ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះពុទ្ធសាសនា​​មាន​ប្រជាប្រិយភាពឡើងវិញ​នៅក្នុង​ប្រទេស​រុស្ស៊ី


ព្រះវិហារព្រះពុទ្ធសាសនានៅទីក្រុង ប៊ូរីយ៉ាចា ប្រទេស​រុស្ស៊ី
ព្រះវិហារព្រះពុទ្ធសាសនានៅទីក្រុង ប៊ូរីយ៉ាចា ប្រទេស​រុស្ស៊ី

ជនជាតិ​សូវៀត​បាន​ធ្វើ​សង្គ្រាម​លើ​អ្នក​កាន់​ព្រះពុទ្ធសាសនា​អស់រយះ​បួន​ជំនាន់​មកហើយ​ ជួនកាល​លាបពណ៌​អ្នកកាន់​សាសនា​ព្រះពុទ្ធ​ថាជា​ “អ្នក​ស៊ើប​ការណ៍​សម្ងាត់​ជប៉ុន”។​ ឥឡូវនេះ​ ២០ឆ្នាំ​ក្រោយ​ពី​ការ​រលំ​របប​កុម្មុយនីស្ត​ ព្រះពុទ្ធ​សាសនា​កំពុង​រីកចំរើន​ឡើងវិញ​យ៉ាងខ្លាំង​នៅក្នុង​តំបន់​ប្រវត្តិសាស្ត្ររបស់​ខ្លួន។​ ទីក្រុង​ Ulan Ude​ ជា​ទីក្រុង​អាស៊ី​ ឋិត​នៅតាម​ផ្លូវ​រថភ្លើង​ដ៏វែង​ជាងគេ​បំផុត​នៃ​ពិភពលោក​ហៅ​ Trans-Siberian Railway​ ដែល​ភ្ជាប់​ទី​ក្រុង​មូស្គូ​ទៅ​សមុទ្រ​ជប៉ុន។

សម្លេង​ស្គ​ ជួង​ និង​សម្លេង​សូត្រធម៌​ជា​សម្លេង​ពិរោះ​រណ្តំ​របស់​ប្រទេស​អាស៊ី។​ ប៉ុន្តែ​ភាសា​និយាយ​រវាង​ព្រះសង្ឃ​នៅ​ទីនេះ​ នៅក្បែរ​ឆ្នេរ​នៃបឹង​ Lake Baikal​ គឺ​ភាសា​រុស្ស៊ី។

Ulzutuev​ Yondon​ បង្រៀន​ទស្សនវិជ្ជា​នៅវត្ត​ Ivolginsky​ datsan​ ដែល​ជា​វត្ត​ព្រះពុទ្ធ​សាសនា​ធំ​របស់​ប្រទេស​រុស្ស៊ី។

លោក​និយាយ​ថា​ នៅពេល​លោក​បាន​សិក្សា​អំពី​ព្រះពុទ្ធ​សាសនា​នៅក្នុង​ប្រទេស​ឥណ្ឌា​ អ្នកស្រុក​មិនជឿ​ថាលោក​ជា​ជនជាតិ​រុស្ស៊ី​ទេ។

បុរស​អាយុ​២៥ឆ្នាំ​ជា​មនុស្ស​ម្នាក់​ នៃ​មនុស្ស​ជាង​មួយលាន​នាក់​ នៅក្នុង​ប្រទេស​រុស្ស៊ី​ក្រោយ​សហភាព​សូវៀត​រលំ​ ដែលបាន​កាន់យក​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​ពី​បុព្វជន​របស់​ខ្លួន។

អ្នក​ត្សារនិយម​នៃ​ប្រទេស​រុស្ស៊ី​ រួមរស់​ជាមួយ​ជំនឿ​ព្រះពុទ្ធ​សានា​ទីបេតិ៍​ នៃ​ប្រជា​ពលរដ្ឋ​ម៉ុងហ្គោលី​ ដែល​រុស្ស៊ី​បាន​ត្រួតត្រា ​នៅក្នុង​តំបន់​អាស៊ី​កណ្តាល។

