រថយន្ដម៉ាកអង្គរ ដែលជាប្រភេទរថយន្ដប្រើអាគុយរបស់កម្ពុជាជាលើកដំបូងគ្រោងនឹងឈានចូលក្នុងទីផ្សារនៅពាក់កណ្ដាលឆ្នាំ ២០១២ នេះ។ ហើយក្នុងពេលនេះមានក្រុមហ៊ុនបស្ចឹមប្រទេសចំនួនបួនបានបង្ហាញការចាប់អារម្មណ៍លើរថយន្ដរបស់កម្ពុជានេះ។
ក្រុមហ៊ុនក្នុងស្រុកមួយដែលមានឈ្មោះថា ហេងអភិវឌ្ឍន៍ ដែលចាប់ដៃគូជាមួយនឹងក្រុមហ៊ុនជូលាងអ៊ីនធើប្រាយចំកាត់ (Chau Leong Enterprise (group) Co,Ltd)មកពីហុងកុងសម្រាប់ផលិតរថយន្ដម៉ាកអង្គរនេះ បានអះអាងថា ខ្លួនកំពុងសាងសង់រោងចក្រផលិត និងដំឡើងរថយន្តនៅក្នុងខេត្តកណ្ដាល។ ហើយការសាងសង់រោងចក្រនឹងត្រូវចប់សព្វគ្រប់នៅក្នុងអំឡុងខែមិនា ឬខែមេសា។
លោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេង អភិវឌ្ឍន៍មានប្រសាសន៍ថា រថយន្ដម៉ាកអង្គរចំនួនបួនប្រភេទនឹងចេញបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ។
«និយាយរួមរោងចក្រធ្វើអស់ហើយ គ្រាន់តែនៅចាប់ដំឡើងមកផ្សារដំឡើងប្រក់តែប៉ុណ្ណោះទេ។ ឡានគឺថា ក្នុងខែទី៦នៃឆ្នាំ២០១២ យើងចេញ៤ម៉ូឌែល។ និយាយរួមឧបករណ៍យើងមានទាំងអស់។ យើងមានចាប់ផ្គុំបញ្ចូល។ យើងសព្វថ្ងៃកំពុងតែសារ៉េគ្រឿងអាគុយនិងកែសម្រួលសំបកវាខាងក្រៅបន្តិច»។
ថ្វីបើអ្វីៗភាគច្រើនកំពុងស្ថិតក្នុងគម្រោង លោកស្រីសៀង ចាន់ហេងបានឲ្យដឹងបន្តថា រហូតមកដល់ពេលនេះមានក្រុមហ៊ុនចំនួន៤មកពីសហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី និងនូវែសឺឡង់ បានមកទាក់ទងសម្រាប់នាំចូលផ្តាច់មុខទៅប្រទេសទាំងនោះ។
ក្រុមហ៊ុនហេង អភិវឌ្ឍន៍ និងក្រុមហ៊ុនជូលាងអ៊ីនធើប្រាយចំកាត់ (Chau Leong Enterprise (group) Co,Ltd) បានចុះហត្ថលេខាកាលពីចុងខែមិនាឆ្នាំ២០១១កន្លងទៅសម្រាប់ធ្វើការវិនិយោគរួមគ្នា ដើម្បីបង្កើតរថយន្ដអង្គរដែលដើរដោយថាមពលអគ្គិសនី ឬជារថយន្ដប្រើអាគុយ។ ហើយការវិនិយោគនេះគ្រោងនឹងបង្កើនដើមទុនពីចំនួន២០លានដុល្លារអាមេរិកនៅក្នុងដំណាក់កាលដំបូងដល់ចំនួន២០០លានដុល្លារ នៅពេលដែលការផលិតមានការរីកចម្រើន។
រថយន្ដនេះត្រូវបានបង្កើតឡើងដោយលោកញាន ផល្លឹក ដែលជាពលរដ្ឋខ្មែរម្នាក់បានប្រឹងប្រែងតស៊ូស្រាវជ្រាវដោយខ្លួនឯងដើម្បីផលិតរថយន្តតាមការស្រមៃរបស់ខ្លួន។
លោកញាន ផល្លឹកបញ្ជាក់ថា រថយន្តដែលគ្រោងនឹងផលិតចេញក្នុងរយៈពេលប៉ុន្មានខែទៀតនេះមានប្រភេទរថយន្ត២កៅអី មានទំហំបណ្តោយចាប់ពី៣,៣ម៉ែត្រទៅ៣,៥ម៉ែត្រ ទទឹងប្រហែលជា១,៦ម៉ែត្រនិងកម្ពស់ប្រមាណជា១,៤ ម៉ែត្រ។
«ខ្ញុំធ្វើទ្វារគឺបើកខាងលើត្រង់ ហើយយើងធ្វើឡាន៤ម៉ូឌែលនិងធ្វើខុសគ្នាទាំងអស់ អត់ដូចគ្នាទេ។ ហើយទ្វារយើងប្រើស្គេនក្រយៅដៃ បញ្ជេះកុងតាក់ ក៏យើងប្រើក្រយៅដៃដែរ»។
