ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​ចំពោះ​វត្តមាន​របស់​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រ​នៅ​កម្ពុជា


អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រ (កណ្តាល) ឡើង​រថយន្ត​ក្រោយ​ពេល​មក​ដល់​មូលដ្ឋាន​ទ័ព​អាកាស​ក្នុង​ក្រុង​ភ្នំពេញ។ (រូបថត​ឯកសារ)
អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រ (កណ្តាល) ឡើង​រថយន្ត​ក្រោយ​ពេល​មក​ដល់​មូលដ្ឋាន​ទ័ព​អាកាស​ក្នុង​ក្រុង​ភ្នំពេញ។ (រូបថត​ឯកសារ)

លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ថាក់ស៊ីន​ ស៊ីណាវ៉ាត្រ (Thaksin​ Shinawatra) គ្រោង​នឹង​មកដល់​ទីក្រុង​ភ្នំពេញ​នៅ​យប់​ថ្ងៃ​សុក្រ​នេះ ​ដើម្បី​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ចូលរួម​ក្នុង​សន្និសីទ​ស្តីពី​សេដ្ឋកិច្ច​អាស៊ី។

ដំណើរ​ទស្សនកិច្ច​របស់​លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ​ បានធ្វើ​ឡើង​មួយ​ថ្ងៃ ​ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត្រ​ នាយក​រដ្ឋមន្ត្រី​ថៃ​ថ្មី ​ដែល​ជា​ប្អូនស្រី​របស់​លោក​ថាក់ស៊ីន។

ក្រុម​អ្នកវិភាគ​បាន​ផ្តល់​ប្រតិកម្ម​ចម្រុះ​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ​ថាក់ស៊ីន មក​កម្ពុជា​ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​នេះ។

លោក ​អ៊ូ ​វីរៈ ​ប្រធាន​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បានថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«យើង​ជ្រើសរើស​យក​ចលនា​អាវ​ក្រហម​ ហើយ​យើង​បាន​ប្រឆាំង​ជា​ចំហ​ចំពោះ​ក្រុម​នយោបាយ​ដទៃ។​ ជា​ទូទៅ​ខ្ញុំ​មើល​ទៅ​នយោបាយ​បែប​ហ្នឹង​ជា​នយោបាយ​មួយ​គ្រោះថ្នាក់​ពី​ព្រោះ​របប​នយោបាយ​តែងតែ​កែប្រែ​ ហើយ​យើង​ធ្វើ​ឱ្យ​មាន​បក្ខ​ពួក​បែប​ហ្នឹង​ជា​រឿង​មួយ​ធ្វើ​ឱ្យ​មាន​អស្ថេរភាព​ទំនាក់ទំនង​រវាង​កម្ពុជា​ និង​ថៃ​ អាច​មាន​ភាព​ល្អ​ល្អុកល្អើន​ និង​ភាព​សៅហ្មង​ដែល​ខ្ញុំ​មើល​ទៅ​មិន​ឃើញ​ផលប្រយោជន៍​ប្រទេស​កម្ពុជា​យូរ​អង្វែង​ទេ»។

លោក ​អ៊ូ​ វីរៈ​ បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​លោក ​Thaksin​ ចូល​មក​ប្រទេស​កម្ពុជា​ ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​អភិវឌ្ឍ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ច្រើន​ជាង​ការ​ធ្វើ​បទឧទ្ទេសនាម​ទាក់ទង​រឿង​សេដ្ឋកិច្ច​អាស៊ី។

«លោក ​ថាក់ស៊ីន មាន​ផលប្រយោជន៍​ច្រើន​ពី​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​លោកថាក់ស៊ីន ចង់​បន្ត​ការវិនិយោគ​នៅ​ខេត្ត​កោះ​កុង​ និង​ពង្រឹង​ផ្នែក​ផ្សេង​ទៀត​ ហើយ​ទាក់ទង​នឹង​រឿង​ប្រេង។​ អញ្ចឹង​ប្រទេស​កម្ពុជា​មាន​ឆន្ទៈ​ឱ្យ​លោកថាក់ស៊ីន ចូល​មក​ដើម្បី​ចរចា​រឿង​វិនិយោគ​មួយ​ចំនួន​ ហើយ​លោក ​ថាក់ស៊ីន ចង់​ចូល​មក​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើឱ្យ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​ជាប់​ជាមួយ​ប្រទេស​ថៃ​ជា​សញ្ញា​មួយ​ថា ​ការ​ធ្វើ​បែប​ហ្នឹង​ជា​រឿង​មួយ​ធម្មតា»។

លោក​ គីមសួរ ភីរិទ្ធ​ សមាជិក​សភា​គណបក្ស​សម រង្ស៊ី ​បានថ្លែង​ថា​វត្តមាន​របស់​លោក​ថាក់ស៊ីន ​នេះ​គ្រាន់តែ​ជា​និមិត្តរូប​នៃ​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​រដ្ឋាភិបាល​ថៃ​ដែល​ទើបតែ​ជាប់​ឆ្នោត​ថ្មី​ និង​គ្រាន់តែ​ជា​រូបភាព​ល្អ​នៃ​ទំនាក់ទំនង​ជា​មិត្តភាព​រវាង​លោក ថាក់ស៊ីន និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​វា​មិន​ឃើញ​មាន​ផល​ចំណេញ​សម្រាប់​កម្ពុជា​ទេ។

«វត្តមាន ​ថាក់ស៊ីន ​នៅ​ទឹកដី​កម្ពុជា​មិន​ពិតជា​កត្តា​ជំរុញ​ឱ្យ​កម្ពុជា​អាច​ផ្លាស់ប្តូរ​មុខ​មាត់​ថ្មី​សម្រាប់​ទាំង​សេដ្ឋកិច្ច​ និង​នយោបាយ​ឡើយ​ ពីព្រោះ​ខ្ញុំ​គិត​ថា​លោកថាក់ស៊ីន ​នៅ​ជាប់​ជំពាក់​នឹង​បញ្ហា​ផ្លូវ​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ឡើយ។ អញ្ចឹង​ លោក​ ​ថាក់ស៊ីន​មិនមែន​ជា​និមិត្តរូប​តំណាង​ឱ្យ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ​ទេ។​ ដូច្នេះ​ វា​មិន​បង្ហាញ​អំពី​ទំនាក់ទំនង​ពិតជា​ល្អ​រវាង​កម្ពុជា​ និង​ថៃ​នោះ​ឡើយ។ ​គ្រាន់តែ​ថា​វា​បង្ហាញ​ពី​រូបភាព​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ថៃ​ថ្មី​ និង​រដ្ឋាភិបាល​កម្ពុជា​តែ​ប៉ុណ្ណោះ»។

លោក​ ហេង​ ស៊្រាង​ សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​ថ្លែង​ថា​លោក ថាក់ស៊ីន អាច​ផ្តល់​ចំណេះដឹង​ និង​បទ​ពិសោធន៍​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍ​របស់​លោក​ ដើម្បី​ជួយ​ប្រទេស​កម្ពុជា។

«រដ្ឋាភិបាល​យើង​ចេះ​ប្រើប្រាស់​ ឬ​ ក៏​ចេះ​ទាញ​យក​ចំណេះដឹង​ និង​តួនាទី​របស់​លោកថាក់ស៊ីន ​មក​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​តាម​របៀប​វៃឆ្លាត​របស់​គាត់។ លោក​មាន​គំរូ​ផ្នែក​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ដែល​ថ្មី​ សម្រាប់​យក​មក​ប្រើប្រាស់​ឱ្យ​មាន​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា។​ ភាព​ឆ្លាត​ពូកែ​របស់​គាត់​បាន​ជួយ​ប្រទេស​ថៃ​ឱ្យ​ផុត​ពី​វិបត្តិ​កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​ និង​ឆ្នាំ​២០០០»។

លោក​សាស្ត្រចារ្យ ​ហេង​ ស៊្រាង ​បាន​បន្ត​ថា បើ​និយាយ​ពី​រឿង​នយោបាយ​នោះ​ វត្តមាន​របស់​លោក​ ​ថាក់ស៊ីន​នៅ​កម្ពុជា​ នឹង​មាន​ផលចំណេញ​ដល់​កម្ពុជា។

«បើ​រដ្ឋាភិបាល​យក​តួនាទី​របស់​គាត់​ទៅ​ជាប់​នឹង​រឿង​នយោបាយ ​ខ្ញុំ​គិត​ថា វា​គ្មាន​ចំណេញ​អ្វី​ដល់​កម្ពុជា​ទេ។ វា​បាន​ធ្វើ​ជនជាតិ​ថៃ​ ឬ​ក្រុម​នយោបាយ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​នោះ​មាន​កំហឹង​ ឬ​ចោទ​ប្រទេស​កម្ពុជា​ថា​ ជា​អ្នក​មាន​ទំនាក់ទំនង​នយោបាយ ​ឬ​ ផ្តល់​សិទ្ធិ​ជ្រកកោន​ កន្លែង​សុខសាន្ត​សម្រាប់​លោក​ថាក់ស៊ីន​ ធ្វើ​នយោបាយ​ហ្នឹង។ ខ្ញុំ​គិត​ថា​វា​ជា​ការ​ខាត​វិញ​ទេ»។

កាសែត​ Bangkok Post បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​លោក​អតីត​នាយក​រដ្ឋមន្ត្រី ​អាភីស៊ី វេចាជីវៈ (Abhisit​ Vejjajiva​) បាន​អះអាង​ថា​ មាន​ភស្តុតាង​ពី​ប្រភព​ជា​ច្រើន​ចង្អុល​បង្ហាញ​ថា​លោក​បាន​ព្យាយាម​ធ្វើ​កិច្ចព្រមព្រៀង​ជំនួយ​សម្រាប់​ធនធាន​ប្រេង​ និង​ឧស្ម័ន​នៅ​ក្នុង​ឈូង​សមុទ្រ​ថៃ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ លោក​នឹង​មិន​និយាយ​ជាមួយ​លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត្រ​ អំពី​ផលប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ​ទេ​ ហើយ​គ្មាន​ការ​ចរចា​អំពី​បញ្ហា​ប្រេង​ និង​ឧស្ម័ន​រវាង​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រ​ និង​កម្ពុជា​នោះ​ទេ៕

XS
SM
MD
LG