ភ្នំពេញ៖ មន្រ្តីអង្គការសង្គមស៊ីវិលបានរំលឹកនៅថ្ងៃសុក្រនេះដែលជាថ្ងៃដំណាច់ឆ្នាំ២០១០ថា រដ្ឋាភិបាលកម្ពុជាបានខកខានក្នុងការដោះស្រាយទំនាស់ដីធ្លីហើយមានប្រជាពលរដ្ឋកាន់តែច្រើនទៅៗបាត់បង់ជំនឿលើយន្តការដោះស្រាយរបស់រដ្ឋាភិបាលនិងព្យាយាមទប់ស្កាត់ការរំលោភបំពានដោយខ្លួនឯង។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១០របស់អង្គការការពារសិទ្ធិមនុស្ស ADHOC ស្តីអំពីបញ្ហាដីធ្លីបានបង្ហាញថាមានប្រជាពលរដ្ឋចំនួន៣០៦នាក់ទទួលរងការចោទប្រកាន់ដោយតុលាការនៅក្នុងទំនាស់ដីធ្លីនៅទូទាំងប្រទេសកម្ពុជានៅឆ្នាំនេះ។ នៅក្នុងនោះប្រជាពលរដ្ឋចំនួន១២៨នាក់ត្រូវបានចាប់ខ្លួនក៏ប៉ុន្តែ៥១នាក់នៅក្នុងចំណោមនោះកំពុងតែស្ថិតនៅក្នុងមន្ទីរឃុំឃាំង រីឯអ្នកដទៃទៀតត្រូវបានដោះលែង។
លោកអ៊ូច ឡេង មន្រ្តីកម្មវិធីដីធ្លីរបស់អង្គការADHOC មានប្រសាសន៍ថាទំនាស់ដីធ្លីបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាជិត៣០.០០០គ្រួសារទទួលរងគ្រោះនៅក្នុងឆ្នាំ២០១០។ ហើយរហូតមកទល់ដំណាច់ឆ្នាំ នេះពុំទាន់មានករណីណាមួយត្រូវដោះស្រាយចប់សព្វគ្រប់នោះទេ។ លោក អ៊ូច ឡេង បានចង្អុលទៅរកកំហុសនៃមន្រ្តីរដ្ឋាភិបាល។
«មន្រ្តីរដ្ឋាភិបាល គាត់មិនអើពើ មិនរវល់ទោះបីជាគាត់ដឹងព័ត៌មានហើយ និង(មាន)ពាក្យបណ្តឹងនៅលើតុយ៉ាងណាក៏ដោយក៏ជាក់ស្តែងគឺនៅបឹងកក់ជាដើម។ នៅមុខទល់ បើយើងមើលពីខុទ្ទកាល័យសម្តេច នាយករដ្ឋមន្រ្តីទៅគឺថាគាត់ឃើញក្រុមហ៊ុនបូមខ្សាច់លុបលើផ្ទះរបស់ប្រជាជនយើងរាល់ថ្ងៃយ៉ាងណា ក៏ដោយក៏គាត់មិនចាត់វិធានការដោះស្រាយទំនាស់នេះក្នុងនាមគាត់ជានាយករដ្ឋមន្រ្តីឬក៏ក្នុងនាមគាត់ជាមន្រ្តីរដ្ឋាភិបាលផ្សេងៗ»។
របាយការណ៍ប្រចាំឆ្នាំរបស់សមាគម ADHOC ស្តីពីបញ្ហាដីធ្លីបានបញ្ជាក់ច្បាស់ៗថានៅក្នុងចំណោមទំនាស់ដីធ្លីជាច្រើន មានទំនាស់នៅកន្លែងចំនួន១៩ នៅក្នុងខេត្ត-ក្រុងចំនួន១៨ មានលក្ខណៈរ៉ាំរ៉ៃ នៅក្នុងនោះក្រុងភ្នំពេញគឺទំនាស់ដីនៅបឹងកក់ ខេត្តកណ្តាល កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង កំពង់ចាម ស្វាយរៀង សៀមរាប មណ្ឌលគីរី ក្រចេះ ព្រះវិហារ កំពត និងឧត្តរមានជ័យ។