ប៉ុន្តែ​ពួកសូវៀត​បាន​ធ្វើសង្គ្រាម​លើ​ព្រះពុទ្ធ​សាសនា។​ ពួកសូវៀត​កំទេច​ព្រះវិហារនិង​វត្តអារាម​ យក​សាស្ត្រា​ស្លឹករឹត​ទៅមូរ​បារីជក់​ បាញ់​សម្លាប់​បព្វជិត​ច្រើនរយ​នាក់​ និង​បញ្ជូន​បុព្វជិត​ដែល​នៅសេសសល់​ទៅកាន់​ជំរុំ​ធ្វើការងារ​ជា​ទម្ងន់​របស់​សូវៀត​ហៅ​ Gulag ​។

ដូនជី​ Tenzin Choidrin​ និយាយ​អំពី​ការបំផ្លាញ​ព្រះពុទ្ធ​សាសនា​របស់​ពួក​កុម្មុយនីស​ទៅលើ​វប្បធម៌​ និង​អារ្យធម៌​ព្រះពុទ្ធ​សាសនា​នៅ​ទីនេះ។

«ដូនជី​មាន​ប្រសាសន៍​ថា​ ដោយសារ​ការគាប​សង្កត់​របស់​ពួក​កុម្មុយនីស្ត​ ប្រព័ន្ធព្រះពុទ្ធ​សាសនា​ត្រូវបាន​បំផ្លាញ​ស្ទើរតែ​ទាំងអស់។​ ទស្សនៈ​ពិភពលោក​នៃអ្នក​កាន់​ព្រះពុទ្ធ​សាសនា​ មូលដ្ឋាន​នៃ​ជីវិត​រស់នៅ​តាម​របៀប​ប្រពៃណី​ត្រូវ​បាន​បំផ្លាញ​ ទ្រឹស្តី​ប្រពៃណី​មានតម្លៃ​ត្រូវបាន​បំផ្លាញ​អស់»។

ពួកសូវៀត​បង្ខំ​ព្រះពុទ្ធ​សាសនា​ឲ្យស្ថិត​នៅក្នុង​សភាព​លួចលាក់។​ ប៉ុន្តែ​ពួកគេ​បាន​បរាជ័យ​ក្នុងការ​បំបាត់​ជំនឿ​ពី​តំបន់​រឹងមាំ​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ នៅ​ សាធារណរដ្ឋ​ Kalmykia,​ Tuva,​ និង​ Buryatia​ ដែល​នៅ​ជិតខាង។

ថ្វីត្បិតតែ​សព្វថ្ងៃ​នេះ​មាន​ជនជាតិ​រុស្ស៊ី​កាន់​សាសនា​ព្រះពុទ្ធ​ច្រើនជាង​មុន​ពេល​បដិវត្តន៍​ក៏ដោយ​ ក៏​វិមាន​ក្រឹមឡាំង​ច្រានចោល​ការទាមទារ​យ៉ាង​សំខាន់​បំផុត​របស់​ពួកគេ​ដែរ។

ពួកគេ​ចង់​ឲ្យ​មេដឹកនាំ​សាសនា​ជាន់ខ្ពស់​របស់​ពួកគេ​ គឺ​សម្តេច​ Dalai​ Lama​ នៃ​ទីបេត៍​ និមន្ត​មក​ប្រទេស​រុស្ស៊ី​និង​ដើម្បី​ឧទ្ទិស​ព្រះវិហារ​និងវត្តថ្មី​ចំពោះ​ព្រះអង្គ​ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​បដិសេធ​ផ្តល់ទិដ្ឋការ​ប្រគេន​ដល់​សម្តេច​ Dalai Lama​ ចាប់តាំង​ពី​ទស្សនកិច្ច​ចុងក្រោយ​បង្អស់​របស់​ព្រះអង្គ​ នៅក្នុងឆ្នាំ​២០០៤។

