ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាននិយាយ​ស្រពិច​ស្រពិល​អំពី​សិទ្ធិមនុស្ស​


សេចក្តីព្រាង​សេចក្តីប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​មិន​ដាក់​បញ្ចូល​សិទ្ធិ​មនុស្ស​ មួយ​ចំនួន​ទេ​ ហើយ​បាន​​ផ្តល់​អំណាច​ខ្លាំង​ដល់​រដ្ឋាភិបាល​ក្នុង​តំបន់​អាស៊ាន​ដើម្បី​ទប់ទល់​អ្នករិះគន់។​

វ៉ាស៊ីនតោន​៖ សេចក្តីព្រាង​សេចក្តីប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​មិន​ដាក់​បញ្ចូល​សិទ្ធិ​មនុស្ស​ មួយ​ចំនួន​ទេ​ ហើយ​បានផ្តល់​អំណាច​ខ្លាំង​ដល់​រដ្ឋាភិបាល​ក្នុង​តំបន់​អាស៊ាន​ដើម្បី​ទប់ទល់​អ្នករិះគន់។​

ទោះ​ជាមាន​របប​នយោបាយ​ សេដ្ឋកិច្ច ​វប្បធម៌​ខុសគ្នាមែន​ តែក្រុម​ប្រទេស​ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅថា​ អាស៊ាន​នាំគ្នា​រៀបចំ​យន្តការ​សិទ្ធិ​មនុស្ស​មួយ​ជា​លើកដំបូង​ដើម្បីអនុវត្ត​រួមគ្នា។​ យន្តការ​រួមនោះ​គឺជា​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​ដែល​ត្រូវ​រំពឹង​ថា​ នឹង​អនុម័ត​នៅ​ខែវិច្ឆិកា​ខាង​មុខ។​ សិទ្ធិ​របស់​ពលរដ្ឋ​អាស៊ាន​ជិត​៦០០​លាន​នាក់​ត្រូវ​បាន​ចែង​ក្នុង​ភាព​ស្រពិច​ ស្រពិល​និង​សិទ្ធិខ្លះ​មិន​ត្រូវ​គេដាក់​បញ្ចូល​នោះ​ទេ។​ នេះបើតាម​សេចក្តីព្រាង សេចក្តីប្រកាស​សិទ្ធិមនុស្ស​ចុងក្រោយមួយ​ដែលវីអូអេ​ទទួលបានពី​ប្រភព មន្ត្រី​ការ​ទូត​អាស៊ាន​ម្នាក់។​

សេចក្តី​ព្រាង​សេចក្តី​ប្រកាស​ជា​ភាសា​អង់គ្លេស​កាលពី​ថ្ងៃ២៦​ខែ​មិថុនា​ឆ្នាំ​២០១២​ដែល​មាន​៦ទំព័រ ​ហើយ​ដាក់​ពាក្យ​ «Confidential» ​ឬសម្ងាត់​លើ​គ្រប់ទំព័រ​នោះ​ បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស​ក្នុង​ការ​អនុវត្ត​ការ​គោរព​សិទ្ធិ​មនុស្ស​ ធ្វើឲ្យមាន​ភាព​ប្រសើរ​ឡើង​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ ក្នុង​តំបន់។​ សេចក្តី​ព្រាង​ដដែល​នោះ​មាន​រៀបរាប់​ពីគោល​ការណ៍​ជាទូទៅ​នៃ​សិទ្ធិ​ នយោបាយ​ និង​ពលរដ្ឋ ​សិទ្ធិចំពោះ​សេដ្ឋកិច្ច​
សង្គម ​និង​វប្បធម៌​ សិទ្ធិ​ដើម្បី​ការ​ អភិវឌ្ឍ​ និង​សិទ្ធិ​ដើម្បី​សន្តិភាព។

