លោកស្រីអោងសានស៊ូជី មេដឹកនាំលទ្ធិប្រជាធិបតេយ្យនៃប្រទេសភូមាបានជួបជាមួយមន្ត្រីម្នាក់នៃរដ្ឋាភិបាលថ្មី ដែលជាជំនួបបែបនេះលើកទីមួយចាប់តាំងពីការដោះលែងលោកស្រីចេញពីការឃុំឃាំងនៅក្នុងផ្ទះ។ការជួបគ្នានេះបានបង្កើនសេចក្តីសង្ឃឹមសម្រាប់ការសន្ទនាគ្នាជាទៀងទាត់រវាងលោកស្រីនិងរដ្ឋាភិបាលដែលគ្របសង្កត់ដោយពួកយោធា។ក៏ប៉ុន្តែមានការសង្ស័យថាកិច្ចពិភាក្សាគ្នានេះនឹងមិននាំទៅកាន់ការកែទម្រង់ពិតប្រាកដទេ។
លោកអោង ជី រដ្ឋមន្ត្រីក្រសួងការងារនិងសុខុមាលភាពសង្គមនៃប្រទេសភូមានិយាយថាលោកនិងលោកស្រីអោងសានស៊ូជី មេដឹកនាំក្រុមប្រឆាំងបាននិយាយគ្នាអំពីវិធាននៃច្បាប់និងកិច្ចសហប្រតិបត្តិការក្នុងផលប្រយោជន៍របស់ប្រទេសនិងប្រជារាស្ត្រ។ដោយមើលសេចក្តីថ្លែងការណ៍មួយប្រាប់ពួកអ្នកកាសែតនៅក្រោយការជួបគ្នារបស់អស់លោកកាលពីថ្ងៃចន្ទ លោកបាននិយាយថាលោកនិងលោកស្រីបានយល់ឃើញថាការពិភាក្សាគ្នាមានភាពវិជ្ជមានហើយថាលោកនិងលោកស្រីនឹងជួបគ្នាទៀត។នេះជាលើកទីមួយហើយដែលមន្ត្រីម្នាក់របស់រដ្ឋាភិបាលបានជួបជាមួយលោកស្រីអោងសានស៊ូជីចាប់ តាំងពីលោកស្រីបានត្រូវដោះលែងពីការឃុំឃាំងក្នុងផ្ទះនៅក្រោយការបោះឆ្នោតកាលពីឆ្នាំទៅមិញ។
លោកស្រីបានស្វះស្វែងឱ្យមានការសន្ទនាគ្នាជាមួយរដ្ឋាភិបាលអំពីការកែលម្អប្រវត្តិសិទ្ធិមនុស្សដែលមិនល្អរបស់ប្រទេសនិងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យមានលិទ្ធិប្រជាធិបតេយ្យក្នុងប្រទេសភូមា។
លោក Zin Linn ដែលជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលភូមានិរទេសខ្លួននៅក្នុងប្រទេសថៃ និយាយថាមានការព្រួយបារម្ភថាការជួបគ្នានេះ ដូចជាជំនួបគ្នាកាលពីពេលមុនៗដែរ គឺគ្រាន់តែជាឆាកល្ខោនមួយ។លោកបានចង្អុលបង្ហាញថាលោកស្រីអោងសានស៊ូជីនិងលោកអោងជីបានជួបគ្នា៩ដងនៅពេលលោកស្រីជាប់ឃុំឃាំងក្នុងផ្ទះ ដោយបានលទ្ធផលបន្តិចបន្តួច។
«ប្រសិនបើរដ្ឋាភិបាលនេះប្រាកដជាដើរលើមាគ៌ានៃលិទ្ធិប្រជាធិបតេយ្យមែន ពួកគេគួរដោះលែងក្រុមអ្នកទោសនយោបាយ...ដូច្នេះពួកគេគួរដោះលែងពួកអ្នកទោសនយោបាយទាំងនេះហើយឈប់ប្រយុទ្ធប្រឆាំងនឹងពួកជនអម្បូរភាគតិច។ ហើយ ជាដំបូងពួកគេគួរធ្វើការកែទម្រង់ប្រព័ន្ធច្បាប់និងរបៀបរៀបរយរបស់ពួកគេ។គ្មានច្បាប់សោះទ្បើយនៅក្នុងប្រទេសភូមា»។
ការជួបគ្នានេះបានកើតមានទ្បើងតែប៉ុន្មានថ្ងៃក្រោយពីលោកស្រី Hillary Clintonរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អ.បានអំពាវនាវឱ្យមានការសន្ទនាគ្នារវាងភាគីទាំងពីរនៅក្នុងការប្រជុំមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ប្រែសម្រួលដោយ ឈឹម សុមេធ