លោកញាន ផល្លឹកបានសារភាពថា រោងចក្រដំឡើងរថយន្ដក្នុងស្រុកមួយនេះមិនទាន់មានការបំពាក់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយខ្លួនឯងនៅឡើយទេ ដូច្នេះក្រុមហ៊ុននឹងត្រូវការចាំបាច់ជួលវិស្វករបរទេស។
តាមគម្រោង រោងចក្រផលិតនិងដំឡើងរថយន្ដអង្គរនេះអាចស្រូបយកកម្លាំងកម្មករជំហានដំបូងប្រមាណជា៣០០នាក់ និងអាចផលិតរថយន្ដធុន ២កៅអី ៤កៅអីបានចំនួនពី៥០០ទៅ១០០០គ្រឿងក្នុងមួយឆ្នាំ ដោយមានតម្លៃទាបបំផុត ចន្លោះពី៥០០០ដុល្លារទៅ១០០០០ដុល្លារក្នុងមួយគ្រឿង។ ជំហានដំបូងក្រុមហ៊ុនចម្រុះនេះនឹងផលិតត្រឹមតែប្រភេទរថយន្តធុនពីរកៅអី ដែលអាចបើកបរក្នុងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងប្រភេទបួនកៅអី ដែលអាចបើកបរក្នុងល្បឿន១២០គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្ដនេះអាចបើកបរបានចម្ងាយប្រមាណជា៥០០គីឡូម៉ែត្រ ហើយក្នុងករណីដែលរថយន្ដចុះខ្សោយថាមពល ឬអស់ថាមពលអាគុយ គេអាចបញ្ចូលភ្លើងអាគុយឡើងវិញដែលនឹងត្រូវប្រើរយ:ពេលពី៣ ទៅ៦ម៉ោង។
ក៏ប៉ុន្ដែលោកញានផល្លឹកធ្លាប់បានឲ្យដឹងថា រថយន្តប្រើប្រាស់ដោយថាមពលអាគុយនេះនឹងផ្ដល់ផលចំណេញផ្នែកថវិកាប្រមាណជា៨០ភាគរយបើធៀបទៅនឹងរថយន្តប្រើដោយប្រេងឥន្ធនៈ ក្នុងការបើកបរចម្ងាយ១០០គីឡូម៉ែត្រដូចគ្នា។
ទោះជាយ៉ាងនេះក្ដី បញ្ហាប្រឈមមួយសម្រាប់រថយន្ដនេះគឺប្រទេសកម្ពុជាមានបណ្ដាញអគ្គិសនីគ្របដណ្ដប់នៅទូទាំងប្រទេស ទើបតែបានប្រមាណជាង២០ភាគរយតែប៉ុណ្ណោះ ដូច្នេះការស្វែងរកការបញ្ចូលភ្លើងនៅពេលដែលថាមពលអាគុយរថយន្ដចុះខ្សោយនឹងក្លាយជាកង្វល់មួយសម្រាប់អ្នកប្រើប្រាស់។
ក៏ប៉ុន្តែលោកញាន ផល្លឹកបានមានប្រសាសន៍ថា នៅពេលអនាគតក្រុមហ៊ុននឹងបង្កើតស្ថានីយ៍បញ្ចូលភ្លើងអាគុយនៅគ្រប់ទីកន្លែងដើម្បីឲ្យមានភាពងាយស្រួលក្នុងការសាកបញ្ចូលភ្លើង។
ប្រទេសកម្ពុជាគឺជាប្រទេសត្រូវគេមើលឃើញថា តម្លៃប្រេងឥន្ធន:ខ្ពស់ជាងប្រទេសជិតខាង និងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។
នៅប្រទេសកម្ពុជាមានរថយន្ដចុះបញ្ជីផ្លូវការសរុបចំនួនជាង៤០០០០០ គ្រឿង។ នេះបើតាមការបញ្ជាក់របស់លោកព្រាប ច័ន្ទវិបុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងគមនាគមន៍និងដឹកជញ្ជូន។
លោកព្រាប ច័ន្ទវិបុលបន្ថែមថា ក្នុងចំណោមរថយន្ដទាំងនោះ រថយន្ដមួយចំនួនប្រើថាមពលប្រេងសាំង និងថាមពលអាគុយ ទើបនឹងចាប់ផ្ដើមមានការនិយម ក៏ប៉ុន្ដែនៅមិនទាន់មានប្រភេទរថយន្តប្រើប្រាស់អាគុយសុទ្ធនៅឡើយទេ៕