អតីតប្រធានាធិបតី ហ៊ូស្នី មូបារ៉ាក់ (Hosni Mubarak) នៃប្រទេសអេហ្ស៊ីបបានបង្ហាញខ្លួនក្នុងទ្រុងក្នុងតុលាការកាលពីថ្ងៃពុធសប្តាហ៍មុនលើបទចោទប្រកាន់ពីការសម្លាប់បាតុករប្រឆាំងរដ្ឋាភិបាលនិងអំពើពុករលួយ។ លោកមូបារ៉ាក់បានត្រូវគេរុញនៅលើគ្រែពេទ្យចូលក្នុងបន្ទប់តុលាការបណ្តោះអាសន្ន ដោយដាក់ឲ្យនៅជាប់កូនប្រុសរបស់គាត់ពីរនាក់គឺហ្កាម៉ាល់ (Gamal) និង អាឡា (Alaa) លោក ហាប៊ីត អាល់ អាដលី (Habit al-Adly) អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងអតីតមន្រ្តីសន្តិសុខ៦នាក់ទៀត។
នៅពេលដែលការកាត់ទោសបន្តធ្វើឡើង ចៅក្រមបានសួរលោកមូបារ៉ាក់ថាតើលោកបានឮការចោទប្រកាន់ប្រឆាំងរូបលោក ដែលរួមមានការបញ្ជារឲ្យសម្លាប់ពួកបាតុករក្នុងអំឡុងពេលនៃការបះបោររយៈពេល១៨ថ្ងៃនៅដើមឆ្នាំនេះ។ អតីតមេដឹកនាំនិយាយថាលោកបានដឹង លោកនិយាយបន្ថែមទៀតថាលោកបដិសេធដាច់អហង្កា។ រួមជាមួយកូនប្រុសរបស់លោក លោកត្រូវរងការចោទប្រកាន់ពីអំពើពុករលួយ។ កូនប្រុសរបស់លោកមូបារ៉ាក់ ក៏បានច្រានចោលការចោទប្រកាន់នេះដែរ។
ប្រសិនបើរកឃើញកំហុស ជនចុងចោទទាំងនោះ អាចប្រឈមមុខការប្រហារជីវិត។ លោកមូបារ៉ាក់មានអាការៈភ្ញាក់ផ្អើលនៅពេលដែលលោកដេកនៅលើគ្រែពេទ្យហើយមានលក្ខណៈហត់នឿយជាងកាលពីពេលឃើញលោកនៅក្នុងឱកាសថ្លែងសុន្ទរកថាសាធារណៈកាលពីខែកុម្ភៈ។ បុរសអាយុ៨៣ឆ្នាំរូបនេះ បានត្រូវគេដឹកតាមយន្តហោះពីទីក្រុង ស្សាម អែល ស្ហេក (Sharm el- Sheikh) មកកាន់រដ្ឋធានី កាលពីថ្ងៃពុធ ដែលជាទីកន្លែងដែលអ្នកជំនួយការរបស់លោកនិយាយថាលោកមានសុខភាពមិនល្អចាប់តាំងពីលោកចុះចេញពីតំណែងក្នុងពេលប្រឈមមុខការប្រឆាំងតវ៉ាមក។
មនុស្សជាង៨០០នាក់បានត្រូវសម្លាប់ក្នុងអំឡុងពេលនៃការងើបបះបោរនោះ។ នៅខាងក្រៅតុលាការ ដែលមានផ្ទាំងទូរទស្សន៍យ៉ាងធំមួយបានបញ្ចាំងរូបភាពពួកជនចុងចោទនៅក្នុងទ្រុង ម្តាយរបស់ មូហាម៉េដ សូលីម៉ាន ថាវហ្វិក (Mohamed Soliman Tawfik) និស្សិតសាកលវិទ្យាល័យម្នាក់ដែលត្រូវគេសម្លាប់ក្នុងពេលបាតុកម្ម និយាយថាអ្នកស្រីមានការធូរស្រាលក្នុងចិត្ត។
«អ្នកស្រីនិយាយថាកូនរបស់អ្នកស្រីជាក្មេងប្រុសល្អ ចិញ្ចឹមបីបាច់ត្រឹមត្រូវ មិនដូចជាកូនប្រុសរបស់ ហូស្នី មូបារ៉ាក់ទេ។ ដោយកាន់រូបថតកូនប្រុសស្លាប់របស់អ្នកស្រី អ្នកស្រីនិយាយថាវាជាការល្មមគ្រប់គ្រាប់សម្រាប់អ្នកស្រីដែលបានឃើញអតីតប្រធានាធិបតីនៅក្នុងទ្រុង។ នៅជិតនោះ ប៉ូលីសប្រឆាំងកុប្បកម្ម ដែលបានប៉ះទង្គិចមួយសន្ទុះជាមួយពួកអ្នកគាំទ្រលោក មូបារ៉ាក់កាលពីពេលព្រឹកថ្ងៃនោះ ហាក់ដូចជាមានបំណងមើលរូបភាពរបស់អតីតប្រធានាធិបតីរបស់ខ្លួនស្ថិតនៅក្នុងទ្រុងនៅពេលដែលពួកគេស្ថិតក្នុងហ្វូងមនុស្ស»។
ក្នុងចំណោមអ្នកទាំងនោះដែលនៅខាងក្រៅតុលាការ នៅឯកន្លែងកិច្ចការបណ្តោះអាសន្នក្នុងបណ្ឌិតសភានយោបាយដែលកាលពីពេលមុនមានដាក់ឈ្មោះលោកមូបារ៉ាក់គឺលោកស្រីរ៉ាន់ណា អែល ម៉ាល់គី (Raina el Malky) បណ្ណាធិការកាសែត។ លោកស្រីនិយាយថាបើមាននរណាម្នាក់បានទស្សន៍ទាយថានឹងមានរឿងដូចនេះកាលពីឆ្នាំទៅ លោកស្រីនឹងគិតថាពួកគេជាមនុស្សភ្លីភ្លើ។
«ខ្ញុំនឹងនិយាយថាពួកគេរស់នៅផ្កាយព្រះអង្គារឬ ភព Neptune ឬនៅខាងក្រៅផែនដីពីព្រោះការណ៍នេះមិនដែលបានគិតទេ។ ខ្ញុំគិតថាអ្វីដែលបានកើតឡើងចាប់តាំងពីថ្ងៃទីមួយ ចាប់តាំងពីថ្ងៃទី២៥ ខែមករា ជាអព្ភូតហេតុមួយ»។
លោកមូបារ៉ាក់ ជាមេដឹកនាំអារ៉ាប់ទី២ដែលត្រូវបានបង្ខំឲ្យចុះចេញពីអំណាចក្នុងអំឡុងពេលនៃការងើបបះបោរមួយដ៏មានប្រជាប្រីយ៍ប្រឆាំងរដ្ឋាភិបាលដែលបានធ្វើឲ្យរង្គើតំបន់អាហ្វ្រិកខាងជើងនិងតំបន់មជ្ឈិមបូព៌ានៅឆ្នាំនេះហើយជាមេដឹកនាំទី១ដែលត្រូវយកមកកាត់ទោស។ មនុស្សដែលគាំទ្របុរសម្នាក់ដែលបានគ្រប់គ្រងប្រទេសអេហ្ស៊ីបជិត៣០ឆ្នាំបាននិយាយការពារលោកដោយមានបុរសម្នាក់បានស្តីបន្ទោសបណ្តាញផ្សាយព័ត៌មាននិងប្រទេសក្រៅ រួមមានសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ចំពោះអ្វីដែលបានកើតឡើង។
«ជានិច្ចកាល ខ្ញុំគាំទ្រលោក ហើយប្រជាពលរដ្ឋអេហ្ស៊ីបរាប់លាននាក់ទៀតគាំទ្រលោក មូបារ៉ាក់។ ខ្ញុំជឿជាក់ថានេះជាការរួមគំនិតឃុបឃិតលើបញ្ហាប្រទេសអេហ្ស៊ីប ការរួមគំនិតឃុបឃិតដែលធ្វើបានយ៉ាងល្អ ប៉ុន្តែ ទៅតាមឆន្ទៈរបស់ព្រះ យើងនឹងឈ្នះការឃុបឃិតនៅពេលនេះ»។
ប៉ុន្តែមនុស្សបែបនោះហាក់ដូចជាមានសំឡេងភាគតិច។ នៅពាសពេញរដ្ឋធានី ប្រជាពលរដ្ឋអេហ្ស៊ីប បានអង្គុយជាក្រុមនៅជុំវិញទូរទស្សន៍នៅហាងកាហ្វេនិងកន្លែងចេញចូល មើលការកាត់ទោសជាប្រវត្តិសាស្រ្តនេះ។ រឿងក្តីប្រឆាំង លោក មូបារ៉ាក់និងកូនប្រុសរបស់លោកមានកំណត់ពេលបន្តនៅថ្ងៃទី១៥ ខែសីហា។ មនុស្សផ្សេងៗទៀត មានកំណត់ពេលបង្ហាញខ្លួនក្នុងតុលាការម្តងទៀតនៅថ្ងៃព្រហស្បតិ៍៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន