ខណៈដែលរដ្ឋមន្រី្តនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជួបគ្នានៅក្នុងជំនួបកំពូលមួយនៅកម្ពុជាក្នុងសប្តាហ៍នេះ អ្នកសង្កេតការណ៍មួយចំនួនបានសម្លឹងទៅរកឆ្នាំ២០១៤ស្រេចទៅហើយ ដែលនៅពេលនោះប្រទេសភូមានឹងធ្វើជាប្រធានអាស៊ាន។ នៅក្នុងបទសម្ភាសមួយជាមួយវីអូអេ លោកស៊ុរីន ពិតស៊ុវ៉ាន (Surin Pitsuwan) ដែលជាអគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ថា ប្លុកអាស៊ានគួរទទួលបានកិត្តិយសម្រាប់ការលើកទឹកចិត្តដល់កំណែទម្រង់នៅភូមា។ លោកបានសម្តែងភាពតានតឹងក្នុងចិត្តដែលការដាក់ទណ្ឌកម្មរបស់អន្តរជាតិមិនត្រូវបានលុបចោល។
នៅពេលដែលមេដឹកនាំអាស៊ានជួបជុំគ្នានៅភ្នំពេញនៅដើមខែមេសាកន្លងទៅនេះ មានសំណួរជាច្រើនផ្តោតលើប្រទេសភូមានៅពេលដែលទណ្ឌកម្មអន្តរជាតិនឹងត្រូវបានដក។ ភូមាទើបតែមានការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលក្នុងពេលនោះលោកស្រីអង់ សានស៊ូជី ទទួលបានជ័យជម្នះ។
សហគមន៍អន្តរជាតិដែលរួមទាំងសហរដ្ឋអាមេរិក អូស្រា្តលី និងសភាពអឺរ៉ុប បានប្រកាសអំពីការបន្ធូរបន្ថយទណ្ឌកម្ម។ ប៉ុន្តែសម្រាប់អាស៊ាន គោលបំណងនោះគឺថា ចង់ឲ្យទណ្ឌកម្មនោះត្រូវបានលុបចោលទាំងស្រុង។
ទោះបីជាមានការជជែកជាសាធារណតិចតួចអំពីប្រទេសភូមានៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៅសប្តាហ៍នេះ លោកស៊ុរីន ពិតស៊ុវ៉ាន ដែលជាអគ្គលេខាធិការអាស៊ាន មានប្រសាសន៍ថា មេដឹកនាំតំបន់នៅតែយកចិត្តទុកដាក់លើបញ្ហានេះ។
«ខ្ញុំគិតថាសហរដ្ឋអាមេរិក និងសភាពអឺរ៉ុបបានអនុម័តយុទ្ធសាស្រ្តពីរដាច់ពីគ្នា។ សភាពអឺរ៉ុបព្យូរទណ្ឌកម្ម គឺមានន័យថា អាចដំណើរការទៅបាន ប៉ុន្តែទណ្ឌកម្មអាចត្រូវបានដាក់ឡើងវិញ។ សហរដ្ឋអាមេរិកបន្ធូរបន្ថយមួយជំហានម្តងមួយជំហានម្តង។ ដូច្នេះមានយុទ្ធសាស្ត្រពីរ។ យើងសូមសរសើរ។ ប៉ុន្តែយើងសង្ឃឹមថា វិធានការនេះនឹងចាត់ឲ្យបានឆាប់រហ័ស ហើយការវិវត្តនៅក្នុងប្រទេសភូមានឹងធានាដល់ការពិចារណាដ៏ជាក់លាក់នៃវិធានការសម្រាប់ទណ្ឌកម្ម»។
