ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បង​ធំ​ទី​២​របស់​ខ្មែរក្រហម ​នួន​ ជា​ទាមទារ​ឲ្យប្រើ​ឯកសារ​ច្បាប់​ដើម​ក្នុង​ការ​កាត់ទោស


អតីត​បង​ធំ​ទី​២​នៃ​របប​ខ្មែរក្រហម ​នួន​ ជា
អតីត​បង​ធំ​ទី​២​នៃ​របប​ខ្មែរក្រហម ​នួន​ ជា

អតីត​បង​ធំ​ទី​២​នៃ​របប​ខ្មែរក្រហម ​នួន​ ជា ​បាន​បដិសេធ​នៅ​ថ្ងៃ​អង្គារ​នេះ​នូវ​ភស្តុតាង​ដែល​បង្ហាញ​ដោយ​សហ​ព្រះរាជ​អាជ្ញារង​អន្តរជាតិ ​ដោយ​ហៅ​ឯកសារ​ទាំង​នោះ​ថា​ ជា​ឯកសារ​ចម្លង​ដែល​មិន​អាច​ទុក​ចិត្ត​បាន។

សហ​ព្រះរាជ​អាជ្ញា​រង​អាមេរិកាំង​នៅ​ក្នុង​ការ​កាត់ក្តី​សំណុំរឿង​០០២​ នៅ​ថ្ងៃ​នេះ​បាន​ចាប់ផ្តើម​ចោទសួរ​សារ​ជា​ថ្មី​ម្តងទៀត​អំពី​ទស្សនាវដ្តី​ទង់​បដិវត្តន៍​របស់​ពួក​ខ្មែរក្រហម​ ដែល​អតីត​ប្រធាន​សភា​ខ្មែរក្រហម​រូប​នេះ​បាន​ចូលរួម​បង្កើត​សម្រាប់​ជា​ជន្ទល់​ទៅ​ដល់​ការ​បំផុស​ចលនា​ទ័ព​ព្រៃ​របស់​ខ្លួន​ ដើម្បី​ផ្តួល​រំលំ​របប​លោក​សេនា​ប្រមុខ​លន់​ នល់។ ​សំណួរ​នេះ​គឺ​សហ​ព្រះរាជ​អាជ្ញារង​ចង់​ឲ្យ​ជន​ជាប់​ចោទ​ទទួល​ស្គាល់​អំពី​ការ​ចុះផ្សាយ​នៅ​ក្នុង​នោះ។

នួន​ ជា ​ដែល​មាន​អាយុ​៨៥​នៅ​ឆ្នាំ​នេះ​ បាន​ច្រាន​ចោល​ជា​ច្រើន​លើក​ច្រើន​សារ​នូវ​ការ​បង្ហាញ​ភស្តុតាង​នោះ ​ដោយ​យក​ដៃ​គោះ​តុ​នៅ​ក្នុង​បន្ទប់​កាត់ក្តី​ទៀត​ផង។

«ឲ្យ​ខ្ញុំ​ថា​ ត្រឹមត្រូវ​ ក៏ខ្ញុំ​មិន​ថា​ ត្រឹមត្រូវ។​ ថា​ ត្រឹមត្រូវ​ ក៏​ខ្ញុំមិន​ថា​ ​ត្រឹមត្រូវ​ព្រោះ​លោក​អត្ថាធិប្បាយ​មិន​លម្អិត។ ​ហើយ​លោក​នៅ​តែ​អត្ថាធិប្បាយ​តាម​ទស្សនៈ​របស់​លោក។ ​ដូច្នោះ​ទាល់​តែ​មាន​ឯកសារ​យោង​ មក​បញ្ជាក់​ឲ្យ​ច្បាស់​ ដើម្បី​ខ្ញុំ​អត្ថាធិប្បាយ​ជូន។​ បញ្ជាក់​ឲ្យ​ច្បាស់ ​ដើម្បី​ឲ្យ​ខ្ញុំ​អត្ថាធិប្បាយ​ជូន។​ ខ្ញុំ​ទទួល​ឯកសារ​ចម្លង​នេះ​មិន​បាន​ទេ ​ទាល់​តែ​យក​ឯកសារ​ដើម​មកបាន​ខ្ញុំ​ទទួល​មើល​ឲ្យ​ច្បាស់។​ ខ្ញុំ​ទទូច​ហើយ​ទទូច​ទៀត​ថា​ សុំ​យក​ឯកសារ​ដើម​ មិន​យក​ឯកសារ​ចម្លង​ទេ។​ មិន​ដឹង​ថា​ ​ជាឯកសារ​ចម្លង​ខុស​ ឬ​យ៉ាង​ណា ​យ៉ាង​ម៉េច​ខ្ញុំ​មិន​ដឹង​ទេ។​ យក​ឯកសារ​ដើម​មក​ឲ្យ​ខ្ញុំ​មើល​ មើល»។

