នៅថៃ្ងសុក្រនេះ ក្រុមអ្នកវិភាគបានព្រមានប្រទេសកម្ពុជាឲ្យប្រយ័ត្នប្រយែងក្នុងការចរចាជាមួយប្រទេសថៃអំពីការបែងចែកធនធានប្រេង និងឧស្ម័ននៅតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ។
លោករដ្ឋមន្រ្តីការបរទេសកម្ពុជា និងថៃបានបេ្តជ្ញាជំរុញការចរចាលើផែនការអភិវឌ្ឍន៍រួមគ្នានៅតំបន់ត្រួតស៊ីគ្នា ក្នុងឈូងសមុទ្រថៃ ដែលគេជឿជាក់ថា សម្បូរប្រេង និងឧស្ម័ន។
លោកហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថែ្លងប្រាប់សន្និសីទកាសែតកាលពីថៃ្ងព្រហស្បតិ៍ថា ការជួបពិភាក្សារវាងកម្ពុជា និងថៃនឹងឈានដល់ដំណោះស្រាយថ្មីមួយក្នុងការបែងចែកភោគផលនៅតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ។
«បញ្ហាតំបន់ត្រួតគ្នានៅឈូងសមុទ្រនេះគឺជាតំបន់មួយដែលមានលទ្ធភាពមានប្រេង និងឧស័្មន ច្រើន បើតាមការប៉ាន់ស្មានរបស់អ្នកជំនាញ។ ហើយប្រទេសយើងទាំងពីរក៏កំពុងត្រូវការនូវចំណូលពីប្រេង និងឧស្ម័ននេះ។ យើងគួរតែឈានទៅដល់ការស្រុះស្រួលគ្នាឲ្យបានឆាប់ ហើយខ្ញុំបានជម្រាបលោក Surapong ថា កម្ពុជាយើងមិនចង់បានអី្វក្រៅពីការចែកភោគផលឲ្យសមស្រប»។
លោក Surapong Tovichakchaikul រដ្ឋមន្រ្តីការបរទេសថៃ បានថែ្លងថាលោកនឹងពិគ្រោះជាមួយក្រសួងពាក់ព័ន្ធនានាអំពីបញ្ហាតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រនេះឲ្យបានឈានទៅមុខ។
លោក Surapong បានថែ្លងតាមរយៈអ្នកបកប្រែថា៖
«ដោយពេលនេះ រដ្ឋាភិបាលថៃកំពុងដំណើរការទៅមុខចំពោះការចរចា និងពិភាក្សាតំបន់សមុទ្រត្រួតស៊ីគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃថានឹងដំណើរការទៅយ៉ាងរបៀបម៉េច»។
ក្រុមអ្នកវិភាគបានយល់ស្របគ្នាថា កម្ពុជាមិនគួរប្រញាប់ប្រញាល់ក្នុងការនិយាយដល់ការបែងចែកភោគផលប្រេង និងឧស្ម័ននៅតំបន់ត្រួតស៊ីគ្នានោះទេ ដោយព្រមានថា កម្ពុជាត្រូវចរចាយ៉ាងប្រយ័ត្នប្រយែង តម្លាភាព និងបើកចំហជាមួយរដ្ឋាភិបាលថៃ។
លោក ម៉ម សម្បត្តិ នាយកប្រតិបត្តិសម្ព័ន្ធភាពដើម្បីតម្លាភាពចំណូលធនធានបានថែ្លងថា កម្ពុជាត្រូវគិតគូរយ៉ាងប្រយ័ត្នប្រយែងអំពីបទដ្ឋានគតិយុត្តសម្រាប់ការធើ្វនិយ័តកម្មលើតំបន់ត្រួតស៊ីគ្នា ដោយសារកម្ពុជាមិនទាន់មានបទពិសោធន៍លើកិច្ចការនេះ។
«យើងត្រូវប្រយ័ត្នប្រយែងសម្រាប់ការចរចានាថៃ្ងមុខនៅក្នុងតំបន់ត្រួតស៊ីគ្នា។ ពិសេសទៅទៀតគឺការគ្រប់គ្រងដែនត្រួតស៊ីគ្នានេះ។ យើងកុំគួរគប្បីប្រញាប់ពេក ក្នុងខណៈមួយយើងត្រូវការរៀបចំដំណើរការនេះឲ្យហ្មត់ចត់ មានលក្ខណៈអន្តរជាតិ និងប្រយ័ត្នប្រយែង។ វានឹងអាចទទួលផលប្រយោជន៍ច្រើនពីការចរចា។ ទំនាក់ទំនងនយោបាយ ឬបុគ្គល ឬគណបក្សនយោបាយមិនគួរយកមកទាក់ទិននឹងការគ្រប់គ្រងវិស័យឧស្សាហកម្មនិស្សារណកម្ម ឬធានានូវតម្លាភាពបែបនេះទេ»។
លោកឡាវ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានថែ្លងថា ការចរចាចែកភោគផលប្រេង និងឧស្ម័ននៅតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃអាចមានការជៀតជែ្រកផែ្នកសេដ្ឋកិច្ច និងនយោបាយ។
«យើងប្រយ័ត្នប្រយែង។ ការចរចាដោយថៃមានប្រៀបជាង ហើយគេយកផលប្រយោជន៍យើង ហើយធើ្វឲ្យមានប្រៀបយកចំណេញពីយើងជានិច្ច។ ដូច្នេះយើងត្រៀមពឹងពាក់លើតុលាការ។ ពេលនោះយើងមានភាពស្មីគ្នាជាមួយភាគីវិវាទ។ កម្ពុជានឹងជួបឧបសគ្គត្រង់ថៃចង់បានភោគផលប្រេង និងឧស្ម័នច្រើនជាងយើង។ យើងកុំបង្ខំ។ យើងប្រកាន់ជំហរយើងឲ្យបានច្បាស់លាស់។ យើងអត់ស្មើដល់គេទេ ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នជាងគេ ហើយទាញយកផលប្រយោជន៍ឲ្យបានច្រើន ហើយស្វិតស្វាញជាងគេ»។
លោកចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានថ្លែងថា អំណាចនៃការចរចារបស់កម្ពុជាជាមួយថៃនឹងជួបឧបសគ្គ និងភាពស្មុគស្មាញជាច្រើន និងប្រើរយៈពេលយូរ។
«សេដ្ឋកិច្ចគេមានទំហំធំជាងយើង។ គេមានលទ្ធភាពជាងយើងក្នុងការបង្កឬ ធើ្វអី្វមួយដែលមានឥទិ្ធពលលើយើង ទាំងផែ្នកការទូត និងផែ្នកយោធាគឺគេមានទំហំធំជាងយើង។ យើងតូច។ យើងខ្សោយ។ ទាល់តែយើងខ្លាំងខាងជំនាញបចេ្ចកទេស»។
លោក Surapong បានបញ្ជាក់ថា បន្ទាប់ពីចូលឆ្នាំថ្មី ក្រសួងការបរទេសថៃ នឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិចារណាអំពីអនុស្សរណៈយោគយល់ឆ្នាំ២០០១ដែលបានលុបចោលនោះ។
លោក Kasit Pirumya អតីតរដ្ឋមន្រ្តីការបរទេសថៃ បានលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០១នេះក្នុងឆ្នាំ២០០៩ នៅពេលលោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានតែងតាំងលោកអតីតនាយករដ្ឋមន្រ្តី Thaksin Shinawatra ឲ្យធើ្វជាទីប្រឹក្សាសេដ្ឋកិច្ច៕