បាងកក៖ លោកស្រីអោង សានស៊ូជីមេដឹកនាំនិយមលទ្ធិប្រជាធិតេយ្យនៃប្រទេសភូមា កំពុងស្វះស្វែងវិលត្រឡប់ទៅធ្វើនយោបាយវិញ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកស្រីបានទទួលការដោះលែងចេញពីការឃុំឃាំងក្នុងផ្ទះ។ ក៏ប៉ុន្តែ អ្នកវិភាគនយោបាយក្នុងតំបន់និយាយថា សមត្ថភាពរបស់ជ័យលាភីរង្វាន់ណូបែលសន្តិភាព ក្នុងការធ្វើឲ្យមានការផ្លាស់ប្តូរអាចមានកម្រិត មួយផ្នែកពីព្រោះតែលោកស្រីអាចជាប់ពន្ធនាគារម្តងទៀត ប្រសិនបើលោកស្រីរុញរដ្ឋាភិបាលយោធាខ្លាំងពេក។
ដោយមានសេរីភាពមិនដល់មួយសប្តាហ៍ផង លោកស្រី អោង សានស៊ូជី កំពុងបង្កើនការប្រឆាំងតាមផ្លូវច្បាប់ ដើម្បីរៀបចំឲ្យមានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ឡើងវិញ។
គណបក្ស NLD បានត្រូវរំលាយ ពីព្រោះគណបក្សនយោបាយនេះបដិសេធពុំព្រមធ្វើតាមច្បាប់ដ៏តឹងរឹងនិងចុះឈ្មោះក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាស់ក្នុងប្រទេសភូមា។ ឥឡូវនេះ គណបក្សនេះប្រតិបត្តិជាអង្គការសប្បុរសធម៌សង្គម ហើយមិនត្រូវពាក់ព័ន្ធក្នុងសកម្មភាពដែលចាត់ទុកថានយោបាយទេ។ ក៏ប៉ុន្តែ លោកស្រី អោង សានស៊ូជី បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា លោកស្រីមានផែនការធ្វើសកម្មភាពនយោបាយ បន្ទាប់ពីត្រូវបានដោះលែងចេញពីការឃុំឃាំងអស់រយៈពេល៧ឆ្នាំ។
មេដឹកនាំលទ្ធិប្រជាធិបតេយ្យអាយុ ៦៥ឆ្នាំរូបនេះ មានប្រសាសន៍ថា លោកស្រីចង់ជួបជាមួយក្រុមនិយមលទ្ធិប្រជាធិបតេយ្យ ដែលបានប្រកួតប្រជែងការបោះឆ្នោត ក៏ប៉ុន្តែឥឡូវនេះបានតវ៉ាពីការលួចបន្លំសន្លឹកឆ្នោតនិងការបំភិតបំភ័យ។
ក៏ប៉ុន្តែ លោកស្រីក៏បានស្នើធ្វើការចរចាផ្សះផ្សារជាតិជាមួយរដ្ឋាភិបាលដែលបានដកយកសេរីភាពរបស់លោកស្រីដែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមផ្សាយជាភាសាភូមារបស់វីអូអេ ជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះបានទទួលស្គាល់ថា ការសន្ទនាជាមួយរដ្ឋាភិបាលយោធា នឹងមិនកើតមានឡើងស្រួលៗនោះទេ។
«ខ្ញុំគិតថា ចំណុចសំខាន់បំផុត គឺឆន្ទៈស្វែងរកដំណោះស្រាយ។ ប្រសិនបើ ភាគីទាំងពីរប្រាកដតាំងចិត្តស្វែងរកដំណោះស្រាយ យើងនឹងរកដំណោះស្រាយមួយបាន។ យើងមិនអាចធ្វើបានទេ ប្រសិនបើភាគីមួយចង់បានដំណោះស្រាយហើយភាគីមួយទៀត មិនយកចិត្តទុកដាក់នោះ។ ដូច្នេះអ្វីដែលយើងត្រូវធ្វើគឺព្យាយាមបញ្ចុះបញ្ចូលរបបយោធាថា ការផ្សះផ្សារជាតិ ជាផលប្រយោជន៍របស់ភាគីទាំងអស់ រួមបញ្ចូលទាំងពួកគេផង»។
មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា ដើម្បីមើលលោកស្រី អោង សានស៊ូជី ដែលបង្ហាញឲ្យឃើញប្រាកដថា លោកស្រីនៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំង។ លោក William Case ជានាយកនៃមជ្ឈមណ្ឌលស្រាវជា្រវតំបន់អាស៊ីអាគ្នេយ៍នៅសកលវិទ្យាល័យហុងកុង។ លោកនិយាយថា គេមិនទាន់ដឹងច្បាស់នៅឡើយថា តើលោកស្រីអាចធ្វើឲ្យប្រជាប្រិយភាពទៅជាការផ្លាស់ប្តូរមានប្រសិទ្ធិភាពបាន ឬដូចម្តេចទេ។
«លោកស្រីអាចជម្រុញចិត្តឲ្យមានសេចក្តីសង្ឃឹមខ្លះ លោកស្រីអាចរក្សាប្រជាប្រិយភាពឲ្យនៅយូរអង្វែង ដើម្បីឲ្យការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យនៅរស់រវើក។ ក៏ប៉ុន្តែ បើនិយាយអំពីការនាំឲ្យមានប្រជាធិបតេយ្យភាវូបនីយកម្មខាងនយោបាយប្រកបដោយអត្ថន័យ គឺប្រហែលមានការកម្រិតយ៉ាងខ្លាំង»។
ដើម្បីជាគ្រឿងលើកទឹកចិត្តសម្រាប់ការសន្ទនា លោកស្រីកំពុងពិចារណាការគាំទ្រការបញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ច។
អស់រយៈពេលជាច្រើនឆ្នាំហើយ លោកស្រីបានជម្រុញរដ្ឋាភិបាលប្រទេសលោកខាងលិចឲ្យដាក់ការរឹតត្បិតលើពាណិជ្ជកម្ម ដើម្បីដាក់ទ័ណ្ឌកម្មលើរដ្ឋាភិបាលចំពោះការរំលោភសិទ្ធិមនុស្ស ។
អ្នករិះគន់ខ្លះនិយាយថា ការរក្សាការដាក់ទ័ណ្ឌកម្មធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋសាមញ្ញ ហើយនឹងធ្វើឲ្យប្រទេសខ្លះ ដែលមិនសូវព្រួយកង្វល់ពីសិទ្ធិមនុស្ស ដូចជាប្រទេសចិន ត្រួតត្រាការវិនិយោគទុននិងពាណិជ្ជកម្ម។
លោក Carl Thayer ជាសាស្រ្តាចារ្យឯកទេសខាងតំបន់អាស៊ីអាគ្នេយ៍នៅបណ្ឌិតសភាកងកម្លាំងការពារប្រទេសអូស្រ្តាលី។ លោកនិយាយថា ការស្នើនោះអាចផ្តល់ឲ្យលោកស្រី អោង សានស៊ូជី នូវឧកាសដើម្បីជួបជាមួយមន្រ្តីរដ្ឋាភិបាលក៏ប៉ុន្តែ ឥទ្ធិពលរបស់លោកស្រីលើនយោបាយរបស់ប្រទេសភូមាមានកម្រិត។
«ប្រសិនបើ លោកស្រីជួយឲ្យដកការដាក់ទណ្ឌកម្មចេញ នេះជាចំណុចវិជ្ជមានមួយ។ ក៏ប៉ុន្តែ នៅពេលណាដែលការដាក់ទ័ណ្ឌកម្មបានដកចេញ គេលែងត្រូវការលោកស្រីទៀតហើយ។ លោកស្រីមិនអាចដើរតួនាទីក្នុងអង្គការនីតិប្រតិបត្តិផងនិងនីតិបញ្ញត្តិផង ដូច្នេះលោកស្រីអាចត្រូវគេបំភ្លេច។ ប្រសិនបើលោកស្រីប៉ុនប៉ងរួបរួមសមាជិកឡើងវិញ តើក្នុងទម្រង់អ្វីដែលនឹងត្រូវចាត់វិធានការ សម្រាប់ការបោះឆ្នោតលើកក្រោយ ឬមហាបាតុកម្ម ឬការធ្វើញត្តិ? តើសកម្មភាពអ្វីដែលពួកគេអាចធ្វើដល់អង្គនិតិបញ្ញតិ ដែលត្រួតត្រាដោយពួកយោធាបានដោយសន្តិវិធី?»។
លោកស្រី អោង សានស៊ូជី បានត្រូវដោះលែងមួយសប្តាហ៍ បន្ទាប់ពីប្រទេសភូមា បានធ្វើការបោះឆ្នោតដែលត្រូវបានថ្កោលទោសយ៉ាងខ្លាំងថាមិនមានភាពត្រឹមត្រូវហើយត្រូវបានរៀបចំឡើងដើម្បីរក្សាពួកយោធាឲ្យនៅកាន់អំណាច។
