ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋ​​នៅ​​ភូមិ​​បឹងឈូក​​​តវ៉ា​​នៅ​​មុខ​​ការិយាល័យ​​ឧត្តម​ស្នងការ​​សហ​ប្រជាជាតិ​​


ប្រជាពលរដ្ឋ​ចេញ​មក​តវ៉ា​រឿង​ទំនាស់​ដី​ធ្លី​។​
ប្រជាពលរដ្ឋ​ចេញ​មក​តវ៉ា​រឿង​ទំនាស់​ដី​ធ្លី​។​

ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹងឈូក​ដែល​ប្រឈមមុខ​នឹង​ការ​បណ្តេញ​ចេញ​បាន​មក​តវ៉ា​ នៅ​មុខ​ការិយាល័យ​អង្កការ​សហប្រជាជាតិ។​ ការ​តវ៉ា​នេះ​ស្រប​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ស៊ូយ៉ា បា្រសាទស៊ូបីឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្កការ​សហ​ប្រជាជាតិទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ស្វែង​យល់​ពី​កំណែ​ទម្រង់​ប្រព័ន្ឋ​តុលាការ។

លោក ហេង រស្មី រាយការណ៍​ជូន​ដូច​ត​ទៅ ៖

ប្រជាពលរដ្ឋ​ប្រមាណ​ ១០​នាក់​ តំណាង​ឲ្យ​ ៣៥​គ្រួសារ​ រស់​នៅ​ក្រុម​ទី​៣​ ភូមិ​បឹងឈូក​ សង្កាត់​គីឡូម៉ែត្រ​ លេខ​៦​ ខណ្ឌ​ឬស្សីកែវ​ ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ពី​មុខ​ការិយាល័យ​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​រឿង​វិវាទ​ដី​ធ្លី។

ការ​ប្រមូល​ផ្តុំ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ​ ស្រប​ពេល​នឹង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ ១០​ថ្ងៃ​របស់​ លោក​ ស៊ូយ៉ា បា្រសាទស៊ូបីឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​មក​កាន់​ប្រទេស​កម្ពុជា។

លោក ​ស៊ូយ៉ា បា្រសាទស៊ូបីឌី​ មក​កាន់​ប្រទេស​កម្ពុជា​លើក​ទី​៣​នេះ​ ក្នុង​គោល​បំណង​ដើម្បី​ស្វែង​យល់​ អំពី​កំណែ​ទម្រង់​ប្រព័ន្ឋ​តុលាការ ។

លោក ​ហិន សំអាត​ អាយុ​៣៥​ឆ្នាំ​ ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹងឈូក​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ នៅ​ពី​មុខ​ការិយាល័យ​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ ក្រោយ​ពី​ប្រជាពលរដ្ឋ​ចំនួន​ ១០រូប​ ផ្សេង​ទៀត​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​ដោយ​ផ្ទាល់​ជា​មួយ​នឹង​លោក​ ស៊ូយ៉ា បា្រសាទស៊ូបីឌី​ ថា​ លោក​តំណាង​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​នេះ​ បាន​សន្យា​ថា​ នឹង​ពាំ​នាំ​រឿង​ទំនាស់​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ​នេះ​ ទៅ​ប្រាប់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ នៅ​ក្នុង​ជំនួប​មួយ​នា​ពេល​ខាង​មុខ​នេះ ។

“ខ្ញុំ ​ទាំង​អស់​គ្នា​មក​ប្រាប់​រៀបរាប់​អញ្ចឹង​ទៅ​ ឥឡូវ​គាត់​ថា​ គាត់​សន្យា​និង​ថា​ទៅ​ជួប​សម្តេច ​ដើម្បី​សួរ​ ឬ​ក៏​យក​ឯកសារ ​ដែល​ពួក​យើង​ខ្ញុំ​មាន​ហ្នឹង​ ទៅ​សួរ​ហើយ​និង​ជួយ​ដោះស្រាយ​ឲ្យ​ពួក​យើង​ខ្ញុំ” ។

អុំ ​ស្រី​ យិន យ៉ាន់​ អាយុ​ ៧៥​ឆ្នាំ​ និយាយ​បណ្តើរ​ដៃ​កាន់​ឈើ​ច្រត់​បណ្តើរ​ បាន​ថ្លែង​ទុក្ខ​សោក​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ ទំនាស់​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ​នេះ​ ពុំ​ទាន់​ត្រូវ​បាន​ដោះស្រាយ​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ ។​ អុំ​ស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ពលរដ្ឋ​ចង់​ឲ្យ​លោក​ ស៊ូយ៉ា បា្រសាទស៊ូបីឌី​ នេះ​ ជួយ​រក​ដំណោះស្រាយ​រឿង​វិវាទ​ដី​ធ្លី​នេះ​ឲ្យ​បាន​ឆាប់ ។

