ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈប្រតិភូ​បញ្ចប់​ការ​ជជែក​រឿង​ព្រំដែន​នៅ​តុលាការ​ក្រុង​ឡាអេ​


លោក​ហោ ណាំហុង​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ចូលរួម​សវនាការ​នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ​ថ្ងៃទី៣០ ​ឧសភា ឆ្នាំ​២០១១។​
លោក​ហោ ណាំហុង​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ចូលរួម​សវនាការ​នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ​ថ្ងៃទី៣០ ​ឧសភា ឆ្នាំ​២០១១។​

ការ​ប្រឈម​មុខ​គ្នា​រវាង​កម្ពុជា និង​ថៃ​នៅ​តុលាការយុត្តិធម៌​អន្ដរជាតិ​ក្រុង​ឡាអេ ឈាន ​ដល់​ថ្ងៃ​ទី២ហើយ​នៅ​ថ្ងៃអង្គារ៍នេះ ដែល​កម្ពុជា​រំពឹងថា​ នឹង​អាច​ស្វែងរក​ការបញ្ចប់​ជម្លោះ​ព្រំដែន​ដែលបាន​រាល​ដាល​នៅ​តំបន់ប្រាសាទ​ព្រះវិហារ​ និង​បាន​អូស​បន្លាយ​អស់រយៈ​ពេលបី​ឆ្នាំ​មក​ហើយ​នេះ។

កាល​ពី​ខែ​មេសា កម្ពុជា​ បាន​ស្នើ​ដល់​តុលាការ​ក្រុង​ឡាអេ​ ដែល​ជា​តុលាការខ្ពស់​បំផុត​របស់​អង្គ​ការ សហប្រជាជាតិ​មួយ​នេះ​ធ្វើការ​បកស្រាយ​សាលក្រម​ខែ​មិថុនា​ ឆ្នាំ១៩៦២ ​របស់​ខ្លួន​ឡើង​វិញ ហើយ​ស្នើ​ឲ្យ​តុលាការ​ចាត់​វិធានការ​ជា​បន្ទាន់​មួយ ដើម្បី​ថែរក្សា​ប្រាង្គ​ប្រាសាទ​ចំ​ណាស់​ជាង​៩០០​ឆ្នាំ ​របស់​ខ្មែរ​ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ​កាលពី​ពេល​ថ្មីៗ​នេះ​ ហើយ​បាន​បណ្ដាល​ឲ្យ​មាន​ជន​រងគ្រោះ​ទាំង​សង​ខាង​ស្លាប់​បាត់បង់ជីវិត​យ៉ាងតិច​ចំនួន​១៨នាក់។

លោក បូរីស ហេម (Boris Heim) មន្រ្តី​ផ្នែក​ព័ត៌មាន​របស់​តុលាការ​ក្រុង​ឡាអេ ​បាន​មាន​ប្រសាសន៍​ថា​ ភាគី​កម្ពុជា និង​ភាគី​ថៃ​ ត្រូវ​ធ្វើ​សេចក្តី​សន្និដ្ឋាន​រៀងៗ​ខ្លួន ​នៅថ្ងៃ​នេះ​ទាក់ទង​ទៅ​នឹង​ទឡ្ហីករណ៍​របស់​ខ្លួន​ជុំវិញ​ជម្លោះ​នៅ​តំបន់​ប្រសាទ​ព្រះវិហារ។ លោក បូរីស ហេម បញ្ជាក់​ថា​ សវនាការ​ពីរ​ថ្ងៃនេះ ​គឺជា​សវនាការ​ផ្តោតលើ​សំណើ​សុំ​ចាត់​វិធានការ ការពារ​ប្រាង្គ​ប្រាសាទ​ព្រះវិហារ​ជា​បន្ទាន់ ​ក៏​ប៉ុន្តែ​ពុំ​មាន​ការ​សម្រេច​ណាមួយ​ភ្លាមៗ​នោះទេ។ លោក​បូរីស​មាន​ប្រសាសន៍​ថា៖

