ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​មិន​ទាន់​សម្រេច​ជំហ​រួម​សម្រាប់​ចរចា​ជាមួយ​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង


លោកហ៊ូ ជិនតាវ​ ប្រធានាធិបតី​ចិន​ មក​ដល់​កម្ពុជា​គឺ​​នៅ​មុន​ពេល​កិច្ច​ប្រជុំ​អាស៊ាន​។
លោកហ៊ូ ជិនតាវ​ ប្រធានាធិបតី​ចិន​ មក​ដល់​កម្ពុជា​គឺ​​នៅ​មុន​ពេល​កិច្ច​ប្រជុំ​អាស៊ាន​។

សមាជិក​អាស៊ាន​ក្រោម​ភាព​ជា​ម្ចាស់​ផ្ទះ​របស់​កម្ពុជា​ដែល​ស្និទ្ធ​ជាមួយ​ប្រទេស​ចិន​ខកខាន​ក្នុង​ការ​ធ្វើឲ្យ​មាន​ការ​យល់ព្រម​ជា​ឯកឆន្ទ​ក្នុង​ការស្វែង​រក​វិធី​ដោះស្រាយ​ជម្លោះ​ជាមួយ​ប្រទេស​ចិន​ជុំវិញ​បញ្ហា​ព្រំដែន​សមុទ្រ​ភាគ​ខាងត្បូង​ប្រទេស​ចិន។

ប្រទេស​សមាជិក​ខ្លះ​រួម​ទាំង​វៀតណាម​និង​ហ្វីលីពីន​ដែល​មាន​ជម្លោះ​ជាមួយ​ចិន​និង​ប្រទេស​មួយ​ចំនួន​ជា​សមាជិក​អាស៊ាន​ពុំ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​គ្នា​លើ​ការតាក់តែង​ក្រម​ប្រតិបត្តិ​មួយ​ដែល​ហៅថា​ Code of Conduct​ (COC) ​ឬ ​ក៏ត្រូវ​ពិភាក្សា​ជាមួយ​ចិន​យ៉ាងណា​ទេ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​២ថ្ងៃ​ ដែល​ចប់​កាលពី​ថ្ងៃ​ពុធ។

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​នៃ​ប្រទេស​កម្ពុជា​ដែល​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ ​កំពូល​អាស៊ាន​លើក​ទី​២០​បាន​ថ្លែង​ប្រាប់​ក្រុមអ្នក​យកព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​ថា​មកដល់​ពេលនេះ​យើង(អាស៊ាន)​មិនទាន់​មានការ​ពិភាក្សា​លម្អិត​ មិនទាន់​មាន​ចំណុច​រួម​ដើម្បី​ពិភាក្សា​ជាមួយ​ចិន​នៅឡើយ​ទេ។​តែ​មាន​សេចក្តី​ព្រាង​ពី​ប្រទេស​មួយ​ចំនួន។

«ក៏ប៉ុន្តែ​យើង​មិនទាន់​មាន​ចំណុចរួម​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដើម្បី​ជជែក​ពិភាក្សា​ជាមួយ​ចិន​នៅឡើយ​ទេ។​យើង​នឹង​ខិតខំ​ធ្វើ​កិច្ច​ការងារ​នេះ​បន្ត។​តែ​ការចាប់ផ្តើម​របស់​យើង​ត្រូវធ្វើ​ដំណាល​គ្នា​ជាមួយ​នឹង​ការ​ចាប់ផ្តើម​ជាមួយ​ចិន​ផងដែរ​ដោយ​មិនចាំបាច់​ថា​ទាល់តែ​អាស៊ាន​គឺ​ថា​មាន​ការ​ឯកភាព​ជំហរ​ទាំង​ស្រុង​ហើយ​បាន​ដាក់​លើ​តុ​ទៅ​គាប​សង្កត់​ចិន​នោះ​ទេ»។

លោក ហ៊ុន​សែន​បាន​អះអាង​ដែរ​ថា​បញ្ហា​ដោះសា្រយ​ជម្លោះ​ជាមួយ​ចិន​រឿង​ព្រំដែន​សមុទ្រ​នេះ​នឹង​ត្រូវការ​ពេល​វេលា​ ការពិចារណា​ល្អិតល្អន់​តាមការ​ចង់​បាន​របស់​អាស៊ាន​ផង​និង​ចិន​ផង​ហើយ​ត្រូវ​ធ្វើ​តាម​វិធី​ឈ្នះៗ​មិន​មែន​វិធី​ចាញ់ៗ​ទេ។

«ហើយ​បន្ត​ទៅទៀត​យើង​នឹង​ដំណើរការ​ជាបន្ត​បន្ទាប់​ទៅ​តាមអ្វី​ដែល​ជា​ការ​ព្រមព្រៀង​រវាង​អាស៊ាន​ចិន។ មិនអាច​ដំណើរការ​តែ​ខាង​អាស៊ាន​ដោយ​ចិន​មិនយល់ព្រម​ឬ​ដំណើរការ​តែ​ចិន​ដោយ​អាស៊ាន​មិន​យល់ព្រម។ ត្រូវ​មាន​ការ​យល់ព្រម​ទាំង​សង​ខាង»។

តំបន់​ជម្លោះ​នៅ​ព្រំដែន​សមុទ្រ​ភាគ​ខាងត្បូង​ប្រទេស​ចិន​ត្រូវគេ​ចាត់​ទុកថា​ជា ​ច្រក​ដឹកជញ្ជូន​ទំនិញ​យ៉ាង​ធំធេង​គឺ​ដល់​ទៅ​១ភាគ៣​នៃ​ទំនិញ​សរុប​ក្នុង​ពិភពលោក។​ តំបន់​នេះ​ត្រូវ​គេ​អះអាង​ថា​សម្បូរ​ទៅ​ដោយ​រ៉ែ​ធនធាន​ធម្មជាតិ​ដ៏​សម្បូរណ៍​បែប​ជាច្រើន​ផ្សេងៗ​ទៀត។ តំបន់​នេះ​កំពុង​បន្ត​មាន​ការប្រទាញ​ប្រទង់ ​ដំឡើង​សាច់ដុំ​ប្រដាប់​អាវុធ​ដាក់​គ្នា​រវាង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ជាច្រើន​ដូចជា​វៀតណាម ​ហ្វីលីពីន​ ជាមួយ​ចិន​ទោះបី​ចិន​និង​អាស៊ាន​បាន​ចុះ​ ហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួម​មួយ​កាលពី​១០​ឆ្នាំ​មុន​ក្តី។

លោក​រដ្ឋមន្ត្រី្ក​ការបរទេស​ហ្វីលីពីន​ Albert Del Rosario ​បាន​អះអាង​ថា​ ជំហរ​របស់​ហ្វីលីពីន​នៅ​ដដែល​គឺថា​បញ្ហា​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី។​ ហើយ ​អាស៊ាន​ ព្យាយាម​បញ្ចប់​សេចក្តីព្រាង​COC​នៅ​ឆ្នាំ​នេះ​ក្រោម​ភាព​ជា​ប្រធាន​របស់​កម្ពុជា។

«បញ្ហា​នេះ​ចាំបាច់​ត្រូវតែ​ដោះស្រាយ​ដោយ​សន្តិវិធី​ទៅ​តាម​ទម្រង់​ច្បាប់​ជា​មូលដ្ឋាន។​ហើយ​ធាតុ​ផ្សំ​ថ្មីៗ​ដែល​យើង​បាន​ផ្តល់​គឺ​ជា​សេចក្តី​ព្រាង​ក្រមប្រតិបត្តិ ​COC​ និង​ការដាក់​បញ្ចូល​នូវ​ធាតុផ្សំ​សំខាន់ៗ​ដែល​ពិតណាស់​ត្រូវ​បង្កើត​ឡើង​ដោយ​ផ្ទៃ​ក្នុង​អាស៊ាន​សិន​មុនពេល​ឲ្យ​ចិន​ចូលរួម»។

ការលើក​ឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​មាន​លក្ខណៈ​ផ្ទុយគ្នា​ខ្លះ​ជាមួយ​អត្ថាធិប្បាយ​របស់​លោក​ ហ៊ុន​សែន​ដែល​ជា​ប្រធាន​អាស៊ាន។

តែ​លោក​ Marty Natalegawa​ រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​បាន​មើល​ឃើញ​ថា ​ប្រទេស​ចិន​ពេល​នេះ​ហាក់​ដូចជា​ចង់​ចូលរួម​ពាក់ព័ន្ធ​ពិភាក្សា​បញ្ហាក្រម​ប្រតិបត្តិ​លើ​ជម្លោះដែន​សមុទ្រ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ចិន។

