រដ្ឋាភិបាលយោធារបស់ប្រទេសភូមា បានត្រូវរំលាយបាត់ទៅហើយតាមផ្លូវការ ហើយរដ្ឋាភិបាលស៊ីវិល បានធ្វើសច្ចាប្រណិធានឡើងជំនួសក្រោយពីមានរបបយោធាកាន់អំណាចជាច្រើនទសវត្សរ៍។ អ្នកឆ្លើយឆ្លងព័ត៌មាន វីអូអេ Daniel Schearf រាយការណ៍ពីរាជធានីបាងកកថា ក្រុមអ្នកនិយមយោធា នៅតែត្រួតត្រារដ្ឋាភិបាលថ្មី។
បណ្ដាញព័ត៌មានរដ្ឋរបស់ប្រទេសភូមា កាលពីថ្ងៃពុធ បានប្រកាសតាមផ្លូវការថា រដ្ឋាភិបាលយោធា បានត្រូវរំលាយតាមផ្លូវការ រួចអំណាចបានត្រូវប្រគល់ទៅឲ្យអ្វីដែលហៅថា រដ្ឋាភិបាលដឹកនាំដោយក្រុមស៊ីវិល។
អតីតនាយករដ្ឋមន្ដ្រី លោក ថេន សេន បានធ្វើសច្ចាប្រណិធាន ជាប្រធានាធិបតីជាមួយនឹងរដ្ឋបាលថ្មី ជ្រើសតាំងឡើង ក្រោយពីការបោះឆ្នោតដ៏ចម្រូងចម្រាស់កាលពីខែវិច្ឆិកា។
តែការប្រគល់អំណាចជាប្រវត្ដិសាស្រ្ដ ពោរពេញទៅដោយការព្រួយបារម្ភថារបបយោធា នៅតែបន្ដត្រួតត្រាតាមរយៈជនដែលស្មោះត្រង់ចំពោះយោធា។
មេដឹកនាំលទ្ធិប្រជាធិបតេយ្យ លោកស្រី អោង សាន ស៊ូជី បានត្រូវហាមមិនឲ្យចូលរួម ហើយគណបក្ស សម្ពន្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យរបស់លោកស្រី បានត្រូវបំបែកខ្លួន ដោយសារតែ មិនសុខចិត្ដចូលរួមក្នុងការបោះឆ្នោត។
លោក និយន វិន អ្នកនាំពាក្យ របស់គណបក្ស NLD ថ្លែងថា គេទទួលស្គាល់ថាមានរដ្ឋាភិបាលភូមាថ្មីមូយ ហើយ បើកចំហ ឲ្យមានការចចារគ្នា តែ គេនឹងតាមដានមើលដ៏ដិតដល់មកលើសញ្ញាដែលបង្ហាញការត្រួតត្រារបស់យោធា។
«យើងចំាមើលព្រិត្ដការណ៍នេះ។ យើងមានការព្រួយបារម្ភ អំពីការត្រួតត្រារបស់យោធា មកលើរដ្ឋាភិបាល ឬ ទេ។ យើងមិនដឹងច្បាស់នៅឡើយ។យើងនឹងរង់ចាំមើល»។
រដ្ឋាភិបាលយោធា បានអួតអាងថា ការបោះឆ្នោតនោះ ជាវិធានការមូយទៅរកលទ្ធិប្រជាធិបតេយ្យ តែ បានត្រូវគេមើលឃើញធំធេង ថាជាការបំភ័ន្តភ្នែក។
រដ្ឋធម្មនុញ្ញដែលតាក់តែងឡើងដោយយោធា ធានា ឲ្យមានអាសនៈ មួយភាគបួន នៃកៅអីទាំងអស់នៅក្នុងរដ្ឋសភា សម្រាប់គណបក្សគាំទ្រដោយយោធា ដែលបានត្រូវជាប់ឆ្នោតដ៏លើសលុប ទោះបីជាមានការចោទប្រកាន់ពីការកេងបន្លំសន្លឹកឆ្នោត និង ការកំញើញសំឡុតក៏ដោយ។
មន្ដ្រីយោធាជាច្រើននាក់ បានលាលែងចេញពីដំណែងយោធា ដើម្បីឈរឈ្មោះបោះឆ្នោត រាប់បញ្ចូលប្រធានាធិបតីថ្មីខ្លួនឯង ដែលជាអតីតឧត្ដមសេនីយបានត្រូវចាត់ទុកជាអ្នកស្មោះត្រង់នឹងកងយោធា។
គណបក្សប្រជាធិបតេយ្យតូចតាច បានត្រូវជាប់ឆ្នោតដែរ តែបានទទួលអាសនៈមួយចំនួនតិច។
រដ្ឋាភិបាលយោធា មានឈ្មោះជាផ្លូវការ ក្រុមប្រិក្សារដ្ឋសម្រាប់សន្ដិភាព និងការអភិវឌ្ឈន៍ បានគ្រប់គ្រងប្រទេសភូមា ចាប់តាំងពីឆ្នាំ ១៩៨៨ ហើយប្រទេសភូមាដ៏ក្រីក្រនោះ ឋិតនៅក្រោមការត្រួតត្រាយោធា ជាងកន្លះសតវត្សរ៌។
គណបក្ស NLD បានយកជ័យជំនះក្នុងការបោះឆ្នោតចុងក្រោយបង្អស់ នៅឆ្នាំ១៩៩០តែ យោធា បានបដិសេធលទ្ធផល ហើយ ចាប់ឃុំលោកស្រី អោងសាន ស៊ូជី អស់រយៈពេលជាងពីរទសវត្សរ៍។
លោកស្រីបានត្រូវដោះលែងពីការឃុំឃំាងក្នុងគេហដ្ឋាន កាលពីឆ្នាំមុននៅក្រោយការបោះឆ្នោត។
ប្រែសម្រួលដោយ អ៊ូ ធួក