ចំណុច​នៃ​គោល​ការណ៍​ជាទូទៅ​នៃ​សេចក្តី​ប្រកាស​នេះ​បាន​ចែង​ឲ្យ​ដឹង​ពី​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​មាន​តុល្យភាព​និង​មាន​ការ​ទទួល​ខុសត្រូវ​របស់​បុគ្គល​ចំពោះ​មុខ​ច្បាប់។ ចំណុចនេះ​ចែងយ៉ាង​ដូច្នេះ​ថា៖​

«ការ​អនុវត្ត​សិទ្ធិ​មនុស្ស ​និង​សេរីភាព​ជាមូលដ្ឋាន​ ត្រូវតែ​មាន​តុល្យភាព​ជាមួយ​ នឹង​សកម្មភាព​នៃ​កាតព្វកិច្ច​ដែល​ទាក់ទងគ្នា​នោះ​ ព្រោះ​ថា​ មនុស្ស​គ្រប់គ្នា​មាន ​ការ​ទទួល​ខុសត្រូវ​នានា​ចំពោះ​បុគ្គល​ដទៃ​ ចំពោះ​សហគមន៍​ និង​ចំពោះ​សង្គម ដែល​គេ​រស់នៅ។​ នៅ​ទីបំផុត​ វាជា​ការ​ទទួល​ខុសត្រូវ​ចម្បង​នៃ​រដ្ឋ​ជា​សមាជិក​ អាស៊ាន​ទាំងអស់​ ក្នុង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​ និង​ការពារ​រាល់​សិទ្ធិ​មនុស្ស​ និង សេរីភាព​ជាមូលដ្ឋាន»។​

ក្រៅពី​បាន​ចែង​អំពី​សិទ្ធិស្តី្រ​ កុមារ ​មនុស្សចាស់ ​ជនពិការ ​ពលករ​ចំណាក​ស្រុក​ ​សេចក្តី​ព្រាង​សេចក្តី​ប្រកាស​ដដែល​បាន​បញ្ជាក់​អំពីការ​ប្រើប្រាស់​តុលាការ​ និង​អាជ្ញាធរ​ ជា​វិធានការ​សម្រាប់​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស។​

គោល​ការណ៍​ជាទូទៅ​នៃ​សេចក្តីព្រាង​ដដែល​បាន​និយាយ​បន្ថែម​ថា​ ការ​គោរព​និង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​គឺ​យោង​ទៅលើ​ស្ថាន​ការណ៍​នៃ​ប្រទេស​នីមួយៗ​និង​សមភាព​នៃសិទ្ធិ៖​

«រាល់បញ្ហា​សិទ្ធិ​មនុស្ស​ និង​បញ្ហា​សេរីភាព​ជាមូលដ្ឋាន​ក្នុង​សេចក្តី​ប្រកាស​នេះ​ ត្រូវតែ​ធានា​បាន​នូវ​លក្ខណៈ​ស្មើភាព​ និង​សមរម្យ​ ជំហរ​ដូចគ្នា​ និង​មាន​សារៈ​សំខាន់​ដូចគ្នា។​ ជាមួយគ្នា​នេះ​ដែរ​ ការ​ទទួល​ស្គាល់​ការណ៍​ពិត​នៃ​បញ្ហា​សិទ្ធិ​មនុស្ស​ត្រូវតែ​គិត​ពិចារណា​ទៅតាម​បរិបទ​ថ្នាក់ជាតិ​នឹង​តំបន់ ​ដោយ​គិត​ដល់​សវតា​ភាព​ខុសគ្នា​ខាង​នយោបាយ​ សេដ្ឋកិច្ច​ ច្បាប់​ សង្គម​ វប្បធម៌​ ប្រវត្តិ​សាស្ត្រ​និង​សាសនា»។​

សេចក្តី​ព្រាង​នៅ​ចំណុច​គោល​ការណ៍​ជាទូទៅ​ដដែល​នេះបានបញ្ជាក់​បន្ថែមទៀត​ពី​បញ្ហា​សន្តិសុខជាតិ​នឹង​សិទ្ធិមនុស្ស​យ៉ាង​ដូច្នេះ​ថា៖​

«សិទ្ធិមនុស្ស ​និងសេរីភាព​ជាមូលដ្ឋាន​នៃបុគ្គលម្នាក់ៗ​ត្រូវអនុវត្ត​ឲ្យស្រប​នឹង​សិទ្ធិ​មនុស្ស​និង​សេរីភាព​ជាមូលដ្ឋាន​របស់​អ្នក​ដទៃ​ដែរ។​ ការ​អនុវត្ត​សិទ្ធិ​មនុស្ស ​និង​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​នានា​ត្រូវ​ស្ថិតនៅ​ក្នុង​កម្រិត​ដូច​ដែល​មានចែង​ក្នុង​ច្បាប់​ជាស្រេច​ក្នុង​គោល​បំណង​ធានា​ដោយ​សមរម្យ​ចំពោះ​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ជាមូលដ្ឋាន​របស់​អ្នក​ដទៃ​ និង​ធ្វើតាម​តម្រូវការ​ដែល​សមស្រប​ទៅនឹង​សន្តិសុខ​ជាតិ​ សណ្តាប់​ធ្នាប់​សាធារណៈ​ សុខភាព​សាធារណៈ ​សីលធម៌សាធារណៈ​ ក៏​ដូចជា​សុខុមាលភាព​ទូទៅ​នៃ​មនុស្ស​ក្នុង​សង្គម​ប្រជាធិបតេយ្យ»។​

សេចក្តីថ្លែងការណ៍​សិទ្ធិមនុស្ស​អាស៊ាន​ដែលរៀបចំ​ដោយ​គណៈកម្មាការ​អន្តរ រដ្ឋាភិបាល​អាស៊ាន​(AICHR)​ បាន​ដាក់ជូន​ទៅកាន់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កាលពី​ខែកក្កដា​ ហើយគេរំពឹង​ថា​ សេចក្តីព្រាង​នេះនឹង​ត្រូវ​អនុម័ត​ដោយ​មេ​ដឹកនាំ​អាស៊ាន​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ​វគ្គបញ្ចប់​នៅ​ខែវិច្ឆិកា​ខាងមុខ​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។​ សេចក្តី​ព្រាង​នេះ​ទទួល​រងការ​រិះគន់ពី​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​អាស៊ាន​ថា​ ពុំបាន​អនុញ្ញាត​ឲ្យមាន​ការ​ចូលរួម​យោបល់​ទូលំ​ទូលាយ ​និង​ចែកផ្សាយ​ជាសាធារណៈ​ ដែល​ធ្វើឲ្យ​ក្រុម​សង្គម​ស៊ីវិល​ព្រួយ​ថា​សេចក្តី​ព្រាង​សេចក្តី​ប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​នេះ​នឹង​ស្ថិត​នៅ​ក្រោម​
បទដ្ឋាន​អន្តរ​ជាតិ។​

លោក​ ស្ស៉ីវេ យី ​(Shiwei Ye) ​តំណាង​អចិន្ត្រៃយ៍​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​បារាំង​គឺ​សហព័ន្ធ​អន្តរជាតិ​ ដើម្បី​សិទ្ធិមនុស្ស ​(IFHR) បាន​ថ្លែង​ថា៖​

«ជាការណ៍​ពិតការ​ដែល​គណៈកម្មាការ​ (AICHR)​ធ្វើកិច្ចការ​យ៉ាង​សម្ងាត់​អំពី​ សេចក្តី​ព្រាង​នោះ​ អាច​ជាការ​បញ្ជាក់​ពី​ក្តី​បារម្ភ​របស់​សង្គម​ស៊ីវិល​ខ្លះ​ដែល​ថា​ សេចក្តី​ព្រាង​នេះ​អាច​មាន​មាត្រា​ជាច្រើន​ស្ថិតក្រោម​បទដ្ឋាន​អន្តរជាតិ​ ដែល​អាច​ត្រូវ​គេ​តាក់តែង​ដើម្បី​ធ្វើឲ្យ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ជា​ច្រើន​ក្នុងរដ្ឋ​ជា​សមាជិក​អាស៊ាន​ជា​សកម្មភាព​ស្របច្បាប់»។

លោក​ ស្ស៉ីវេ យី​ បានថ្លែង​ថា​ មាន​ចំណុច​ព្រួយបារម្ភ​ និង​មាន​ចំណុច​ដែល​គេ​មិន ដាក់​បញ្ចូល។​ ចំណុច​ទាំងនោះ​រួមមាន​ការ​រើសអើង​លើ​រឿង​ទំនាក់ទំនង​បញ្ហា​ ភេទ​ដូចគ្នា​ បញ្ហា​អត្ត​សញ្ញាណ​ភេទ​ បញ្ហា​សីធម៌​សង្គម​ និង​បញ្ហា​សិទ្ធិ​ជនជាតិ​ដើម ​ឬ​ជនជាតិ​ភាគតិច​ ដែល​អាច​មាន​ការ​គាំពារ​តិចតួច។​ បន្ថែម​លើ​នេះ​ទៀត ​លោក​ យី​បាន​អធិប្បាយ​ថា ​បញ្ហា​សន្តិសុខ​ដ៏គួរ​ឲ្យ​បារម្ភនោះ​ នឹង​ស្ថិតក្នុង​សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន​នោះ។​

«សេចក្តី​ថ្លែង​ការណ៍​អាច​មាន​និយាយ​យោង​ទៅដល់​សន្តិសុខ​ជាតិ​ ដែល​ជា គោល​ការណ៍​ច្បាប់​ដ៏ស្រពិច​ស្រពិល​មួយ​ដែលអាច​ប្រើវាដើម្បី​ដាក់​កម្រិត​ដល់​សិទ្ធិ​នានា។​ ដូចលោក​អ្នក​ដឹង​ស្រាប់ហើយ​គឺថា ​មានច្បាប់​ស្តីពី​សន្តិសុខ​ច្រើន​ក្នុង​តំបន់​ដែល​គេ​ប្រើប្រាស់​ដើម្បី​រំលោភ​សិទ្ធិមនុស្ស»។​

លោក​ យី​ និយាយ​យោង​ដល់​ច្បាប់​សន្តិសុខ​ក្នុង​ប្រទេស​សឹង្ហបូរី ​ប្រទេស​ថៃ​ និង​ប្រទេស​ម៉ាឡេស៊ី ​ដែលជា​សមាជិក​អាស៊ាន​ ហើយ​ដែលមាន​សកម្មជន​ជំទាស់​ជាច្រើន​ត្រូវចាប់​ខ្លួនដាក់គុក​ និង​កាត់ទោស​ដោយ​ច្បាប់​សន្តិសុខ​នោះ។​ ទោះជា​យ៉ាងណា​ក៏ដោយ ​ស្របគ្នា​ទៅនឹងការ​អះអាង​របស់​ក្រុមមន្ត្រី​ជាន់ខ្ពស់​អាស៊ាន​មួយ​ចំនួន​នោះ​ សេចក្តីព្រាង​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​បានចែង​ពី​ជំហរ រួម​របស់​អាស៊ាន ​ដោយធានា​ពីការ​ប្រកាន់​យក​គោល​ការណ៍​ច្បាប់​របស់​អាស៊ាន​និង​សេចក្តី​ថ្លែង​ការណ៍​ជាសកល​ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​របស់​អ.ស.ប.​និង​ច្បាប់ ​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​ផង​ដែរ។​

វីអូអេបានព្យាយាមលោក​ឱម យិនទៀង​ ប្រធាន​អង្គការ​ AICHR​ ដើម្បីសុំការ​អត្ថា​ធិប្បាយ​បំភ្លឺ​ចំពោះ​ក្តីបារម្ភ​នៃសង្គមស៊ីវិល​ ​តែពុំអាច​ទាក់ទង​បាន។​ តែលោក​ កៅ គឹមហ៊ួន ​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​អះអាង​ថា​ ​សេចក្តីព្រាង​ទីមួយ​ដែល​លោក​បាន​ឃើញ​ពុំស្ថិត​ក្រោម​បទដ្ឋាន​អន្តរជាតិ​ទេ។ ​លោក​ថ្លែង​ថា​អាស៊ាន​ត្រូវការជំហរ​ ដែល​នាំ​មិនអាច​បញ្ចូល​បាន​គ្រប់​បញ្ហា​ក្នុង​សេចក្តីព្រាង​នោះ​ទេ។​

«រឿង​ដោយឡែក​ រឿងផ្សេងៗ​ហ្នឹង​ ជួនកាល​គេមិន​ដាក់ទេ​ ព្រោះ​អី ​ពេលអនុវត្ត ទៅ​វា...​ព្រោះអី​វា​មាន​ឯកសារ​ផ្សេងៗ​ទៀត​នឹង​ចេញ​នៅ​ពេល​ក្រោយ។ ​ដូចជា​ ធម្មនុញ្ញ ​អាស៊ានអញ្ចឹង​គេអត់អាច​ដាក់​(បញ្ហា)ទាំង​អស់​ក្នុងហ្នឹង​បាន​ទាំងស្រុង​ទេ​ ព្រោះ​ដល់​ពេល​អនុវត្តទៅ​ វា​មាន​ឯកសារ​ផ្សេងៗ​ទៀត។​ អញ្ចឹង​ សំខាន់​យើង ត្រូវ​មាន​គោល​ជំហររួម​ទាំង​១០​ប្រទេស​ហ្នឹង»។​

លោក​ កៅ កឹមហ៊ួន​បាន​លើកយក​បញ្ហា​មួយ​គឺទោស​ប្រហារ​ជីវិត​ក្នុង​ប្រទេស​ ដែល​ជា​ប្រធាន​អាស៊ាន​ ឬជា​សមាជិក​មក​បញ្ជាក់​ថា៖​

«ប្រទេស​កម្ពុជា​យើង ​យើង​មានគោល​ជំហរ​យើងមួយ​ អត់មានទេ​ទោស​ប្រហារ​ជីវិត។​ តែ​យើង​មិនអាច​ទាមទារ​ឲ្យ​ប្រទេស​អាស៊ាន​៩​ទៀត​ឯកភាព​ជាមួយ​យើង​ទាំង​ស្រុង​បាន​ទេ។​ ជា​ឧទាហរណ៍​កម្ពុជា​មាន​ច្បាប់​រដ្ឋធម្មនុញ្ញ​ យើង​បានកំណត់​ច្បាស់លាស់​ហូរហែរ​ តែ​ប្រទេស​ផ្សេង​ទៀត​ គេមាន​ច្បាប់​គេ​ផ្សេង​ទៀត។​ អញ្ចឹង​យើង​មិនអាច​តម្រូវ​ឲ្យ​ប្រទេស​៩​ទៀត​មក​ធ្វើដូច​ប្រទេស​កម្ពុជា​យើង​បាន​ទេ។​ នេះជា​ឧទាហរណ៍។​ នេះ​ជារឿង​អនុវត្ត​ដោយ​ឡែក។​ វាមាន​បញ្ហា​ផ្សេងៗ​ ដូច្នេះ​ដែល​យើង​ត្រូវ​ពិនិត្យ​មើល​ជាក់​ស្តែង»។​

វីអូអេបានព្យាយាមទាក់ទង​សមាជិក​អាសាន​ដ៏ទៃ​ទៀត​ដើម្បី​សុំ​អត្ថាធិប្បាយ តែ​ពុំអាច​ទាក់ទង​បាន​ទេ ​នៅថ្ងៃនេះ។​

ម្យ៉ាងទៀត​ ចំពោះ​សិទ្ធិ​នយោបាយ​ និង​ពលរដ្ឋ​ សេចក្តីព្រាង​ដដែល​បាន​ប្រកាន់​យក​តាម​គោល​ការណ៍ ​ឬសេចក្តី​ប្រកាស​ជាសកល​ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​ ដោយ​អនុញ្ញាត​ឲ្យមាន​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ សេរីភាព​ក្នុង​ការ​ស្វែងរក​យោបល់​ដោយ​គ្មាន​ការ​រំខាន​ សិទ្ធិ​ទទួល​ និង​ផ្តល់ព័ត៌មាន​ សិទ្ធិ​ជួប​ប្រជុំ​ និង​ប្រមូលផ្តុំ​តវ៉ា​ដោយ​អហិង្សា​ជាដើម។ ​