“សំណូមពរ ដល់​សម្តេច​ឲ្យ​ធ្វើ​សំណុំ​បែប​បទ​ ធ្វើ​ច្បាប់​ទម្លាប់​ឲ្យ​ខ្ញុំ​ ខ្ញុំ​នៅ​ស្រប​ច្បាប់​កន្លែង​ហ្នឹង​ ឲ្យ​ខ្ញុំ​ទៅ​ណា​ទៀត​ បើ​ខ្ញុំ​នៅ​យូរ​ហើយ​ ខ្ញុំ​មិន​ទើប​នៅ​ឥឡូវ​ឯ​ណា។​ ហើយ​ឈ្មោះ​អា ឡៅ តុងងី​ ទើប​ឮ​លើក​ហ្នឹង​ទេ​ លើក​មុន​អត់​មាន​ឮ​ទេ​ ទទេ” ។

លោក ទូច ហួន​ ជំនួយការ​ការិយាល័យ​ឧត្តម​ស្នងការ​សហ​ប្រជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​និយាយ​ថា​ លោក​ពុំ​បាន​ដឹង​អំពី​ជំនួប​រវាង​លោក​ ស៊ូយ៉ា បា្រសាទស៊ូបីឌី​ ជា​មួយ​ និង​ប្រជាពលរដ្ឋ​ទេ ។

“ខ្ញុំ​អត់​ដឹង​ដែរ​បាទ​ ដឹង​ថា​គាត់​បាន​ជួប​ជា​មួយ​គាត់​ឬ​អត់​ គាត់​និយាយ​យ៉ាង​ម៉េច​ ខ្ញុំ​អត់​ទាន់​បាន​ដឹង”។

ប្រជាពលរដ្ឋ ​ចំនួន​ ៣៥​គ្រួសារ​ រស់​នៅ​ភូមិ​បឹងឈូក​ សង្កាត់​គីឡូម៉ែត្រ​លេខ៦​ ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ​នេះ​ បាន​ចោទ​ប្រកាន់​អាជ្ញាធរ​រដ្ឋាភិបាល​ថា​ បាន​យក​ដី​របស់​ពួក​គេ​ ដែល​មាន​ទំហំ​ទទឹង​ ១៦០​ម៉ែត្រ​ និង​បណ្តោយ​ ៦០​ម៉ែត្រ​ ទៅ​លក់​ឲ្យ​ឯកជន ​។

សេចក្តី​ជូន​ដំណឹង​របស់​ខណ្ឌឬស្សីកែវ​ បាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ចំនួន​ ៣៥​គ្រួសារ​ កំពុង​រស់​នៅ​លើ​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ ឡៅ តុងងី ។

លោក ​ឃ្លាំង ហួត​ អភិបាល​ខណ្ឌ​ឬស្សីកែវ​ ពុំ​អាច​ស្នើ​សុំ​ដើម្បី​ទំនាក់​ទំនង​បាន​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។​ ក៏​ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ សុខ ឃីម​ ចៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ គឺ​ថា​ ពលរដ្ឋ​រស់​នៅ​ដោយ​ស្រប​ច្បាប់​ ហើយ​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​នៃ​ការ​បណ្តេញ​ចេញ​នេះ​ គឺ​បាន​ធ្វើ​ឡើង​មិន​ស្រប​ទៅ​និង​គោលការណ៍​ច្បាប់​ទេ ។

“ដេញ ​គាត់​ចេញ​ អាហ្នឹង​ជា​រឿង​មួយ​ធ្វើ​ឲ្យ​អយុត្តិធម៌​សម្រាប់​គាត់​ ព្រោះ​កាល​ដែល​គាត់​រស់​នៅ​របស់​គាត់​ហ្នឹង​ ឃើញ​ជីវភាព​របស់​គាត់​នៅ​ហ្នឹង” ។

លោក​ អ៊ូច ឡេង​ មន្រ្តី​ដី​ធ្លី​របស់​សមាគម​សិទ្ធិ​មនុស្ស ADHOC​ បាន ​និយាយ​ថា​ ដី​ទំនាស់​នេះ​ កំពុង​ ស្ថិត​នៅ​ក្នុង​ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ និង​សង្កាត់​ទួល​សង្កែ។​ លោកមាន​ប្រសាសន៍​ថា​ អាជ្ញាធរ​គួរ​តែ​បញ្ជាក់​ព្រំ​ប្រទល់​ឲ្យ​បាន​ច្បាស់​ ដើម្បី​ជៀស​វាង​កុំ​ឲ្យ​មាន​ទំនាស់៕

XS
SM
MD
LG