លោក​បណ្ឌិត​ឡាវ ​ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​ ដែល​បាន​តាមដាន​ការ​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម​ដោយ​ផ្ទាល់ ​នៅ​ថ្ងៃ​នេះ​ បាន​អត្ថាធិប្បាយ​ថា​ ​លោក​នួន​ ជា​បដិសេធ​សំណួរ​របស់​សហព្រះរាជអាជ្ញា​រង​នោះ​គឺ​គ្រាន់​តែ​ជា​យុទ្ធសាស្រ្ត​របស់​ជន​ជាប់ចោទ ​ដើម្បី​ពន្យារ​ពេល ​និង​ដើម្បី​បន្លប់​ការ​ចោទ​សួរ​របស់​សហ​ព្រះរាជ​អាជ្ញា។ ​លោក​អធិប្បាយ​ថា ​ជន​ជាប់​ចោទ​អាច​បដិសេធ​យ៉ាង​ដូច្នេះ ​ប្រសិន​បើ​ឯកសារ​បង្ហាញ​នោះ​មាន​ការ​កោសលុប​មិន​ប្រក្រតី។

នួន ​ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម ​ខៀវ​ សំផន ​អតីត​ប្រមុខរដ្ឋ ​និង​អៀង ​សារី​ អតីត​រដ្ឋមន្ត្រី​ការ​បរទេស ​ជាប់​ចោទ​នៅ​ក្នុង​សំណុំរឿង​០០២​ ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​និង​ប្រល័យ​ពូជសាសន៍​ ទាក់ទង​នៅ​នឹង​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧​លាន​នាក់​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩។

ជន​ជាប់​ចោទ​ទាំង​បី​នាក់​ត្រូវ​នាំខ្លួន​ចូល​បន្ទប់​សវនាការ​នៅ​ថ្ងៃ​នេះ ​ក៏ប៉ុន្តែ​អៀង ​សារី​បាន​ស្នើសុំ​លះបង់​សិទ្ធិ​ចូលរួម​ការ​កាត់ទោស​នៅ​ក្នុង​បន្ទប់​សវនាការ​ដោយ​ផ្ទាល់​ រីឯ​នួន ​ជា​ចូលរួម​ការ​កាត់ទោស​តែ​មួយ​កំណាត់​ថ្ងៃ​តែ​ប៉ុណ្ណោះ។

នួន ​ជា ​គឺ​ជា​ជន​ជាប់​សង្ស័យ​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​សួរ​ដេញដួល​នៅ​ថ្ងៃ​នេះ។​ គាត់​បាន​និយាយ​ឡើង​វិញ​ពី​មូលហេតុ​នៃ​ការ​ងើបឡើង​តស៊ូ​របស់​ពួក​កុម្មុយនិស្ត​អាវ​ខ្មៅ​ខ្មែរក្រហម​ដើម្បី​លុប​បំបាត់​ការ​ជិះជាន់​ និង​ការ​កេង​ប្រវ័ញ្ច​ជា​ដើម។

ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​ពីរ​រូប​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​គឺ​រូប​លោក​ រ៉ូម៉ាំ ​យ៉ុន ​និង​លោក​ក្លាន​ ហ្វីត។ ​បុរស​ទាំង​ពីរ​នេះ​គឺ​ជា​ជន​ជាតិ​ដើម​ភាគតិច​មក​ពី​ខេត្ត​រតនគីរី​ ហើយ​ធ្លាប់​ធ្វើ​ជា​អ្នក​តស៊ូ​ជាមួយ​ពួក​ខ្មែរក្រហម​ និង​បន្ទាប់​មក​បាន​ឡើង​ធ្វើ​ជា​កម្មាភិបាល​ខ្មែរក្រហម។

រ៉ូម៉ាំ ​យ៉ុន​ និង​ក្លាន ​ហ្វីត​ធ្លាប់​បាន​ឡើង​ផ្តល់​សក្ខីកម្ម​ម្តង​ហើយ​កាល​ពី​ខែ​មុន។​ នៅ​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃ​នេះ ​ពួក​គាត់​បាន​បង្ហាញ​ពី​តួនាទី​របស់​អៀង ​សារី ​នួន​ ជា ​ក៏​ប៉ុន្តែ​បាន​បង្ហាញ​អំពី​ការដឹង​ឮ​តិចតួច​ទាក់ទង​ទៅ​នឹង​ខៀវ ​សំផន៕

XS
SM
MD
LG