លោកស៊ូរិន បដិសេធយោបល់ដែលថា ភាពអល់ឯកនៃសហគមន៍អន្តរជាតិក្នុងការលុបចោលទណ្ឌកម្មទាំងស្រុងនឹងបណ្តាឲ្យមានការបែកបាក់ជាមួយអាស៊ាន។
«ខ្ញុំហៅវាថា ភាពតានតឹងក្នុងចិត្តដោយសារអ្វីៗដំណើរការមិនបានលឿនដូចការគិត។ ប៉ុន្តែដូចដែលខ្ញុំបាននិយាយមកហើយថា ទីបំផុត យើងត្រូវតែបណ្តោយតាមហ្នឹង។ វាជាសិទ្ធិផ្តាច់មុខនៃដៃគួចរចា នៃក្រុម និងប្រទេសធំក្នុងការសម្រេច។ ប៉ុន្តែអ្វីដែលយើងអាចធ្វើបាននោះគឺថា យើងអាចបង្ហាញដល់ពួកគេនូវអ្វីដែលយើងយល់ឃើញដែលថា អ្វីៗមានដំណើរតាមគន្លងត្រឹមត្រូវ។ យើងជឿជាក់ថា វានឹងមិនត្រឡប់ក្រោយវិញនោះទេ។ រដ្ឋាភិបាលភូមា ប្រជាពលរដ្ឋភូមា គួរទទួលបានការបន្ធួរបន្ថយក្នុងកម្រិតណាមួយ។ ដំណើរការគួរត្រូវបានធ្វើឡើងឲ្យបានលឿនជាងនេះ។
ប៉ុន្តែ អ្នកសង្កេតការណ៍មួយចំនួនវាយតម្លៃផ្សេង។
លោកខាល ថេយ័រ (Carlyly Thayer) គឺជាអ្នកជំនាញខាងកិច្ចការអាស៊ាននៃសាកលវិទ្យាល័យ ញួសោធវ៉េលស៍ (New South Wales)។
«អាស៊ានចង់ឲ្យទណ្ឌកម្មប្រឆាំងនឹងភូមាត្រូវបានលុបចោលពីព្រោះវាជាការរើសអើងប្រឆាំងនឹងសមាជិកមួយរបស់ខ្លួន។ គេឃើញកំណែទម្រង់មានដំណើរការប្រកបដោយភាពវិជ្ជមាន។ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក អូស្រា្តលី និងប្រទេសណ័រវ៉េ បានដក និងព្យួរទណ្ឌកម្មរបស់ខ្លួន ប៉ុន្តែមិនបានលុបចោលទណ្ឌកម្មនោះទេ ដូច្នេះនៅពេលដែលមានដំណើរថយក្រោយណាមួយគេនឹងដាក់ទណ្ឌកម្មនោះត្រឡប់មកវិញ»។
លោក ថេយ័រ មានប្រសាសន៍ថា បញ្ហានោះគឺថាការបញ្ចប់ទណ្ឌកម្មមានភាពស្មុគស្មាញជាងការដាក់ទណ្ឌកម្មពីដំបូង។
«ទណ្ឌកម្មមានភាពស្មុគស្មាញពីព្រោះអ្នកត្រូវមានការយល់ព្រមជាឯកច្ឆន្ទនៅសហភាពអឺរ៉ុប ហើយនៅសហរដ្ឋអាមេរិក ទណ្ឌកម្មត្រូវបានដាក់ដោយសភា និងបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី។ ដូច្នេះទាំងពីរគឺមានភាពរញ៉េរញ៉ៃខ្លាំងណាស់។ វាជាការងាយស្រួលក្នុងការព្យួរជាជាងការទទួលបានការយល់ព្រមជាឯកច្ឆន្ទ»។
ប៉ុន្តែសម្រាប់ពេលនេះ លោក ស៊ូរីន មានប្រសាសន៍ថា លោកសម្លឹងទៅរកឆ្នាំ ២០១៤ ជាពេលដែលប្រទេសភូមានឹងធ្វើជាប្រធានអាស៊ាន។
«វាជាការលើកទឹកចិត្តរបស់យើងដែលថាប្រសិនបើអ្នកចង់ធ្វើជាប្រធានអាស៊ាន ដែលមានទាំងការទទួលខុសត្រូវ កិត្យានុភាព និងកិត្តិយស អ្នកត្រូវតែធ្វើកិច្ចការជាច្រើន។ ខ្ញុំគិតថា អាស៊ានមានតួនាទីសំខាន់ណាស់។ ពេលនេះយើងកំពុងជួយគេ។ យើងផ្តល់ឱកាសឲ្យគេ។ គេមកសង្កេតកិច្ចប្រជុំបែបនេះ។ កិច្ចប្រជុំដូចជានៅប្រទេសឥណ្ឌូណេស៊ី។ គេធ្វើកិច្ចការដើម្បីឆ្ពោះទៅរកឆ្នាំ២០១៤»។
ទោះបីជាអាស៊ានមានតួនាទីធំដុំក្នុងការធានាអធិបតីភាពរបស់ប្រទេសភូមា ឲ្យជៀសផុតពីបញ្ហាក៏ដោយ ក៏រដ្ឋាភិបាលភូមាត្រូវមានជំហរធ្វើកិច្ចការដើម្បីប្រយោជន៍ប្រទេសពីការដែលធ្វើជាប្រធានអាស៊ាននេះ។ ការបោះឆ្នោតជាទួទៅត្រូវបានគ្រោងនឹងធ្វើនៅឆ្នាំ២០១៥។
លោក ផាវីន ឆាឆាវ៉ាលភុងភុន (Pavin Chachavalpongpun) គឺជាអ្នកវិភាគនយោបាយនៅសាកល វិទ្យាល័យគីយ៉ូតុ (Kyoto)។ លោកមានប្រសាសន៍ថា ប្រសិនបើភូមាប្រាកដប្រជាក្នុងការរៀបចំការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌នោះ ភាពជាប្រធានអាស៊ាននឹងជួយលើកមុខមាត់របស់រដ្ឋាភិបាលភូមានៅក្នុងប្រទេស។
«ខ្ញុំគិតថា ឆ្នាំ ២០១៤គឺជាឆ្នាំដ៏សំខាន់សម្រាប់ទាំងប្រទេសភូមា និងអាស៊ាន។ ឆ្នាំ ២០១៤ គឺមួយឆ្នាំគត់មុនពេលបោះឆ្នោតទូទៅនៅភូមា។ ការដែលភូមាចង់ធ្វើជាប្រធានអាស៊ាននោះគឺពីព្រោះវាអាចដាក់ឲ្យរបបនេះស្របច្បាប់ និងអាចឈ្នះឆ្នោតឆ្នាំ២០១៥។ ប្រជាពលរដ្ឋអាចយល់ថា វាមិនមែនជារឿងសំខាន់ ប៉ុន្តែវាសំខាន់ណាស់ក្នុងបរិបទនយោបាយភូមា។ ដើម្បីមានលទ្ធភាពបើកទ្វារប្រទេស ដើម្បីនាំអ្នកវិនិយោគក្នុងតំបន់អាស៊ានប្រកបដោយសក្តានុពលជាច្រើនដែលរួមទាំងដៃគួចរចាអាស៊ានចូលវិនិយោគក្នុងប្រទេសភូមា ឱកាសនេះអាចជាពេលដែលភូមាត្រូវបង្ហាញ។ ដូច្នេះវាសំខាន់សម្រាប់ភូមាខ្លាំងណាស់»។
លោក ផាវីន មានប្រសាសន៍ថា ដូចគ្នានេះដែរ អាស៊ានចង់ធានាថា ភូមានឹងធ្វើជាប្រធានអាស៊ានដោយរលូន។ ហើយនេះប្រហែលជាមានន័យថា អាទិភាពសម្រាប់បញ្ហាផ្សេងៗទៀត ដូចជាសិទ្ធិមនុស្សនឹងទុកដោយឡែក។
ប្រែសម្រួលដោយ អ៊ឹម សុធារិទ្ធ