«ដូច្នេះ​បញ្ហា​នេះ​គឺជា​រឿង​វិជ្ជមាន។​ក៏ប៉ុន្តែ​ជា​ការណ៍​ពិត​អាស៊ាន​ដែល​បាន​អនុវត្ត​ហើយ​នោះ​ នឹង​បង្កើត​គោលជំហរ​របស់​ខ្លួន​ដូច​ដែល​អាស៊ាន​បាន​ដំណើរការ។ ​ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ(​អាស៊ាន)​ត្រូវ​បើក​ចំហ​ខ្លួន​ដើម្បី​ស្វែងយល់​យោបល់​របស់​ចិន។​ ក៏ប៉ុន្តែ​ខ្ញុំ​គិត​ថា​នីតិវិធី​ជា​ទូទៅ​នោះ​គឺ​អាស៊ាន​ត្រូវ​មាន​ជំហរមួយ»។

ក្រមប្រតិបត្តិ​COC​ដែល​អាចផ្តល់​ផល​ប្រយោជន៍​ដល់​ចិន​និង​អាស៊ាន​នោះ​ត្រូវ​ក្រុមអ្នកវិភាគ​ចាត់ទុក​ថា​គឺជា​ច្បាប់​មួយ​ដើម្បី​ចង​បណ្តា​ប្រទេស​ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ហ្នឹង​កុំ​ឲ្យ​ប្រើប្រាស់​នូវ​អាវុធ​និង​ជំរុញ​នូវ​កិច្ចសហ​ប្រតិបត្តិការ​ល្អ​ជាពិសេស​ទាក់ទង​ទៅនឹង​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ គ្រោះមហន្តរាយ​ ការបង្រ្កាប​ចោរសមុទ្រ​ បញ្ហា​បរិដ្ឋាន​និង​មិនត្រូវ​មាន​សកម្មភាព​អ្វី​មួយ​ដែល​គំរាម​កំហែង​ដល់​ស្ថិរភាព​ក្នុង​តំបន់​ជាដើម។

លោក​ ឈាង វណ្ណារិទ្ធិ ​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សហ​ប្រតិបត្តិការ ​និង​សន្តិភាព​បាន​យល់​ថា​ការយោគ​យល់​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ និង ​ការគិតគូ​ពី​ល្បឿន​និង​ពេល​វេលា​សមរម្យ​គឺជា​រឿង​សំខាន់​សម្រាប់​បញ្ជៀស​បញ្ហា​ប្រេះឆា​ក្នុង​សមាគម​អាស៊ាន​ដែល សមាជិក​មួយ​ចំនួន​មាន​បញ្ហា​ជាមួយ​ប្រទេស​ចិន​ទាក់ទង​នឹង​ដែន​សមុទ្រ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន។

«ឧទាហរណ៍​ថា​បណ្តា​ប្រទេស​ដែល​មាន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ហ្នឹង​គាត់​ជំរុញ​ខ្លាំងពេក​ អញ្ចឹង​ទេ​គាត់​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដែល​ពុំមាន​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាងត្បូង​ហ្នឹង​មាន​សម្ពាធ។ ដូច្នេះ ​ជា​ការណ៍​មិន​ល្អ​ដែរ។​ យើង​ត្រូវ​មើល​ល្បឿន​មួយ​ណា​ដែល​យើង​ត្រូវ​យក​ឲ្យ​វា​សមរម្យ​ទទួលយក​បាន​ទាំងអស់​គ្នា។​ កុំ​ឲ្យ​មួយ​ទៅ​លឿន​មួយ​ទៅ​យឺត។​អញ្ចឹង​ទេ​បញ្ហា​ដែល​សំខាន់​បំផុត​នោះ​គឺថា​ល្បឿន»។

លោក អ៊ូ វីរៈ​ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ជឿ​ថា​ជម្លោះ​អាច​បន្ថយ​ភាពតានតឹង​បាន​ប្រសិនបើ​ក្រមប្រតិបត្តិ​អាច​តាក់តែង​បានសម្រច។

«ប្រទេស​ដែល​មាន​ជម្លោះ​តូចៗ​ជាមួយ​ចិន​ដោយសារ​អំណាច​ចិន​ខ្លាំង​ផង​ប្រទេស​តូចៗ​ចង់​ឲ្យ​មាន​យន្តការ​ជា​ក្រុម​សាមគ្គី​គ្នា​នៅក្នុង​អាស៊ាន​ដើម្បី​ចរចា​ជាមួយ​ចិន​ជាជាង​ការចរចា​ទ្វេ​ភាគី​រវាង​ប្រទេស​តូច​មួយ​និង​ប្រទេស​ចិន​មួយ។​ ហើយ​នេះ​ជា​គន្លឹះ​មួយ​ដែល​ប្រទេស​ចិន​មិន​ចង់​បាន។​ ហើយ​ចិន​បាន ​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ជួយ​ធ្វើ​ម៉េច​ឲ្យ​បញ្ជៀស​នូវ​ការយក​ជម្លោះ​ហ្នឹង​ទៅ​ជជែក​ជា​អន្តរជាតិ»

