រោះមានអ្នកបកប្រែខ្មែរ ហើយម៉្យាងទៀតកន្លែងហ្នឹងដូចថា ល្បីជាងគេសម្រាប់ខ្មែរយើង»។
អនាគតមណ្ឌលសុខភាពសហគមន៍នេះគឺជាអតីតរោងចក្រតម្បាញ ដែលសាងសង់កាលពីជាងមួសសតវត្សរ៍មុន។ កម្មករសំណង់ធ្វើការញាប់ដៃ ព្រោះមណ្ឌលសុខភាពថ្មីនេះគ្រោងសម្ពោធន៍មុខដំណាច់ឆ្នាំនេះ។
ដោយសារខ្វះបច្ច័យសម្រាប់កសាង បុគ្គលិកមណ្ឌលសុខភាពបានធ្វើបុណ្យផ្កាប្រាក់ប្រមូលបច្ច័យនៅវត្តពន្លឺពុទ្ធចក្កនេះ និងនៅកន្លែងផ្សេងទៀត។
កម្មវិធីបុណ្យផ្កាប្រាក់នេះសម្របសម្រួលដោយលោក ពៅ សូនិត ហើយមានការចូលរួមរបស់បុគ្គលិក និងអតិថិជនរបស់គេ ជាពិសេសនោះគឺអ្នកស្រី Dorcas C. Grigg-Saito នាយកប្រតិបត្តិLCHC។ អ្នកស្រីមានប្រសាសន៍ថា ថវិកាបនែ្ថម៥លានដុល្លារនេះនឹងប្រមូលបានគ្រប់ចំនួនមុនដំណាច់ឆ្នាំនេះ ព្រោះនៅខ្វះតែ ២លានដុល្លារទៀតប៉ុណ្ណោះ។
ថវិកាជាង៤៣លានដុល្លារនេះបានពីរដ្ឋាភិបាលសហព័ន្ធ រដ្ឋ MA បុគ្គលិកឧបត្ថម្ភនិងសម្បុរសជនសំខាន់ៗជាង៩០០នាក់។
អ្នកស្រី Dorcas C. Grigg-Saito មានប្រសាសន៍ថា៖
«ដោយសារក្រុង Lowellមានអ្នកក្រច្រើន និងអត្រាអត់ការធ្វើខ្ពស់ ដូច្នេះយើងអាចទទួលបានថវិកាពីរដ្ឋាភិបាលសហព័ន្ធ»។
លោកស្រីបន្ថែមថា ក្រោយពីសាងសង់ហើយ LCHC នឹងពង្រីកប្រតិបត្តិការពីការផ្តល់សេវាសុខភាពបឋមដល់ការព្យាបាលបន្ទាន់។
«ប្រជាជនសុំសេវារបស់យើង ត្រូវការសេវារបស់យើង តែយើងមិនមានកន្លែងគ្រប់គ្រាន់ដើម្បីបម្រើសេចក្តីត្រូវការ។ បច្ចុប្បន្ននេះ យើងផ្តល់សេវាដល់ប្រជាជន១ភាគ៣ ប្រជាជនក្រុង Lowell។ នៅអគារថ្មី យើងនឹងអាចបម្រើអតិថិជនក្រុង Lowell ចំនួនពាក់កណ្តាល»។
សប្បុរជននៅទីនេះភាគច្រើនជាអតិថិជនមណ្ឌលសុខLCHC។ «ពេលធ្វើទុក្ខបានទៅ ពេលអត់ធ្វើទុក្ខអត់ទៅដែរ។ ឥឡូវគាត់ថា ឲ្យ៦ខែទៅម្តង»។
អ្នកស្រីឈៀង ណាតជាសប្បុរសជនក្នុងកម្មវិធីប្រមូលបច្ច័យ និងជាអតិថិជនមណ្ឌលសុខភាពនេះ។ អ្នកស្រីមានជំងឺទឹកនោមផ្អែម និងលើសឈាម។ ការប្រមូលបច្ច័យកសាងមណ្ឌលសុខភាពនេះគ្រោងធ្វើនៅវត្តត្រៃរតនារាមទៀត៕