ដោយ៖ រ៉ាន់ សំណាង និងសាយ មុន្នី
ខេត្តកណ្តាល៖ អស់រយៈពេល៧ខែកន្លងមកហើយដែលប្រជាសហគមន៍បុរីកីឡានៅតែទន្ទឹងរង់ចាំដំណោះស្រាយចំពោះការបណ្តេញពួកគេចេញពីលំនៅដ្ឋានដោយបង្ខំ។ ពួកគេទទូចឲ្យអាជ្ញាធររដ្ឋស្វែងរកដំណោះស្រាយឲ្យពួកគេឲ្យបានឆាប់ៗ ប៉ុន្តែអាជ្ញាធរក្រុងអះអាងថា ខ្លួនគ្មានលទ្ធភាពដោះស្រាយបញ្ហានេះទេ។
រយៈពេលជាង៧ខែមកហើយដែលអ្នកស្រី ប៉ែន រីណាត្រូវរស់នៅក្នុងខ្ទមនេះនៅក្នុងភូមិទួលសំបូរ ជាយក្រុងភ្នំពេញគឺចម្ងាយជាង២០គីឡូម៉ែត្រជាយរាជធានីនេះ។
គ្រួសាររបស់អ្នកស្រីនិងគ្រួសារអ្នកភូមិបូរីកីឡាជាច្រើនទៀតត្រូវបាននាំយកមករស់នៅទីនេះ បន្ទាប់ពីផ្ទះសម្បែងរបស់ពួកគេត្រូវបានកម្មកររបស់ក្រុមហ៊ុនផានអ៊ីម៉ិចដែលមានការគាំទ្រពីកងកម្លាំងអាជ្ញាធរផង បានឈូសឆាយកម្ទេចចោលកាលពីដើមឆ្នាំនេះ។
«ពិបាកណាស់ ធ្លាប់តែនៅបុរីកីឡា ទៅរកស៊ីកន្លែងជិត ដូចជាផ្សារអូរឫស្សី។ ដូចជាខ្ញុំធ្វើការរោងចក្រ តែដល់ពេលឥឡូវ អត់បានធ្វើអ្វីទេ។ វាច្រើនខែហើយ មករស់នៅកន្លែងនេះ អត់មានអី លុយក៏ពិបាក កូនទៅរៀនចាយមួយថ្ងៃបានតែ៥០០[រៀល]»។
អ្នកស្រីនិយាយថា ស្ថានភាពរស់នៅរបស់អ្នកស្រីនៅទីនេះ មិនខុសពីស្ថានភាពជនភៀសសឹកក្នុងសម័យសង្រ្គាមនោះទេ។
អ្នកស្រីប៉ែន រីណានិយាយថា អ្នកស្រីនិងអ្នកភូមិផ្សេងទៀតកំពុងរង់ចាំដំណោះស្រាយដ៏សមរម្យមួយពីអាជ្ញាធរក្រុងភ្នំពេញ។
«ពេលភ្លៀង ពេលខ្យល់មក គេនៅកន្លែងស្រួល តែពួកខ្ញុំនៅកន្លែងពិបាកណាស់។ ភ្លៀងមកលិចដល់ពាក់កណ្តាលគ្រែ»។
ឥឡូវនេះ ប្រជាពលរដ្ឋនៅទីនេះកំពុងប្រឈរមុខនឹងបញ្ហាសុខភាពនិងកង្វះស្បៀងអាហារក្នុងការបរិភោគ។
ដូចគ្នាដែរ អ្នកភូមិជាច្រើនគ្រួសារទៀត ដែលបដិសេធមិនព្រមចាកចេញពីតំបន់បុរីកីឡានេះ និយាយថា ពួកគេក៏ទន្ទឹងរង់ចាំការដោះស្រាយដ៏សមស្របមួយដែរសម្រាប់ពួកគេ។ ដំណោះស្រាយសមស្របសម្រាប់ពួកគេគឺការសង់អគារ២បន្ថែមទៀតឲ្យពួកគេរស់នៅតាមការសន្យារបស់ក្រុមហ៊ុន។
អ្នកស្រី ឆាយ គឹមហ៊នគឺជាតំណាងអ្នកភូមិបុរីកីឡា។
«អ្វីដែលពួកខ្ញុំទាមទារនេះគឺទាមទាររកសិទ្ធិលំនៅដ្ឋានរបស់ពួកខ្ញុំឲ្យបានពិតប្រាកដ ហើយឲ្យគាត់គោរពកិច្ចសន្យារបស់គាត់ផង ព្រោះខ្ញុំជឿថា មុននឹងគាត់ធ្វើ គាត់មានតួលេខរបស់គាត់រួចហើយ បានជាគាត់ហ៊ានចុះកិច្ចសន្យា១០អគារ»។
ក្រុមហ៊ុន ផានអ៊ីម៉ិចបានសន្យាសាងសង់អគារចំនួន១០ល្វែងលើផ្ទៃដីចំនួន២ហិចតាសម្រាប់អ្នកភូមិបូរីកីឡា ជាថ្នូរនឹងការទទួលបានសិទ្ធិអភិវឌ្ឍន៍ពីរដ្ឋាភិបាលលើដីទំហំជាង២ហិចតាទៀតនៅក្នុងសហគមន៍នេះ។
ប៉ុន្តែ នៅឆ្នាំ២០១០ ក្រុមហ៊ុននេះបានសាងសង់តែ៨អគារនិងប្រកាសថា ខ្លួនខ្វះថវិកាក្នុងការសាងសង់អគារ២ទៀត ហើយបានស្នើឲ្យរដ្ឋាភិបាលប្រគល់ដីសម្រាប់សាងសង់អគារ២ទៀតនោះដល់ខ្លួន។
អ្នកស្រីឆាយ គឹមហ៊នមានប្រសាសន៍ថា៖
«ឥឡូវគាត់មិនត្រឹមនិយាយតែពាក្យហ្នឹងទេ គាត់មានស្នើទៅសាលារាជធានីភ្នំពេញដើម្បីកាន់កាប់ដីទំហ៊ំដែលកំពុងត្រៀមសាងសង់អគារទី៩និងទី១០ហ្នឹងទៀត»។