លោកអ៊ូច ឡេង បញ្ជាក់ថាដោយសារតែប្រជាពលរដ្ឋអស់ជំនឿទៅលើការដោះស្រាយទំនាស់ដីធ្លីរបស់រដ្ឋាភិបាល ពួកគាត់បានប្រើវិធីប្រមូលផ្តុំគ្នាដើម្បីការពារដីរបស់ខ្លួនទប់ទល់ទៅនឹងការរំលោភ ដោយប្រើវិធីបិទផ្លូវសាធារណៈ តវ៉ានៅតាមស្ថាប័នរដ្ឋ ដូចជាមន្ទីរតុលាការ និងប្រើវិធីបន់ស្រន់បួងសួងដើម្បីឲ្យវត្ថុស័ក្តិសិទ្ធិផ្តន្ទាទោសទៅលើជនជាប់ពាក់ព័ន្ធទៅនឹងការរំលោភបំពានទៅលើពួកគាត់ហើយនិន្នាការយ៉ាងដូច្នេះបានកើនឡើងនៅចុងឆ្នាំនេះ។
យោងតាមអង្គការការពារសិទ្ធិមនុស្សLICADHO ករណីរំលោភដីធ្លីបានកើនឡើងពី៩៨ករណីនៅឆ្នាំ២០០៩ ដល់១០៥ករណីនៅឆ្នាំ២០១០ នៅក្នុងខេត្ត-ក្រុងចំនួន១២។
លោក អំ សំអាត ប្រធានគ្រប់គ្រងការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការLICADHO មានប្រសាសន៍ថា វិបត្តិនៃទំនាស់ដីធ្លីកើតឡើងដោយសារតែពុំមានតុល្យភាពរវាងការផ្តល់កម្មសិទ្ធដីធ្លីដល់ប្រជាពលរដ្ឋ និងការផ្តល់ដីសម្បទានដល់ក្រុមហ៊ុនវិនិយោគផ្សេងៗ ហើយក៏បណ្តាលមកពីកង្វះយន្តការដោះស្រាយរឹងមាំរបស់រដ្ឋាភិបាលផងដែរ។
«យន្តការនៃការដោះស្រាយនេះមិនមានប្រសិទ្ធភាព ហើយអូសបន្លាយ។ អញ្ចឹងទៅវាធ្វើឲ្យប៉ះពាល់ធ្ងន់ ធ្ងរដល់បញ្ហាដីធ្លីហ្នឹង»។
ពុំមានរបាយការណ៍ផ្លូវការរបស់រដ្ឋាភិបាលស្តីអំពីទំនាស់ដីធ្លីនោះទេ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានទទួលស្គាល់ថាបញ្ហាទំនាស់ដីធ្លីនៅក្នុងប្រទេសគឺជាផ្នែកមួយដែលបណ្តាលមកពីដំណើរការផ្តល់កម្មសិទ្ធិដីធ្លីស្របច្បាប់ដល់ប្រជាពលរដ្ឋដែលមានល្បឿនយឺតជាងការផ្តល់ដីសម្បទានដល់ក្រុមហ៊ុនឯកជនសម្រាប់ធ្វើការអភិ វឌ្ឍន៍។ ក៏ប៉ុន្តែលោកផៃ ស៊ីផាន អះអាងថា នេះគឺជាបញ្ហាសកលរបស់ប្រទេសដែលកំពុងតែអភិវឌ្ឍ។
«ល្បឿននៃការអភិវឌ្ឍប៉ះហើយ មិនថាព្រះរាជាណាចក្រកម្ពុជាយើងទេ សូម្បីតែប្រទេសដែលមានការពិសោធ នៃការធ្វើការអភិវឌ្ឍន៍របស់ខ្លួនក៏ជួបទៅនឹងបញ្ហានេះឯង។ ដូច្នេះយើងអភិវឌ្ឍផងយើងជួបបញ្ហាកម្មសិទ្ធិដីធ្លីផង អាស្រ័យហេតុដូច្នេះហើយ យើងធ្វើបណ្តើរ យើងដោះស្រាយបណ្តើរ»។
លោកនាយករដ្ឋមន្រ្តីខ្មែរហ៊ុន សែន ធ្លាប់បានសម្តែងកង្វល់ចំពោះការងើបឡើងធ្វើបដិវត្តន៍ដីធ្លីរបស់ប្រជាពលរដ្ឋដោយលោកចាត់ទុកថានេះគឺជាបញ្ហាសង្គមដ៏ធ្ងន់ធ្ងរ។
លោកអ៊ូច ឡេង ប្រធានផ្នែកកម្មវិធីដីធ្លីរបស់អង្គការ ADHOC គិតថាប្រថ្នូលបែបនេះអាចកើតឡើង ប្រសិនបើរដ្ឋាភិបាលធ្វេសប្រហែសនោះ៕