ប្រធានាធិបតីរបស់ប្រទេស ភូមាលោក ថេន សេន (Thein Sein) បានស្វាគមន៍ការចូលរួមពីសំណាក់សហរដ្ឋអាមេរិក ហើយសន្យាថានឹងសហការជាមួយមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi)។ លោកប្រធានាធិបតីក៏បានទទួលស្គាល់ពីការទាមទារសុំឲ្យមានកំណែទម្រង់កាន់តែច្រើនជាងមុន ប៉ុន្តែបានបដិសេធមិនព្រមសារភាពថា រដ្ឋាភិបាលរបស់លោកបានដាក់ពន្ធនាគារអ្នកទោសនយោបាយឡើយ។
នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងបង្អស់របស់លោកចាប់តាំងពីលោកបានក្លាយជាប្រធានាធិបតីរបស់ប្រទេសភូមា កាលពីខែមីនា លោក ថេន សេនបានស្វាគមន៍ផែនការរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ក្នុងការបញ្ជូនលោកស្រីរដ្ឋមន្ត្រីការបរទេស ហ៊ីឡារី គ្លីនតុន (Hillary Clinton) នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការមួយ ក្នុងខែក្រោយនេះ។
បន្ទាប់ពីបានថ្លែងនៅខាងក្រៅកិច្ចប្រជុំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (Association of Southeast Nations) នៅទីក្រុងបាលី ក្នុងប្រទេសឥណ្ឌូនេស៊ី លោកបានប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃសៅរ៍ ក្នុងសប្តាហ៍នេះថា ដំណើរទស្សនកិច្ចនេះនឹងក្លាយទៅជាអ្វីដែលលោកពណ៌នាថា ជាការប្រសិទ្ធិពរជ័យជូនដល់ប្រទេសរបស់លោក។
លោកមានប្រសាសន៍ថា លោកប្រធានាធិបតី អូបាម៉ា បានទទួលស្គាល់ដំណើរវិវត្តន៍ផ្នែកនយោបាយនៅភូមា។ ម្យ៉ាងវិញទៀត លោក និយាយថា លោកប្រធានាធិបតី អូបាម៉ា បាននិយាយថា អ្វីដែលកំពុងកើតឡើងនៅភូមា មិនទាន់ល្អឥតខ្ចោះនៅឡើយទេ។ លោកថ្លែងថា លោកប្រធានាធិបតី អូបាម៉ា បានលើកទឹកចិត្តដល់ប្រទេសភូមាឲ្យធ្វើកិច្ចការច្រើនថែមទៀត ដើម្បីធ្វើកំណែទម្រង់ ហើយថា សហរដ្ឋអាមេរិកនឹងតាមឃ្លាំមើលយ៉ាងដិតដល់ ដើម្បីពិនិត្យមើលសភាពការណ៍។
ក្រុមមេដឹកនាំអាស៊ាននៅឯជំនួបកំពូលនេះ បានបោះឆ្នោតអនុញ្ញាតឲ្យប្រទេសភូមាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្រចាំឆ្នាំក្នុងឆ្នាំ២០១៤ បន្ទាប់ពីការផ្អាកកាលពីលើកមុន ដោយសារតែព័ត៌មានស្តីអំពីបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសនេះ។
ដំណើរទស្សនកិច្ចរបស់លោកស្រី គ្លីនតុន នឹងក្លាយជាដំណើរទស្សនកិច្ចថ្នាក់ខ្ពស់បំផុតទៅកាន់ប្រទេស ភូមា ពីសំណាក់មន្ត្រីសហរដ្ឋអាមេរិកមួយរូប ក្នុងរយៈពេលកន្លះសតវត្សរ៍ ហើយធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលដែលគាំទ្រដោយក្រុមយោធា បានចាត់វិធានការជាច្រើនដើម្បីធ្វើឲ្យមានភាពសេរីឡើងវិញ។
ក្រុមអជ្ញាធរ បានបន្ធូរកណ្តាប់ដៃយ៉ាងណែនរបស់ពួកគេទៅលើប្រព័ន្ធផ្សព្វផ្សាយ បានអនុញ្ញាតឲ្យមានសហជីពការងារ ផ្អាកទំនប់វារីអគ្គិសនីដែលមិនប្រជាប្រិយភាព និងដែលគាំទ្រដោយប្រទេសចិន ដោះលែងអ្នកទោសនយោបាយជាង២០០នាក់ និងបានបើកកិច្ចប្រជុំដោយផ្ទាល់ជាមួយមេដឹកនាំគណបក្សប្រឆាំង លោកស្រី អ៊ោង សានស៊ូជី។
កាលពីសប្តាហ៍មុន លោកស្រី អ៊ោង សានស៊ូជី និងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ឬហៅកាត់ថា NLD បានប្រកាសថា ពួកគេនឹងចូលក្នុងឆាកនយោបាយឡើងវិញនៅក្នុងការបោះឆ្នោតទូទៅនាពេលខាងមុខ។
លោកស្រី ខេលី ឃឺរី (Kelley Currie) ស្រាវជ្រាវអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស ភូមា សម្រាប់វិទ្យាស្ថានគម្រោងឆ្នាំ២០៤៩ (Project 2049 Institute) នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី (Washington D.C.)។ លោកស្រីបានប្រាប់វីអូអេ នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធស្កាយ(Skype) ថា ការចូលរួមរបស់គណបក្ស NLD នៅក្នុងការបោះឆ្នោត នាំមកនូវភាពជឿជាក់ដល់ការអះអាងរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់។
«វាមានសារសំខាន់ខ្លាំងណាស់ ហើយវាបង្ហាញពីកម្រិតនៃការគាំទ្ររបស់លោកស្រី ចំពោះអ្វីដែលនឹងបន្តជាមួយរបបនេះ ហើយថា លោកស្រី មានភាពជឿជាក់នៅក្នុងកម្រិតជាក់លាក់មួយ នៅក្នុងដំណើរការនេះ។ ខ្ញុំមិនគិតថា លោកស្រី នឹងដាក់ខ្លួននិងគណបក្សរបស់លោកស្រីនៅទីនោះទេ ប្រសិនបើលោកស្រីមិនមានភាពជឿជាក់មួយចំនួនថា ពួកគេនឹងទទួលបានការផ្តល់ឪកាស ដើម្បីប្រកួតប្រជែងដោយយុត្តិធម៌នោះ។ ហើយខ្ញុំគិតថា នោះជាអ្វីដែលសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដែលគាំទ្រដល់ប្រជាធិបតេយ្យភាវូបនីយកម្មនៅភូមា គួរធ្វើការពិនិត្យមើលយ៉ាងប្រុងប្រយ័ត្ន»។
ប៉ុន្តែ ឃឺរីនិងក្រុមអ្នកវិភាគផ្សេងទៀត បានព្រមានចំពោះវិធានការទាំងឡាយដែលត្រូវបានធ្វើកន្លងមក ដែលនឹងអាចត្រឡប់ថយក្រោយវិញ ដូចដែលធ្លាប់បានកើតមានឡើងកាលពីពេលមុនៗហើយថា សកម្មភាពរបស់រដ្ឋាភិបាលត្រូវតែឃ្លាំមើលយ៉ាងដិតដល់។
