ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​កូរ៉េ​ខាង​ត្បូង​ដំឡើង​កម្រិត​ទំនាក់​ទំនង​ទៅ​ជា​«ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ»


នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk Yeol ចាប់ដៃ​ស្វាគមន៍​គ្នា​ក្នុង​ជំនួប​មួយ​នៅវិមាន​ប្រធានាធិបតី ក្នុងទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ (Yonhap via REUTERS)
នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk Yeol ចាប់ដៃ​ស្វាគមន៍​គ្នា​ក្នុង​ជំនួប​មួយ​នៅវិមាន​ប្រធានាធិបតី ក្នុងទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ (Yonhap via REUTERS)

រដ្ឋាភិបាល​កម្ពុជា​និង​កូរ៉េ​ខាង​ត្បូង​បាន​ឯកភាព​គ្នា​ក្នុង​ការ​ដំឡើង​កម្រិត​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​ជា ​«ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ» ​ខណៈ​ប្តេជ្ញា​ពង្រីក​ពាណិជ្ជ​កម្ម​ទ្វេភាគី ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ផ្សេង​ទៀត។ ​នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​រួម ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការ​បរទេស​កម្ពុជា ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​បាន​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​នៅ​សាធារណ​រដ្ឋ​កូរ៉េ ​ឬ​ហៅ​ថា​ កូរ៉េ​ខាង​ត្បូង ​ចាប់​ពីថ្ងៃ​ទី ១៥​ ដល់​ទី ១៨​ ខែ​ឧសភា ​ឆ្នាំ ​២០២៤។​ នៅ​ទីនោះ ​លោក ​ហ៊ុន ម៉ាណែត ​ដែល​ទទួល​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ប្រមាណ​ ១០ ​ខែ ​បាន​ជួប​លោក​ យូន សក​យ៉ល ​(Yoon Suk Yeol)​ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង។​

សេចក្តី​ថ្លែង​ការណ៍​រួម​បញ្ជាក់​ថា៖​ «ដោយ​មាន​ជំនឿ​ទុក​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​អនាគត​នៃ​ភាព​ជាដៃ​គូទ្វេ​ភាគី​ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ដំឡើង​កម្រិត​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​សាធារណ​រដ្ឋ​កូរ៉េ​ទៅ​ជា ​«ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ» ​និង​បាន​សម្រេច​ថា​ នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​ការ​ផ្លាស់ប្តូរ ​និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ជា​ច្រើន»។​

វិស័យ​ទាំង​នោះ​រួម​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​នយោបាយ ​សន្តិសុខ​ និង​ការពារ​ជាតិ ​សេដ្ឋកិច្ច ​ហិរញ្ញ​វត្ថុ​ វប្បធម៌​ សង្គម បរិស្ថាន ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់ ​និង​អន្តរ​ជាតិ។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​ ភាគី​ទាំង​ពីរ​បាន​ឯកភាព​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​អាជ្ញាធរ​ពាក់ព័ន្ធ ​ដើម្បី​សម្រេច​បាន​នូវការ​ឆ្លើយតប ​និង​គ្រប់​ជ្រុង​ជ្រោយ​ចំពោះ​កំណើន​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ មាន​ជា​អាទិ៍​ការ​ជួញ​ដូរ​គ្រឿង​ញៀន ​ការ​ជួញដូរ​មនុស្ស ​បទល្មើស​បច្ចេក​វិទ្យា ​និង​បទ​ល្មើស​ឆបោក ​ស្រប​តាម​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​និង​ឯកសារ​ពាក់ព័ន្ធ​នានា​រវាង​ប្រទេស​ទាំង​ពីរ។​

ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​ទាញ​យក​ប្រយោជន៍​ជា​អតិបរមា​ពី​យន្តការ​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋ​កិច្ច​ទ្វេភាគី ​និង​ពហុ​ភាគី ​ដូចជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-កូរ៉េ ​(CKFTA)​ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​អាស៊ាន-កូរ៉េ ​និង​កិច្ចព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​តំបន់​ (RCEP)​ ជាដើម។​

