ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ ស្នើ​ឱ្យ​ភាគី​ថៃ​បញ្ជូន​ប្រធាន​​​រណសិរ្ស​រំដោះ​ជាតិ​​ខ្មែរ មក​កម្ពុជា


រូបឯកសារ៖ លោក ​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​​​និយាយជាមួយ​​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (VOA)

នាយ​ឧត្ដមសេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ ​បញ្ជាក់​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​សមត្ថកិច្ច​កម្ពុជា​ទើប​តែ​បាន​ដាក់​លិខិត​ផ្លូវ​ការ​មួយ​ទៅ​អគ្គ​តម្រួត​របស់​ប្រទេស​ថៃ​​ ដើម្បី​បញ្ជូន​ឈ្មោះ​ ​សម សេរី​ ​មក​កម្ពុជា​​ដើម្បី​ទទួល​ទោស។

បន្ទាប់​ពី​អាជ្ញាធរ​ថៃ​ ​បាន​ចាប់​ខ្លួន​លោក​ ​សម សេរី​ ​ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​កាលពី​ថ្ងៃ​ពុធ​ ​ពាក់​ព័ន្ធ​នឹង​ការ​ស្នាក់​នៅ​ប្រទេស​ថៃ​ហួស​ទិដ្ឋាការ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​បញ្ជាក់​ថា​ ​សមត្ថកិច្ច​កម្ពុជា​បាន​ស្នើសុំ​ភាគី​ថៃ​ឱ្យ​បញ្ជូន​លោក​ ​សម សេរី​ ​មក​កម្ពុជាដើម្បី​ដាក់​ទោស​ពី​បទ​ «ភេរវកម្ម»​ ​ទៅ​តាម​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​កាលពី​ឆ្នាំ​២០១៤។​

សមត្ថកិច្ច​កម្ពុជា ​ស្នើ​ភាគី​ថៃ​ឲ្យ​បញ្ជូន​លោក​ ​សម សេរី​ ​ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិខ្មែរ ​យក​មក​ដាក់​ទោស​នៅ​កម្ពុជា​ ​ពី​បទ ​«ភេរវកម្ម»​ ​ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ថៃ​ បាន​ចាប់​ខ្លួន​លោកកាលពី​ថ្ងៃ​ពុធ។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហា​ផ្ទៃ។​

នាយ​ឧត្ដមសេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ ​បញ្ជាក់​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​សមត្ថកិច្ច​កម្ពុជា​ទើប​តែ​បាន​ដាក់​លិខិត​ផ្លូវ​ការ​មួយ​ទៅ​អគ្គ​តម្រួត​របស់​ប្រទេស​ថៃ ដើម្បី​បញ្ជូន​ឈ្មោះ​ ​សម សេរី​ ​មក​កម្ពុជាដើម្បី​ទទួល​ទោស។

លោក​បន្ថែម​ថា​ ​សម្រាប់​ការ​បញ្ជូន​លោក​ ​សម សេរី​ ​មក​កម្ពុជា​ ​ឬ​អត់​នោះ​ ​គឺ​អាស្រ័យ​លើ​ភាគី​ថៃ​ ​ក្រោយ​ការ​អនុ​វត្ត​ទោស​នៅ​ប្រទេស​ថៃ​ពាក់​ព័ន្ធ​នឹង​ការ​ស្នាក់​នៅ​ហួស​ទិដ្ឋាការ​រួចរាល់។​

នាយ​ឧត្ដមសេនីយ៍​ ​ខៀវ សុភ័គ​ ​មាន​ប្រសាសន៍​ថា៖​

«គាត់​មាន​សាលក្រម​មួយ​របស់តុលា​ការ​សាលា​ដំបូង​យើង​នេះ​ ​គឺ​កាត់​ទោស​គាត់​៩ឆ្នាំ​ ​ពី​បទ​ភេរវកម្ម ហើយ​សាលក្រម​នេះ​ចូល​ជាស្ថាពរ​នៅ​ខែ៤​ ​២០១៤​កន្លង​ទៅ។​ ​ដូច្នេះ យើង​មិន​ចាំបាច់​កាត់​ទោស​អី​ទៀត​ទេ​ ​អនុ​វត្ត​សាលក្រម​ដែល​មាន​ស្រាប់តែ​ម្ដង»។​

ឈ្មោះ​ ​សម សេរី​ ​ហៅ​ ​យាន យៀប​ ​ជា​ប្រធាន​ចលនា​មួយ​ឈ្មោះ​ ​«រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ»​ ​ដែល​ជ្រក​កោន​ក្នុង​ប្រទេស​ដាណឺម៉ាក​ ​និង​ជា​មនុស្ស​ម្នាក់​ ​ក្នុង​ចំណោម​មនុស្ស​ជាង​១០​នាក់​ផ្សេង​ទៀត​ ​ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៥ឆ្នាំ​ទៅ​៩ឆ្នាំ​ ​ពី​បទ​រួម​គំនិត​ក្បត់ ដើម្បី​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​កាលពី​អំឡុង​ឆ្នាំ​២០១៤។​

កាលពី​ថ្ងៃ​ទី១០ ខែ​មេសា​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បាន​ប្រកាស​ថា​ ​លោក​ ​សម សេរី​ ​ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​ ​«មេ​ភេរវករ»​ ​បាន​រៀប​គម្រោង​បំផ្ទុះ​គ្រាប់​បែក​ចំនួន​២​កន្លែង​ ​ក្នុង​ឱកាស​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នៅ​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​សៀមរាប​ ​ប៉ុន្តែ​លោក​ថា លោក​បាន​ដឹង​គម្រោង​នេះ និង​ទប់ស្កាត់​បាន​ទាន់​ពេល។​

លោក​ ​វ៉ន វុត​ ​គណៈកម្មការ​រដ្ឋបាល​របស់​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ​ប្រាប់​ ​VOA​ ​ថា លោក​ ​សម សេរី​ ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ​ដោយ​ចោទ​ថា​លោក​បាន​ស្នាក់​នៅ​ប្រទេស​ថៃ​ហួស​ទិដ្ឋាការ។

លោក​បន្ថែម​ថា​ ​លោក​ ​សម សេរី​ ​បាន​ទៅ​ទី​ក្រុង​បាងកក​ ​ប្រទេស​ថៃ កាលពី​ខែ​មករា ឆ្នាំ​២០១៨ ដើម្បី​ជួប​ជុំ​សមាជិក​នៅ​ទី​នោះ​ ​និង​ថា​ ​ការ​ចាប់​ខ្លួន​លោក​ ​សម សេរី​ ​គឺ​ធ្វើ​ឡើង​ ខណៈ​លោក​ទៅ​បន្ត​ទិដ្ឋាការ។​

លោក​ ​វ៉ន វុត​ ​បន្ថែម​ថា​ ​ទិដ្ឋាការ​របស់​លោក សម សេរី មិន​ទាន់​ហួស​នៅ​ឡើយ​ ​ដូច្នេះលោក​ថា ការ​ចាប់​ខ្លួន​លោក សម សេរី អាច​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា។​

លោក​បញ្ជាក់​ថា៖​

​«អាជ្ញាធរ​ខ្មែរ​គឺ​តែង​តែ​ស្នើសុំ​ដល់​រដ្ឋាភិបាល​ថៃ​ហ្នឹងដើម្បី​ឲ្យ​ចាប់​ខ្លួន​លោក​ប្រធាន​ ​សម សេរី​ ​ក៏​ដូចជា​សមាជិក​រណសិរ្ស​ដទៃ​ផ្សេង​ទៀត​ហ្នឹង​ ​បញ្ជូន​ទៅ​ប្រទេស​ខ្មែរ។​ ​អញ្ចឹង​ហើយ​ខាង​ខ្មែរ​ហ្នឹង​គឺ​តែង​តែ​ចង់​បាន​លោក​ប្រធាន​ ​សម សេរី​ ​អញ្ចឹង​ហើយ​គេ​តែង​តែ​ស្វែងរក​ការ​ចាប់​ខ្លួន»។​

ការ​ចាប់​ខ្លួន​លោក​ ​សម សេរី​ ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា ​បាន​ផ្សព្វ​ផ្សាយ​វីដេអូ​មួយ​មាន​ចំណង​ជើង​ថា​ ​«ក្រុម​ចលនា​ដែល​នាំ​គ្រោះ​ថ្នាក់សម្រាប់​ជាតិ»​ ​ដោយ​បាន​ហៅ​អតីត​គណ​បក្ស​ប្រឆាំង​ ​និង​ចលនា​ផ្សេងៗ​ទៀត​ដែល​តែង​រិះគន់​រដ្ឋាភិបាល​ ​ដោយ​ក្នុង​នោះ​មាន​ទាំង​ចលនា​ ​«រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ»​ ​របស់​លោក​ ​សម សេរី​ ​ផង​ថា​ជា​ក្រុម​ភេរវករ​ ​និង​ប្ដេជ្ញា​ទប់ស្កាត់​ ​និង​កម្ទេច​ចលនា​ទាំង​នោះ​មិន​ឲ្យ​កើត​មាន។​

គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​នា​ពេល​កន្លង​មក​ ​បញ្ជាក់​ថា​ ​ចលនា​ ​«រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ»​ ​នេះ​ ​មាន​គោល​បំណង​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​តាម​រយៈ​ការ​កសាង​កម្លាំង​ប្រដាប់​អាវុធ​ដោយ​ខុស​ច្បាប់​ ​និង​បញ្ជូន​ភ្នាក់​ងារ​សម្ងាត់​ មក​ស៊ើប​ទី​តាំង​យោធា​សំខាន់ៗ​ ​ហើយ​និង​ធ្វើ​សកម្ម​ភាព​បាច​ខិត្តប័ណ្ណ​ប្រឆាំង​ប្រមុខ​រាជ​រដ្ឋាភិបាល​ ​ព្រម​ទាំង​ហ្វឹកហាត់​កម្លាំង​ភេរវកម្ម​ ​ដាក់​គ្រឿង​ផ្ទុះ​ដោយ​សម្ងាត់​នៅ​តាម​ជាយដែន​ប្រទេស​ថៃ​ ​និង​កសាង​បណ្ដាញ​នៅ​កម្ពុជា​ ​ដើម្បី​ប្រមូល​ព័ត៌មាន និង​បញ្ជូន​ព័ត៌មាន​ចេញ​ទៅ​មេខ្លោង​ដែល​នៅ​ក្រៅ​ប្រទេស៕

XS
SM
MD
LG