រដ្ឋាភិបាលនិយាយថា ការបោះឆ្នោតនេះ ជាផ្នែកមួយនៃផែនការវិលត្រឡប់ទៅកាន់ការគ្រប់គ្រងស៊ីវិល ក៏ប៉ុន្តែត្រូវឲ្យពួកយោធារក្សាតួនាទីយ៉ាងសំខាន់ដើម្បីរារាំងពួកកងជីវពលជនជាតិភាគតិចកុំឲ្យបំបែកប្រទេស។
គណបក្សដែលគាំទ្រដោយពួកយោធាធ្វើការអះអាងថា ខ្លួនបានទទួលសន្លឹកឆ្នោតយ៉ាងច្រើនលើសលុប។
អ្នកវិភាគភូមាខ្លះនិយាយថា ទោះបីមានគុណវិបត្តិក៏ដោយ ការបោះឆ្នោតនេះ អាចផ្តល់សេចក្តីសង្ឃឹមដ៍ល្អបំផុតឲ្យមានការផ្លាស់ប្តូរបន្តិចម្តងៗ។
ក៏ប៉ុន្តែ លោក Thayer និយាយថា លោកស្រី អោង សានស៊ូជី អាចអស់ពេលវេលាដើម្បីទាក់ទិនក្នុងការផ្លាស់ប្តូរទាំងនោះហើយ។
«សង្ឃឹមថា ពេលនេះ លោកស្រីមានភាពវៃឆ្លាតគ្រប់គ្រាន់ ដើម្បីយល់ដឹងពីរបៀបធ្វើការ។ ហើយការងារគឺថា ត្រូវធ្វើសន្សឹមៗ។ ហើយប្រហែលចូលរួមជាមួយប្រទេស និងចលនាខ្លះក្នុងតំបន់ ដើម្បីព្យាយាមធ្វើអ្វីដែលលេចចេញជាការបើកចំហរបន្តិច ហើយនឹងព្យាយាមជម្រុញឲ្យបើកចំហរកាន់តែធំឡើង»។
ក្រុមអង្គការសិទ្ធិមនុស្សនិយាយថា ភូមាជារដ្ឋាភិបាលដែលធ្វើការសង្កត់សង្កិនខ្លាំងបំផុតមួយនៅក្នុងពិភពលោក។ មានអ្នកទោសនយោបាយជាង ២០០០នាក់នៅក្នុងគុករបស់ខ្លួន ហើយពួកយោធាត្រូវបានរងការចោទប្រកាន់ពីការប្រើប្រាស់ប្រព័ន្ធបង្ខំឲ្យធ្វើការងារ ធ្វើទារុណកម្ម ចាប់រំលោភ និងធ្វើឃាត។
លោកស្រី អោង សានស៊ូជី មានប្រសាសន៍ថា លោកស្រី នឹងបន្តជម្រុញឲ្យបញ្ចប់ការរំលោភធ្វើបាប។
ក៏ប៉ុន្តែ លោក Case ក្នុងទីក្រុងហុងកុងនិយាយថា ប្រសិនបើលោកស្រីជាអ្នករិះគន់ឥតសំចៃដល់រដ្ឋាភិបាល លោកស្រីអាចត្រូវគេបំបិទមាត់យ៉ាងស្រួល។
«ហើយ ប្រសិនបើវាបង្ហាញថា លោកស្រីកំពុងកើនឡើងនូវប្រសិទ្ធិភាពកាន់តែធំ ហើយចាប់ផ្តើមបង្ហាញនូវប្រភេទបញ្ហាណាមួយ ដល់មេដឹកនាំប្រទេសនោះ គឺថា ដូចជាមនុស្សគ្រប់ៗគ្នានិយាយថា លោកស្រី អាចវិលត្រឡប់ទៅកាន់ការឃុំឃាំងក្នុងផ្ទះវិញ»។
លោកស្រី អោង សានស៊ូជី មានប្រសាសន៍ថា គណបក្សប្រឆាំងមិនមានបំណងប៉ះទង្គិចជាមួយរដ្ឋាភិបាលទេ ហើយថា គណបក្ស NLD សង្ឃឹមថា ពួកយោធា យល់ថា ការប៉ះទង្គិចមិនមែនជាដំណោះស្រាយដល់បញ្ហារបស់ភូមាទេ។
គណបក្ស NLD បានឈ្នះការបោះឆ្នោតកាលពីលើកមុននៅឆ្នាំ ១៩៩៩ ក្នុងប្រទេសភូមា ក៏ប៉ុន្តែពួកយោធា មិនអើពើលទ្ធផលបោះឆ្នោត ហើយបានឃុំឃាំងលោកស្រី អោង សានស៊ូជីនៅក្នុងផ្ទះរបស់លោកស្រីអស់រយៈពេលជិត ២ទសវត្សរ៍៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន