អ្នកភូមិបុរីកីឡាចំនួន២០នាក់បាននាំគ្នារត់គេចចេញពីការឃុំឃាំងដោយខុសច្បាប់នៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺនៅថ្ងៃពុធនេះ។
អ្នកភូមិទាំងនេះត្រូវបានចាប់ខ្លួនកាលពីសបា្តហ៍មុន បន្ទាប់ពីបានតវ៉ារឿងជម្លោះដីធ្លីនៅមុខសាលារាជធានីភ្នំពេញ។ ទោះបីជាអ្នកភូមិទាំងនេះមានសេរីភាពឡើងវិញក៏ដោយ ក៏អ្នកទាំងនេះនឹងប្រឈមនឹងភាពក្រីក្រដោយគ្មានផ្ទះសម្បែងនិងអនាគតមិនច្បាស់លាស់។
អ្នកស្រី កែ ហៀង អាយុ៤៥ឆ្នាំ អ្នកភូមិបុរីកីឡាដែលបានរត់ចេញពីមណ្ឌលព្រៃស្ពឺ បានថ្លែងយ៉ាងដូច្នេះថា៖
«ខ្ញុំគិតថាខ្ញុំមកនេះបានមួយជំហានហើយ និងគិតថាខ្ញុំមិនដឹងធើ្វយ៉ាងម៉េចទេដល់ជំហានទី២»។
លោកស្រី បញ្ជាក់បន្ថែមទៀតថា៖
«ឥឡូវ ខ្ញុំចូលទៅបុរីកីឡាវិញអត់បានមិនដឹងគិតថាម៉េចទេ។ ខ្ញុំចង់និយាយថាពីថ្ងៃហ្នឹងទៅស្អែក ខ្ញុំមិនដឹងត្រូវគិតយ៉ាងម៉េចទេ បើខ្ញុំគ្មានកន្លែងគោលដៅដែលត្រូវទៅនៅផង។ ទីមួយអស់ផ្ទះអស់ សម្បែង និងទីពីរការរស់នៅរបស់ខ្ញុំមិនដឹងជាយ៉ាងម៉េចពីថ្ងៃ ស្អែកទៅអនាគត។ ខ្ញុំដោះស្រាយអត់ចេញយ៉ាងនេះ»។
អ្នកស្រី ស៊ឹម សាក់មុន្នី អាយុ៦៣ឆ្នាំ អ្នកភូមិបុរីកីឡាដែលបានរត់ចេញពីមជ្ឈមណ្ឌលព្រៃស្ពឺ បានយល់ស្របនឹងគំនិតនេះ។ អ្នកស្រី បានលើកឡើងថាពួកគាត់ត្រូវបានទទួលការគំរាម ឲ្យជាប់ឃុំនៅក្នុងមណ្ឌលព្រៃស្ពឺ បើពួកគាត់មិនព្រមទទួលយកដីនៅភ្នំបាត និងទួលសម្បូរណ៍។
លោកស្រីបន្ថែមថា៖
«ពួកខ្ញុំត្រូវបានយកទៅដាក់ជាមួយពួកញៀនគ្រឿងញៀន ពួកឆ្កួត ពួកគ្មានទីលំនៅ។ អ្នកខ្លះឆ្កួតដើរស្រាតឲ្យពួកខ្ញុំទៅ នៅជាមួយយ៉ាងម៉េចទៅ។ ពួកខ្ញុំនៅមិនបានទេ។ គេបង្ខំឲ្យពួកខ្ញុំនៅហ្នឹង។ ពួកខ្ញុំចង់មានសេរីភាព។ ថ្ងៃនេះពួកខ្ញុំរត់ចេញពីមជ្ឈមណ្ឌលទាំងក្មេងទាំងចាស់២០នាក់រួមមានស្រ្តី១៨នាក់ និងកូនក្មេង២នាក់។ ពួកខ្ញុំឡើងតាមរបងដែលគេចាក់សោរជាប់។ អ្នកយាមពិការរត់មិនទាន់ពួកខ្ញុំទេ»។
អ្នកស្រី ជិន ស្រ៊ិន អាយុ៦២ឆ្នាំ ភូមិបុរីកីឡាដែលបានរត់ចេញពីមណ្ឌលព្រៃស្ពឺ បានបញ្ជាក់ថាអ្នកស្រីបានរត់ចេញពីមណ្ឌលឃុំឃាំងខុសច្បាប់ដោយគ្មានសេរីភាព និងគ្មានកំហុស។
«ខ្ញុំថាមិនសមរម្យទេដែលគាត់ចាប់ពួកខ្ញុំយកទៅដាក់ក្នុងមន្ទីរឃុំឃាំងដោយគ្មានសេរីភាពអញ្ចឹង ហើយនាំគ្នារត់ចេញមក ដោយឡើងផ្លោះរបងម្តងម្នាក់ៗ។ លោកស្រីស៊ុយ សុផាន បញ្ជាកងប្រដាប់អាវុធប៉េអឹម និងនគរបាលទៅព័ទ្ធចាប់ពួកខ្ញុំ យកទៅដាក់ក្នុងមណ្ឌល។ ពួកខ្ញុំនេះចេញតវ៉ាដើម្បីសុំផ្ទះសុំជម្រកមកវិញ តើហេតុអី្វបានជាចាប់ពួកខ្ញុំយក ទៅដាក់ជាមួយមនុស្សឆ្កួត មនុស្សញៀនថ្នាំ មនុស្សអនាថា អាវ៉ាសែតាមថ្នល់មិនដឹងអីអញ្ចឹង»។
លោកស្រីស៊ុយ សុផាន នាយកក្រុមហ៊ុនផានអ៊ីម៉ិច មិនបានធើ្វអត្ថាធិប្បាយអំពីការរត់ចេញពីមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺទេ។
លោកស្រីបានបញ្ជាក់ថាបើអ្នកភូមិបុរីកីឡាណាមានឯកសារគ្រប់គ្រាន់ លោកស្រីនឹងដោះស្រាយជូន ប៉ុន្តែបើគ្មានឯកសារទេ លោកស្រីនឹងផ្តល់ដីនៅភ្នំបាត និងទួលសម្បូរណ៍ ហើយគ្រួសារដែលចង់ទៅរស់នៅស្រុកកំណើតវិញ នឹងទទួលបានប្រាក់ចំនួន៥០០ដុល្លារអាមេរិក។
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទិ្ធមនុស្សលីកាដូ បានហៅការរត់ចេញពីមណ្ឌលឃុំឃាំងព្រៃស្ពឺនេះថា ជាការរំដោះខ្លួនឲ្យរួចផុតពីការបង្ខាំង និងឃុំមនុស្សខុសច្បាប់។
«ការដែលគាត់ចេញមកវិញ ខ្ញុំគិតថាវាគ្មានអី្វខុសទេតាមផ្លូវច្បាប់ ពីព្រោះនេះជាសេរីភាពរបស់គាត់ ហើយផ្ទុយទៅវិញ គាត់រួចផុតពីការឃុំខ្លួនដោយខុសច្បាប់»។
ការប៉ះទង្គិចគ្នារវាងកងសន្តិសុខ និងអ្នកភូមិបុរីកីឡាបានផ្ទុះឡើងកាលពីដើមខែមករានេះ ខណៈដែលកងសន្តិសុខចូលនៅឈូសឆាយផ្ទះសម្បែងរបស់អ្នកភូមិ៕