កុមារាអាយុជាងពីរឆ្នាំម្នាក់បានស្លាប់កាលពីព្រឹកថ្ងៃពុធនេះ ដោយសារជំងឺផ្តាសាយបក្សីដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារមេរោគ H5N1កើនដល់១៧នាក់ហើយ នៅក្នុងប្រទេសកម្ពុជាគិតមកដល់ពេលនេះ។
កុមារា ហ៊ិន ហៀង ស្លាប់នៅម៉ោងជិត៣ទៀបភ្លឺឆ្លងចូលថ្ងៃពុធទី១៨ ខែមករានេះនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្រោយពេលទទួលការព្យាបាលអស់មួយសប្តាហ៍មក។ នេះបើតាមការអះអាងរបស់ក្រុមគ្រូពេទ្យនៅទីនោះ។
ក្មេងប្រុសនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី៩ ខែមករា ក្រោយពេលទទួលការព្យាបាលនៅក្នុងភូមិអស់ជិតមួយសប្តាហ៍ដោយមិនមានការធូរស្រាល។
ក្រុមគ្រូពេទ្យបាននិយាយថាការបញ្ជូនក្មេងមកកាន់មន្ទីរពេទ្យគឺយឺតពេលបន្តិច នឹងមិនអាចសង្គ្រោះបានទេព្រោះថាការឆ្លងរបស់មេរោគមានលក្ខណៈធ្ងន់ធ្ងរទៅហើយ ធ្វើឱ្យខូចប្រព័ន្ធដកដង្ហើម សួត និងតម្រងនោម។
ក្មេងប្រុសរងគ្រោះរស់នៅក្នុងភូមិរពាក់ឃុំស្នួលមានជ័យស្រុកព្រះនេត្រព្រះ បានឆ្លងមេរោគផ្តាសាយបក្សីកាលពីថ្ងៃទី៣ ខែមករា ដោយសារការប៉ះពាល់ជាមួយសត្វមាន់ដែលងាប់ ឬឈឺនៅក្នុងភូមិនោះ។
ក្មេងប្រុសរូបនោះបានចាប់ផ្តើមមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ និងក្អួត ក្រោយពេលដែលមានសត្វមាន់រាប់ពាន់ក្បាលបានងាប់នៅក្នុងតំបន់ នោះ។ នេះបើតាមការអះអាងរបស់ក្រុមគ្រួសារនិងមន្ត្រីសុខាភិបាល។
ជំងឺផ្តាសាយបក្សី បានចាប់ផ្តើមវាយលុកចូលប្រទេសកម្ពុជាកាលពីឆ្នាំ ២០០៥ ហើយមានមនុស្ស១៩នាក់បានឆ្លង ក្នុងនោះ១៧នាក់រួមទាំងក្មេងប្រុសនេះផងបានស្លាប់គិតមកដល់ពេលនេះ ហើយការស្លាប់របស់ក្មេងនេះ គឺជាករណីទីមួយនៃការឆ្លងមេរោគផ្តាសាយបក្សី H5N1 ដែលត្រូវបានគេ រកឃើញនៅឆ្នាំ២០១២នេះ។
លោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងរបស់ក្រសួងសុខាភិបាលបានថ្លែងថា ការវិភាគកំពុងត្រូវបានគេធ្វើឡើងដើម្បីតាមដានរកមេរោគដែលអាចនឹងឆ្លងទៅកាន់អ្នកដទៃទៀតនៅតំបន់នោះ។
«យើង នឹងបន្តតាមដានអ្នកដែលប៉ះពាល់ប៉ុន្តែការវិភាគនៅមិនទាន់បង្ហាញថាអ្នកណាមួយមានជាវិជ្ជមាននៅឡើយទេ»។
ជំងឺផ្តាសាយបក្សី គឺនៅតែជាបញ្ហាគំរាមកំហែងដល់សុខភាព របស់ប្រជាពលរដ្ឋកម្ពុជា ពិសេស កុមារគឺជាមនុស្សដែលងាយទទួលរងផលប៉ះពាល់ជាងគេ។ នេះ បើតាមការអះអាងរបស់មន្ត្រីក្រសួងសុខាភិបាល៕