ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​​កម្ពុជា​​បង្កើត​​ផែន​ការ​​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវ​គោក


ចរាចរណ៍​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ
ចរាចរណ៍​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ

អត្រា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក ​បាន​កើន​ឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​គួរ​ឱ្យ​ព្រួយបារម្ភ​ ជាពិសេស​នៅក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដើម​ឆ្នាំ២០១០នេះ​ មនុស្ស​យ៉ាងតិច​៩៣១នាក់​បាន​ស្លាប់​ និង​ជាង​៥,០០០នាក់​ទៀត​បាន​រងរបួស។ កាល​ពី​ឆ្នាំ២០០៩ ​ប្រទេស​កម្ពុជា ​បាន​ខាត​បង់​ប្រាក់​អស់​២៤៨លាន​ដុល្លារ​អាមេរិក ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍នេះ។

កម្ពុជា​គ្រោង​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សំដៅ​កាត់បន្ថយ​អត្រា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៣០​ភាគរយ និង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ប្រមាណ​៤៧០០​នាក់​នៅក្នុង​រយៈពេល​១០ឆ្នាំ​ខាងមុខ។

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រសួង​អប់រំ ​ក្រសួង​មហា​ផ្ទៃ ក្រសួង​សុខាភិបាល​ ក្រសួង​គមនាគមន៍ ​និង​ខេត្ត​ ក្រុងចំនួន២៤​ បាន​ព្រាង ផែនការ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ២០១១​ ដល់​ឆ្នាំ២០២០ ​ដើម្បី​ជួយ​ទប់ស្កាត់​ និង​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា។

មនុស្ស​យ៉ាងតិច​៩៣១នាក់​ បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដើម​ឆ្នាំ២០១០នេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ស្លាប់​ចំនួន​១,៧១៧នាក់​ និង​ការ​ខាតបង់​ប្រាក់​២៤៨លាន​ ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០០៩​ទាំងមូល។

កញ្ញា​សាម សុជាតា ​ប្រធាន​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បាន​ថ្លែង​យ៉ាង​ដូច្នេះថា៖

«ផែនការ​រយៈពេល​១០ឆ្នាំ​នេះ គឺ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ជាពិសេស​គោល​បំណង​សំខាន់​ដែល​យើង​ផ្តោត​ជា​សំខាន់​ទៅ​លើ​បីចំណុច​ គឺ​ជំរុញ​ឱ្យ​មាន​កា​រពាក់មួក​សុវត្ថិភាព​ កាត់​បន្ថយការ​បើកបរ​ក្នុងពេល​ស្រវឹង​ និង​កាត់​បន្ថយ​ការ​បើកបរ​ហួស​ល្បឿន​កំណត់»។

ផែនការ​នេះ​ បាន​កំណត់​ថា ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក។ ផ្លូវថ្នល់​ ដែល​កសាង​មាន​គុណភាព និង​សុវត្ថិភាព​អាច​ជួយ​ឱ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​មាន​សុវត្ថិភាព​ទាំង​ទៅ​ទាំង​មក​ និង​អាច​កាត់បន្ថយ​អប្បបរមា​នូវ​ហានិភ័យ​ដែល​អាច​កើតឡើង។ នៅ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍កើតឡើង​ ផ្លូវថ្នល់​ដែល​មាន​គុណភាព​ និង​សុវត្ថិភាព​ មាន​លទ្ធភាព​ជួយ​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ ​និង​ជួយ​ជនរងគ្រោះ​ឱ្យ​រួចផុត​ពី​សេចក្តី​ស្លាប់​បាន។

ផែនការ​នេះ បានចែង​ថា​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ការ​កាត់បន្ថយ​ល្បឿន​យានយន្ត​ឱ្យ​ស្ថិត​នៅក្នុង​កម្រិត​មួយ​សមស្រប​ និង​មាន​លក្ខណៈ​អនុគ្រោះ ចំពោះ​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ ថ្នល់​ ដែល​ងាយ​រងគ្រោះ​ ដូចជា​ អ្នក​បើកបរ​ម៉ូតូ​ ថ្មើរជើង ​កុមារ​ និង​ជន​ពិការ​ជាដើម។

ផែនការ​នេះ​បាន​ផ្តោត​លើ​ដំណោះស្រាយ​វិស្វកម្ម​ដែល​នាំ​ទៅ​រក​ការ​កាត់បន្ថយ​ល្បឿន​យានយន្ត​ តាមរយៈ​វិធានការ​ការ​កាត់បន្ថយ​ល្បឿន​ និង​ការ​គ្រប់គ្រង​ល្បឿន​ ជាពិសេស​ក្នុង​តំបន់ ​ដែល​មាន​ អ្នក​ប្រើ​ប្រាស់​ផ្លូវ​ឆ្លងកាត់​កុះករ​ ដូចជា ​តំបន់​សាលារៀន​ លំនៅដ្ឋាន ​និង​ទីប្រជុំជន។ វិស្វករ​ផ្នែក​ស្ពាន​ថ្នល់​នឹង​ត្រូវ​ទទួល​ការ​បណ្តុះបណ្តាល​ពី​បច្ចេកទេស​ សវនកម្ម​ផ្លូវ ​ហើយ​អាទិភាព​នឹងផ្តោត​ទៅ​លើ​សមាហរណកម្ម​សវនកម្ម​បញ្ចូល​ទៅ​ក្នុង​គម្រោង​រចនា​ផ្លូវ​ថ្នល់ ​និង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ។

ផែនការនេះ​ បាន​បញ្ចាក់ថា ​ការ​កែ​លម្អ​លើ​លក្ខណៈ​បច្ចេកទេស​ការពារ​គ្រោះថ្នាក់​ចរាចរណ៍​ និងសុវត្ថិភាព​ ដែល​បំពាក់​ក្នុង​រថយន្ត​ត្រូវ​បាន​គេ​អះអាង​ថា ពិត​ជា​ជួយ​កាត់បន្ថយ​ការ​រង​របួស​ធ្ងន់ធ្ងរ​ និង​ការ​ស្លាប់​បាន។ កម្មវិធី​ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​គ្រប់​ប្រភេទ​នឹង​ត្រូវ​ទទួល​ការ​កែ​លម្អ ​និង​ពង្រីក​បន្ថែម​ទៀត​ព្រមទាំង​ធ្វើ​តេស្ត​មួក​សុវត្ថិភាព​ដែល​បាន​ដាក់​លក់​ នៅ​តាម​ទីផ្សារ​។

ផែនការ​នេះ​ បាន​ផ្តោត​ទៅលើ​កត្តាហានិភ័យ​ចម្បងៗ ជា​គោលដៅ​ ដូចជា​ការ​ពាក់មួក​សុវត្ថិភាព​ ល្បឿន​បើកបរ​ ការ​បើកបរ​ក្នុង​ពេលស្រវឹង ​ការប្រើប្រាស់​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព​ ការ​ផ្ទុក​លើស​ចំណុះ​ និង​ប័ណ្ណ​បើកបរ​ដែល​ជា​យុទ្ធសាស្ត្រ​នឹង​ត្រូវ​ផ្សព្វផ្សាយ​អប់រំ​សាធារណៈ​ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ សាលារៀន សាកលវិទ្យាល័យ​ មិត្ត​អប់រំ​មិត្ត ​និង​ការ​ពង្រឹង​ច្បាប់​ចរាចរណ៍។ ក្រសួង​សុខាភិបាល​ត្រូវ​អភិវឌ្ឍ​ និង​ពង្រឹង​សេវា​សង្គ្រោះ​បន្ទាន់​ថ្នាក់​ជាតិ​ ដែល​ពាក់ព័ន្ធ​នឹង​ជំនាញ​សង្គ្រោះ​បឋម​ ការ​ដឹកជញ្ចូន​ជនរងគ្រោះ​ សមត្ថភាព​មន្ទីរពេទ្យ​ យន្តការ​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ ​និង​សមាហរកម្ម​ប្រព័ន្ធ​ព័ត៌មាន។ ច្បាប់​ និង​កា​រអនុវត្តច្បាប់ប្រកបដោយ​ស្រិទ្ធិភាព​នឹង​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​អ្នក​ប្រើប្រាស់​ផ្លូវ និង​កាត់​បន្ថយ​គ្រោះថ្នាក់ ​និង​ជន​រងគ្រោះ​ជាក់​ជា​មិនខាន​។

ផែនការ​នេះ​ បាន​បញ្ជាក់​ថា​ប័ណ្ណ​បើកបរ​ គឺជា​ផ្នែក​ដ៏​មាន​សារៈ​សំខាន់​ជា​មូលដ្ឋាន​ក្នុង​ការ​បើកបរ​ប្រកប​ដោយ​សុវត្ថិភាព។ ប្រព័ន្ធ​ទិន្នន័យ​ ស្តីពី​ប័ណ្ណ​បើកបរ​របស់​នាយកដ្ឋាន​ដឹក​ជញ្ចូន​នឹង​ភ្ជាប់​ទៅ​ប្រព័ន្ធ​របស់​ប៉ូលីស និង​តុលាការ​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ប្រកប​ដោយ​ប្រសិទ្ធិភាព។

XS
SM
MD
LG