ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះបរមសព​សម្តេច​ឪ​មក​ដល់​ភ្នំពេញ


ព្រះសង្ឃ​ប្រមាណ​៩០​អង្គ​បាន​សូត្រ​ប្រោស​ព្រហ្ម​បួង​សួង​ពេល​ដែល​ព្រះ​សព​របស់​សម្តេច​ឪ​ត្រូវ​បាន​ដាក់​ចេញ​ពី​យន្ត​ហោះ​តាម​ព្រះ​ទី​នាំង​រថ​យន្ត​មុន។
ព្រះសង្ឃ​ប្រមាណ​៩០​អង្គ​បាន​សូត្រ​ប្រោស​ព្រហ្ម​បួង​សួង​ពេល​ដែល​ព្រះ​សព​របស់​សម្តេច​ឪ​ត្រូវ​បាន​ដាក់​ចេញ​ពី​យន្ត​ហោះ​តាម​ព្រះ​ទី​នាំង​រថ​យន្ត​មុន។
ភ្នំពេញ៖ ព្រះ​សព​សម្តេចឪ​នរោត្តម សីហនុ​ ត្រូវ​បាន​ដឹក​តាម​យន្ត​ហោះ​ពិសេស​Air China ៧៤៧​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​វេលា​ម៉ោង​ប្រមាណ​២និង​៤៥​នាទី​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ។ ដោយមាន​អមព្រះរាជដំណើរ​ដោយ​ព្រះ​ករុណា​សម្តេច​ព្រះ​បរម​នាថ​នរោត្តម សីហមុន្នី​ សម្តេច​ម៉ែ​នរោ​ត្តម​មុនីនាថ សីហនុ​ សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ឋិ និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។
ព្រះបរម​សព​របស់​ព្រះ​អង្គ​ត្រូវ​បាន​រៀបចំ​ដាក់​ក្នុង​ព្រះ​បរម​កោដិពណ៌​ទឹក​មាស និង​បានតុបតែងលម្អ​ដោយ​ផ្កាពណ៌​ស​ព្រម​ទាំង​មាន​ទង់​ព្រះ​បរម​រាជ​វាំង​គ្រប​ពី​លើ។ នៅ​ក្បែរ​ព្រះ​បរម​កោដិ​មានមន្ត្រី​ប្រមាណ​ជាង​១០​នាក់​ក្នុង​សម្លៀក​បំពាក់​ពណ៌​ស និង​បូរណ៌​ពណ៌​ខ្មៅ​ពាក់​នៅ​នឹង​ដៃឈរ​អម​ព្រះ​សព​សម្តេច​ឪ។

ព្រះ​សព​របស់​ព្រះ​អង្គ​ត្រូវ​បាន​ដាក់​នៅ​លើ​ព្រះ​រាជ​ទី​នាំង​រូប​ហង្ស។ ចំណែក​ឯរូប​ព្រះ​ឆាយា​ល័ក្ខណ៍​របស់​សម្តេច​ឪ​បាន​ដាក់​តាំង​នៅ​លើព្រះ​ទី​នាំង​ខាង​មុខ​ដោយ​មាន​ការ​តុប​តែង​ដោយ​ផ្កា​ពណ៌​ស​ព័ទ្ឋ​ជុំ​វិញ។​
ព្រះ​ទី​នាំង​បន្ទាប់​ពី​រូប​ព្រះ​ឆាយាល័ក្ខណ៍​សម្តេច​ឪ មាន​ព្រះ​ទី​នាំង​ដែល​ត្រូវ​បាន​តុប​តែង​ជា​រូប​សត្វ​សុនខ។ ព្រះ​ទី​នាំង​ចុង​ក្រោយ​ត្រូវបាន​លម្អ​ដោយ​រូប​នាគ​ក្បាល​បី​សម្រាប់​ឲ្យ​ព្រះ​សង្ឃ​គង្គ​ពី​លើ​ដើម្បី​សូត្រ​ធម៌​ជយន្តោ​តាម​ប្រពៃណី​ព្រះពុទ្ឋសាសនា។​
ព្រះសង្ឃ​ប្រមាណ​៩០​អង្គ​បាន​សូត្រ​ប្រោស​ព្រហ្ម​បួង​សួង​ពេល​ដែល​ព្រះ​សព​របស់​សម្តេច​ឪ​ត្រូវ​បាន​ដាក់​ចេញ​ពី​យន្ត​ហោះ​តាម​ព្រះ​ទី​នាំង​រថ​យន្ត​មុន និង​បន្ត​ដំណើរ​ចាក​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ មន្ត្រី​រដ្ឋា​ភិបាល​ជា​ច្រើ​ន​រាប់​ពាន់​នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ស​បាន​ទៅ​ទទួល​ព្រះ​សព​របស់​សម្តេច​ឪ​ដោយ​បូក​រួម​ជាមួយ​នឹង​សមាជិក​រាជវង្ស​មួយ​ចំនួន។ សមាជិក​រាជ​វង្ស​ទាំង​នោះ​មាន​សម្តេច​ក្រុម​ព្រះ​នរោត្តម រណ​ឫទ្ឋិ ព្រះអង្គ​ម្ខាស់​អរុណ​រស្មី និង​ព្រះ​អង្គ​ម្ខាស់​នរោត្តម សេរីវិឌ្ឍ​មិន​បាន​ធ្វើ​អត្ថ​ធិប្បាយ​ណា​មួយ​ចំពោះ​វីអូអេសំឡេង​សហ​រដ្ឋ​អា​មេរិក​ទេ។​
