ប្រទេសកម្ពុជាត្រូវគេមើលឃើញថា បានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលរបស់បណ្ដាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី២០ ក្នុងទឹកដីរបស់ខ្លួន ក្នុងក្រុងភ្នំពេញ។ ជាមួយគ្នានេះ កិច្ចប្រជុំរយៈពេលពីរថ្ងៃ ដែលបានបិទបញ្ចប់កាលពីថ្ងៃពុធ បានរំលេចឲ្យឃើញនូវឥទ្ធិពលយ៉ាងប្រទាញប្រទង់ដ៏ធំមួយរបស់ប្រទេសចិន ក្នុងរង្វង់ប្រជាជាតិទាំងដប់ប្រទេស។ នោះគឺឥទ្ធិពលរបស់ប្រទេសចិនក្នុងជម្លោះក្នុងដែនសមុទ្រចិនខាងត្បូងនិងឥទ្ធិពលរបស់ប្រទេសចិនមកលើនយោបាយកម្ពុជាមួយផ្នែក។
ក្រុមមន្ដ្រីដែលបានចូលរួមក្នុងកិច្ចប្រជុំបានលើកឡើងថាប្រទេសវៀតណាម និងប្រទេសហ្វ៊ីលីពីនបានលើកមកពិភាក្សានូវបញ្ហាជម្លោះដែនសមុទ្រដែលពួកខ្លួនជាប់ពាក់ព័ន្ធនោះ បើទោះបីជាកម្ពុជាបានប្រកាសឲ្យដឹងជាមុនថា ទំនងជាមិនមានការពិភាក្សាលើចំណុចនេះក្នុងរបៀបវារៈទេ។
យ៉ាងណាក៏ដោយប្រទេសអាស៊ានមិនបានរកឃើញនូវភាពចុះសម្រុងណាមួយសម្រាប់បង្កើតក្រមប្រតិបត្តិមួយ (COC) សម្រាប់ដោះស្រាយជម្លោះដែនដីក្នុងសមុទ្រចិនខាងត្បូងនោះទេ ហើយភាពមិនចុះសម្រុងមួយទៀតគឺ ប្រទេសសមាជិកអាស៊ានមួយចំនួន ដូចជាប្រទេសកម្ពុជានិងអគ្គលេខាធិការអាស៊ាន លោក ស៊ូរិន ពិតស៊ូវ៉ាន់ ជាដើម ចង់ឲ្យប្រទេសចិនចូលរួមក្នុងកិច្ចពិភាក្សាបឋមជាមួយសមាជិកអាស៊ាន មុននឹងការចាប់ផ្ដើមចរចាទាំងស្រុងទាក់ទងនឹងជម្លោះនេះ។ ដោយឡែកប្រទេសហ្វ៊ីលីពីនប្រកាន់ជំហរជំទាស់និន្នាការនេះ។
លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សម្គាល់ឃើញថា វិបត្តិនៃជម្លោះនៃសមុទ្រចិនខាងត្បូងបានធ្វើឲ្យសមាជិកអាស៊ានមានជំហរបែកបាក់គ្នា។
លោកថ្លែងប្រាប់វីអូអេថា៖ «ទាក់ទងនឹងសមុទ្រចិនខាងត្បូងនេះ យើងមើលទៅឃើញការបែកបាក់គ្នាក្នុងអាស៊ានដោយសារប្រទេសមានជម្លោះបួនធំៗ មិនសប្បាយចិត្តក្នុងរបៀបវារៈនៃការដោះស្រាយបញ្ហារវាងអាស៊ានជាមួយនឹងប្រទេសចិន។ បើសិនជាពុំមានឥទ្ធិពលប្រទេសចិនទេ ខ្ញុំមើលឃើញថា អាស៊ានគួរតែមានភាពងាយស្រួលក្នុងការយល់ព្រមនូវ Code of Conduct (COC) ដើម្បីចរចាជាមួយចិន។ ប៉ុន្ដែក្នុងពេលបច្ចុប្បន្ន ការយល់ព្រមនេះ មានភាពតានតឹងខ្លាំង ហើយភាពតានតឹងដោយសារប្រទេសមួយចំនួនមានឥទ្ធិពលចិន»។