ពួកគេក៏គូសបញ្ជាក់ផងដែរថា នៅមានអ្នកទោសនយោបាយរាប់ពាន់នាក់នៅក្នុងមន្ទីរឃុំឃាំងនៅភូមា។ អ្នកទោសភាគច្រើនបានជាប់ពាក់ព័ន្ធនៅក្នុងការតវ៉ាដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានបង្រ្កាបយ៉ាងឃោរឃៅពីសំណាក់ក្រុមយោធា។
លោកប្រធានាធិបតី ថេន សេន ដែលខ្លួនលោកជាអតីតឧត្តមសេនីយ៍ បដិសេធមិនទទួលស្គាល់អ្នកទោសនយោបាយណាមួយឡើយ។
លោកថ្លែងថា ពួកគេបានដោះលែងអ្នកទោសជិត២ម៉ឺននាក់ ដែលជាផ្នែកមួយនៃការលើកលែងទោសជាទូទៅ។ តែទោះយ៉ាងណា លោក និយាយថា ពួកគេមិនទទួលស្គាល់ទេថា អ្នកទោសមួយចំនួនជាអ្នកទោសមនសិការនោះឡើយ។ លោកនិយាយថា ពួកគេត្រូវបានចាប់ខ្លួន និងទទួលការកាត់ទោស ដោយសារតែពួកគេបានបំពានច្បាប់ដែលនៅជាធរមាន។
រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ថេន សេនបានចូលកាន់ដំណែងកាលពីខែមីនា បន្ទាប់ពីការបោះឆ្នោតនៅទូទាំងប្រទេស ដែលត្រូវបានរិះគន់ថាជាការបោកបញ្ឆោត ដែលត្រូវបានធ្វើឡើងដើម្បីរក្សាអំណាចរបស់របបយោធាតែប៉ុណ្ណោះ។
សូម្បីតែមុនពេលការបោះឆ្នោត រដ្ឋធម្មនុញ្ញដែលក្រុមយោធាជាអ្នករៀបចំសេចក្តីព្រាង ធានាដល់ក្រុមយោធានូវអាសនៈចំនួន១ភាគ៤ក្នុងចំណោមអាសនៈទាំងអស់នៅក្នុងរដ្ឋសភា។
លោក ដេវីដ ស្តេនប៊ឺក (David Steinberg) ជាអ្នកវិភាគអំពីប្រទេសភូមា នៅឯសាកលវិទ្យាល័យចចថោន (Georgetown University) នៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ លោកនិយាយថា ក្រុមយោធាគ្មានចេតនាក្នុងការបោះបង់អំណាចទេ ប៉ុន្តែអាចបាត់បង់អំណាចរបស់ខ្លួន ដូចរដ្ឋាភិបាលយោធាមុនៗ នៅក្នុងប្រទេសឥណ្ឌូនេស៊ីនិងកូរ៉េខាងត្បូងដែរ។
«បញ្ហានេះជាបញ្ហាជាមូលដ្ឋានមួយ ហើយថា មាគ៌ានៃការផ្លាស់ប្តូរសង្គមនៅក្នុងសង្គមនោះ ត្រូវបានគ្រប់គ្រងដោយក្រុមយោធា ហើយនៅពេលដែលសង្គមនោះផ្លាស់ប្តូរ វាត្រូវការរយៈពេលមួយជំនាន់មនុស្សជាមូលដ្ឋាន ដើម្បីធ្វើការផ្លាស់ប្តូរ។ ដូច្នេះ អ្នកអាចងើបឡើងតាមរយៈនយោបាយ សេដ្ឋកិច្ច ការអប់រំ សង្គមស៊ីវិល នៅពេលដែលរឿងរ៉ាវទាំងអស់នេះកើតឡើង បន្ទាប់មកតួនាទីរបស់ក្រុមយោធាកាន់តែថមថយទៅវិញ»។
លោក ស្តេនប៊ឺក និយាយថា មានការទទួលស្គាល់កាន់តែច្រើនឡើងនៅប្រទេសភូមា ដែលរបបគ្រប់គ្រងដោយយោធារាប់ទសវត្សរ៍មកនេះ បានប្រែក្លាយប្រទេសនេះពីប្រទេសមានបំផុតមួយ ទៅជាប្រទេសក្រីក្របំផុត។
លោកថ្លែងថា ការធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០១៤ នឹងធ្វើឡើង ដើម្បីដាក់ទម្ងន់សម្ពាធផ្ទៃក្នុង ដើម្បីបន្តកំណែទម្រង់ជាបន្តទៀត៕
ប្រែសម្រួលដោយ លី សុខឃាង