ការខកខានមិនបានសាងសង់អគារ២ទៀតនោះបានធ្វើឲ្យប្រជាពលរដ្ឋបូរីកីឡាពី៣០០ទៅ៤០០គ្រួសារគ្មានលំនៅដ្ឋានរស់នៅជាអចិន្ត្រៃយ៍។
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ផ្ទះសម្បែងរបស់ពួកគេត្រូវវាយកម្ចេចចោល និងក្រុមអ្នកភូមិនេះត្រូវបានបណ្តេញឲ្យទៅរស់នៅទីតាំងថ្មី២កន្លែងផ្សេងគ្នាគឺមួយស្ថិតក្នុងភូមិទួលសំបូរនិងមួយទៀតនៅតំបន់ភ្នំបាតក្នុងខេត្តកណ្តាលចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
លោកសៀ ភារម្យគឺជានាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន។
«គួរតែរដ្ឋាភិបាលយើង ជាប្រធានអាស៊ានទៀតផងនៅឆ្នាំនេះ ដូច្នេះគួរតែលៃលកឲ្យក្រុមហ៊ុនហ្នឹងដោះស្រាយជូនពួកគាត់ឲ្យបានឆាប់រហ័សទៅ ដើម្បីកុំឲ្យពួកគាត់នៅរង់ចាំហើយធ្វើការតវ៉ា ខាតពេលវេលា ហើយវាក៏មិនមែនជាកិត្តិយសថ្លៃថ្នូរសម្រាប់រដ្ឋាភិបាលដែលជាប្រធានអាស៊ានផងនោះទេ»។
អ្នកស្រីស៊ុយ ស៊ីផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច មិនធ្វើអត្ថាធិប្បាយច្រើនទេទាក់ទងនឹងដំណោះស្រាយជាមួយអ្នកភូមិបុរីកីឡានេះ ដោយអ្នកស្រីមានប្រសាសន៍យ៉ាងខ្លីតាមទូរស័ព្ទថា ប្រជាពលរដ្ឋដែលមិនព្រមទៅរស់នៅទីតាំងថ្មីគឺជាពលរដ្ឋដែលរស់នៅខុសច្បាប់ និងខ្លះបានទទួលផ្ទះល្វែងពីក្រុងហ៊ុនរបស់អ្នកស្រីរួចទៅហើយ។
តែទោះជាយ៉ាងនេះក្តី អ្នកភូមិបុរីកីឡាដែលត្រូវបានជម្លៀសឲ្យមករស់នៅក្នុងតំបន់ភ្នំបាតនេះ នៅតែទន្ទឹងរង់ចាំដំណោះស្រាយដ៏សមស្របមួយពីក្រុមហ៊ុននិងអាជ្ញាធរដើម្បីឲ្យពួកគេមានលទ្ធភាពរស់នៅបានសមរម្យ ដូចប្រជាពលរដ្ឋដទៃទៀតក្នុងសតវត្សទី២១នេះ។
អ្នកស្រីទូច សុគន្ធ គឺជាម្តាយនៃកូនតូចៗពីរនាក់ ដែលត្រូវបានបណ្តេញចេញពីសហគមន៍បុរីកីឡា។
«ពេលខ្ញុំនឹកឃើញផ្ទះ ខ្ញុំចង់យំ។ ខ្ញុំនៅអង្គុយមើលផ្ទះខ្ញុំ គេឈូស។ សោកស្តាយ ព្រោះនៅភ្នំពេញ វាស្រួលយើង។ ពេលកូនឈឺយើងរត់ទៅពេទ្រ វាជិត ដល់មកទីនេះពិបាក»។
នៅក្នុងដំណើរមកសួរសុខទុក្ខអតីតអ្នកភូមិបុរីកីឡានៅតំបន់ភ្នំបាតនេះកាលពីពេលថ្មីៗ លោកកែប ជុតិមាបដិសេធមិនឆ្លើយនឹងសំណួររបស់VOA Khmerទេទាក់ទងនឹងដំណោះស្រាយចំពោះអ្នកភូមិដែលរងការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំនេះ។
ប៉ុន្តែលោកបានថ្លែងទៅកាន់ក្រុមអ្នកភូមិនៅទីនេះថា អាជ្ញាធរក្រុងរបស់លោកគ្មានលទ្ធភាពទៅរកផ្ទះសម្បែងឲ្យប្រជាពលរដ្ឋរស់នៅទីតាំងចាស់នោះវិញបានទេ។
«ខ្ញុំសូមបងប្អូនទាំងអស់យោគយល់ដល់ខ្ញុំបាទ។ ខ្ញុំអត់មានលទ្ធភាពដើម្បីឲ្យផ្ទះនៅបុរីកីឡាឲ្យបងប្អូនទេ»។
សម្រាប់ពេលនេះ អ្នកភូមិខ្លះបាននាំគ្នាវិលត្រឡប់ទៅរកការងារធ្វើនៅក្នុងទីក្រុងវិញដោយជួលផ្ទះគេស្នាក់នៅ ហើយខ្លះទៀតមិនដឹងថា ខ្លួនអាចទ្រាំរស់នៅក្នុងស្ថានភាពបែបនេះបានយូរប៉ុណ្ណានោះទេ៕