ជាការណ៍ពិត នៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន អាស៊ាន ដែលមានសមាជិកចំនួនដប់ប្រទេសគឺ កម្ពុជា វៀតណាម ឡាវ ភូមា ឥណ្ឌូណេស៊ី ហ្វ៊ីលីពីន ម៉ាឡេស៊ី ព្រុយណេ ថៃ និងសិង្ហបុរី បានបង្ហាញជំហរសាមគ្គីជាធ្លុងមួយក្នុងការទាមទារឲ្យមានការលើកលែងទណ្ឌកម្មនានាលើប្រទេសភូមាដោយលើកពីហេតុផលជឿនលឿនទៅរកលទ្ធិប្រជាធិបតេយ្យនៃរបបសឹកមួយនេះ។ ក៏ប៉ុន្ដែចំណាំងផ្លាតមួយទៀតពីកិច្ចប្រជុំកំពូលនេះ គឺស្រមោលនៃឥទ្ធិពលរបស់ប្រទេសចិនមកលើអ្នកនយោបាយកម្ពុជា។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបង្វិលក្បាលម៉េក្រូពីសន្និសីទកាសែតបញ្ចប់កិច្ចប្រជុំនេះ ដើម្បីធ្វើការវាយបកលើអ្នកវិភាគ អ្នកនយោបាយ និងមេដឹកនាំគណបក្សជំទាស់ លោក សម រង្ស៊ី។
នៅពេលដែលមានការបកស្រាយពីការជជែកលើជម្លោះដែនដីនៅសមុទ្រចិនខាងត្បូង ហើយបានហៅការបកស្រាយទាំងនោះថា ជាការមើលងាយ មើលថោកដល់រដ្ឋាភិបាល និងរូបលោកផ្ទាល់។
លោកថ្លែងថា៖ «ក្នុងពេលដែលតំណាងរាស្ត្ររបស់បក្សប្រឆាំង ដែលជាកូនចៅរបស់លោក សម រង្ស៊ី បានលើកឡើងថាម៉េច បានជាមិនយករឿងហ្នឹង មកពិភាក្សាក្នុងអាស៊ាន។ បែរជាលោក សម រង្ស៊ី ប្រធានគណបក្សទាត់ចោលនូវវេទិកាអាស៊ាន ចិន ស្តីអំពីសមុទ្រចិនខាងត្បូង ហើយឲ្យចរចាទ្វេភាគី រវាងប្រទេសនីមួយៗ ដែលលើកយកបញ្ហាទៅជជែក។ តើសមត្ថភាពរបស់មេដឹកនាំបែបនេះនឹងដឹកនាំប្រទេសកម្ពុជាបានឬអត់? ក្នុងការអនុវត្តនយោបាយទាំងនយោបាយផ្ទៃក្នុង និងនយោបាយការបរទេស។ កម្រិតត្រឹមប៉ុណ្ណេះ មិនទាន់មានលទ្ធភាពអាចដឹកនាំប្រទេសបានទេ»។
លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ត្រូវតុលាការខ្មែរផ្តន្ទាទោសទាក់ទងនឹងការដកតម្រុយបង្គោលព្រំដែន និងទាក់ទងនឹងការចោទប្រកាន់ពីការក្លែងបន្លំឯកសារ កំពុងនិរទេសខ្លួនដោយស្ម័គ្រចិត្តនៅក្រៅប្រទេស។ លោកមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
លោក យឹម សុវណ្ណ តំណាងរាស្ដ្រមណ្ឌលក្រុងភ្នំពេញ និងជាអ្នកនាំពាក្យគណបក្ស សម រង្ស៊ី មិនបកស្រាយចំៗលើឥទ្ធិពលនៃទំនាក់ទំនងនយោបាយចិននិងកម្ពុជា លើប្រធានបទខាងលើនោះទេ។ ក៏ប៉ុន្ដែមន្ដ្រីអ្នកនាំពាក្យដដែលចាត់ទុកថា ការវាយប្រហាររបស់លោកនាយករដ្ឋមន្ដ្រីលើគណបក្សរបស់លោកបានប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជា។ លោក យឹម សុវណ្ណ មានប្រសាសន៍ថា៖
«យើងគួរថាទុកវេទិកាអាស៊ាននេះ ជាវេទិកាអន្តរជាតិ ហើយរក្សាមុខមាត់កម្ពុជា ដើម្បីធ្វើយ៉ាងម៉េច ឲ្យសក្តិសមជាប្រទេសមួយ ដែលធ្វើជាប្រធានរបស់អាស៊ានទាំងមូល។ យើងធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ច្រើនទសវត្សរ៍មកហើយ។ អីញ្ចឹង ការដែលធ្វើអ្វីក៏ដោយ យើងត្រូវប្រយ័ត្នប្រយែង មិនមែនអ្នកកាន់អំណាច មានអំណាច ចេះតែធ្វើត្រូវរហូតនោះទេ»។
លោក អ៊ូ វីរៈ យល់ថា កំហឹងរបស់លោកប្រមុខរដ្ឋាភិបាលខ្មែរលើលោក សម រង្ស៊ី អ្នកនយោបាយ និងអ្នកវិភាគ មិនបានសម្តែងឲ្យឃើញជាក់ស្ដែងថា កម្ពុជាទទួលឥទ្ធិពលអំណាចនយោបាយរបស់ប្រទេសចិនទាំងស្រុងនោះទេ។ ប៉ុន្ដែលោកយល់ស្របនឹងលោក យឹម សុវណ្ណ ថា ប្រតិកម្មរបស់លោកហ៊ុន សែន បែបនេះធ្វើឲ្យខូចដល់មុខមាត់កម្ពុជា ក្នុងបរិយាកាសនៃការប្រជុំកំពូលអាស៊ាន និងជាការហែកត្រដាងនូវនយោបាយផ្ទៃក្នុងរបស់ប្រទេស។
តែទោះជាយ៉ាងនេះក្ដី លោក អ៊ូ វីរៈ មើលឃើញនិន្នាការរបស់ប្រទេសចិនចង្អុលទ្រនិចមករកប្រទេសកម្ពុជា តាមរយៈព្រឹត្តិការណ៍ចុងក្រោយយ៉ាងខ្លាំង នៅពេលដែលក្រុងប៉េកាំងមើលឃើញថា ប្រទេសភូមាដែលខ្លួនបានគាំទ្របានបត់ខ្លួនទៅរករបបសេរីនិយមមួយ។
លោកនិយាយថា៖ «ការបើកទិស គឺសឹងតែ១៨៨ដឹក្រេ ដែលភូមាចាប់ផ្តើមស្រវ៉ាចាប់សហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប ធ្វើឲ្យប្រទេសចិន មានការព្រួយបារម្ភនៅក្នុងតំបន់ឥទ្ធិពលនៃការបាត់បង់ឥទ្ធិពលមួយក្នុងតំបន់នេះ។ ហើយអីញ្ចឹង យើងឃើញថា ការចាប់យកប្រទេសកម្ពុជា ជារឿងយុទ្ធសាស្ត្ររបស់ប្រទេសចិនផងដែរ»។
លោកប្រធានាធិបតីប្រទេសចិន ហ៊្វូ ជីនតាវ បានបញ្ចប់ដំណើរទស្សនកិច្ចចំនួនបួនថ្ងៃរបស់ខ្លួននៅកម្ពុជាកាលពីថ្ងៃទី២ ខែមេសា គឺមួយថ្ងៃមុនកិច្ចប្រជុំកំពូលអាស៊ាន។ កិច្ចព្រមព្រៀងចំនួនដប់ត្រូវបានចុះហត្ថលេខា ហើយប្រទេសចិនបានផ្ដល់នូវជំនួយជាទឹកប្រាក់ជាង៧៥លានដុល្លារអាមេរិកដល់កម្ពុជា។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព (CICP) មិនបានមើលឃើញថា ឥទ្ធិពលនយោបាយចិនបានជះស្រោច មកលើការដាក់របៀបវារៈនៃការជជែកអំពីជម្លោះនៅសមុទ្រចិនខាងត្បូងដ៏ចម្រូងចម្រាស់នោះទេ។ លោកថា ការដាក់របៀបវារៈ មិនមែនស្ថិតនៅលើជំហរប្រទេសកម្ពុជា ជាប្រធានអាស៊ាននោះទេ។ ប៉ុន្ដែគឺជាការសម្រេចរួមជាឯកច្ឆន្ទរបស់ប្រទេសជាសមាជិក។
ក៏ប៉ុន្ដែ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ទទួលស្គាល់ថា ឥទ្ធិពលរបស់ប្រទេសចិនបាននិងកំពុងសាយភាយក្នុងតំបន់ និងនៅក្នុងពិភពលោក។ លោកថ្លែងប្រាប់វីអូអេថា៖
«ឥទ្ធិពលចិននៅក្នុងតំបន់ហ្នឹង គឺជានិន្នាការកើតឡើង។ ហើយទូទាំងពិភពលោក តួនាទីចិនកំពុងតែកើនឡើងខ្លាំង។ ចំពោះ តើឥទ្ធិពលរបស់ចិនអាចធ្វើឲ្យមានការផ្លាស់ប្តូរពីគោលជំហររបស់កម្ពុជា ក៏ដូចជានយោបាយការបរទេសកម្ពុជានោះ ខ្ញុំពិបាកនឹងនិយាយ ពីព្រោះថាបញ្ហានេះនៅតែជាបញ្ហាស្មុគស្មាញនៅឡើយ។ ក៏ប៉ុន្តកម្ពុជាយើងនៅតែបន្ត បើតាមការមើលឃើញរបស់ខ្ញុំ នៅតែបន្តជំហរឯករាជ្យ»។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានបកស្រាយចំពោះជំហរអាស៊ាន និងប្រទេសចិន នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធផងដែរ។ លោកនិយាយថា៖
«អ្នកវិភាគមួយចំនួន នៅពលដែលការប្រជុំអាស៊ានមកដល់ គេតែងតែលើកឡើង ហាក់ដូចជាភាគីចិន និង អាស៊ានត្រៀមរៀបចំអាវុធយុទ្ធភណ្ឌដើម្បីចូលធ្វើសង្គ្រាមមួយ។ នេះជាការយល់ខុសទាំងស្រុង។ ផ្ទុយទៅវិញ មេដឹកនាំចិនឬអាស៊ានទាំងអស់ សុទ្ធតែបានត្រៀមរៀបចំខ្លួន ដើម្បីឈានឆ្ពោះពង្រឹង ដែគូជាយុទ្ធសាស្ត្រអាស៊ាន ចិន។ កុំភ្លេចថា អាស៊ាន និងចិន គឺជាដៃគូយុទ្ធសាស្ត្រ។ពាណិជ្ជកម្មធំលេខមួយរបស់អាស៊ាន គឺចិននេះឯង»។
នៅក្នុងសន្និសីទនោះដែរ លោក ហ៊ុន សែន ក៏បានបញ្ជាក់ឡើងវិញពីជំហរមិនទន់ជ្រាយរបស់កម្ពុជា ចំពោះនយោបាយការទូតជាមួយប្រទេសចិន៕