មេដឹកនាំចលនាប្រឆាំងរបស់ប្រទេសភូមា អំពាវនាវឲ្យសភាសហរដ្ឋអាមេរិកបំពេញកិច្ចការដែលខ្លួនអាចធ្វើបាន ដើម្បីធានាឲ្យរដ្ឋាភិបាលរបស់លោកស្រីគោរពតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីប្រទេសភូមា។
លោកស្រី អោងសាន់ ស៊ូជី បានជំរាបសមាជិកសភាសហរដ្ឋអាមេរិកថា សេចក្តីសម្រេចចិត្តដែលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុម័តកាលពីខែមីនា ជាការណែនាំផ្លូវដ៏ច្បាស់លាស់មួយសម្រាប់កិច្ចការដែលគេត្រូវធ្វើ ដើម្បីនាំយកលទ្ធិប្រជាធិបតេយ្យមកជូនប្រទេសភូមា។
ក្នុងចំណោមបញ្ហាដទៃទៀតសេចក្តីសម្រេចរបស់អសបបានអំពាវនាវឲ្យប្រទេសភូមាដោះលែងអ្នកទោសនយោបាយ ផ្តល់សេរីភាពពលរដ្ឋដូចជាសេរីភាពបញ្ចេញយោបល់ និងអនុញ្ញាតឲ្យអ្នករាយការណ៍ពិសេសរបស់អសបអំពីសិទ្ធិមនុស្ស ទៅធ្វើទស្សនកិច្ចជាប្រក្រតីនៅក្នុងប្រទេសភូមា។
«សេចក្តីសម្រេចនេះមានចែងអំពីសេចក្តីត្រូវការទាំងអស់របស់ប្រទេសភូមាសព្វថ្ងៃនេះ ខ្ញុំសុំនិយាយថា គឺសេចក្តីត្រូវការនយោបាយទាំងអស់របស់ភូមា។ សេចក្តីស្នើ សេចក្តីអំពាវនាវ ការទាមទាររបស់សេចក្តីសម្រេចនេះ គឺសមស្របយ៉ាងច្រើននិងអ្វីដែលយើងនៅក្នុងប្រទេសភូមាកំពុងត្រូវការ ដើម្បីចាប់ផ្តើមដឹកនាំប្រទេសភូមាទៅតាមគន្លងពិតប្រាកដមួយនៃលិទ្ធិប្រជាធិបតេយ្យ»។
គេបានចាក់សេចក្តីថ្លែងតាមខ្សែវីដេអូរបស់លោកស្រី ជូនសមាជិកអនុគណកម្មាធិការសភាសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីកាលពីថ្ងៃពុធ។ សមាជិកទាំងនេះបានធ្វើសវនាការមួយស្តីពីការបោះឆ្នោតកាលពីខែវិច្ឆិកាមុន ដែលជាការបោះឆ្នោតលើកទីមួយក្នុងប្រទេសភូមា ក្នុងពេល ២០ ឆ្នាំ។
មេដឹកនាំសមាគមជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យ (National League for Democracy) មានការរវាំងប្រយ័ត្ន ក្នុងការនិយាយរិះគន់រដ្ឋាភិបាលថ្មីរបស់ភូមា។ ក៏ប៉ុន្តែ លោកស្រីបានអំពាវនាវឲ្យមានតុលាការឯករាជ្យមួយ ដើម្បីធានាឲ្យមាននិតិរដ្ឋ ហើយលោកស្រីបាននិយាយថា បើសិនជារដ្ឋាភិបាលមានសេចក្តីស្មោះក្នុងការនាំយកលទ្ធិប្រជាធិបតេយ្យមកជូនប្រទេសភូមាមែននោះ រដ្ឋាភិបាលគួរតែដោះលែងអ្នកទោសនយោបាយទៅវិញ។
លោកស្រីបានបញ្ចប់សេចក្តីថ្លែងរបស់លោកស្រី ដោយបានថ្លែងអំណរគុណ ដល់សភាសហរដ្ឋអាមេរិក ចំពោះការគាំទ្រដល់ការកែទម្រង់ប្រជាធិបតេយ្យនៅក្នុងប្រទេសភូមា។
«ដោយមានជំនួយនិងការគាំទ្រពីមិត្តដ៏ពិតប្រាកដ ខ្ញុំជឿថាយើងនិងអាចដើរតាមមាគ៌ានៃលទ្ធិប្រជាធិបតេយ្យដែលមិនមែនបានដោយងាយស្រួលនិងប្រហែលមិនបានឆាប់ដូចយើងចង់បាននោះទេ ក៏ប៉ុន្តែបានដោយពិតប្រាកដនិងតាមលំដាប់»។
ក្រុមប្រឆាំងក្នុងប្រទេសភូមា សកម្មជនសិទ្ធិមនុស្ស និងរដ្ឋាភិបាលជាច្រើន ដូចជាសហរដ្ឋអាមេរិកជាដើម និយាយថា ការបោះឆ្នោតគ្រាន់តែពង្រឹងការគ្រប់គ្រងរបស់កងយោធាតែប៉ុណ្ណោះ ពីព្រោះសមាជិកយោធានិងគណបក្សដែលកងយោធាគាំទ្រគ្របសង្កត់លើរដ្ឋសភា។
គេចាត់ទុករដ្ឋាភិបាលភូមាថាជារដ្ឋាភិបាលផ្តាច់ការបំផុតមួយនៅក្នុងពិភពលោក។ សកម្មជនសិទ្ធិមនុស្សនិងសមាជិកប្រឆាំងនិយាយថា ប្រទេសភូមាបានឃុំឃាំងអ្នកទោសនយោបាយជាង ២០០០ នាក់ ប្រើកម្មករដោយបង្ខំ កាត់ទោសឲ្យជាប់គុករយៈពេលយូរ ប្រើការវាយប្រហារយោធាប្រឆាំងនិងក្រុមជនភាគតិច ដើម្បីបង្ក្រាបក្រុមប្រឆាំង។
សមាគមជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យ ហៅកាត់ NLD បានឈ្នះការបោះឆ្នោតសេរីចុងក្រោយក្នុងឆ្នាំ ១៩៩០ ក៏ប៉ុន្តែកងយោធាមិនដែលអនុញ្ញាតឲ្យគណបក្យនេះចូលកាន់អំណាចទេ។
គណបក្ស NLD មិនបានចូលរួមក្នុងការបោះឆ្នោតកាលពីឆ្នាំមុនទេ ពីព្រោះគណបក្សនេះមិនព្រមដកហូតលោកស្រី អោងសាន់ ស៊ូជី និងសមាជិកជាប់គុកដទៃទៀតចេញពីគណបក្សដែលច្បាប់បោះឆ្នោតថ្មីបានតម្រូវឲ្យធ្វើ។
លោកស្រី អោងសាន់ ស៊ូជី ដែលបានចំណាយពេល ២០ ឆ្នាំកន្លងទៅនេះក្រោមការឃុំឃាំងភាគច្រើន បានត្រូវដោះលែងឲ្យរួចខ្លួន មិនយូរប៉ុន្មានក្រោយការបោះឆ្នោតខែវិច្ឆិកា៕
ប្រែសម្រួលដោយកែ យ៉ាន