ដោយឡែក​ពីនេះ ​ចំពោះ​សិទ្ធិខាង​ផ្នែក​សេដ្ឋកិច្ច​ សង្គម​ វប្បធម៌​វិញ ​សេចក្តីព្រាង​ សេចក្តី​ប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​បាន​ចែងពី​សិទ្ធិសេរីភាព​ក្នុង​ការរក​ចំណូល​ កិច្ច​ការងារ​ សុខាភិបាល​ សន្តិសុខ​សង្គម​ ការ​គាំពារ​ ការចូលរួម​ជា​សមាជិក​ ​ឬ បង្កើត​សហជីព​ សិទ្ធិ​ទទួល​បាន​ការអប់រំ​ដើម្បី​ការ​យល់ដឹង​ពី​សង្គម ​សាសនា ពូជ​សាសន៍ ​និង​ការពង្រីក​សកម្មភាព​នានា​ក្នុង​សមាគម​អាស៊ាន​សម្រាប់ការ​ថែរក្សា​សន្តិភាព។​

ក៏ប៉ុន្តែ​បើតាម​ការ​ពន្យល់​របស់​លោក ​អ៊ូ វីរៈ​ នាយក​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​ កម្ពុជា​បាន​អះអាង​ថា ​សេចក្តី​ប្រកាស​ស្តីពី​សិទ្ធិមនុស្ស​អាស៊ាន​អាច​នឹង​ផ្តល់​ អំណាច​ដល់​រដ្ឋាភិបាល​ដើម្បី​រិតបន្តឹង​ផ្នែក​សិទ្ធិ​មនុស្ស ​ជាជាង​ការ​គោរព​សិទ្ធិ​មនុស្សគឺអាច​ផ្ទុយទៅ​នឹង​គោល​កាណ៍​សិទ្ធិ​មនុស្ស​ជាសកល​ នៅ​ពេល​ ដែល​គ្មាន​ការ​បើក​ឲ្យមាន​ការ​ពិភាក្សា​ឲ្យ​បាន​ទូលាយ។​

«ក្នុង​សេចក្តី​ប្រកាស​អាស៊ាននេះ ​បើតាម​ខ្ញុំដឹង​គឺ​គេនឹង​និយាយ​ច្រើន​ទៅ​លើ​សិទ្ធិ ​វប្បធម៌​ សិទ្ធិ​របស់រដ្ឋ។ ​នៅពេល​ណា​គេនិយាយ​ពី​សិទ្ធិវប្បធម៌​ និង​សិទ្ធិ​របស់រដ្ឋ ហ្នឹង​គឺ ​មាន​ន័យ​ថា​ គេទុក​ឲ្យ​រដ្ឋជា​អ្នក​សម្រេច។​ ហើយ​នៅពេល​ណា​រដ្ឋាភិបាល​ ជា​អ្នកសម្រេច​ ជាទូទៅ​វា​បាត់បង់​សិទ្ធិ​ប្រជា​ពលរដ្ឋ​ដែល​ជួនកាល​រិះគន់​រដ្ឋាភិបាល​ ឬ​ប្រជា​ពលរដ្ឋ​ដែល​មិនគាំទ្រ​រដ្ឋាភិបាល ​ឬ​គណបក្ស​កាន់​អំណាច។​ អាហ្នឹង​វា​នឹង​ប៉ះពាល់ច្រើន។​ ហើយ​ខ្ញុំមើល​មែន​ទែន​ទៅ នៅក្នុង​សេចក្តី​ប្រកាស​នេះ​ វា​នឹង​ចង​ជើង​ប្រជា​ពលរដ្ឋ​ច្រើន​ជាង​ការ​ការ​ពារ​សិទ្ធិ​របស់​ប្រជាពល​រដ្ឋ»។​

លោក​ អ៊ូ វីរៈ​បាន​អះអាង​ថា​ ប្រទេស​កម្ពុជា​ទំនង​ជាចង់បាន​ការ​អនុម័ត​សេចក្តី​ព្រាង​សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​នេះ​ឲ្យ​បានឆាប់​ដែល​អាច​ជួយ​ខ្លួន​ទទួល​បាន​ការគាំទ្រ​ជា​អន្តរជាតិ ​ដោយមិន​សូវ​ខ្វល់​ពីគុណភាព​នៃ​ខ្លឹមសារ​ ប៉ុន្មាន​ទេ។ ​

«បើតាម​យើងមើល​ពីឆន្ទៈ​គឺ​ប្រទេស​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​នេះ​ចង់ឲ្យ​សេចក្តី​ប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​នឹង​ត្រូវ​បាន​អនុម័ត​នៅ​ខែ​១១​នេះ​នៅក្រោម ប្រធាន​(អធិបតី​ភាព)​របស់​កម្ពុជា​ ដោយ​សារ​កម្ពុជា​ចង់បាន​កេរ្តិ៍ឈ្មោះ​ក្នុង​ការ​ជំរុញ។​ ប៉ុន្តែ​មានរឿង​មួយ​ចំនួន​ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ»។​

លោក​បាន​ថ្លែង​បន្ថែម​ថា​ ពាក្យ​សន្តិភាព​និង​សណ្តាប់ធ្នាប់​គឺ​ជាក្តី​ព្រួយបារម្ភ​ដែរ​ ក្នុង​សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​សិទ្ធិមនុស្ស​អាស៊ាន​នេះ​ ​ដោយសារ​ថា ​ពាក្យ ពេចន៍​ទាំងឡាយនឹង​ធ្វើឲ្យ​អ្នក​ធ្វើ​បាតុកម្ម​តវ៉ា​ជួប​ផលវិបាក​ទៅថ្ងៃ​ក្រោយ​ឬ​ ត្រូវ​រារាំង។​ លោក​ វីរៈ​ថ្លែង​ដូច្នេះ​ ដោយសារ​ក្រុម​សង្គម​ស៊ីវិល​ខាង​សិទ្ធិ​មនុស្ស​មិន​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យចូលរួម​ពិភាក្សា​ផ្តល់​យោបល់​ដោយ​ទូលំទូលាយ​ និង​ការ​មិន​ផ្តល់​នូវ​សេចក្តី​ព្រាង​ឡើយ។​

ដោយឡែក​ចំពោះ​សិទ្ធិ​ដើម្បី​ការ​អភិវឌ្ឍ​ និង​សិទ្ធិ​ដើម្បី​សន្តិភាព​វិញ​ សេចក្តី​ព្រាង​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្សអាស៊ាន​នេះ​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ ផ្ទុយ​ពី​គោល​ការណ៍​សមភាព​ទេ ​រាប់ចាប់​ពីការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម ​ វប្បធម៌ ​និង​នយោបាយ​ផង​ដែរ។​ សេចក្តី​ព្រាង​ដដែល​នោះ​បាន​អះអាង​ថា៖​

«មនុស្ស​គ្រប់រូប​និង​ពលរដ្ឋ​អាស៊ាន​មានសិទ្ធិ​ទទួល​បាន​នូវ​សន្តិភាព​ក្រោម​គម្រោងសន្តិសុខ​ និង​ស្ថិរភាព​នៃ​សមាគម​អាស៊ាន ​អព្យាក្រិត្យ​ភាព​ និង​សេរីភាព។​ សិទ្ធិ​របៀបនេះ​ដែល​ត្រូវដាក់​ក្នុង​សេចក្តីថ្លែង​ការណ៍នេះអាច​នឹងត្រូវ​ទទួល​ស្គាល់​ ដោយ​ពេញ​លេញ»។​
សេចក្តីព្រាង​សេចក្តីប្រកាសសិទ្ធិមនុស្ស​អាស៊ាន​បាន​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា​ សមាគម​អាស៊ាន​នឹង​ធ្វើកិច្ច​សហការ​ក្នុង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ការ​ការពារ ​ហើយ​និង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍ​សន្តិភាព​ ភាព​សុខ ដុម​និង​ស្ថិរភាព​ក្នុង​តំបន់។​

