ការសិក្សាថ្មីដែលមានភស្តុតាងគួរឲ្យកត់សំគាល់ឲ្យដឹងថា ការធាត់ដុះក្បាលពោះ អាចមានគ្រោះថ្នាក់ខ្លាំងដល់សុខភាពរបស់លោកអ្នក ប្រសិនបើលោកអ្នកធ្លាប់មានជម្ងឺគាំងបេះដូង។ លទ្ធផលរបស់ការសិក្សានោះប្រៀបធៀបការកើនគ្រោះថ្នាក់នៃការស្លាប់ ទៅនឹងការជក់បារីមួយកញ្ចប់ក្នុងមួយថ្ងៃ ឬការមានសារធាតុខ្លាញ់ក្នុងឈាមខ្ពស់ខ្លាំង។
នៅក្នុងការសិក្សាដ៏ធំបង្អស់មួយនៃការសិក្សាជំពូកនេះ ក្រុមអ្នកស្រាវជ្រាវនៅឯមន្ទីរព្យាបាលនិងស្រាវជ្រាវ Mayo Clinic នៅក្នុងទីក្រុង Rochester, រដ្ឋ Minnesota បានរកឃើញថាមនុស្សមានជម្ងឺបេះដូង ដែលមានដុះក្បាលពោះសូម្បីតែបន្តិច មានគ្រោះថ្នាក់ពីរដងនៃការស្លាប់ ដូចជាមនុស្សដែលមានសារធាតុខ្លាញ់ពាសពេញរាងកាយដែរ។
ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយលោក Francisco Lopez-Jimenez បានវិភាគទិន្នន័យដែលប្រមូលពីការសិក្សា៥ ស្តីអំពីក្រុមអ្នកនៅរស់ពីជម្ងឺគាំងបេះដូងជិត១៦ពាន់នាក់នៅជុំវិញពិភពលោក។
លោក Lopez-Jimenez និយាយថា ក្រុមអ្នកស្រាវជ្រាវចង់សាកល្បងប្រមើល មើលថាតើអ្នកជម្ងឺទាំងនេះអាចមានសុខភាពល្អប៉ុណ្ណាទៅអនាគត ដោយអាស្រ័យទៅលើផ្នែកនៃរាងកាយដែលធាត់មានដុះខ្លាញ់។ លោក Lopez-Jimenez និយាយថា ៖
«យើងបានរកឃើញថាមនុស្សធាត់ដែលមានក្បាលពោះធំជាងត្រគាក ឬធាត់តែកន្លែងក្បាលពោះនោះ មនុស្សទាំងនោះទំនងដូចជាមានគ្រោះថ្នាក់ស្លាប់ ពី២៥ទៅ៧០ភាគរយ បើប្រៀបធៀបទៅមនុស្សធាត់ធម្មតា»។
គ្រាដែលការធាត់ដុះពោះបានទាក់ទងជាយូរមកហើយទៅនឹងជម្ងឺសរសៃឈាមបេះដូងនោះ លោក Lopez-Jimenez ដែលជាអ្នកនាំមុខកម្មវិធីព្យបាលជម្ងឺបេះដូងដោយការពិនិត្យម្ហូបអាហារនិងការហាត់ប្រាណនៅមន្ទីរព្យាបាល Mayo មានប្រសាសន៍ថា ការសិក្សានោះមិនមែនជាការប្រមើលមើលល្អជាងគេបំផុតអំពីអ្នកដែលរស់យូរទេ។ ភាពធាត់លើសទម្ងន់ឬធាត់ដុះពោះ ត្រូវបានវាស់តាមធម្មតាដោយថ្លឹងទម្ងន់ខ្លួននិងវាស់កំពស់មនុស្ស ហើយផ្ទៀងផ្ទាត់ទៅនឹងទម្ងន់និងកំពស់របស់មនុស្ស ហៅកាត់ថា BMI។ ប៉ុន្តែនៅក្នុងការសិក្សានោះនិយាយថា មនុស្សដែលមាន BMIខ្ពស់ មានខ្លាញ់ក្នុងរាងកាយច្រើន ជាធម្មតាមានអាយុវែងជាងមនុស្សដែលមាន BMIទាប។
លោក Lopez-Jimenez និយាយថា ការបែងចែកនៃទម្ងន់ធាត់ ជាសញ្ញានៃការទាយប្រសើរមួយ។
ក្រុមអ្នកស្រាវជ្រាវមិនដឹងថាហេតុដូចម្តេចបានជាការដុះក្បាលពោះបង្កើនគ្រោះថ្នាក់ស្លាប់ ប្រៀបទៅនឹងការធាត់ស្មើពេញរាងកាយ ឬធាត់កន្លែងផ្សេងៗទៀតដូចជាជើងនិងគូថ។
លោក Lopez-Jimenez និយាយថា ការស្រាវជ្រាវបង្ហាញថា ការធាត់ត្រង់ពោះ ជាហេតុនាំឲ្យជាតិខ្លាញ់ក្នុងឈាមនិងសម្ពាធឈាមឡើងខ្ពស់។
«ទាំងអស់នេះជាកត្តាដែលបណ្តាលឲ្យកើតជម្ងឺបេះដូង។ ដូច្នេះចំពោះមនុស្សដែលមានជម្ងឺបេះដូង យើងជឿថាកត្តាទាំងនេះនឹងមិនធ្វើឲ្យអ្នកទាំងនោះមានសុខភាពប្រសើរបានឡើយ»។
សំណាងល្អ ក្រុមអ្នកជំនាញនិយាយថា ខ្លាញ់ធាត់នៅនឹងក្បាលពោះជាខ្លាញ់ដែលងាយធ្វើឲ្យស្រកជាទីបំផុត។ មនុស្សភាគច្រើនអាចសម្រកខ្លាញ់ដែលគ្មានប្រយោជន៍សំរាប់រាងកាយដោយទទួលទានអាហារមានកាឡូរីតិច និងធ្វើការហាត់ប្រាណទៀងទាត់រាល់ថ្ងៃ។
អត្ថបទពិពណ៌នាអំពីគ្រោះថ្នាក់នៃការធាត់ដុះពោះនៅក្នុងចំណោមមនុស្សមានជម្ងឺបេះដូងបានចេញផ្សាយនៅក្នុងទស្សនាវដ្តី the Journal of the American College of Cardiology។
ប្រែសម្រួលដោយ នុច សារីតា