ជីវិតខ្លាឃ្មុំនៅកម្ពុជាប្រឈមនឹងការប្រមាញ់ និងការរុករានព្រៃខុសច្បាប់។ នៅកម្ពុជាមានអង្គការ FreeThe Bears ដែលមានន័យថា សង្គ្រាះខ្លាឃ្មុំ ហើយដែលបានយកខ្លាឃ្មុំរងគ្រោះជាច្រើនក្បាលមករក្សាទុកនៅសួនសត្វភ្នំតាម៉ៅ។
អង្គការ Free The Bears ដែលសង្គ្រោះខ្លាឃ្មុំនៅភ្នំតាម៉ៅនេះកំពុងផ្តល់ជម្រកដល់ខ្លាឃ្មុំរងគ្រោះច្រើនបំផុតក្នុងពិភពលោក។ អង្គការអន្តរជាតិអភិរក្សធម្មជាតិ International Union for Conservation of Nature ចាត់ទុកថា ខ្លាឃ្មុំប្រភេទនេះជាសត្វរងគ្រោះថ្នាក់ដាច់ពូជ។
បច្ចុប្បន្នមានខ្លាឃ្មុំ៨៤ក្បាលរួចជីវិតនៅទីនោះ ដោយសង្គ្រោះពីកន្លែងគេលាក់ទុកសម្រាប់ធ្វើម្ហូប និងកន្លែងធ្វើថ្នាំ។ខ្លាឃ្មុំប្រភេទនេះមានមាឌតូច។ វាមានក្រឡាព៌ណលឿនលើទ្រូង និងមានអណ្តាតវែង ហើយស៊ីឃ្មុំ។ ជនល្មើសប្រមាញ់ខ្លាឃ្មុំយករោម និងប្រម៉ាត់ធ្វើថ្នាំចិនសែ រីឯសាច់ និងប្រអប់ជើង គេយកធ្វើស៊ុប ដែលជនជាតិអាស៊ីជឿថា ជាអាហារប៉ូវ។ ជួនកាលគេចិញ្ចឹមវាជាសត្វសំណប់ ដោយសារវាស្លូត និងមិនសូវធំ។
លោក Matt Hunt នាយកប្រតិបត្តិអង្គការ Free The Bears បានធ្វើការសង្គ្រោះខ្លាឃ្មុំប្រភេទនេះនៅកម្ពុជា១០ឆ្នាំមកហើយ។
គាត់និយាយថា៖
«អនាគតខ្លាឃ្មុំ យូរអង្វែងទៅមុខទៀត មិនល្អទេ ដោយសារវាបាត់បង់ជម្រក ចំនួនមនុស្សកើនឡើង ហើយជាពិសេសនោះគឺការប្រមាញ់ដែលកើនឡើង ដោយសារតែអ្នកមានជាច្រើនមានជំនឿលើថ្នាំបុរាណ ហើយគេចេះតែចង់សាកម្ហូបសត្វព្រៃផ្តេសផ្តាស់ដែលជាម្ហូបកម្រ ហើយដែលគ្មានអ្វីពិសេសនោះ»។
លោកជួន វុទ្ធី ជានាយកគម្រោងនៅអង្គការFree The Bears។ ថ្មីៗនេះលោកទទួលបានរង្វាន់៥ម៉ឺនដុល្លារសម្រាប់កិច្ចប្រឹងប្រែងរបស់លោកក្នុងការអភិរក្សខ្លាឃ្មុំ១៥ឆ្នាំមកនេះ។
គាត់និយាយថា៖
«អង្គការ Free The Bears សហការជាមួយរដ្ឋបាលព្រៃឈើនៃប្រទេសកម្ពុជារួមគ្នាធ្វើការបង្ក្រាបបទល្មើសសត្វព្រៃ ហើយនិងនាំយកខ្លាឃ្មុំមកដាក់ចិញ្ចឹមនៅសួនសត្វភ្នំតាម៉ៅនេះ ធ្វើឲ្យខ្លាឃ្មុំបានទទួលនូវលក្ខខណ្ឌរស់នៅល្អ ដែលបានផ្តល់ទីជម្រកធំទូលាយ មានរបស់លេងច្រើននៅទីនេះ។ អញ្ចឹងធ្វើឲ្យខ្លាឃ្មុំមានភាពសប្បាយរីករាយច្រើនជាងកាលពីមុន»។
ក្នុងឆ្នាំ២០០៩ កូនខ្លាឃ្មុំ២ក្បាលត្រូវសង្គ្រោះ ដែលបង្ហាញពីភាពឃោរឃៅនៃការជួញដូរខ្លាឃ្មុំ។
កូនខ្លាឃ្មុំទាំងពីររបួសជិតស្លាប់ដោយសារអន្ទាក់ មុនពេលមន្ត្រីអង្គភាពសង្គ្រោះសត្វព្រៃនៃអង្គការ Wildlife Alliance សង្គ្រាះវា ក្រោយពីទទួលបានព័ត៌មាន។
កូនខ្លាឃ្មុំទាំងពីរបានរួចជីវិត និងត្រូវបានថែរក្សាដោយអង្គការ Free The Bears។ អង្គការនេះបានខិតខំបង្កើតមណ្ឌលសង្គ្រោះសត្វព្រៃ ដោយបណ្តុះបណ្តាលអង្គភាពពង្រឹងច្បាប់ ធ្វើកម្មវិធីអប់រំអំពីបរិស្ថាន។ ទោះជាយ៉ាងនេះក្តី ចំនួនខ្លាឃ្មុំនៅតែធ្លាក់ចុះ។
អ្នកជំនាញនៅអង្គការអន្តរជាតិអភិរក្សធម្មជាតិ International Union for Conservation of Nature ប៉ាន់ស្មានថា ចំនួនខ្លាឃ្មុំធ្លាក់ចុះ៣០%ក្នុងពេល៣០ឆ្នាំនេះ។
លោក Matt Hunt និយាយថា បើរដ្ឋាភិបាលមិនបង្កើនកម្មវិធីការពារខ្លាឃ្មុំទេ នោះខ្លាឃ្មុំនឹងដាច់ពូជពីក្នុងព្រៃប្រទេសកម្ពុជា។ លោកនិយាយថា៖
«យើងត្រូវមានតំបន់អភិរក្ស និងត្រូវការវិធានការពង្រឹងច្បាប់ច្រើនថែមទៀត។ យើងត្រូវទប់ស្កាត់ការនាំខ្លាឃ្មុំឆ្លងព្រំដែន។ ក្រៅពីនេះ ត្រូវបង្កើនការយល់ដឹងថែមទៀត ដើម្បីធានាថា អតិថិជនឈប់ចង់បរិភោគស៊ុបក្រញាំជើងខ្លាឃ្មុំ នៅភោជនីយដ្ឋាន ឬឈប់ប្រើប្រម៉ាត់ខ្លាឃ្មុំ ពេលគេឈឺ ឬពេលគេទៅពេទ្យបុរាណ»។
ដោយសារការរុករានព្រៃ និងការប្រមាញ់នៅមានសកម្មភាពខ្លាំងក្លានៅឡើយ ដូច្នេះគេមិនដឹងថា តើការសង្គ្រាះខ្លាឃ្មុំនេះអាចឈ្នះសកម្មភាពខុសច្បាប់ឬយ៉ាងណាទេ៕