ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​​ព្យាយាម​ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខអ.ស.ប.


លោក​រដ្ឋមន្រ្តី​ការ​បរទេស​ហោ ណាំហុង​
លោក​រដ្ឋមន្រ្តី​ការ​បរទេស​ហោ ណាំហុង​

លោក​រដ្ឋមន្រ្តី​ការ​បរទេស​ហោ ណាំហុង​បាន​ណែនាំ​ឲ្យ​ឯក​អគ្គរាជទូត​និង​អគ្គ​កុងស៊ុល​កម្ពុជា​ផ្សព្វផ្សាយ​គោល​នយោបាយ​ការ​បរទេស​របស់​ប្រទេស​កម្ពុជា​ ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​អន្តរជាតិ​ ខណៈ​ដែល​ប្រទេស​កម្ពុជា​ស្វះស្វែង​រក​ តំណែង​ជា​សមាជិក​មិន​អចិន្រ្តៃយ៍​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ លោក​រដ្ឋមន្រ្តី​ការ​បរទេស​ហោ ​ណាំហុង​បាន​ណែនាំ​ដល់​ឯក​អគ្គ​រាជទូត ​និង​អគ្គ​កុង​ស៊ុល​កម្ពុជា​ចំនួន​៣៤​រូប​ប្រចាំ​នៅ​បរទេស​ ឲ្យ​ខំប្រឹងប្រែង​បញ្ចុះ​បញ្ចូល​ប្រទេស​ទាំង​នោះ​បោះឆ្នោត​គាំទ្រ​បេក្ខភាព​របស់​ប្រទេស​កម្ពុជា​ធើ្វ​ជា​សមាជិក​មិន​អចិន្រៃ្តយ៍​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ​២០១៣។

លោក​ហោ ​ណាំហុង​បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ការ​ជួបប្រជុំ​បិទទ្វារ​ជាមួយ​ឯក​អគ្គរាជទូត​ចំនួន​២៦​រូប ​និង​អគ្គ​កុងស៊ុល​ចំនួន​៨​រូប​ប្រចាំ​នៅ​ប្រទេស​នានា​អំពី​គោល​នយោបាយ​ការ​បរទេស​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​បេក្ខភាព​កម្ពុជា​ធើ្វ​ជា​សមាជិក​មិន​អចិន្រៃ្តយ៍​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ ​ការ​បក​ស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ របស់​តុលាការ​យុតិ្តធម៌​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ​ និង​តំបន់​ជុំវិញ​ប្រាសាទ​ និង​ការ​ធើ្វ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១២​នេះ។

លោក​កួយ ​គួង ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស ​បាន​ថ្លែង​ថា​ ក្នុង​ឆ្នាំ​២០១២​នេះ ​អង្គការ​សហ​ប្រជាជាតិ​នឹង​ធើ្វ​ការ​បោះឆ្នោត​សម្រេច​អំពី​បេក្ខភាព​របស់​ប្រទេស​កម្ពុជា​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ​២០១៣-២០១៤។

លោក​អ៊ូ ​វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា ​បាន​ថ្លែង​ថា ​បើ​កម្ពុជា​អាច​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​មែន ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា ​ពីព្រោះ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​គឺ​ជា​អ្នក​សម្រេច​គោល​នយោបាយ​សន្តិសុខ​អន្តរ​ជាតិ​សំខាន់ៗ ​ដូច​ជា​ការ​ថ្កោលទោស​ប្រទេស​ជា​សមាជិក ​ការ​ដាក់​ពង្រាយ​កង​រក្សា​សន្តិភាព ​និង​ការ​សម្រេច​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​ណាមួយ។