ប៉ុន្តែ​ដូនជី​ Choidrin​ មាន​ប្រសាសន៍ថា​ ទស្សនកិច្ច​មួយ​ដោយ​ សម្តេច​ Dalai Lama​ ត្រូវការ​ជាចាំបាច់។

ដូនជី​មានប្រសាសន៍​ថា​ មិនអាច​កាត់ថ្លៃ​លើ​មុខនាទី​របស់​សម្តេច​ Dalai Lama​ក្នុងការ​ធ្វើឲ្យ​ព្រះពុទ្ធ​សាសនា​ចាប់កំណើត​នៅ​ប្រទេស​រុស្ស៊ី​ឡើងវិញ​នោះ​បាន​ទេ។​ ដូនជី​ថ្លែងថា​ ទស្សនកិច្ច​របស់​ព្រះអង្គ​ អាច​ដូចជា​ទឹក​ដែល​ផ្សើម​ដី​បែកក្រហែង​ដោយ​កំដៅ​ព្រះអាទិត្យ។

ដូនជី​ Choidrin​ ថ្លែងថា​ឥឡូវនេះ​ សម្តេច​ Dalai Lama​ បាន​បោះបង់​មុខនាទី​នយោបាយ​ក្នុងឋានៈ​ជា​អ្នកដឹកនាំ​នៃ​ជននិរទេសខ្លួន​ទីបេត៍​ហើយ​ ប្រទេស​រុស្ស៊ី​គួរផ្តល់​ទិដ្ឋាការ​ដល់​ព្រះអង្គ។

ប៉ុន្តែ​ប្រទេស​ចិន​ឥឡូវ​នេះ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​បង្អស់​តែ​មួយគត់​របស់​ប្រទេស​រុស្ស៊ី។​ ក្រុម​មន្ត្រី​ផ្លូវការ​ចិន​បាន​ព្រមាន​ថា​ រដ្ឋាភិបាល​ក្រឹមឡាំង​មាន​ជម្រើស​ច្បាស់លាស់​មួយថាៈ​ តើយក​អ្នក​ដើរតាម​សម្តេច​ Dalai Lama​ មួយលាន​បីសែន​នាក់​ ឬ​ក៏​យកចិន​ មួយពាន់​បីរយលាន​នាក់។

នៅ​ឯវត្ត​ជិតខាង​មួយ​ នាង​ Irina​ ដែល​ជា​ពុទ្ធសាសនិកជន​ បានមក​បួងសួង​ឲ្យ​ទារក​នៅក្នុង​ពោះ​នាង។

ក្រោយពី​បង្វិល​កង់​សម្រាប់​បួងសួង​រួចហើយ​ នាង​និយាយថា​ នាង​មក​ទីវត្ត​នេះ​ដើម្បី​បួងសួង​សុំ​ឲ្យដំណើរ​មានគភ៌​របស់​នាង​ និង​កំណើត​របស់​ទារក​ បាន​ប្រកប​ដោយ​សេចក្តីសុខ។

ហើយ​ដោយ​វិនិច្ឆ័យ​លើចំនួន​ដ៏ច្រើន​នៃ​ស្ត្រី​មានផ្ទៃពោះ​មក​ទីវត្ត​ ធ្វើការ​បួងសួង​និង​ទទួល​ព្រះពរ​នោះ​ ឱកាស​ដូចជា​លំអៀង​ទៅខាង​ព្រះពុទ្ធ​សាសនា​ នៅ​ទីនេះ​ នៅក្នុងមូលដ្ឋាន​នៃ​ជនជាតិ​អាស៊ី​របស់​ប្រទេស​រុស្ស៊ី។

ប្រែសម្រួល​ដោយ​ នុច សារីតា

XS
SM
MD
LG