អង្គការសិទ្ធិមនុស្សឲ្យដឹងថាអ្នកទោសនយោបាយជាង២០នាក់ដែលត្រូវបានជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ អ៊ិនសេន (Insein) យ៉ាងអប្រិយ៍នៃប្រទេសភូមា បានចាប់ផ្ដើមធ្វើកូដកម្មអត់អាហារកាលពីអាទិត្យមុនដើម្បីប្រឆាំងតវ៉ានឹងការខ្វះចំណីអាហារឲ្យដល់អ្នកទោសទាំងអស់ហើយអំពាវនាវឲ្យផ្ដល់សិទ្ធិជាមូលដ្ឋាន។ អ្នកទោសសកម្មជនមួយក្រុមនិយាយថាអ្នកធ្វើកូដកម្មខ្លះត្រូវបានគេដាក់នៅក្នុងបន្ទប់ឃុំឃាំងនៅដាច់តែឯង។
អង្គការសិទ្ធិមនុស្សនានាឲ្យដឹងថា អ្នកទោសនយោបាយយ៉ាងតិច៣៣នាក់នៅក្នុងពន្ធនាគារអ៊ិនសេនយ៉ាងអប្រិយ៍នៅជិតទីក្រុង រ៉ង់ហ្គូន (Rangoon) បានចាប់ផ្ដើមធ្វើកូដកម្មអត់អាហារកាលពីអាទិត្យមុននៅពេលដែលស្ដ្រីអ្នកទោសមួយក្រុមតវ៉ាចំពោះការលើកលែងទោសរបស់រដ្ឋាភិបាលដែលបន្ថយសាលក្រមជាប់ពន្ធនាគារជាទូទៅមួយឆ្នាំ។
អង្គការ (Assistance Association for Political Prisoners) ឬសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ មានទីស្នាក់ការនៅប្រទេសថៃហៅកាត់ថា អេអេភីភី (AAPP) ឲ្យដឹងថា ការទាមទាររបស់ក្រុមអ្នកធ្វើកូដកម្មមានរួមទាំងចំណីអាហារ ឲ្យបានកាន់តែល្អប្រសើរឡើង សម្លៀកបំពាក់ល្អជាងមុន ការបញ្ចប់ការដាក់នៅក្នុងបន្ទប់ដាច់តែម្នាក់ឯងឆ្ងាយពីអ្នកទោសដទៃទៀត ហើយអនុញាតឲ្យគ្រួសារ មានសិទ្ធិទៅសួរសុខទុក្ខបាន។ អង្គការនោះឲ្យដឹងថាចាប់តាំងពីពេលនោះមក អាជ្ញាធរបានបង្ក្រាបទៅលើក្រុមអ្នកតវ៉ា ដោយបានបញ្ជូន អ្នកតវ៉ា ដែលគេមិនបានដឹងចំនួនយកទៅដាក់នៅក្នុងបន្ទប់ដាច់តែម្នាក់ឯងដែលមិនធំជាងទ្រុងដាក់ឆ្កែប៉ុន្មានទេ។
លោក បូជី (Bo Kyi) ជាសហលេខាធិការនៃសមាគមជំនួយសម្រាប់អ្នកទោសនយោបាយនៅប្រទេសភូមាមានទីស្នាក់ការនៅប្រទេសថៃ។
«តាមដែលយើងដឹងគឺថា អ្នកទោសខ្លះត្រូវបានផ្លាស់ទៅដាក់នៅក្នុងបន្ទប់តូចចង្អៀតដូចទ្រុងដាក់ឆ្កែ។ យើងមិនដឹងអំពីសេចក្ដីលម្អិតនៃការប្រព្រិត្ដិធ្វើទៅលើពួកគេយ៉ាងដូចម្ដេចទេ។ មានអ្នកខ្លះត្រូវបានគេប្រាប់ថាឲ្យរៀបអីវ៉ាន់ពីព្រោះពួកគេអាចត្រូវបានផ្លាស់ទៅពន្ធនាគារផ្សេងទៀត»។
លោក បូជីនិយាយថាអាជ្ញាធរសង្ឃឹមថានឹងបន្ថយកម្លាំងនៃការតវ៉ាដោយបំបែកជួរក្រុមអ្នកតវ៉ា ហើយបញ្ជូនពួកគេទៅដាក់ក្នុងពន្ធនាគារផ្សេងទៀត។ លោកនិយាយថា គ្រួសាររបស់អ្នកទោសកំពុងតែព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខុមាលភាពរបស់អ្នកទោស។
«គ្រួសារខ្លះរបស់អ្នកទោសនយោបាយពិតជាព្រួយបារម្ភអំពីអ្នកធ្វើបាតុកម្ម ជាពិសេសសេចក្ដី ព្រួយបារម្ភយ៉ាងធំចំពោះការប្រព្រិត្ដអំពើយ៉ាងឃោរឃៅ ទៅលើពួកគេ»។
ការលើកលែងទោសឲ្យពួកអ្នកទោស ដោយរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសភូមាដែលគេស្គាល់ហៅថា Myanmar ដែរនោះ កាត់បន្ថយអាណត្ដិពន្ធនាគារមួយឆ្នាំ ក៏ប៉ុន្ដែត្រូវបានអង្គការសិទ្ធិមនុស្សរិះគន់នៅទូទាំងពិភពលោក ថាមិនគ្រប់គ្រាន់។
អង្គការសិទ្ធិមនុស្សនានាឲ្យដឹងថារដ្ឋាភិបាលបានដោះលែងអ្នកទោសប្រមាណមួយម៉ឺនបួនពាន់នាក់ដែល ត្រូវជាប់ពន្ធនាគារ មិនដល់មួយឆ្នាំទៀត។ ក៏ប៉ុន្ដែមានចំនួនប្រមាណតែ៥៥នាក់ប៉ុណ្ណោះដែលគេជឿថាជាអ្នកទោសនយោបាយ។ គេជឿថាមានអ្នកទោសប្រមាណជាង២ពាន់នាក់ជាប់ក្នុងពន្ធនាគារនៅក្នុងប្រទេសភូមា។
ជនដែលជាប់ឃុំឃាំងរួមមានព្រះសង្ឃជាង២០០អង្គហើយនឹងសមាជិក៣០០នាក់នៃគណបក្សសម្ព័ន្ធភាពដើម្បីប្រជាធិបតេយ្យ៕
ប្រែសម្រួលដោយ កង ស៊ីវន