«ក្លាយ​ទៅ​ជា​សមាជិក​មួយ​រូប​ហ្នឹង​គឺ​ជា​តួនាទី​មួយ​ដ៏​សំខាន់ ​ជា​ការ​ទទួល​ខុសត្រូវ​មួយ​ដ៏​សំខាន់​ និង​ជា​មុខមាត់​មួយ​ដ៏​សំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ​ហើយ​ក៏​ជា​អំណាច​ដ៏​សំខាន់​មួយ​ដែរ​ក្នុង​ការ​សម្រេច​ចិត្ត​ហ្នឹង។ ​ដូច្នេះ​បើ​កម្ពុជា​បាន​ចូល​ជា​សមាជិក​មិន​អចិន្រ្តៃយ៍​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ វា​មាន​សារៈ​សំខាន់​ណា​សម្រាប់​ប្រទេស​កម្ពុជា»។

លោក​អ៊ូ ​វីរៈ​បាន​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​មាន​សមត្ថភាព​បំពេញ​តួនាទី​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បាន ​ប៉ុន្តែ​កម្ពុជា​អាច​នឹង​ទទួល​បរាជ័យ​ដោយសារ​ រូបភាព​នៃ​បញ្ហា​សិទិ្ធ​មនុស្ស ដោយសារ​ការ​បដិសេធ​ការ​តែងតាំង​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ​និង​ការ​គំរាម​បិទ​ការិយាល័យ​សិទិ្ធ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា​ ឬ​ការ​មិន​សហការ​ជាមួយ​ក្រុម​ប្រឹក្សា​សិទិ្ធ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ។

«ខ្ញុំ​មើល​ទៅ​ប្រទេស​កម្ពុជា​ប្រហែល​ជា​មិន​អាច​ទទួល​បាន​ការ​បោះឆ្នោត​ជាប់​ទេ។ ​ខ្ញុំ​មើល​ទៅ​បើ​សិន​ជា​មើល​ពី​រឿង​ឆាក​នយោបាយ ​កម្ពុជា​មាន​អ្នកគាំទ្រគឺ​អាច​ជោគជ័យ។​ ក៏ប៉ុន្តែ​រដ្ឋាភិបាល​យើង​មិន​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​ជា​សមាជិក​ដ៏​ល្អ​នៃ​អង្គការ​សហ​ប្រជាជាតិ​ទេ ​ដូច​ជា​រឿង​ទាក់ទង​សិទិ្ធ​មនុស្ស ​និង​ការ​ទាត់ចោល​ចៅក្រម​អន្តរជាតិ​ ដោយ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម»។

លោក​ឡាវ ​ម៉ុងហៃ ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ ​បាន​ថ្លែង​ថា​ បើ​កម្ពុជា​ក្លាយ​ជា​សមាជិក​មិន​អចិន្រ្តៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ​កម្ពុជា​ទទួល​បាន​កិត្តិយស។ ​ប៉ុន្តែ​កម្ពុជា​ត្រូវ​បង្កើន​យុទ្ធនាការ​បញ្ចុះ​បញ្ចូល​ប្រទេស​សមាជិក​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​គាំទ្រ។

«ឯក​អគ្គរាជទូត ​និង​កុងស៊ុល​តំណាង​ប្រទេស​ខ្មែរ​ទាំងមូល ​នៅ​បរទេស​ហ្នឹងគឺ​មាន​តួនាទី​ខំ​បញ្ចុះ​បញ្ចូល​បន្ថែម​ទៀត ​ដើម្បី​សុំ​សន្លឹកឆ្នោត​ពី​គេ។ ​យើង​ចំណេញ​បាន​យល់ដឹង ​មាន​បទ​ពិសោធន៍​ ហើយ​គេ​ទទួល​ស្គាល់​គាំទ្រ​ច្រើន​ ហើយ​យើង​ទុកចិត្ត​លើ​ខ្លួន​ឯង​កាន់​តែ​ច្រើន​ទៅៗ»។

សមាជិក​អចិន្រៃ្តយ៍​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​មាន​ប្រទេស​ចំនួន​៥​គឺ​សហរដ្ឋ​អាមេរិក​ ចិន​ រុស្ស៊ី ​បារាំង​ និង​អង់គ្លេស​ ហើយ​សមាជិក​មិន​អចិន្រ្តៃយ៍​មាន​១០​ប្រទេស៕

XS
SM
MD
LG