ប្រធានាធិបតី​ចិន​ ហ៊ូ ជិនតាវ​បាន​បំពេញ​ទស្សនកិច្ច​រយៈ​បួន​ថ្ងៃ​នៅ​កម្ពុជា​គឺនៅ​មុន​ពេល​កិច្ច​ប្រជុំ​អាស៊ាន​ហើយ​ត្រូវ​គេអធិប្បាយ​ថា​អាច​មាន​ឥទ្ធិពល​នយោបាយ​លើ​រដ្ឋាភិបាល​កម្ពុជា​លើ​រឿង​ជម្លោះ​ដែនសមុទ្រ​ភាគខាងត្បូង​ប្រទេស​ចិន​ខណៈដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ឬ​ជា​ប្រធាន​អាស៊ាន​នោះ​។ កម្ពុជា​ទទួល​បាន​ការសន្យា​ផ្តល់​ជំនួយ​ជាច្រើន​លាន​ដុល្លារ​ស.រ.អា​បន្ថែម​ទៀត​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ហ៊ូ​នេះ។

លោក ហ៊ុន ​សែន​បដិសេធ​ពី​ឥទ្ធិពល​នេះ​ដោយ​បាន​ធ្វើការ​ព្រមាន​ដល់​អ្នកវិភាគ​មួយ​ចំនួន​ដែល​បាន​និយាយ​ពី​បញ្ហា​នេះ។

ក៏​ប៉ុន្តែ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​រួម​មួយ​រវាង​កម្ពុជា​និង​ចិន​ក្រោយពី​បញ្ចប់​ទស្សនកិច្ច​ របស់​លោក​ហ៊ូ​កាលពី​ថ្ងៃទី២ ​ខែមេសា​នោះ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​បន្ត​គោរព​តាម​សេចក្តី​ថ្លែងការណ៍​រួម​ដែល​ចិន​ចុះ​ហត្ថលេខា​ជាមួយ ​អាស៊ាន​ និង​ប្តេជ្ញា​ធ្វើឲ្យ​សមុទ្រ​ភាគ​ខាងត្បូង​ប្រទេស​ចិន​ក្លាយ​ជា​ដែន​សមុទ្រ ​សន្តិភាព​ ស្ថិរភាព​ មិត្តភាព​និង​កិច្ចសហ​ប្រតិបត្តិការ​រវាង​អាស៊ាន​និង​ចិន។

ក្រុមអ្នកវិភាគ​ចង់​ឃើញ​កម្ពុជា​ត្រូវ​ស្តាប់​តាម​សមាជិក​អាស៊ាន​ដែល​ជា​ប្រទេស​ មាន​សក្តានុពល​ខាង​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម ​និង​នយោបាយ​ដទៃទៀត​ផង​ដែរ ​ជៀសជាង​ការ​លំអៀង​ទៅ​រក​ប្រទេស​មហា​អំណាច​ចិន​តែ​មួយ​ហើយ​នាំ​ឲ្យ​មាន​ការប្រេះឆា​ក្នុង​រង្វង់​ប្លុក​អាស៊ាន​១០​ប្រទេស។

សមាគម​អាស៊ាន​១០​ប្រទេស​និង​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ​ ដើម្បី​ពិភាក្សា​អំពី​កិច្ចការ​សន្តិសុខ​ក្នុង​តំបន់​និង​បញ្ហា​ផ្សេងៗ​ទៀត​ហើយ​គ្រោង​នឹង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​នៅ​ជុំបញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ​ដែល​មាន ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​សំខាន់ៗ​ជាច្រើន​ត្រូវ​ចូលរួម។

ប្រទេស​អាស៊ាន​ទាំង​១០​ មានប្រ៊ុយណេ​ កម្ពុជា ​ឥណ្ឌូនេស៊ី ​ហ្វីលីពីន ​ឡាវ ​ម៉ាឡេស៊ី ​ភូមា ​សឹង្ហបូរី ​ថៃ​ និង​វៀតណាម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG