ប្រទេសភូមាបានបើកសម័យប្រជុំរដ្ឋសភាជាលើកទីមួយនៅថ្ងៃច័ន្ទ ទី៣១ ខែ មករា នេះ ចាប់តាំងពីឆ្នាំ ១៩៨៨ មក និងនៅពេលក្រោយការបោះឆ្នោតខែវិច្ឆកាដ៏ចម្រូងចម្រាស់។ រដ្ឋាភិបាលយោធាភូមាឲ្យដឹងថា នេះជាវិធានការឆ្ពោះទៅរកលិទ្ធិប្រជាធិបតេយ្យតែសកម្មជនលិទ្ធិប្រជាធិបតេយ្យនិយាយថា យោធានៅតែ ត្រួតត្រាកាន់កាប់អំណាចដដែល។
ក្រុមអ្នកតាក់តែងច្បាប់ជួបប្រជុំគ្នា នៅក្នុងរដ្ឋធានី ណាយព្យិត ដោយមានការការពារសន្ដិសុខដ៏រឹងមាំ។ រដ្ឋាភិបាលភូមាឲ្យដឹងថា រដ្ឋសភាជាផ្នែកមួយដ៏សំខាន់នៃការផ្ទេរអំណាចទៅឲ្យការគ្រប់គ្រងស៊ីវិល។ តែក្រុមអ្នកទិតៀន និយាយថា យោធាប្រើការបោះឆ្នោតកេងបន្លំសំឡេង និងការបំភិតបំភ័យ ហើយយកក្រុមអ្នកគាំទ្ររបស់ខ្លួនដើម្បីបំពេញកៅអីនៅក្នុង រដ្ឋសភា និងដើម្បីរក្សាអំណាច។
លោកស្រី ដេប្ប៊ី ស្តូថាត (Debbie Stothard) ធ្វើការឲ្យបណ្ដាញព័ត៌មានអាស៊ាន ហៅ ថា Alternative ASEAN Network នៅក្នុងប្រទេសភូមា និយាយថា រដ្ឋសភាគ្រាន់តែជាឡប់ឡែសម្រាប់យោធាប៉ុណ្ណោះដើម្បីទទួលយកភាពស្របច្បាប់ជាមួយពីសហគមន៍អន្ដរជាតិ។ លោកស្រីបន្តថា៖
“ខ្ញុំយល់ថា បទបញ្ជាទាំងអម្បាលម៉ាន និង ច្បាប់ទាំងអស់នោះ គឺដើម្បីរឹតបន្ដឹងមកលើអ្នកតាក់តែងច្បាប់មិនឲ្យបញ្ចេញសំឡេង របស់ខ្លួន ឬ សួរសំណួរអ្វីមូយ ហើយការដាក់ច្បាប់ កាត់ទោសឲ្យជាប់គុកចំពោះសាធារណជន ណាមួយដែលចូលរដ្ឋសភាគ្មានការអនុញាត។ គេមើលឃើញច្បាស់ថា រដ្ឋសភានេះធ្វើឲ្យតែមាន ដែលជាក់ស្តែងជាចំណាប់ខ្មាំងរបស់យោធា ។
រដ្ឋធម្មនុញ្ញដែលត្រូវបានព្រាងដោយយោធា រក្សាទុកកៅអីមួយភាគបួនសម្រាប់យោធា តាំងពីពេលមុនការបោះឆ្នោត។ ក្រុមអ្នកគាំទ្រយោធា ទទួលកៅអី ជិត ៨០ ភាគរយ នៅក្នុងរដ្ឋសភា។
យោធាក៏បានប្រគល់ខ្លួនឯងនូវអភ័យឯកសិទ្ធិ ដែលតុលាការមិនអាចប៉ះពាល់ខ្លួនបាន អាចមានអំណាចបិទទ្វារកិច្ចប្រជុំមិនឲ្យសាធារណជនដឹង ហើយ អាចប្រកាសបទបញ្ជាតឹងរឹង ក្នុងការសួរសំណួរនៅក្នុងការជជែកគ្នាណាមួយ អំពីរឿងដែល ខ្លួនមិនចង់យកមកវែកញែក។
គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលជាគណបក្ស ប្រឆាំងធំជាងគេ ហៅ NLD បានត្រូវបំបែកជួរ ដោយសារតែមិនព្រមចូលរួមក្នុងការបោះឆ្នោត ហើយបដិសេធការបណ្ដេញមេដឹកនាំរបស់ខ្លួន លោកស្រី អូង សាន ស៊ូជី ចេញពីគណបក្ស។
នៅក្នុងការបោះឆ្នោត ឆ្នាំ ១៩៩០ គណបក្ស NLD បានឈ្នះឆ្នោតតែ យោធា មិនព្រមឲ្យគណបក្សនោះឡើងកាន់អំណាច ហើយបានចាប់លោកស្រី អូង សាន ស៊ូជី ឃុំអស់រយៈពេលជាង ពីរ ទសវត្សរ៍។
លោកស្រីក៏បានត្រូវរំដោះចេញពីការឃុំឃាំងនៅក្នុងគេហដ្ឋាន នៅពេលក្រោយ ការបោះឆ្នោត ហើយបានចាប់ផ្ដើមធ្វើការជាមួយសមាជិកគណបក្សរបស់លោកស្រី ចាប់តាំងពីពេលនោះមក។
គណបក្សតូចៗនិយមលទ្ឋិប្រជាធិបតេយ្យ និង គណបក្សរបស់ក្រុមអម្បូរភាគតិច ានប្រគួតក្នុងការបោះឆ្នោត តែទទួលយកកៅអីតិចតួច នៅក្នុងរដ្ឋសភា។
តែអ្នកវិភាគនយោបាយតំបន់ខ្លះ និយាយថា រដ្ឋសភាអាចធ្វើឲ្យមានសេចក្ដីសង្ឃឹមខ្លះ សម្រាប់ការប្រែប្រួល ក្នុងពេលដែលមានសមាជិកថ្មីពីសង្គម បាន ចូលរួមក្នុងនយោបាយ។
ទម្រង់ការរបស់រដ្ឋសភាមិនមានភាពច្បាស់លាស់ទេ តែសមាជិកបានត្រូវគេរំពឹងថា នឹងជ្រើសរើសប្រធាននឹង អនុប្រធានរដ្ឋសភាថ្មី។
យោធាភូមាបានបដិសេធចោលលទ្ឋិប្រជាធិបតេយ្យពហុគណបក្ស តែមួយគត់នៅឆ្នាំ១៩៦២ រួចបានគ្រប់គ្រងប្រទេសដោយប្រើកណ្ដាប់ដៃដែក ចាប់តាំងពីពេលនោះមក៕
ប្រែសម្រួលដោយ អ៊ូ ធួក ។