ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមត្ថកិច្ច​ចាប់អ្នកភូមិ​បឹងកក់​ក្នុង​ពេល​បង្ក្រាប​ការ​ទាមទារ​ដំណោះ​ស្រាយ​ដីធ្លី​


ស្រ្តី​អ្នក​តវ៉ា​ក្នុង​ជម្លោះ​ដីធ្លី​តំបន់បឹងកក់​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ។
ស្រ្តី​អ្នក​តវ៉ា​ក្នុង​ជម្លោះ​ដីធ្លី​តំបន់បឹងកក់​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ។

ក្រុម​ប៉ូលិស ​និង​កង​រាជអាវុធហត្ថ​បាន​ចាប់​ក្រៀក ​និង​ចាប់​សែង​ដៃ ​សែងជើង​ក្រុម​អ្នក​តវ៉ា​នៅ​សហគមន៍​បឹងកក់​ម្នាក់​ម្តងៗ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ រួច​រុញ​ទម្លាក់​ពួក​គេ​ចូល​ទៅ​ក្នុង​រថយន្ត​ និង​បើក​ឆ្ពោះ​ទៅកាន់​ស្នងការដ្ឋាន​ប៉ូលិស​រាជធានីភ្នំពេញ។​ ​

មនុស្ស​បី​នាក់​យ៉ាងតិច​បាន​ដួល​សន្លប់​ក្នុង​ការ​បង្រ្កាប​នេះ។​ ប្រជាពលរដ្ឋ​សរុប​ចំនួន​១៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ក្នុង​ពេល​ដែល​ពួក​គេ​បាន​ទាមទារ​ដោយ​សន្តិវិធី​ឲ្យ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ពន្លឿន​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួក​គេ​ជាមួយ​នឹង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​របស់​លោក​ឧកញ៉ា ​ឡាវ ​ម៉េងឃីន ​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់អំណាច។​

មាន​ស្រ្តី​ចំនួន​ពីរ​នាក់​បាន​សន្លប់​នៅ​ពេល​ដែល​មាន​ការ​ចាប់​ខ្លួន​យ៉ាង​ប្រតាយប្រតប់​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​វាយដំ ​និង​ឆក់​នឹង​ដំបងឆក់។ ​ក្នុង​ចំណោម​អ្នក​ត្រូវ​ចាប់​ខ្លួន ​មាន​អ្នកស្រី​ទេព ​វន្នី ​ហេង​ មុំ ​និង​អ្នកស្រី​តុល ​ស្រីពៅ ​ដែល​សុទ្ធ​សឹង​ជា​អ្នក​តវ៉ា​នាំមុខ​យ៉ាង​ក្លៀវក្លា​របស់​ប្រជា​សហគមន៍​បឹងកក់។​

ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់​សរុប​ប្រាណ​ជា​៥០​នាក់​ កាល​ពី​ព្រឹកមិញ​នេះ​បាន​នាំគ្នា​ប៉ុនប៉ង​ជួយ​សង់ផ្ទះ​មួយ​របស់​អ្នកស្រី ​សែន ​ទូច​ឡើងវិញ។ អ្នកស្រី​ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​សហគមន៍​នេះ។ ​ក្នុង​ខណៈ​នោះ​ កងប៉ូលិស ​កង​រាជអាវុធហត្ថ ​និង​កង​សណ្ដាប់ធ្នាប់​របស់​សាលារាជធានី​ភ្នំពេញ​ប្រមាណ​ជាង​១០០​នាក់ ​ប្រដាប់​ដោយ​ដំបងឆក់ ​ខែល​បង្រ្កាបបាតុកម្ម​ និង​គ្រាប់បែក​ផ្សែង​ បាន​ចាប់​ប្រទាញ​យក​ឈើ​សម្រាប់​ដាំសរសរ​ផ្ទះ​ ហើយ​ក្រុម​សណ្ដាប់ធ្នាប់​របស់​សាលា​រាជធានី​ភ្នំពេញ​ បាន​តាម​កញ្ឆក់​យក​បដារ​របស់​ក្រុម​បាតុករ។​

បុរស​ជា​ស្វាមី​របស់​ស្រ្តី​ម្ចាស់​ផ្ទះ​បាន​ដួល​សន្លប់​ភ្លាមៗ ​ពេល​មាន​ការ​បង្រ្កាប។​

អ្នកស្រី ​សែន ​ទូច​បញ្ជាក់​ថា ​ប្តី​របស់​គាត់​ដួល​សន្លប់​ដោយ​សារ​កំហឹង។​

«យើង​ជា​ម្ចាស់​ដី​ យើង​ឆ្អែត​ខ្លាំង​ពេក​ទៅ ​ក៏​រ៉ាយរ៉ាប់​ប្រាប់​គាត់​ទៅ ​គាត់​រុញ​ រុញ​ច្រាន ​ហើយ​គាត់ ​(ប្តី)​ខឹង​ខ្លាំង​ក៏​សន្លប់​ទៅ។ ​ខ្ញុំ​សម្រេច​ធ្វើ​ផ្ទះ​ឥឡូវ​យក​ឈើ​ខ្ញុំ​ទៅ​អស់»។​

វីអូអេ​បានព្យាយាម​ទាក់ទង​លោក​ឧត្តម​សេនីយ៍​ទូច ​ណារុថ ​ស្នងការ​នគរបាល​រាជធានីភ្នំពេញ តែ​មិនអាចទំនាក់ទំនង​បាន​ទេ ​ដោយសារ​តែ​ទូរស័ព្ទ​របស់​លោក​រោទិ៍​ជា​ច្រើន​ដង ​ហើយ​គ្មាន​អ្នក​ទទួល។ ​ដោយឡែក​លោក​កើត​ ឆែ ​នាយក​រងរដ្ឋបាល​សាលា​រាជធានី​ ភ្នំពេញ​មិន​ធ្វើ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ​នោះ​ទេ។​

ទោះជាយ៉ាងណា​ បើ​យោង​តាម​ក្រុម​មន្ដ្រីឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ដែល​បាន​ចូល​ជួប​ជន​រងគ្រោះ​ដោយ​ផ្ទាល់​នៅ​កន្លែង​ឃុំឃាំង​បណ្ដោះ​អាសន្ន​ បាន​ឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​ទាំង​នោះ​អាច​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់ ​ហើយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ស្អែក។ ​ហើយ​ប៉ូលិស​បាន​សួរ​ចម្លើយ​ពួកគាត់​ម្តង​មួយៗ​ នៅ​រសៀល​នេះ។​

លោក​អំ ​សំអាត ​ប្រធាន​ការិយាល័យ​គ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​លីកាដូ​ មាន​ប្រសាសន៍​ថា ​ការ​ចាប់​ខ្លួន​នេះ​មិនមែន​ជា​ដំណោះស្រាយ​ទេ។​

«ទោះ​ជា​យើង​បង្រ្កាប ​យើង​ចាប់​បន្តទៀត​ក៏ដោយ ​ក៏​បញ្ហា​នេះ​មិន​ចប់​ទេ។ ​វា​អាច​រីករាលដាល​ទៅ​ប្រសិន​បើ​យើង​មិនដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ឲ្យ​បាន​ចប់។​ ហើយ​ប្រជាពលរដ្ឋ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​គឺ​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ហ្នឹង​ឯង»។​

ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ការ​ចាប់​ខ្លួន​អ្នក​ភូមិ​បឹងកក់​បាន​សម្តែង​ប្រតិកម្ម​ក្នុង​រង្វង់​ពួក​គាត់។​

រដ្ឋាភិបាល​បានជួលដី​នៃ​សហគមន៍​បឹងកក់​សរុប​ចំនួន​១៣៣​ហិចតា​សម្រាប់​រយៈ​ពេល​៩៩​ឆ្នាំ​ ឲ្យ​ដល់​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​អភិវឌ្ឍ​សំណង់​ទំនើប​ និង​មណ្ឌល​ពាណិជ្ជកម្ម។​

ប្រជាពលរដ្ឋ​ចំនួន​ជាង​៤០០០​គ្រួសារ​ត្រូវ​បាន​បណ្ដេញចេញប្រកប​ដោយ​ភាព​ហិង្សា។ ​ធនាគារ​ពិភពលោក​បាន​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​វិបត្តិនេះ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ។ ​ក្រោយ​មក​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន ​សែន​បាន​សម្រេច​កាត់ដី​ចំនួន​ជាង​១២​ហិចតា​សម្រាប់​ធ្វើ​ការ​បែងចែក​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ជាង​៧០០​គ្រួសារ។ ​ប៉ុន្ដែ​ប្រជាពលរដ្ឋ​៩៤​គ្រួសារ​ក្នុង​ចំណោម​នោះ​ ត្រូវ​បាន​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​បដិសេធ​មិន​ផ្តល់​ចំណែក​ដី ​ឲ្យ​ទេ ​ដោយ​ចោទ​ថា ​ប្រជាពលរដ្ឋ​ទាំង​នោះ​រស់លើ​ចំណី​ដី​របស់​ក្រុមហ៊ុន។​ ប៉ុន្ដែ​ក្រុម​ប្រជាជន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។​

«មាន​ដី​ខ្លួន​ឯង ​គេ​បូម​ពន្លិច​ហើយ ​ហើយគេ​មក​ចាប់ចង់​ទៀត។​ តើ​វាសាហាវ​ប៉ុណ្ណា? ​អស់​លោក​ជួយ​មើល? ​បូមពន្លិច​បំបិទ​ភ័ស្តុតាង​ ហើយ​ចោទ​ថា ​ដី​ទឹក។ ​ផ្ទះវីឡា​ធំៗ ​បូមពន្លិច​បំបិទ​ភ័ស្តុតាង​ ហើយ​ នឹង​យក​អេស្កាវទ័រ​មក​កាវ​ឲ្យ​ខ្ទេច»។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់​បាន​ធ្វើ​ការ​តវ៉ា​រួច​ម្តង​ហើយ​ នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ​ហើយ​មន្ដ្រី​ទទួល​ខុស​ត្រូវ​បាន​ប្រាប់​ពួក​គេ​ថា​ នឹង​លើក​យក​បញ្ហា​ពួក​គេ​មក​ដោះស្រាយ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ឃុំ​សង្កាត់​ថ្ងៃ​ទី​៣ ​មិថុនា។​ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បញ្ជាក់​ថា ​ការ​សន្យា​នេះ​បាន​ភ្ជាប់​ជាមួយ​នឹង​លក្ខខណ្ឌ​ថា​ ពួក​គេ​ត្រូវ​តែ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា៕​

XS
SM
MD
LG