«សវនាការ​នៅថ្ងៃ​នេះ​ និង​សវនាការ​កាលពី​ម្សិល​មិញ​ផ្ដោត​លើ​បញ្ហា​តែមួយ​គត់​ គឺការ​ជជែក​អំពី​សេចក្ដីស្នើ​សុំ​ជា​បន្ទាន់​របស់​ស​កម្ពុជា​ឲ្យ​តុលាការ​ដាក់​កំហិត​លើថៃ​ឲ្យ​បញ្ឈប់​សកម្ម​ភាព​យោធាដែល​កម្ពុជា​ចោទថា​ មាន​លក្ខណៈឧក្រិដ្ឋកម្ម»។

ប្រព័ន្ឋ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​លើក​ឡើងថា ​លោក​ហោ ណាំហុង ​ឧបនាយក​រដ្ឋមន្រ្តី ​និង​ជា រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា ​បា​នថ្លែង​នៅ​ចំពោះ​មុខ​តុលាការ​ក្រុង​ឡាអេ​ថា​ ថៃ​បាន​បើក​ការរំលោភ​បំពាន​លើ​អធិបតេយ្យ​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ ហើយ​បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​ដោយ​ប្រដាប់​អាវុធ ដែល​បាន​សម្លាប់​មនុស្ស​ជាច្រើន។

ដោយ​ឡែក​បណ្តាញ​ផ្សព្វ​ផ្សាយ​របស់​ថៃ​បាន​ស្រង់​សម្តី​មន្រ្តី​ថៃ​ថា​ តុលាការ​ក្រុង​ឡាអេ​ មិន​មាន​សមត្ថកិច្ច​នៅ​ក្នុង​ការដោះស្រាយ​ជម្លោះ​ព្រំដែន​នោះទេ។

កម្ពុជា​ និង​ថៃ​មាន​ជម្លោះ​ព្រំដែន​ជាមួយ​គ្នា​ចាប់តំាង​ពី​ខែ​កក្កដា ឆ្នាំ២០០៨ មកម្លេះ បន្ទាប់​ពី​អង្គការ​យូណេស្កូ​បាន​ដាក់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក​ ហើយ ប្រទេស​ថៃ​បាន​ដាក់​ពង្រាយក​ងទ័ព​នៅក្បែរ​តំបន់​ប្រសាទ​នោះ​ បន្ទាប់ពី​ខ្លួន​បរាជ័យ​នៅក្នុង​ការទប់ស្កាត់​ ការសម្រេច​ចិត្ត​របស់​អង្គការ​យូណេស្កូ។

ថៃ​បាន​ទាមទារ​កាន់​កាប់​ដី​ទំហំ​៤.៦ គីឡូម៉ែត្រ​ការ៉េ​ នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ​ក៏ប៉ុន្តែ​កម្ពុជា​អះអាង​ថា​ ដី​នៅ​ទីនោះ​គឺជា​របស់​ខ្លួន។

តុលាការ​ក្រុង​ឡាអេ​នឹង​បើក​សវនាការ​មួយ​ផ្សេងទៀត​លើ​បណ្តឹង​របស់​កម្ពុជា​នៅ​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​បកស្រាយ​ឡើងវិញ​ទៅ​លើ​សេចក្តី​សម្រេចចិត្ត​របស់​តុលាការ​កាលពី​ឆ្នាំ១៩៦២។

លោក​ បូរីស ហេម មន្រ្តី​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​នៃ​តុលាកា​រក្រុង​ឡាអេ មាន​ប្រសាសន៍​ថា ​ការ កំណត់​ទៅ​លើ​បញ្ហា​នេះ​នឹង​ត្រូវ​ធ្វើ​នៅ​ពេល​ក្រោយ។

លោក​កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​ថ្មី​ណា​មួយ​ពី​គណប្រតិភូ​កម្ពុជា​នៅ​តុលាការ​ក្រុងឡាអេ​ទេ។

XS
SM
MD
LG