ក៏​ប៉ុន្តែ​បើ​តាម​អ្នក​អង្គ​ម្ខាស់​ស៊ីសុវត្ថិ ចក្រី​នុពល សមា​ជិក​រាជ​វង្ស​មួយ​អង្គបាន​មាន​បន្ទូល​ថា ការ​បាត់​បង់​ព្រះ​ជន្ម​សម្តេច​ឪ​គឺ​ជា​ការ​បាត់​បង់​យ៉ាង​ធំ​ធេង​សម្រាប់​ប្រទេស​កម្ពុជា។
«ទុក្ខ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ឆាក​ជីវិត​របស់​ខ្មុំ​នៅ​ពេល​នេះ​គឺ​ថា ខ្ញុំ​ត្រូវ​បាត់​បង់​ព្រះ​អយ្យកោ​ដែល​ជា​ទី​គោ​រព​សក្ការៈ។ ខ្ញុំ​មាន​ភាព​រន្ឋត់​ក្រៃ​លែង​រក​ពាក្យ​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន​ទេ»។​
លោក​ខៀវ កាញារិទ្ឋ​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាលបាន​ថ្លែ​ង​ប្រាប់​ក្រុម​អ្នក​កា​សែត​នៅ​ឯអាកាសយានដ្ឋាន​ថា ការ​បាត់​បង់​សម្តេច​ឪ គឺ​ជា​ជួង​មួយ​ដែល​បាន​បង្ហាញ​ថា ខ្មែរ​យើង​ចេះ​ស្រឡាញ់​រួប​រួម​គ្នា។​
«ទោះយ៉ាង​ម៉េច​ក៏​ដោយ​ប្រវត្តិសាស្រ្ត​កម្ពុជា​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជី​វិត​របស់​លោក។ ហើយ​ឥឡូវ​នេះ​លោក​គឺ​ជា​និម្មិតរូប​មួយ​នៃ​ការ​ឯក​ភាព​ជាតិ បង្រួប​បង្រួម​ជាតិ។ អញ្ចឹង​គឺ​ចំពោះ​យើង​ការ​បាត់​បង់​ព្រះអង្គ​នេះ​ជា​ការ​សោក​ស្តាយ។ ទន្ទឹម​នេះ​គឺ​ជា​ជួង​មួយ​ដើម្បី​អោយ​ខ្មែរ​ចេះ​ស្រឡាញ់​រួប​រួម​គ្នា​កសាង​ប្រទេស​តទៅទៀត។ នេះ​បើ​តាម​បណ្តាំ​របស់​លោក»។
ព្រះតេជ​គុណ ឃឹម សន ព្រះ​មេគុណ​រាជ​ធានី​ភ្នំ​ពេញ​បាន​មាន​សង្ឃ​ដិកា​ថា ​ទាំង​ព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ​នៅ​ក្នុង និង​ក្រៅ​ប្រទេស​ពិត​ជា​មាន​ការ​សោក​ស្តាយ និង​មាន​ការ​គោរព​ដ៏​ខ្ពង់​ខ្ពស់​ណាស់​ចំពោះ​សម្តេច​ឪដែល​ព្រះ​អង្គ​ធ្លាប់​មាន​គុណធំ​ធេង​សម្រាប់​ប្រទេសជាតិ។
«មាន​ទាំង​លើក​នូវ​ការ​កង​កា ​មហា​កុសល​និង​ទាំង​ព្រះ​សង្ឃ​ទាំង​ប្រជា​រាស្ត្រ​ពុទ្ឋ​បរិស័ទ​ថ្វាយ​ចំពោះ​ព្រះ​បរម​វិញ្ញាណ​ក្ខន្ឋ​របស់​ព្រះ​អង្គ​សូម​ព្រះ​អង្គ​បាន​យាង​ទៅ​កាន់​ទី​បរម​សុខ​គឺ​សុខ​គតិ​ភព​កុំ​បី​ឃ្លាង​ឃ្លាត​ឡើយ»។
លោក​យឹម សុវណ្ណ​អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា លោក​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ឥតឧបមា​ហើយ​លោក​សង្ឃឹម​ថា ខ្មែរៗ​ជំនាន់​ក្រោយនឹង​ដឹក​នាំ​ប្រទេស​យក​តាម​គំរូ​វីរភាព​របស់​សម្តេចឪ។​
«វីរភាព​ដែល​បាន​បង្ហាញ​ការ​រំដោះ​ប្រទេស​ជាតិ​ចេញ​ពី​អាណានិគម​ក៏​ដូច​ជា​កសាង​សង្គម​រាស្ត្រ​និយម​ដែល​ជា​សង្គម​មួយ​នៅ​ក្នុង​ក្រអៅ​បេះ​ដូង​ខ្មែរ​គ្រប់ៗ​រូប។ ជា​សង្គម​មួយ​ដែល​ស្អាត​ស្អំ ជា​សង្គម​មួយ​ដែល​មាន​ការរីក​ចម្រើន​ ជា​សង្គម​មួយ​ដែល​មាន​យុត្តិ​ធម៌»។​
លោក​យឹម សុវណ្ណ​បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​លោក​សម រង្ស៊ី​មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​បាន​វិល​មក​ក្នុង​ប្រទេស​ដើម្បី​ចូល​រួម​គោរព​វិញ្ញាណ​ក្ខន្ត​ដល់​សម្តេច​ឪ៕
XS
SM
MD
LG