លោក ​ស្ស៉ីវេ យី​ចង់​ឃើញ​ថា​ មុខមាត់​របស់​អាស៊ាន​នឹង​មិន​ប៉ះពាល់​ដោយសារ​ការ​ធ្វើសេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​មួយ​ដែល​មាន​លក្ខណៈ​អន់ថយ​ដែល​ត្រូវគេ​ សើច​ចំអក​នោះ​ទេ។​

«យើង​គិត​ថា​ អាស៊ាន​ចង់​បង្ហាញ​ពិភព​លោក​អំពីកេរ្តិ៍ឈ្មោះ​របស់​ខ្លួន​លើ​ពិភព​លោក។​ ដូច្នេះ​យើង​សូម​ជំរុញ​ដល់​អាស៊ាន​និង​AICHR​ ធ្វើការ​ផ្លាស់ប្តូរ​យោបល់​ ប្រកប​ដោយ​តម្លាភាព​អំពី​សេចក្តីប្រកាស​ស្តីពី​សិទ្ធិមនុស្ស​អាស៊ាន»។​

លោក​អះអាង​ថា​ អាស៊ាន​គួរតែ​មាន​មតិរួម​ផង​ដែរ​អំពី​សេចក្តី​ប្រកាស​ស្តីពី​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ។​ ក្រុមមន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​អាស៊ាន​ពុំត្រូវ​គេ​ផ្តល់ឲ្យ​ នូវ​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​ជាផ្លូវការ​ទេ។​ ពួកគេ​មួយ​ចំនួន​ទទួល​បាន​ តែ​ចំណុច​គោល​តិចតួច​តែ​ប៉ុណ្ណោះ​ដែល​ជាការ​ពិបាក​ក្នុងការ​ផ្តល់យោបល់​នៅ​ ពេល​ប្រជុំ​ផ្លាស់ប្តូរ​យោបល់​ដែល​មាន​អង្គការ​សង្គមស៊ីវិល​តិចតួច​ត្រូវ​ជ្រើស​ រើស​ឲ្យ​ចូល​រួមនោះ។​

លោក កៅ គឹមហួន​បាន​អះអាង​ដែរថា នៅ​ខែ​កញ្ញា​ខាងមុខ រដ្ឋន្ត្រី​ការបរទេស​អាស៊ាននឹង​ជួបប្រជុំគ្នា​ក្រៅផ្លូវ​ការ​ក្នុង​ទីក្រុង​ញ៉ូយក​សរអា​ដំណាល​គ្នា​នឹង​កិច្ចប្រជុំ​មហា​សន្និបាត​អ.ស.ប.​ប្រចាំឆ្នាំ​។

«នៅពេល​នោះ​គឺ​យើង​សង្ឃឹម​ថា ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នឹង​សម្រេច​អនុម័ត ហើយ​នឹង​ដាក់ជូន​ទៅប្រមុខ​រដ្ឋាភិបាល​ដើម្បី​ចុះហត្ថលេខា​នៅ​ខែ១១ (វិច្ឆិកា)​ ខាង​មុខ»។​

ប្រទេស​អាស៊ាន​ទាំង​១០គឺរួមមាន​កម្ពុជា ដែលជាប្រធាន​ប្តូរវេន​នៅឆ្នាំនេះ​ ប្រ៊ុយ​ណេ​ ភូមា ​វៀតណាម ​ឡាវ ​ហ្វ៊ីលីពីន​ ឥណ្ឌូនេស៊ី ​ម៉ាឡេស៊ី ​ថៃ ​និង​សីង្ហបូរី។​
XS
SM
MD
LG