កម្ពុជា​និង​កូរ៉េ​ខាង​ត្បូង​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេ​ភាគី ​កាល​ពី​ខែ​តុលា ​ឆ្នាំ​ ២០២១ ​ហើយ​កិច្ច​ព្រម​ព្រៀង​នេះ​បាន​ចូល​ជា​ធរមាន​ជា​ផ្លូវ​ការ​ កាល​ពី​ឆ្នាំ​ ២០២២។​ បើ​តាម​ក្រសួង​ពាណិជ្ជ​កម្ម​ កិច្ច​ព្រមព្រៀង​នេះ​ជំរុញ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​កូរ៉េ​បន្ថែម​ទៀត​ ដូច​ជា​ផលិត​ផល​សម្លៀក​បំពាក់ ​និង​វាយ​នភណ្ឌ ​ស្បែក​ជើង​ កាបូប ​គ្រឿង​បន្លាស់ ​ឧបករណ៍​អេឡិច​ត្រូនិក ​កៅស៊ូ ​និង​ផលិតផល​កសិកម្ម​ជាដើម។​

ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ឆ្នាំ​ ២០២៣ ​មាន​ទំហំ​ថវិកា​សរុប​ប្រមាណ​ ៧៥១​ លាន​ដុល្លារ ​ដោយ​ក្នុង​នោះ ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កូរ៉េ​ខាង​ត្បូង​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន​ ២៨១​ លាន​ដុល្លារ ​និង​ការ​នាំ​ចូល​ពី​កូរ៉េ​ខាង​ត្បូង​មាន​ចំនួន​ ៤៧០ ​លាន​ដុល្លារ។ ​នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អគ្គ​នាយកដ្ឋាន​និង​រដ្ឋាករ​កម្ពុជា។ ​ឱនភាព​ពាណិជ្ជ​កម្ម​របស់​កម្ពុជា​ជាមួយ​កូរ៉េ​សម្រាប់​ឆ្នាំ ​២០២៣ ​មាន​ប្រមាណ​ ១៩០ លាន​ដុល្លារ​អាមេរិក។​

ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កូរ៉េ​ រួមមាន​ឧបករណ៍​អគ្គិសនី ​ស្បែក​ជើង ​សម្លៀក​បំពាក់​ និង​គ្រឿង​បន្ទាប់​បន្សំ​ វត្ថុ​ធ្វើ​អំពី​ស្បែក ​ប្រដាប់​ប្រដា​ក្មេង​លេង​ វត្ថុ​ចាំបាច់​សម្រាប់​កីឡា ​ផលិត​ផល​ឱសថ​ ប្លាស្ទិក​ ក្រដាស​និង​ក្រដាស​កាតុង​ កៅស៊ូ ​និង​ផ្លែ​ឈើ​ជា​ដើម។ ​ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំ​ចូល​ពី​កូរ៉េ ​ រួមមាន​យាន​ជំនិះ​ ម៉ាស៊ីន​ ភេសជ្ជៈ​ ស្រា ​និង​ទឹក​ខ្មេះ ​ស្បែក​ឆៅ​(ក្រៅពី​ស្បែក​ជាប់​រោម) ​ស្បែក​សម្លាប់ ​ប្លាស្ទិក ​ផលិត​ផល​ឱសថ ​វត្ថុ​វាយ​នភណ្ឌ​កែច្នៃ​រួច​ផ្សេង​ទៀត ​និង​កៅស៊ូ​ជាដើម។​

កូរ៉េ​ខាង​ត្បូង​ក៏​ជា​ប្រទេស​នៃ​កម្លាំង​ពលកម្ម​ខ្មែរ​ផង​ដែរ។​ គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០២៣ ​ពលករ​ខ្មែរ ​៥០.៩៧០ ​នាក់​ ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​ផ្នែក​ឧស្សាហ​កម្ម ​កសិកម្ម​ និង ​កសិឧស្សាហ​កម្ម។ ​នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ​លោក ​កត្តា អ៊ន។​ លោក​បន្ថែម​ថា​ ​ចំណូល​ដែល​ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​ផ្ញើ​មក​បង​ប្អូន​នៅ​កម្ពុជា ​ក្នុង​មួយ​ឆ្នាំៗ ​ក្នុង​រង្វង់ ​២.៩០០​ លាន​ដុល្លារ​អាមេរិក។​

អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​អន្តរ​ជាតិ ​លោក​ សេង វណ្ណលី​ ប្រាប់​វីអូអេ​ថា​ ដំណើរ​ទស្សន​កិច្ច​របស់​លោក ​ហ៊ុន ម៉ាណែត ​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង​គឺ​ជា​ផ្នែក​នៃ​ការទូត​ពិពិធកម្ម​សេដ្ឋកិច្ច ​និង​ការ​វិនិយោគ​។ លោកថា កូរ៉េ​ខាង​ត្បូង​គឺ​ជា​ប្រទេស​មាន​សារៈ​សំខាន់​ខ្លាំង​ខាង​ផ្នែក​សេដ្ឋកិច្ច ​ជាពិសេស​កូរ៉េ​ខា​ងត្បូង​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ហើយ​ដំណើរ​ទស្សន​កិច្ច​នេះ​ ខ្ញុំ​គិត​ថា ​វា​ជា​ដំណើរ​ទស្សន​កិច្ច​មួយ​ដែល​វា​មាន​សារៈ​សំខាន់​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក៏ដូច​ជា​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​នានា​រវាង​កម្ពុជា​ជាមួយ​នឹង​កូរ៉េ​ខាងត្បូង​ ហើយ​ក៏​ស្វែង​រក​នូវ​សក្តានុពល​ កាលានុវត្ត​ភាព​ថ្មីៗ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​បន្ថែម​ទៀត»។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​ កម្ពុជា​និង​កូរ៉េ​ខាង​ត្បូង​ក៏​បាន​គូស​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​សន្តិភាព​និង​សន្តិសុខ​អន្តរ​ជាតិ​ ពាណិជ្ជ​កម្ម​សេរី ​នីតិរដ្ឋ ​ប្រជា​ធិបតេយ្យ ​សិទ្ធិ​មនុស្ស ​និង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ ​និង​ការ​ហោះ​ហើរ​ឆ្លង​កាត់។​ ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​ជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​ក្របខណ្ឌ​អង្គការ​សហ​ប្រជាជាតិ​ ព្រម​ទាំង​អង្គការ​អន្តរ​ជាតិ​និង​ពហុ​ភាគី​ផ្សេង​ទៀត។​

សេចក្តី​ថ្លែង​ការណ៍​រួម​បញ្ជាក់​ថា៖​ «ភាគី​ទាំងពីរ​បាន​អំពាវនាវ​ឱ្យ​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជាមានិត​កូរ៉េ ​(កូរ៉េ​ខាង​ជើង) ​គោរព​តាម​សេចក្ដី​សម្រេច​ចិត្ត​ពាក់​ព័ន្ធ​ទាំង​អស់​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ និង​សង្កត់​ធ្ងន់​អំពី​សារៈ​សំខាន់​នៃ​កិច្ច​សន្ទនា​ដោយ​សន្តិវិធី​ ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​ និង​ស្ថិរភាព​យូរ​អង្វែង​នៅ​ឧប​ទ្វីបកូរ៉េ។ ​ដើម្បី​សម្រេច​គោលដៅ​នេះ ​ភាគី​កម្ពុជា​បាន​ទទួល​ស្វាគមន៍​គំនិត​ផ្ដួច​ផ្ដើម ​Audacious Initiative ​របស់​សាធារណ​រដ្ឋ​កូរ៉េ ​ដែល​មាន​បំណង​សម្រេច​ឱ្យ​បាន​នូវ​ឧបទ្វីប​កូរ៉េ​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ ​មាន​សន្តិភាព ​និង​វិបុលភាព ​ដែល​នឹង​រួម​ចំណែក​ដល់​សន្តិភាព ​ស្ថិរភាព ​និង​វិបុលភាព​ក្នុង​តំបន់»។​

បន្ថែម​ពី​នេះ ​កម្ពុជា​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​សំណើ​របស់​សាធារណ​រដ្ឋ​កូរ៉េ​ក្នុង​ការ​បង្កើត​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​អាស៊ាន-សាធារណ​រដ្ឋ​កូរ៉េ ​នៅ​ឆ្នាំ​ ២០២៤​ ដើម្បី​អបអរ​សាទរ​ខួប​៣៥​ឆ្នាំ​នៃ​ទំនាក់​ទំនង​ដៃគូ​សន្ទនា​អាស៊ាន-សាធារណ​រដ្ឋ​កូរ៉េ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG