ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​ភូមា​បើក​សម័យ​ប្រជុំ​លើក​ទី​១


សមាជិក​គណបក្ស​អភិវឌ្ឍន៍ និង​សាមគ្គីភាព​សហភាព​ (Union Solidarity and Development Party) បើក​រថយន្ត​​ឃោសនា​ដែល​បិត​ស្លាក​សញ្ញា​បេក្ខជន​​ និង​បេក្ខនារី​ ដែល​ឈរ​ឈ្មោះ​នៅ​ក្នុង​​ការបោះឆ្នោត​កាលពី​​ខែវិឆ្ឆិកាកន្លងទៅនេះ។
សមាជិក​គណបក្ស​អភិវឌ្ឍន៍ និង​សាមគ្គីភាព​សហភាព​ (Union Solidarity and Development Party) បើក​រថយន្ត​​ឃោសនា​ដែល​បិត​ស្លាក​សញ្ញា​បេក្ខជន​​ និង​បេក្ខនារី​ ដែល​ឈរ​ឈ្មោះ​នៅ​ក្នុង​​ការបោះឆ្នោត​កាលពី​​ខែវិឆ្ឆិកាកន្លងទៅនេះ។

ទីក្រុងបាងកក៖ រដ្ឋ​សភា​ថ្មី​នៃ​ប្រទេសភូមា​ ដែល​បាន​ជាប់ឆ្នោត​កាល​ពី​ខែ​វិច្ឆិកា​មុន​ នឹង​កំណត់​ធ្វើការប្រជុំ​លើក​ដំបូង​នៅ​ដំណាច់​ខែ​នេះ។​ ក៏ប៉ុន្តែ​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា ​សភា​នេះ​គ្រាន់តែ​ជា​វិធី​មួយ​សម្រាប់​ឱ្យ​រដ្ឋាភិបាល​យោធា​ពង្រឹង​អំណាច​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​នៃ​ប្រទេសភូមា​បាន​ប្រកាស​កាល​ពី​ថ្ងៃច័ន្ទ​ទី​១០​មករា​ថា រដ្ឋសភា​នៃ​ប្រទេសភូមា​នឹង​បើក​សម័យប្រជុំ​លើក​ទីមួយ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣១​មករា។​ នេះ​ជា​លើកដំបូង​ហើយ​ដែល​អង្គការនីតិបញ្ញត្តិ​ធ្វើការ​ប្រជុំ​នៅ​ក្នុង​ប្រទេសភូមា​ចាប់​តាំង​ពី​ឆ្នាំ១៩៨៨​មក។ គណបក្ស​អភិវឌ្ឍន៍ និង​សាមគ្គីភាព​សហភាព​ (Union Solidarity and Development Party) ដែល​គាំទ្រ​ដោយ​យោធា​ បាន​ឈ្នះឆ្នោត​ដោយ​ទទួល​បាន​ប្រមាណ​៨០ភាគរយ​នៃ​អាសនៈ​ក្នុង​រដ្ឋ​សភា។ រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨​ផ្តល់​អាសនៈ​២៥ភាគរយ​ដោយ​ស្វ័យប្រវត្តិ​ឱ្យ​ក្រុមយោធា។

ពួក​យោធា​និយាយ​ថា ការបោះឆ្នោត​នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ពួក​គេ​ដើម្បី​ធ្វើ​ចលនា​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ និង​ការគ្រប់គ្រង​បែប​ស៊ីវិល។

ក៏​ប៉ុន្តែ​ ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ភូមា និង​សហគមន៍​អន្តរជាតិ​បានរឹះគន់​ការ​បោះឆ្នោត​នេះ​ថា មិន​យុត្តិធ៌ម​ពីព្រោះ​មាន​ការ​កម្រិត​លទ្ធភាព​បេក្ខជន​ប្រឆាំង​ក្នុង​ការ​ឃោសនាបោះឆ្នោត។​ ជន​ច្រើន​នាក់​ដោយ​មាន​រួមបញ្ចូល​ទាំង​លោកស្រី​អោង សានស៊ូជី​ ( Aung San Suu Kyi)​ អ្នកគាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ផង​ដែរ​បាន​ត្រូវ​រារាំង​មិន​ឱ្យ​ឈរឈ្មោះ​ទេ។

លោក​ ស៊ុណៃ​ ផាស៊ុក​ (Sunai Pasuk)​ ជា​អ្នកតំណាង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ( Human Rights Watch)​ ក្នុង​ក្រុងបាងកក។​ លោក​មាន​ប្រសាសន៍​ថា៖

«តើ​ការ​បោះឆ្នោត​នេះ​នឹង​នាំ​ឱ្យ​មាន​ការ​កែ​ប្រែ​ច្រើន​ក្រាស់​ក្រែល​នៅ​ក្នុង​ប្រទេស​ភូមា​ឬទេ?​ តើ​ការ​បោះឆ្នោត​នេះ​នឹង​នាំ​ឱ្យ​មាន​ការ​កែលម្អ​ហ្មត់ចត់​ដល់​អ្វី​ដែល​ហៅថា ការ​បើក​ចំហរ​ប្រទេស​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ច្រើន​ជាង​មុន​ឬទេ? មិនមែន​ទេ។ គឺ​មិនមែនទេ។ ​ការ​បោះឆ្នោត​នេះ​គ្រាន់​តែ​ជា​ការ​ពង្រឹង​អំណាច​ជា​ផ្លូវការ​ប៉ុណ្ណោះ។ ការ​បោះឆ្នោត​នេះ​គ្រាន់​តែ​ជា​ទម្រង់​ការ​ជា​ផ្លូវការ​មួយ​នៃ​ការ​គ្រប​សង្កត់​របស់​ក្រុម​យោធា​ក្នុង​ប្រទេស​ភូមា​តែ​ប៉ុណ្ណោះ»។

កាល​ពី​ថ្ងៃច័ន្ទ​ដែរ​ក្រុម​យោធា​បាន​ឱ្យ​ដឹង​ថា ពួក​គេ​នឹង​តាក់តែង​ច្បាប់​មួយ​ ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការកេណ្ឌ​បុរសស្ត្រី​ឱ្យ​ចូល​ធ្វើ​ទាហាន។ លោក​ ខាល​ ថេយើរ​ (Carl Thayer)​ ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ម្នាក់​នៅ​ឯ​សាកល​វិទ្យាល័យ ​ញូសោធវ៉េលស៍​ (New South Wales)​ ប្រទេស​អូស្ត្រាលី។ លោក​និយាយ​ថា គេ​អាច​ឃើញ​ការ​កេណ្ឌ​ទាហាន​នេះ​ថា ជា​ការប្រកួត​ប្រជែង​របស់​កង​យោធពល​ដើម្បី​យក​អ្នក​ដែល​កំពុង​ធ្វើការ​ក្នុង​វិស័យ​ឯកជនក្នុង​ប្រទេស​ភូមា។​ លោក​បន្ត​ថា៖

«ច្បាប់​នេះ​ផ្តល់​ឱ្យ​រដ្ឋាភិបាល​នូវ​សមត្ថភាព​ក្នុង​ការកេណ្ឌ​ពួក​មនុស្ស​ដែល​មាន​ការ​សិក្សា​អប់រំ ឬ​បច្ចេកវិជ្ជា​សមរម្យ​ដែល​គេ​ត្រូវ​ការ​ និង​ពួក​ស្ត្រី​សម្រាប់​សេវាកម្ម​បច្ចេកវិជ្ជា។​ តាម​រយៈ​កងទ័ព​ស្ម័គ្រចិត្ត​ សហគ្រាស​ឯកជន​ប្រកួត​ប្រជែង​ដើម្បីមនុស្ស​ប៉ិនប្រសប់​បំផុត​ក្នុង​ប្រទេស»។

ក្រុម​ការពារ​សិទ្ធិ​មនុស្ស​បាន​ចោទ​ប្រកាន់​កងទ័ព​ភូមា​ថា ប្រើ​ប្រាស់​ក្រុម​កុមារ​ឱ្យ​ធ្វើ​ទាហាន និង​បង្ខិត​បង្ខំ​ក្រុម​ជន​ស៊ីវិល​ឱ្យ​ធ្វើការ​ជា​អ្នក​ដោះ​គ្រាប់មីន និង​ជា​អ្នកដឹកជញ្ជូន​ឥវ៉ាន់។​ គេ​រាយការណ៍​ថា កង​ទ័ព​មាន​ការ​ពិបាក​ក្នុង​ការ​ថែរក្សា​ចំនួន​ទាហាន​ដោយសារ​មាន​ការ​រត់ចោលជួរ។ តាម​រយៈ​ច្បាប់​ថ្មី​នេះ​ ពួក​ជន​ដែល​គេច​ខ្លួន​ពី​ការកេណ្ឌ​ទាហាន​ប្រឈមមុខនឹង​ទោស​ជាប់​គុក​រហូត​ដល់​ប្រាំ​ឆ្នាំ។

ច្បាប់​ថ្មី​នេះ​ក៏​អាច​ឱ្យ​កងទ័ព​កេណ្ឌ​និស្សិត​សាកលវិទ្យាល័យ​ឱ្យ​ធ្វើ​ជា​ទាហាន​បាន​ដែរ។​ គេ​ឃើញ​ជា​ញឹកញយ​ថា សាកលវិទ្យាល័យ​ជា​ប្រភព​ធំ​មួយ​នៃ​ក្រុម​ប្រឆាំង។ ពួក​អ្នក​ធ្វើ​វិភាគ​ក្នុង​តំបន់​និយាយ​ថា កងទ័ព​ដែល​បាន​ត្រូវ​កេណ្ឌ​ជា​វិធី​មួយទៀត​សម្រាប់​ពង្រឹង​អំណាច​យោធា​ជា​ថ្មី។ ពួក​យោធា​បាន​គ្រប់គ្រង​ប្រទេសភូមា​ចាប់​តាំង​ពី​ឆ្នាំ​១៩៦២។​ កាល​ពី​ឆ្នាំ​១៩៩០​ ក្រុមប្រឆាំង​ដឹកនាំ​ដោយ​លោកស្រី​ អោង សានស៊ូជី​ បាន​ឈ្នះ​ឆ្នោត​ ក៏​ប៉ុន្តែ​ពួក​យោធា​បាន​ប្រកែក​មិន​ព្រម​ប្រគល់​អំណាច​ឱ្យ​ពួក​ជំទាស់​ទេ។

លោកស្រី​ អោងសានស៊ូជី​ បាន​ត្រូវ​ដោះលែង​ពី​ការ​ឃុំឃាំង​មួយ​សប្តាហ៍​ក្រោយ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​ទៅ​ ក្រោយ​ពី​បាន​ចំណាយ​ពេល​ភាគច្រើន​នៃ​រយៈពេល​ពីរ​ទសវត្សរ៍​មុន​នេះ​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ។​ គណបក្ស​របស់​លោក​ស្រី​គឺ​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ត្រូវ​រំលាយ​នៅ​មុន

ការ​បោះឆ្នោត​កាល​ពី​ខែ​វិច្ឆិកា ហើយ​គណៈបក្ស​នេះ​គ្មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​ថ្មី​ទេ។

ប្រែសម្រួល​ដោយ​ ឈឹម​សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG