រដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងច្បាប់គ្រប់គ្រងអាស៊ីតខណៈដែលក្រុមមន្ត្រីអង្គការសង្គមស៊ីវិលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាការវាយប្រហារទឹកអាស៊ីតនៅកម្ពុជាបន្តកើនឡើងរហូតដល់ជិត៣០ករណីក្នុងឆ្នាំ២០១១។ កាលពីឆ្នាំ២០១០ ការវាយប្រហារទឹកអាស៊ីតមានចំនួន២២ករណី។
លោកអ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា អង្គការសង្គមស៊ីវិលនៅតែមានការព្រួយបារម្ភអំពីការវាយប្រហារទឹកអាស៊ីតនេះ។
លោកអ៊ំ សំអាត បានបញ្ជាក់ថា អង្គការលីកាដូបានទទួលពាក្យបណ្តឹងអំពីការវាយប្រហារទឹកអាស៊ីតចំនួន១៥ករណីក្នុងរយៈពេលប្រាំបីខែដើមឆ្នាំ២០១១នេះ ហើយមិនទាន់ឃើញសញ្ញាណាមួយដែលបង្ហាញពីការថយចុះទេ។
«បទល្មើសនៃការប្រើប្រាស់ទឹកអាស៊ីតដើម្បីវាយប្រហារនេះគឺជាការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលរបស់យើងពីព្រោះរាល់ឆ្នាំ កន្លងមក យើងឃើញថាក្នុងមួយឆ្នាំ យ៉ា ងហោចមានជិត៣០ករណីដែលកើតឡើងដោយការប្រើប្រាស់អាស៊ីតនេះ»។
លោកស្រី ឈុំ ចិត្តា សោភា មន្ត្រីគ្រប់គ្រងគម្រោងនៃអង្គការជួយជនរងគ្រោះដោយអាស៊ីតខ្លាំង បានបញ្ជាក់ថា ជនរងគ្រោះដោយទឹកអាស៊ីតប្រមាណ៣៥០នាក់រហូតមកដល់ឆ្នាំ២០១១នេះ រួមមានបុរស ៤៩ភាគរយ និងស្ត្រី៥១ភាគរយ។
លោកស្រី បានបន្តថា ការវាយប្រហាទឹកអាស៊ីតនេះបានកើតចេញមកពីការច្រណែន ឬប្រចណ្ឌក្នុងរឿងស្នេហាត្រីកោណ កំហឹងក្នុងរឿងជំពាក់ប្រាក់ ជម្លោះក្នុងពេលផឹកស្រា និងគ្រោះថ្នាក់ទឹកអាស៊ីតចៃដន្យ។
«ពីដើមឆ្នាំមកដល់ថ្ងៃនេះ ជនរងគ្រោះជាង២០នាក់បានរងគ្រោះដោយសារអាស៊ីតនោះ»។
លោកអ៊ំ សំអាត បានថ្លែងថា អ្នកវាយប្រហារទឹកអាស៊ីតចំនួនប្រាំមួយនាក់ក្នុងចំណោម១០នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ពីរឆ្នាំ ក្នុងឆ្នាំ២០១០។ អ្នកវាយប្រហារទឹកអាស៊ីតខ្លះបានធ្វើការសម្របសម្រួលក្រៅប្រព័ន្ធតុលាការជាមួយជនរងគ្រោះ ហើយអ្នកខ្លះទៀតបានរត់គេចខ្លួន។ កន្លងមកការប្រើអាស៊ីតខ្លាំងដើម្បីជះ ឬស្រោចទៅលើមនុស្សបានកើតមានឡើងជាបន្តបន្ទាប់ ហើយដែលបទល្មើសនេះអាចចាត់ទុកថា ជាបទល្មើសមួយក្នុងចំណោមបទល្មើសផ្សេងទៀត ដែលមានចរិតសាហាវ ឃោរឃៅ យង់ឃ្នង អមនុស្សធម៌ ហើយបន្សល់សោកនាដកម្ម ដោយសារធ្វើឲ្យជនរងគ្រោះមានរបួសស្នាម ខូចសម្ឆស្សពីធម្មជាតិ ពិការទាំងផ្លូវកាយ និងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ក្លាយទៅជាជនពិការមួយរយៈ ឬ ពិការអស់មួយជីវិត ហើយករណីខ្លះទៀតបានបណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិតក៏មាន។
សេចក្តីថ្លែងការណ៍របស់គណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ផលវិបាកនានា ដែលកើតឡើងចំពោះជនរងគ្រោះដោយបទល្មើសអាស៊ីតខ្លាំងកន្លងមក បានបង្កឲ្យមានក្តីកង្វល់សម្រាប់សង្គមជាតិ និងរដ្ឋាភិបាល។
សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីតខ្លាំង ដែលមានគោលដៅទប់ស្កាត់បទល្មើសអាស៊ីតខ្លាំងឲ្យមានប្រសិទ្ធភាព និងចូលរួមចំណែកការពារសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាព ព្រមទាំងលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ។
សេចក្តីព្រាងច្បាប់នេះមាន ២៧មាត្រា និងមានវិសាលភាពគ្របដណ្តប់លើការផលិត ការកែច្នៃ ការនាំចូល ការនាំចេញ ការវេចខ្ចប់ ការដឹកជញ្ជូន ការយកតាមខ្លួន ការចែកចាយ ការលក់ ការទិញ ការរក្សាទុក និងការប្រើប្រាស់អាស៊ីតខ្លាំងគ្រប់ប្រភេទដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតមនុស្សនៅកម្ពុជា។
សេចក្តីព្រាងច្បាប់នេះបានកំណត់ផ្តន្ទាទោសលើការលក់ដោយគ្មានការអនុញ្ញាតឲ្យជាប់ពន្ធនាគារចំនួនប្រាំឆ្នាំ ហើយបើអ្នកវាយប្រហារទឹកអាស៊ីតបានធ្វើឲ្យជនរងគ្រោះវិនាសហិនហោចធ្ងន់ធ្ងរ ជនល្មើសនោះ នឹងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំរហូតដល់មួយជីវិត។
ជនរងគ្រោះដោយការវាយប្រហារទឹកអាស៊ីតបានស្វាគមន៍ សេចក្តីព្រាងច្បាប់គ្រប់គ្រងអាស៊ីតនេះ ហើយសង្ឃឹមថា ការវាយប្រហារដោយទឹកអាស៊ីតនៅកម្ពុជានឹងថយចុះ នៅពេលដែលសេចក្តីព្រាងនេះក្លាយទៅជាច្បាប់ពេញលេញនោះ៕